km:tipitaka:sut:an:06:sut.an.06.v06

មហាវគ្គ ទី១ (៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 06.v06 បាលី cs-km: sut.an.06.v06 អដ្ឋកថា: sut.an.06.v06_att PTS: ?

មហាវគ្គ ទី១ (៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. មហាវគ្គោ)

(សោណសូត្រ ទី១)

(១. សោណសុត្តំ)

[៥៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសោណៈដ៏មានអាយុ គង់នៅនាព្រៃស្មសាន ឈ្មោះសីតវន ជិតក្រុងរាជគ្រឹះដែរ។

លំដាប់នោះ ព្រះសោណៈដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថាជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិ និងធ្វើនូវបុណ្យទាំងឡាយបានដែរ បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទ ប្រើប្រាស់នូវភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសោណៈដ៏មានអាយុ ដោយព្រះហ្ឫទ័យព្រះអង្គ ក៏ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ថាន ក្នុងទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នាព្រៃសីតវន ដូចបុរសមានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ។ ឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរយ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះក្នុងចិត្ត កើតឡើងយ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថា ជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយបានផង បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទវិញ ហើយគប្បីប្រើប្រាស់ នូវភោគសម្បត្តិផង ធ្វើនូវបុណ្យទាំងឡាយផង ដូច្នេះមែនឬ។ ព្រះសោណៈដ៏មានអាយុ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច ខ្លួនអ្នក កាលនៅជាគ្រហស្ថអំពីដើម ជាអ្នកឈ្លាសវៃ ក្នុងការដេញខ្សែពិណដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក តឹងពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក ធូរពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ មួយទៀត សម័យណា ខ្សែពិណរបស់អ្នក មិនតឹងពេក មិនធូរពេកទេ តាំងនៅក្នុងគុណដ៏ស្មើល្មម គឺសំឡេងជាកណ្តាល សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសោណៈ ព្យាយាមដែលតឹងពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអណ្តែតអណ្តូងចិត្ត ព្យាយាមដែលធូរពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស ក៏យ៉ាងនោះដែរ ម្នាលសោណៈ ព្រោះហេតុនោះ អ្នកចូរតាំងសេចក្តីព្យាយាម ឲ្យស្មើល្មមផង1) ចូរតាំងនូវឥន្រ្ទិយទាំងឡាយ (មានសិទ្ធិន្រ្ទិយ ជាដើម) ឲ្យស្មើគ្នាផង ចូរកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយដែលស្មើល្មមនោះផង។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះហើយ ក៏ស្រាប់តែបាត់អំពីព្រៃសីតវន ទៅប្រាកដលើភ្នំគិជ្ឈកូដ ដូចជាបុរសដ៏មានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រាសម័យជាខាងក្រោយមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងនូវសេចក្តីព្យាយាម ឲ្យស្មើល្មមផង តាំងនូវឥន្រ្ទិយទាំងឡាយ ឲ្យស្មើគ្នាផង បានកាន់យកនូវនិមិត្ត2) ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយ ដែលស្មើល្មមនោះផង។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ គេចចេញចាកពួក ទៅនៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញ (នូវកិលេស) មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយបានដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ មានសេចក្តីសរសើរថា បណ្តាពួកព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ រាប់ថាជាអរហន្តមួយដែរ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ កាលបានសម្រេចព្រះអរហត្តហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ គួរក្រាបទូលនូវអរហត្តគុណ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះសោណៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បានដាក់ភារៈចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយ មានកិលេស ជាគ្រឿងប្រកបក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ ជាអ្នកមានចិត្តចុះស៊ប់ កាន់ឋានៈ ៦ យ៉ាង គឺមានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ (ការចេញចាកកាម) ១ ចុះស៊ប់ ក្នុងបវិវេក (ទីស្ងប់ស្ងាត់ចាកកិលេស) ១ ចុះស៊ប់ ក្នុងសេចក្តីមិនមានព្យាបាទ ១ ចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ១ ចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃឧបាទាន ១ ចុះស៊ប់ ក្នុងធម៌មិនមានសេចក្តីវង្វេង ១។ បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអាស្រ័យនូវគុណធម៌ ត្រឹមតែសទ្ធាម្យ៉ាង ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ កាលប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរក៏ដោយ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ គ៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ កាលត្រឡប់មកកាន់សីលព្វតបរាមាសៈ ថាជាធម៌មានខ្លឹមក៏ដោយ ក៏គង់ជាអ្នកមានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។បេ។ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់ មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ យ៉ាងពន្លឹក ដែលគប្បីដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្ត របស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងរលត់ទៅ នៃចិត្តនោះ។ ទោះបីសទ្ទារម្មណ៍ យ៉ាងពន្លឹក ដែលគប្បីដឹងដោយត្រចៀក។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ឃើញនូវការកើតឡើង និងការលត់ទៅ នៃចិត្តនោះ។ បពិត្រព្រះអង្គដ៏ចំរើន ភ្នំថ្មមិនមានចន្លោះ មិនមានប្រហោង ជាភ្នំតាន់សុទ្ធ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកពីទិសខាងកើតក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងលិចក្តី។បេ។ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងជើងក្តី ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងត្យូងក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន មានឧបមា ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យ ដូចភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅ នៃចិត្តនោះ ទោះបីសទ្ទារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយត្រចៀក។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្ត របស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅនៃចិត្តនោះ។

កាលបើភិក្ខុមានចិត្តចុះស៊ប់កាន់នេក្ខម្មៈ កាន់សេចក្តីស្ងប់ស្ងាត់ មានចិត្តចុះស៊ប់ កាន់សេចក្តីមិនព្យាបាទ កាន់ធម៌ជាទីអស់ទៅ នៃឧបាទាន មានចិត្តចុះស៊ប់ កាន់ធម៌ជាទីអស់ទៅ នៃតណ្ហា កាន់សេចក្តីមិនវង្វេង ចិត្តក៏រមែងផុតស្រឡះ ដោយប្រពៃ ព្រោះឃើញនូវការកើត និងការរលត់ទៅ នៃអាយតនៈ កាលបើភិក្ខុនោះ មានចិត្តផុតស្រឡះ ដោយប្រពៃហើយ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំនូវកិច្ច ដែលលោកត្រូវធ្វើ ក៏មិនមាន កិច្ចដែលគួរធ្វើ ក៏មិនមាន។ ភ្នំថ្មតាន់សុទ្ធ រមែងមិនកម្រើកដោយខ្យល់ យ៉ាងណា អារម្មណ៍ទាំងឡាយ គឺ រូប សំឡេង ក្លិន រស ផ្សព្វទាំងអស់ ជាទីប្រាថ្នាក្តី មិនជាទីប្រាថ្នាក្តី ក៏ធ្វើចិត្តរបស់អ្នកខ្ជាប់ខ្ជួន ជាចិត្តនឹងធឹង រួចស្រឡះចាកកិលេស ឲ្យញាប់ញ័រមិនបាន ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅនៃចិត្តនោះ ក៏យ៉ាងនោះដែរ។

(ផគ្គុនសូត្រ ទី២)

(២. ផគ្គុនសុត្តំ)

[៥៦] សម័យនោះ ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ស្តេចចូលទៅឯលំនៅ នៃព្រះផគ្គុណៈដ៏មានអាយុ ដើម្បីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯលំនៅ ដែលព្រះផគ្គុណៈដ៏មានអាយុនៅ។ ព្រះផគ្គុណៈដ៏មានអាយុ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏គ្រាន់តែសំដែងអាការជាទីក្រោកឡើងលើគ្រែតូច។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា កុំ ផគ្គុណៈ អ្នកកុំក្រោកអំពីគ្រែតូចឡើយ។ អាសនៈនេះ ដែលភិក្ខុឯទៀត ក្រាលបម្រុងទុក មានហើយ តថាគត នឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បានត្រាស់សួរព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា (របស់អ្នក) ធូរថយ មិនចំរើនឡើង សេចក្តីធូរថយ រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ ព្រះផគ្គុណៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង យកដែកស្រួចដ៏មុត មកចាក់ទំលុះក្បាល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងចាក់ដោតក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយមិនប្រាកដទេ។ បុរសមានកំឡាំង យកព្រ័ត្រដ៏មាំមួយចង្វាយ មករុំត្របែងក្បាល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន វេទនាក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏ខ្លាំងយ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន នាយគោឃាតកក្តី អ្នកជំនួយការ នៃនាយគោឃាតកក្តី ដែលឆ្លាស យកកាំបិតសម្រាប់វះគោដ៏មុត មកវះពោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងកាត់នូវផ្ទៃ របស់ខ្ញុំព្រះអង្គ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះទេ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំងពីរនាក់ នាំគ្នាចាប់បុរស ដែលមានកំឡាំងថយជាង ត្រង់ដើមដៃផ្សេងគ្នា មកដុត រោលអាល លើរណ្តៅរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីក្តៅក្រហាយយ៉ាងខ្លាំង ក្នុងកាយ (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើន ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើព្រះផគ្គុណៈដ៏មានអាយុ ឲ្យយល់ឃើញច្បាស់ ឲ្យជឿកាន់តាម ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចៀសចេញទៅ។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ក៏ក្នុងសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គ ទ្រង់ស្តេចចេញមក មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ប៉ុន្តែសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ ព្រះដ៏មានព្រះភាគត្រាស់ថា ឱអានន្ទ ឥន្រ្ទិយទាំងឡាយ របស់ផគ្គុណភិក្ខុ នឹងមិនជ្រះថ្លាឯណាបាន ម្នាលអានន្ទ ចិត្តរបស់ផគ្គុណភិក្ខុ ជាចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥យ៉ាងទេ ប៉ុន្តែចិត្តរបស់លោក ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបានវិញ ព្រោះស្តាប់ធម្មទេសនានោះ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាសេចក្តី តាមកាលគួរនេះ មាន ៦ យ៉ាង។ អានិសង្ស ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ ប៉ុន្តែក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ព្រះតថាគតសំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ តែក្នុងសម័យកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគតទេ ប៉ុន្តែបាបចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ចិត្តរបស់ភិក្ខុមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ តែក្នុងសម័យជាកាលជិតមរណៈ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត មិនបានចួបនឹងសាវក របស់ព្រះតថាគតទេ ប៉ុន្តែត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៣ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ទាំងព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល។បេ។ ប្រកាសព្រហ្មចរិយធម៌ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ប៉ុន្តែបានចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម។បេ។ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម៌ទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ទាំងមិនបានចួបប្រទះ នឹងសាវករបស់ព្រះតថាគតទេ ប៉ុន្តែបានត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៦ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាធម៌ តាមកាលគួរ មាន ៦ យ៉ាងនេះឯង។

(ឆឡភិជាតិសូត្រ ទី៣)

(៣. ឆឡភិជាតិសុត្តំ)

