km:tipitaka:sut:an:06:sut.an.06.v01

អាហុនេយ្យវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 06.v01 បាលី cs-km: sut.an.06.v01 អដ្ឋកថា: sut.an.06.v01_att PTS: ?

អាហុនេយ្យវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. អាហុនេយ្យវគ្គោ)

(បឋមអាហុនេយ្យសូត្រ ទី១)

(១. បឋមអាហុនេយ្យសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ លុះព្រះដ៏មានព្រះភាគ សំដែងសូត្រនេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត នៃព្រះដ៏មានព្រះភាគ។

(ទុតិយអាហុនេយ្យសូត្រ ទី២)

(២. ទុតិយអាហុនេយ្យសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ឥតទើសទាល់ ដូចដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក ឥតបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកក៏បាន ១។ ភិក្ខុមាន សោតធាតុជាទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់សំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ១។ ភិក្ខុរមែងកំណត់ដឹងច្បាស់ នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី… ចិត្តដែលប្រកបដោយទោសៈក្តី… ចិត្តដែលប្រាសចាកទោសៈក្តី… ចិត្តដែលប្រកបដោយមោហៈក្តី… ចិត្តដែលប្រាសចាកមោហៈក្តី ចិត្តដែលរួញរាក្តី… ចិត្តដែលរាយមាយក្តី… ចិត្តដែលជាមហគ្គតៈក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី… ចិត្តដែលជាសឧត្តរៈក្តី… ចិត្តដែលជាអនុត្តរៈក្តី… ចិត្តដែលតាំងមាំក្តី… ចិត្តដែលមិនតាំងមាំក្តី… ចិត្តដែលរួចចាកកិលេសក្តី… ចិត្តមិនរួចចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស ១។ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បានខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អញបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអញបានទៅកើត ក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុតចាកភពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ១។ ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត និងកំពុងកើត មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកមុ្មរបស់ខ្លួនថា អើហ៎្ន សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំ នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែកឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(ឥន្ទ្រិយសូត្រ ទី៣)

(៣. ឥន្ទ្រិយសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ភិក្ខុប្រកបដោយសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង នេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(ពលសូត្រ ទី៤)

(៤. ពលសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុប្រកបដោយសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(បឋមអាជានីយសូត្រ ទី៥)

(៥. បឋមអាជានីយសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសម្បុរ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាងនេះឯង ទើបជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ ប្រកបដោយធម៌ ៦យ៉ាង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(ទុតិយអាជានីយសូត្រ ទី៦)

(៦. ទុតិយអាជានីយសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា។ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៍ដោយកម្លាំង ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេចប្រកបដោយអង្គ ៦យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦យ៉ាង ទើបជាអ្នកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(តតិយអាជានីយសូត្រ ទី៧)

(៧. តតិយអាជានីយសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសន្ទុះ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១។បេ។ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(អនុត្តរិយសូត្រ ទី៨)

(៨. អនុត្តរិយសុត្តំ)

[៨] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតដ៏ប្រសើរ) នេះ មាន ៦យ៉ាង។ អនុត្តរិយៈ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ មាន ៦យ៉ាងនេះឯង។

(អនុស្សតិដ្ឋានសូត្រ ទី៩)

(៩. អនុស្សតិដ្ឋានសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរលឹក) នេះ មាន៦យ៉ាង។ អនុស្សតិដ្ឋាន ៦យ៉ាង តើដូចម្តេចខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន៦យ៉ាងនេះឯង។

(មហានាមសូត្រ ទី១០)

(១០. មហានាមសុត្តំ)

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងសក្កជនបទ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនា គឺត្រៃសិក្ខាហើយ តើអរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌ដូចម្តេច។ ថ្វាយព្រះពរមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។ បពិត្រមហានាម អរិយសាវក ក្នុងសាសនានេះ រលឹករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាករាគាទិក្កិលេស ត្រាស់ដឹងនូវញេយ្យធម៌ ដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរ ដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដោយហេតុនេះៗ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះតថាគត ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែងជាចិត្តត្រង់បាន ព្រោះប្រារព្ធនូវគុណ នៃព្រះតថាគត។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់ រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលប្រកបដោយសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវពុទ្ធានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវករលឹករឿយៗ នូវគុណព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវព្រះធម៌ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះធម៌។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវធម្មានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីត្រាស់ដឹងព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស បាន៤គូ បើរាប់រៀងជាបុរសបុគ្គល បាន៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវកនៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវកនោះ ក៏មិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះសង្ឃ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេច នូវធម្មស្សោតៈ គឺវិបស្សនា ចំរើនសង្ឃានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវសីលរបស់ខ្លួន ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺ មិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវសីលរបស់ខ្លួន ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវសីល។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដំកល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវសីលានុស្សតិកម្មដ្ឋាន បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវចាគៈរបស់ខ្លួនថា ឱហ៎្ន អញពេញជាមានលាភហើយ ឱហ៎្ន អត្តភាពជាមនុស្ស អញពេញជា បានល្អហើយ ព្រោះកាលពួកសត្វមានសេចក្តីកំណាញ់ជាមន្ទិល កំពុងរួបរឹត អញមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការលះរួចផុតហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ ជាបុគ្គលគួរគេសូម ត្រេកអរក្នុងការចែកចាយទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវចាគៈ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវចាគៈ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវចាគានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយវិញទៀត អរិយសាវក ចំរើននូវទេវតានុស្សតិថា ទេវតាទាំងឡាយ ជាន់ចាតុម្មហារាជិកៈក៏មាន ទេវតាទាំងឡាយជាន់តាវត្តឹង្សក៏មាន ទេវតាទាំងឡាយជាន់យាមៈក៏មាន ទេវតាទាំងឡាយជាន់តុសិតក៏មាន ទេវតាទាំងឡាយ ជាន់និម្មានរតីក៏មាន ទេវតាទាំងឡាយ ជាន់បរនិម្មិតវសវត្តីក៏មាន ទេវតាទាំងឡាយជាព្រហ្មកាយិកៈក៏មាន ទេវតាទាំងឡាយខ្ពស់លើសជាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សទ្ធារបស់អញដែលមានសភាពយ៉ាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសីល មានសភាព យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សីលរបស់អញ ដែលមានសភាពយ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សុតៈរបស់អញ ដែលមានសភាពយ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយចាគៈមានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ ចាគៈរបស់អញ ដែលមានសភាពដូច្នោះក៏មាន ទេវតាទាំងនោះ ប្រកបដោយបញ្ញាមានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ បញ្ញារបស់អញ ដែលមានសភាពដូច្នោះក៏មាន។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវសទ្ធា សីល សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវពួកទេវតា។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ដែលប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺ វិបស្សនា ចំរើននូវទេវតានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។

ចប់ អាហុនេយ្យវគ្គ ទី១។

ឧទ្ទាននៃអាហុនេយ្យវគ្គនោះគឺ

និយាយអំពីអាហុនេយ្យបុគ្គល ២លើក អំពីឥន្រ្ទិយ ១ ពលៈ ១ សេះអាជានេយ្យ ៣លើក អនុត្តរិយៈ ១ អនុស្សតិ ១ មហានាមសក្កៈ ១ រួមជា ១០។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann