km:tipitaka:sut:an:06:sut.an.06.084

រត្តិទិវសសូត្រ ទី១០

សង្ខេប

សម្រាប់​ថ្ងៃ​និង​យប់ មាន​ធម៌​បំផ្លិច​បំផ្លាញ ៦ យ៉ាង និង ៦ ធម៌យ៉ាង ដែល​​មាន​ប្រយោជន៍។

an 06.084 បាលី cs-km: sut.an.06.084 អដ្ឋកថា: sut.an.06.084_att PTS: ?

រត្តិទិវសសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១០. រត្តិទិវសសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីចំរើនមិនមានឡើយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាច្រើន មានសេចក្តីចង្អៀតចង្អល់ មិនសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ មិនមានសទ្ធា ១ ទ្រុស្តសីល ១ ខ្ជឹលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាប សូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីចំរើនមិនមានឡើយ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យមិនមានឡើយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តីចង្អៀតចង្អល់ សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកមានសទ្ធា ១ មានសីល ១ ប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យមិនមានឡើយ។

ចប់ អរហត្តវគ្គ ទី៣។

ឧទ្ទាននៃអរហត្តវគ្គនោះ គឺ

និយាយពីការនៅជាទុក្ខ ១ មិនគួរធ្វើឲ្យជាក់ច្បាស់អរហត្ត ១ ឧត្តរិមនុស្សធម៌ ១ សុខ និងសោមនស្សដ៏ច្រើន ១ ការត្រាស់ដឹង និងមិនត្រាស់ដឹង ១ ដល់នូវភាពជាធំ ១ ការទៅកើតក្នុងនរក ពីរលើក មិនគួរធ្វើឲ្យជាក់ច្បាស់នូវអគ្គធម៌ និងគួរធ្វើឲ្យជាក់ច្បាស់ នូវអគ្គធម៌ ១ យប់ និងថ្ងៃ រមែងមានមក ១។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.084.txt · ពេលកែចុងក្រោយ: 2023/06/25 17:07 និពន្ឋដោយ Johann