[៥៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បញ្ញត្តជាតិកំណើត ៦ យ៉ាង គឺ បញ្ញត្តជាតិខ្មៅ ១ បញ្ញត្តជាតិខៀវ ១ បញ្ញត្តជាតិក្រហម ១ បញ្ញត្តជាតិលឿង ១ បញ្ញត្តជាតិស ១ បញ្ញត្តជាតិសសុទ្ធ ១។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកជនអ្នកសម្លាប់ពពែ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វបក្សី អ្នកសម្លាប់ម្រឹគ ពួកព្រាន ពួកអ្នកសម្លាប់ត្រី ពួកចោរ ពួកអ្នកសម្លាប់ចោរ ពួកអ្នកជាប់គុក ឬក៏ពួកជនណាមួយក្រៅពីនេះ ដែលមានអំពើអាក្រក់ ថាជាជាតិខ្មៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកភិក្ខុ ដែលមានអធ្យាស្រ័យខ្មៅ ឬក៏ពួកជនណាមួយ ក្រៅពីនេះ ដែលជាកម្មវាទ និងកិរិយវាទ ថាជាជាតិខៀវ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកនិគ្រន្ថ ដែលមានសាដកតែ ១ ថាជាជាតិក្រហម។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកគ្រហស្ថ អ្នកស្លៀកដណ្តប់សំពត់ស មានសាដកដូចជា សាដកអចេលកៈ ថាជាជាតិលឿង។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកអាជីវកៈ និងអាជីវិកា ថាជាជាតិ ស។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តជនឈ្មោះ នន្ទវច្ឆៈ ឈ្មោះកច្ចសង្កិច្ចៈ និងឈ្មោះមក្ខលិគោសាល ថាជាជាតិ សសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បានបញ្ញត្តជាតិ ៦ យ៉ាងនេះឯង។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះសត្វលោកទាំងពួង យល់តាមពាក្យ របស់បូរណកស្សប ដែលបញ្ញត្តជាតិ ៦ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនយល់តាមទេ។ ម្នាលអានន្ទ ដូចជាបុរសទ័លក្រ មិនមានទ្រព្យរបស់ខ្លួន ជាអ្នកមិនស្តុកស្តម្ភ ពួកជនឯទៀត ជម្រុញឲ្យចំណែកសាច់ ដល់បុរសនោះ ដែលជាអ្នកមិនត្រូវការ ដោយបង្ខំថា នែបុរសអឺយ អ្នកត្រូវទំពាស៊ីសាច់នេះផង ត្រូវប្រគល់ឲ្យនូវថ្លៃផង យ៉ាងណាមិញ ម្នាលអានន្ទ បូរណកស្សប ជាមនុស្សពាល មិនវាងវៃ មិនស្គាល់ខេត្ត (នៃការបញ្ញត្តិជាតិ) មិនឆ្លៀវឆ្លាស បានបញ្ញត្តជាតិ ៦ យ៉ាងនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ ដោយគេមិនបានយល់ព្រម ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ ឥឡូវនេះ តថាគត នឹងបញ្ញត្តជាតិ ៦ យ៉ាង អ្នកចូរស្តាប់បញ្ញត្តនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះជាតិ ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ តើយ៉ាងណា។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ឬត្រកូលនេសាទ ត្រកូលជាងផែង ត្រកូលជាងរថ ត្រកូលអ្នកយកសម្រាម ជាត្រកូលក្រីក្រ មិនមានបាយទឹក និងគ្រឿងប្រើប្រាស់ រស់នៅដោយលំបាក ដែលជាត្រកូលរកគ្រឿងបរិភោគ និងគ្រឿងស្លៀកពាក់បានដោយក្រ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាប តឿ មានអាពាធច្រើន ជាបុគ្គលខ្វាក់ ឬក្ងែង ខ្ចក ស្លាប់អវយវៈ ជាអ្នកមិនសូវបាននូវបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺ ត្រកូលចណ្ឌាល។បេ។ ជាអ្នកមិនសូវបាននូវទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ មកកើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។ប។ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាមនុស្សទាបតឿ បុគ្គលនោះ កោរសក់ កោរពុកមាត់ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះ បួសយ៉ាងនេះហើយ ក៏បានលះ នូវនីវរណធម៌ ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកម្លាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិស ប្រព្រឹត្តធម៌ខ្មៅ តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសប្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ បុគ្គលមានជាតិស ដែលប្រព្រឹត្តធម៌ខ្មៅ យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលជាអ្នកមានជាតិស ប្រព្រឹត្តធម៌ស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល។បេ។ ជាអ្នកស្វាក់លាភ ចំពោះទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិស ប្រព្រឹត្តធម៌ស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស តើយ៉ាងណា។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ បានកោរសក់ កោរពុកមាត់ ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះបួស យ៉ាងនេះហើយ ក៏លះនូវនីវរណ ៥ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកំឡាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស។ ម្នាលអានន្ទ បុគ្គលដែលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស យ៉ាងនេះឯង។ មា្នលអានន្ទ ជាតិ ៦ យ៉ាងនេះឯង។

(អាសវសូត្រ ទី៤)

(៤. អាសវសុត្តំ)

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសង្រួម អាសវៈទាំងឡាយនោះ ភិក្ខុក្នុងសាសនានេះ បានលះបង់ហើយ ដោយការសង្រួម ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសេព (នូវបច្ច័យ) អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការសេព ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការអត់ធន់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការអត់ធន់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការវៀរ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការវៀរ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការបន្ទោបង់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការបន្ទោបង់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការចំរើន អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការចំរើន ១។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយ ដូចម្តេច ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុបានលះបង់ដោយការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយសង្រួមនូវចក្ខុន្រ្ទិយសំវរៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវចក្ខុន្រ្ទិយសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវចក្ខុន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួមនូវសោតិន្រ្ទិយ… ឃានិន្រ្ទិយ… ជីវ្ហិន្រ្ទិយ… កាយិន្រ្ទិយ… មនិន្រ្ទិយសំវរៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវមនិន្រ្ទិយសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវមនិន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមានដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុក៏បានលះបង់ ដោយការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការសេព ភិក្ខុក៏បានលះបង់ ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវចីវរ ដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ដើម្បីបិទបាំងអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស ឲ្យកម្រើក។ ពិចារណាដោយ ឧបាយហើយ បរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុក ក៏ទេ ដើម្បីឲ្យកើតបុរិសមានះ ស្រវឹងដូចអ្នកប្រដាល់ ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តីក្នុងបូរី ក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំ ក៏ទេ បរិភោគគ្រាន់តែដើម្បីឲ្យតាំងនៅ នៃរាងកាយនេះ ដើម្បីញ៉ាំងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ អញនឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីស្រេកឃ្លាន ដែលមានហើយផង ញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ក្នុងឥរិយាបថទាំង ៤ ក្តី នឹងមានដល់អញ។ ពិចារណា ដោយឧបាយហើយ ប្រើប្រាស់នូវសេនាសនៈ ដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូល ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ដើម្បីបន្ទោបង់នូវអន្តរាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវគ្រឿងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជំងឺ ដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសេព (នូវបច្ច័យណាមួយ ដោយឧបាយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសេព (នូវបច្ច័យណាមួយដោយឧបាយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការពារសេព ភិក្ខុក៏បានលះបង់ ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ អត់ធន់នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាបុគ្គលអត់ធន់ ចំពោះសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងពាក្យទ្រគោះ អាក្រក់ដែលអាស្រ័យ នូវសរីរៈជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាវេទនាអាចនាំយកជីវិតទៅបាន ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនអត់ធន់ (ចំពោះហេតុណាមួយទេ) អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានអត់ធន់ (នូវហេតុណាមួយ) អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការវៀរ ភិក្ខុបានលះបង់ ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយចៀសវាងដំរីកាច ចៀសវាងសេះកាច ចៀសវាងគោកាច ចៀសវាងឆ្កែកាច ពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ ពួកសព្រហ្មចារីទាំងឡាយ ជាអ្នកដឹង គប្បីកំណត់ទុក នូវបុគ្គលដែលអង្គុយលើអាសនៈមិនសមគួរ យ៉ាងណា ដែលត្រេចទៅក្នុងទីមិនសមគួរយ៉ាងណា ដែលសេពគប់ នូវពួកបាបមិត្រយ៉ាងណា ថាដូចជាទីអាក្រក់ ភិក្ខុនោះ ពិចារណាដោយឧបាយ ហើយចៀសវាង នូវអាសនៈមិនសមគួរនោះផង ទីគោចរមិនសមគួរនោះផង ពួកបាបមិត្តនោះផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនចៀសវាង (នូវហេតុណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានចៀសវាង (នូវហេតុណាមួយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការចៀសវាង ភិក្ខុក៏បានលះបង់ ដោយការចៀសវាង។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការបន្ទោបង់ ភិក្ខុក៏បានលះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយអត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន នូវកាមវិតក្កៈ ដែលកើតឡើង នូវព្យាបាទវិតក្កៈ ដែលកើតឡើង។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើង… អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញនូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយៗ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនបន្ទោបង់ (នូវវិតក្កៈណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានបន្ទោបង់ (នូវវិតក្កៈណាមួយ) អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះ ដោយការបន្ទោបង់ ភិក្ខុក៏បានលះ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះ ដោយការចំរើន ភិក្ខុក៏បានលះបង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាករាគៈ អាស្រ័យធម៌ ជាទីរលត់ទុក្ខ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយ ហើយចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ ចំរើនបីតិសម្ពោជ្ឈង្គ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ចំរើនសមាធិសម្ពោជ្ឈង្គ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យធម៌ជាទីប្រាសចាករាគៈ អាស្រ័យធម៌ជាទីរលត់ទុក្ខ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនចំរើន (សម្ពោជ្ឈង្គណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានចំរើន (សម្ពោជ្ឈង្គណាមួយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះដោយការចំរើន ភិក្ខុក៏បានលះបង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរទទួលវត្ថុ ដែលគេនាំមកបូជា គួរទទួលវត្ថុដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរធ្វើនូវអញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

(ទារុកម្មិកសូត្រ ទី៥)

(៥. ទារុកម្មិកសុត្តំ)

[៥៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ដែលធ្វើអំពីឥដ្ឋ ក្នុងនាទិកគ្រាម។ គ្រានោះឯង គហបតីឈ្មោះ ទារុកម្មិកៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះទារុកម្មិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ចុះទានក្នុងត្រកូល អ្នកតែងឲ្យដែរឬ។ ទារុកម្មិកគហបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គតែងឲ្យ បពិត្រព្រះអង្គដ៏ចំរើន តែថាទាននោះ ខ្ញុំព្រះអង្គ ឲ្យចំពោះតែពួកភិក្ខុ ដែលជាអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកុលិកធុតង្គ ជាព្រះអរហន្ត ឬភិក្ខុដែលដល់នូវអរហត្តមគ្គប៉ុណ្ណោះ។ ម្នាលគហបតី ខ្លួនអ្នកជាគ្រហស្ថ ជាអ្នកបរិភោគកាម នៅគ្រប់គ្រងដំណេកដ៏ចង្អៀតដោយកូនប្រពន្ធ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ កម្រនឹងដឹងហេតុនេះថា ភិក្ខុទាំងនេះ ជាព្រះអរហន្ត ឬភិក្ខុទាំងនេះ បានដល់នូវអរហត្តមគ្គ ដូច្នេះបានឡើយ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ មិនមានចិត្តតាំងមាំ មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើយ៉ាងនេះ ភិក្ខុនោះ គួរគេតិះដៀលដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ ជាអ្នកមិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចាផ្តេសផ្តាស មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តមូលតែ ១ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀលដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតីចីវរ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចភ្លាំងស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតិចីវរ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តមូលតែមួយ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី អញ្ជើញអ្នកឲ្យទាន ចំពោះសង្ឃវិញ កាលបើអ្នកឲ្យទានចំពោះសង្ឃហើយ ចិត្តរមែងជ្រះថ្លា លុះអ្នកនោះមានចិត្តជ្រះថ្លាហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ទារុកម្មិកគហបតីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមអំពីថ្ងៃនេះទៅ ខ្ញុំព្រះអង្គហ្នឹងឯង នឹងឲ្យទានចំពោះសង្ឃវិញ។

(ហត្ថិសារិបុត្តសូត្រ ទី៦)

(៦. ហត្ថិសារិបុត្តសុត្តំ)

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគ្នា និយាយអភិធម្មកថា ក្នុងរោងមូល (ឧបដ្ឋានសាលា)។ បានឮថា បណ្តាពួកភិក្ខុទាំងនោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ក៏និយាយស្កាត់ពាក្យ ក្នុងចន្លោះៗ។ លំដាប់នោះ ព្រះមហាកោដ្ឋិកៈ ដ៏មានអាយុ បាននិយាយឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ចេះតែនិយាយស្កាត់ពាក្យ ក្នុងចន្លោះ ៗ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ សូមបង្អង់ ចាំចប់អភិធម្មកថាសិន។ កាលបើព្រះមហាកោដ្ឋិកៈដ៏មានអាយុ និយាយឃាត់យ៉ាងនេះហើយ ពួកភិក្ខុជាសំឡាញ់របស់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ក៏បាននិយាយនឹងព្រះមហាកោដ្ឋិកៈដ៏មានអាយុ យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មានអាយុ មិនសមបើហាមឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុសោះ (ព្រោះ) ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ជាអ្នកប្រាជ្ញ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ អាចសំដែងអភិធម្មកថា ជាមួយនឹងពួកភិក្ខុជាថេរៈបាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បាននិយាយថា ម្នាលអាវុសោទាំងឡាយ ពួកជនដែលមិនដឹង នូវវារៈនៃចិត្តរបស់ជនដទៃ កម្រនឹងដឹងហេតុនុ៎ះបាន។ ម្នាលអាវុសោទាំង ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាព រាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់។ លុះកាលណាភិក្ខុនោះចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា ពួកអាមាត្យធំ នៃព្រះរាជា ពួកតិរ្ថិយ និងពួកសាវកនៃតិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី គឺមិនសង្រួមឥន្រ្ទិយ ខ្វល់ខ្វាយតែនិយាយពាក្យឆ្លើយឆ្លង រាគៈក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាគោ (ល្មោភ) ស៊ីសំណាប គេចងទុកដោយខ្សែ ឬគេក្រៀកទុកក្នុងក្រោល ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា គោ (ល្មោភ) ស៊ីសំណាបនេះ មុខជាមិនហ៊ានចុះ (ស៊ី) សំណាប ក្នុងកាលឥឡូវនេះទៀតឡើយ អើអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថាហេតុនុ៎ះ រមែងមាន ត្រង់ដែលគោល្មោភស៊ីសំណាបនោះ មុខជាផ្តាច់ខ្សែ ឬទំលាយក្រោល ហើយចុះ (ស៊ី) សំណាប ក្នុងកាលជាខាងក្រោយវិញទៀត។ ព្រះមហាកោដិ្ឋកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រ គំណាស់។ លុះកាលណាភិក្ខុនោះ ចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាកស ឧបាសិកា ព្រះរាជា អាមាត្យធំរបស់ព្រះរាជា ពួកតិរ្ថិយ និងសាវកនៃតិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់មារយាទល្អ មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែនិយាយពាក្យឆ្លើយឆ្លង រាគៈក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានចូលកាន់បឋមជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានបឋមជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចភ្លៀងមានដំណក់ទឹកធំៗ បង្អុរចុះមកក្នុងផ្លូវធំ ៤ បំបាត់បង់នូវធូលី ធ្វើភក់ឲ្យកើតប្រាកដឡើង ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ធូលី នឹងមិនមានប្រាកដ ក្នុងផ្លូវធំ ៤ ឯណោះ ក្នុងកាលឥឡូវនេះទៀតឡើយ អើ អាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺពួកមនុស្ស គង់ដើរកាត់ ឬពួកគោ និងសត្វចិញ្ចឹមដើរកាត់ ខ្យល់ ឬដំដៅថ្ងៃ គង់បក់ផាត់ ចែងចាំងឲ្យរីងខះបាន ក្នុងផ្លូវធំ ៤ ឯណោះ កាលបើដូច្នេះ ធូលី នឹងកើតមានប្រាកដវិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានចូលកាន់បឋមជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបានបឋមជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងចារៈ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានទុតិយជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រះមួយធំ ជិតស្រុក ឬនិគម ជួនជាភ្លៀងដែលមានដំណក់ទឹកធំៗ ក៏បង្អុរចុះមកក្នុងស្រះនោះ ញុំាងខ្យង គ្រំ ក្រួស និងអម្បែង ឲ្យសាបសូន្យទៅ ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ខ្យង គ្រំ ឬក្រួស អម្បែង នឹងមិនមានប្រាកដ ក្នុងស្រះឯណោះ ក្នុងកាលឥឡូវនេះទៀតទេ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺពួកមនុស្សគង់ផឹក ឬពួកគោ និងពពែ គង់ផឹក ខ្យល់ ឬកំដៅថ្ងៃ គង់បក់ផាត់ ចែងចាំងឲ្យរីងខះទៅបានក្នុងស្រះនោះ កាលបើដូច្នេះ ខ្យងគ្រំក្តី ក្រួស និងអម្បែងក្តី នឹងមានប្រាកដឡើងវិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវទុតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះប្រាសចាកបីតិផង។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវតតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចបុរសដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ រមែងមិនគាប់ចិត្ត នឹងភោជនដែលផ្អូម ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា បុរសឯណោះ នឹងមិនគាប់ចិត្ត ចំពោះភោជនថ្មីទៀតឡើយ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា បុរសឯណោះ ដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ បើឱជារស របស់ភោជនដ៏ថ្លៃថ្លានោះ នឹងឋិតនៅក្នុងកាយត្រឹមណា ក៏នឹងមិនគាប់ចិត្ត ចំពោះភោជនដទៃ ត្រឹមណោះ លុះកាលណា ឱជារស នៃភោជនដ៏ថ្លៃថ្លានោះ សាបសូន្យទៅ ទើបនឹងគាប់ចិត្ត ចំពោះភោជនថ្មីទៀតមិនខាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះប្រាសចាកបីតិផង។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបាន នូវតតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុកផង។បេ។ បានចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវចតុត្ថជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាអន្លង់ទឹក ក្នុងចន្លោះភ្នំ ជាអន្លង់ទឹកប្រាសចាកខ្យល់ ប្រាសចាករលក បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ឥឡូវនេះ រលក នឹងមិនមានប្រាកដ ក្នុងអន្លង់ទឹកឯណោះទៀតទេ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មក អំពីទិសខាងកើត ខ្យល់ព្យុះដ៏ខ្លាំងនោះ គង់ធ្វើរលកឲ្យកើតមានក្នុងអន្លង់ទឹកនោះបាន ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងលិច។បេ។ ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងជើង ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងត្បូង ខ្យល់ព្យុះដ៏ខ្លាំងនោះ គង់ធ្វើឲ្យរលកកើតមាន ក្នុងអន្លង់ទឹកនោះបាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ បានចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវចតុត្ថជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង បានចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញជាអ្នកបាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ដូច្នេះ ហើយនៅច្របូកច្របល់ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យធំ របស់ព្រះរាជា ពួកតិរិ្ថយ និងសាវកនៃតិរ្ថិយ កាលបើបុគ្គលនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែខាងនិយាយពាក្យឆ្លើយឆ្លង រាគៈរមែងគ្របសង្កត់ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាព្រះរាជាក្តី អាមាត្យធំ របស់ព្រះរាជាក្តី ដើរទៅកាន់ផ្លូវឆ្ងាយ ដោយចតុរង្គសេនា ហើយចូលទៅស្នាក់នៅក្នុងដងព្រៃណាមួយ អស់រាត្រីមួយ សំឡេងគគ្រឹកគគ្រេង ដោយសូរដំរី សូរសេះ សូររថ សូរពលថ្មើរជើង សូរកងរំពងនៃស្គរធំ ស្គរតូច ស័ង្ខ និងពិណ ក៏បាត់សូន្យទៅ ក្នុងដងព្រៃនោះ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ឥឡូវនេះ សំឡេងកងរំពង នឹងមិនមានប្រាកដ ក្នុងដងព្រៃឯណោះទៀតឡើយ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាម ហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺស្តេចនោះក្តី អាមាត្យធំ របស់ស្តេចនោះក្តី មុខជាចេញចាកដងព្រៃនោះទៅ វេលានោះ សំឡេងគគ្រឹកគគ្រេង គង់មានប្រាកដឡើងវិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង បានចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញជាអ្នកបាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ដូច្នេះ ហើយនៅច្របូកច្របល់ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យធំ របស់ព្រះរាជា ពួកតិរិ្ថយនិងសាវកនៃតិរិ្ថយវិញ កាលដែលបុគ្គលនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែខាងនិយាយពាក្យឆ្លើយឆ្លង រាគៈរមែងគ្របសង្កត់ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ គ្រាសម័យជាខាងក្រោយមក ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បានលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ពួកភិក្ខុជាសំឡាញ់របស់ចិត្តហត្ថិសារីបុត្ត បានចូលទៅរកព្រះមហាកោដ្ឋិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បានសួរព្រះមហាកោដ្ឋិកៈដ៏មានអាយុ យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បានស្ទង់មើលចិត្ត របស់ចិត្តហត្ថិសារីបុត្ត ដោយចិត្តរបស់ខ្លួន ហើយដឹងច្បាស់ថា ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ដូច្នេះឬ ឬក៏ពួកទេវតោ ប្រាប់សេចក្តីនុ៎ះថា បពិត្រព្រះករុណាដ៏ចំរើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយ នេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ តបថា ម្នាលអាវុសោ ខ្ញុំបានស្ទង់មើលចិត្ត (របស់ចិត្តហត្ថិសារីបុត្ត) ដោយចិត្តរបស់ខ្លួន ហើយដឹងច្បាស់ថា ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយ នេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ទាំងពួងទេវតា ក៏បានប្រាប់សេចក្តីនេះដល់ខ្ញុំថា បពិត្រព្រះករុណាដ៏ចំរើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ របស់ចិត្តហត្ថិសារីបុត្ត បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរស៊ប់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មានទេ គង់នឹករលឹកដល់នេក្ខម្មគុណវិញ។ គ្រានោះឯង ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មាន ក៏បានកោរសក់ កោរពុកមាត់ ស្លៀកដណ្តប់សំពត់កាសាវៈ ចេញចាកផ្ទះ ចូលកាន់ផ្នួស។ លំដាប់នោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ចៀសចេញចាកពួក ទៅនៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគឿងដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយធម៌ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មរិយធម៌ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះ មិនមានឡើយ។ មានសេចក្តីសរសើរថា បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ រាប់ថាជាព្រះអរហន្តមួយអង្គដែរ។

(មជ្ឈេសូត្រ ទី៧)

(៧. មជ្ឈេសុត្តំ)

[៦១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគា្ន ក្នុងរោងសម្រាប់សម្រាកកាយ ក៏កើតសំដីជាចន្លោះនេះឡើងថា ម្នាលអាវុសោទាំងឡាយ ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា

បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគត ហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុត ធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ។

ម្នាលអាវុសោទាំងឡាយ ចុះចំណែកទី១ តើដូចម្តេច ចំណែកទី២ តើដូចម្តេច អ្វីជាកណ្តាល ធម្មជាតិ ជាគ្រឿងចាក់ស្រែះ តើដូចម្តេច។ កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ផស្សៈ3) ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ4) ឈ្មោះថា ចំណែកទី២ ផស្សនិរោធ5) ឈ្មោះថា កណ្តាល តណ្ហា ឈ្មោះថា ជាគ្រឿងចាកស្រែះ ព្រោះថា តណ្ហាតែងតែចាក់ស្រែះ នូវផស្សទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង។ ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌6) កំណត់ដឹងបរិញ្ញេយ្យធម៌7) កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អតីតក្ខន្ធ8) ឈ្មោះថា ចំណែកទី១ អនាគតក្ខន្ធ9) ឈ្មោះថា ចំណែកទី២ បច្ចុប្បន្នក្ខន្ធ10) ជាកណ្តាល តណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវខន្ធទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សុខវេទនា ឈ្មោះថា ចំណែកទី១ ទុក្ខវេទនា ឈ្មោះថា ចំណែកទី២ អទុក្ខមសុខវេទនា ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះ នូវវេទនាទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ នាម ឈ្មោះថា ចំណែកទី១ រូប ឈ្មោះថា ចំណែកទី២ វិញ្ញាណ11) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវធម៌ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អាយតនៈខាងក្នុង ៦ ឈ្មោះថា ចំណែកទី១ អាយតនៈខាងក្រៅ ៦ ឈ្មោះថា ចំណែកទី២ វិញ្ញាណ12) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវអាយតនៈទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញេ្ញយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សក្កាយ13) ឈ្មោះថា ចំណែក ទី១ សក្កាយសមុទយៈ14) ឈ្មោះថា ចំណែកទី២ សក្កាយនិរោធ15) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវសក្កាយទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ពួកយើងទាំងអស់គ្នា ព្យាករតាមសេចក្តីយល់តែរៀងខ្លួនទេ បពិត្រលោកដ៏មានអាយុទាំងឡាយ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ នឹងបានព្រះដ៏មានព្រះភាគព្យាករដល់យើងយ៉ាងណា យើងនឹងចាំទុក នូវសេចក្តីនុ៎ះយ៉ាងនោះ។ ភិក្ខុទាំងឡាយ ជាថេរៈ បានទទួលពាក្យភិក្ខុនោះថា អើអាវុសោ។ គា្រនោះ ភិក្ខុទាំងឡាយ ជាថេរៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងឡាយជាថេរៈ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តីទាំងប៉ុន្មាន ដែលខ្លួនបានចរចា ជាមួយនឹងភិក្ខុទាំងអស់នោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណានិយាយត្រូវ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នា និយាយត្រូវតាមបរិយាយ ដែលតថាគតសំដែង ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា

បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគតហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុតនូវធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ។

អ្នកទាំងឡាយ ចូរស្តាប់ធើ្វទុកក្នុងចិត្ត នូវហេតុនោះ ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងឡាយ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ ឈ្មោះថា ចំណែកទី២ ផស្សនិរោធ ឈ្មោះថា កណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវផស្សៈ ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ ម្នាលភិក្ខុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន។

(បុរិសិន្ទ្រិយញាណសូត្រ ទី៨)

(៨. បុរិសិន្ទ្រិយញាណសុត្តំ)

[៦២] សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃដ៏ច្រើន បានយាងទៅដល់និគមឈ្មោះ ទណ្ឌកប្បកៈរបស់ពួកអ្នកដែនកោសល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញពីផ្លូវ ហើយទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទៀបគល់ឈើមួយដើម។ ភិក្ខុទាំងនោះ ចូលទៅរកនិគមឈ្មោះ ទណ្ឌកប្បកៈ ដើម្បីស្វែងរកទីសំណាក់។ លំដាប់នោះ ព្រះអានន្ទដ៏អាយុ ក៏សំដៅទៅស្ទឹងអចិរវតី ជាមួយនឹងពួកភិក្ខុដ៏ច្រើន ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះស្រឡាបខ្លួនរួចហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន។ ស្រាប់តែមានភិក្ខុមួយរូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើត ឬហ្ន៎ ឬថា ដោយហេតុណាមួយទេ។ ម្នាលអាវុសោ ដំណើរនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយយ៉ាងនុ៎ះមែន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គព្រមទាំងភិក្ខុសង្ឃជាច្រើន ចុះទៅក្នុងស្ទឹងអចិរវតី ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះស្រឡាបខ្លួនរួចហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ មានភិក្ខុមួយរូប ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ក៏និយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មានព្រះភាគ ទ្រង់ប្រមូលហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើតទេឬ ឬថាកែបាន ដោយហេតុណាមួយដែរ។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាននិយាយនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ហេតុនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងនោះដែរ។ ម្នាលអានន្ទ ភិក្ខុនោះ ជាភិក្ខុខ្ចី ទើបតែនឹងបួសក្តី ជាថេរៈល្ងង់ មិនឈ្លាសវៃក្តី ពាក្យណា ដែលតថាគត ព្យាករដោយចំណែកមួយ ភិក្ខុនោះ នឹងមិនដល់ នូវចំណែកពីរ ក្នុងពាក្យនោះឡើយ ម្នាលអានន្ទ តថាគត មិនដែលឃើញបុគ្គលដទៃ សូម្បីម្នាក់ ដែលតថាគតរំពឹងរក នូវហេតុទាំងអស់ដោយចិត្ត ហើយព្យាករ ដូចជាភិក្ខុ ទេវទត្តនេះទេ។ ម្នាលអានន្ទ តថាគតបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ដរាបណា តថាគត ក៏មិនព្យាករភិក្ខុទេវទត្តថា ទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ដរាបនោះ ម្នាលអានន្ទ កាលណាបើតថាគត មិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន តថាគត ព្យាករទេវទត្តនោះថា ភិក្ខុទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនបាន ក្នុងកាលនោះ។ ម្នាលអានន្ទ រណ្តៅលាមក ដែលមានជំរៅជាង ១ ជំហរ ដ៏ពេញដោយលាមក ប្រៀបស្មើមាត់ មានបុរសលិចចុះទៅទាំងក្បាល ក្នុងរណ្តៅលាមកនោះ បុរសណាមួយ ជាអ្នកប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីចំរើន ប្រាថ្នាដើម្បីក្សេម ចាកយោគៈ ដល់បុរសនោះ ប្រាថ្នានឹងស្រង់អំពីរណ្តៅលាមកនោះ ក៏ដើរចូលមកកាន់បុរសនោះ ឯបុរសនោះ ដើរក្រឡឹងជុំវិញរណ្តៅលាមកនោះហើយ មិនឃើញសរីរប្រទេស របស់បុរសនោះ ដែលត្រឹមតែចាក់ដោយចុងបំផុតនៃរោម ដែលមិនប្រឡាក់ដោយលាមក ដែលគួរនឹងចាប់ស្រង់បុរសនោះឡើងបាន យ៉ាងណាមិញ ម្នាលអានន្ទ តថាគតមិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ក្នុងកាលណា តថាគតព្យាករទេវទត្តថា ភិក្ខុទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ក្នុងកាលនោះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បើដូច្នោះ អ្នកទាំងឡាយ ត្រូវស្តាប់ តថាគត ចែកនូវបុរិសិន្រិ្ទយញ្ញាណ16) បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ សូមព្រះដ៏មានព្រះភាគ ចែកនូវបុរិសិន្រ្ទិយញ្ញាណ ពួកភិក្ខុស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។

ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះសម្ពុទ្ធដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ។ សម័យក្រោយទៀត តថាគតកំណត់ដឹង នូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនោះបាត់ទៅ អកុសលធម៌កើតឡើងប្រាកដ តែបុគ្គលនោះ មិនគាស់ មិនរំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសលរបស់បុគ្គលនោះ នឹងកើតឡើងប្រាកដវិញ បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលល្អ គេទុកដាក់ដោយល្អ ហើយគេសាបព្រោះ លើទីដែលភ្ជួររាស់ ដោយស្រួលបួល ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងដល់នូវការដុះ លូតលាស់ឡើងធំ ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតប្រាកដវិញបាន បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតឡើងប្រាកដ ទាំងបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតបា្រកដ បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត ដោយប្រការយ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលនៅល្អ គេទុកដាក់ដោយស្រួល តែគេសាបព្រោះលើថ្មដ៏ក្រាស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ មិនងាយនឹងដុះលូតលាស់ឡើង ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតឡើងប្រាកដវិញបាន ទាំងបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតប្រាកដវិញបាន បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា ធម៌សរបស់បុគ្គលនេះ សូម្បីល្មមត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ប្រកបដោយអកុសលធម៌ទាំងឡាយ ដែលមានពណខ្មៅសុទ្ធ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលដាច់ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ ហើយគេសាបព្រោះលើទី ដែលគេភ្ជួររាស់ដោយល្អ ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងមិនដុះលូតលាស់ ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា ធម៌ស របស់បុគ្គលនេះ សូម្បីល្មមត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ប្រកបដោយអកុសលធម៌ទាំងឡាយ ដែលមានពណ៌ខ្មៅសុទ្ធ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតដំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង។

កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចបញ្ញត្តបុគ្គល ៣ ពួក ក្រៅពីបុគ្គល ៣ ពួកនេះ ឲ្យមានចំណែកស្មើគ្នាបានឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចបញ្ញត្តបាន ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ឯកុសលមូលនោះ ដល់នូវការបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត យ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ កំពុងឆេះ រន្ទាលច្រាលឆ្អៅ ដែលគេដាក់លើផែនថ្មដ៏កា្រស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ នឹងមិនដល់នូវការចំរើនរាលដាលធំទូលាយឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ មួយទៀត ដូចព្រះអាទិត្យលិច ក្នុងសាយណ្ហសម័យ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពន្លឺនឹងបាត់សូន្យទៅ ងងឹតនឹងកើតប្រាកដបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ចំពាក់កណ្តាលយប់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពន្លឺបាត់ទៅ ងងឹតកើតប្រាកដបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ កុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនបានសាបសូន្យតទៅទៀតយ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ឆេះរន្ទាល ច្រាលឆ្អៅ ហើយបុគ្គលដាក់លើគំនរស្មៅក្តី គំនរឧសក្តី ដែលស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ នឹងដល់នូវការចំរើន ធំទូលាយបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ មួយទៀត ដូចព្រះអាទិត្យរះឡើង ក្នុងបច្ចូសសម័យនៃរាត្រី ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹត នឹងបាត់ទៅ ពន្លឺនឹងកើតប្រាកដឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ពេលថ្ងៃត្រង់ជាក់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹតបាត់ទៅ ពន្លឺកើតប្រាកដឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ សាបសូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ជាអ្នកប្រកបដោយធម៌ទាំងឡាយ ដែលគ្មានទោស មានពណ៌សសុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន មា្នលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ដែលរលត់ ត្រជាក់ បុគ្គលដាក់លើគំនរស្មៅ ឬគំនរឧសដ៏ស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ មិនដល់នូវការចំរើនរាលដាលឡើងបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ។ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោម មិនមានឡើយ បុគ្គលនេះ ប្រកបដោយធម៌ទាំងឡាយ ដែលមិនមានទោស មានពណ៌សសុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន ដូច្នោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្ទ្រិយញ្ញាណ តថាគត កំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹង ដោយចិត្តយ៉ាងនេះផង។ ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងដើមណា បណ្តាបុគ្គលទាំង ៣ នោះ បុគ្គលមួយ មានធម៌មិនបានសាបសូន្យ បុគ្គលមួយ មានធម៌សាបសូន្យ បុគ្គលមួយ កើតក្នុងអបាយ ទៅនរក ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងចុងណា បណ្តាបុគ្គល ទាំង ៣ នេះ បុគ្គលមួយ មានសភាពមិនសាបសូន្យ បុគ្គលមួយ មានសភាពសាបសូន្យ បុគ្គលមួយ មានសភាពបរិនិព្វាន។

(និព្វេធិកសូត្រ ទី៩)

(៩. និព្វេធិកសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនិព្វេធិកបរិយាយ (ហេតុដែលទំលាយ នូវលោភក្ខន្ធ ជាដើម ដែលបុគ្គលមិនបានទំលាយ) និងធម្មបរិយាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវបរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និងធម្មបរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតអាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់អាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង។

ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ គឺ រូបទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១ សំឡេងទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយត្រចៀក។បេ។ ក្លិនទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយច្រមុះ រសទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយកាយ គួរបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនុ៎ះ មិនមែនកាមទេ ធម៌ទាំងនុ៎ះ ហៅថា កាមគុណ ក្នុងអរិយវិន័យ។

សេចក្តីត្រេអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រ ក្នុងលោក មិនមែនកាមទេ សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក ដោយប្រការដូច្នោះ តែអ្នកប្រាជ្ញទាំងឡាយ រមែងកំចាត់បង់ នូវសេចក្តីគាប់ចិត្ត ក្នុងអារម្មណ៍ទាំងឡាយនុ៎ះចេញ។

ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមក្នុងរូបទាំងឡាយ ដោយឡែក កាមក្នុងសំឡេងទាំងឡាយ ដោយឡែក កាមក្នុងក្លិនទាំងឡាយ ដោយឡែក កាមក្នុងរសទាំងឡាយ ដោយឡែក កាមក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលប្រាថ្នានូវអារម្មណ៍ណា ញុំាងអត្តភាពដែលកើតអំពីអារម្មណ៍នោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កាម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កាម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់កាម គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្លែកគ្នា នៃកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់កាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កាម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់សេចក្តីរលត់កាម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយ (នូវគំនរលោភៈជាដើម) នេះថាជាសេចក្តីរលត់កាម។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយ ដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាងគឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតវេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ប្រកបដោយអាមិសៈ ក៏មាន សុខវេទនាមិន ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា មិនប្រកបដោយអាមិសៈក៏មាន អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ ក៏មាន អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់វេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលទទួលត្រងរង នូវវេទនាណា តែងញុំាងអត្តភាព ដែលកើតអំពីវេទនានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតវេទនាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់វេទនាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់វេទនា យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់វេទនា។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៦ យ៉ាង គឺរូបសញ្ញា ១ សទ្ទសញ្ញា ១ គន្ធសញ្ញា ១ រសសញ្ញា ១ ផោដ្ឋព្វសញ្ញា ១ ធម្មសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតសញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សញ្ញាក្នុងរូបទាំងឡាយ ដោយឡែក សញ្ញាក្នុងសំឡេងទាំងឡាយ ដោយឡែក សញ្ញាក្នុងក្លិនទាំងឡាយ ដោយឡែក សញ្ញាក្នុងរសទាំងឡាយ ដោយឡែក សញ្ញាក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក សញ្ញាក្នុងធម៌ទាំងឡាយ ដោយឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាកនៃសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅសញ្ញាទាំងឡាយថា មានវោហារជាវិបាក បុគ្គលចាំបានយ៉ាងណាៗ និយាយយ៉ាងនោះៗ ថា ខ្ញុំជាអ្នកមានសេចក្តីសំគាល់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់សញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់សញ្ញា ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់សញ្ញា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់សញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់សញ្ញាយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ យ៉ាង គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អវិជា្ជ ជាហេតុនាំឲ្យកើតអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើតតិរច្ឆានក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិបាករបស់អាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះក្នុងអវិជ្ជាណា ញុំាងអត្តភាព ដែលកើតអំពីអវិជ្ជានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់អាសវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់អាសវៈ ព្រោះរលត់អវិជ្ជា។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់អាសវៈ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់អាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់អាសវៈយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួលផល ក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាពជាលំដាប់តៗ ទៅ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់កម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មបុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ ព្យាធិក៏ជាទុក្ខ មរណៈក៏ជាទុក្ខ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈក៏ជាទុក្ខ បុគ្គលចង់បានរបស់ណា ហើយមិនបាននូវរបស់នោះ ក៏ជាទុក្ខ បើនិយាយដោយខ្លី ឧបាទានក្ខន្ធ ទាំង ៥ ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា ជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នានៃទុក្ខ តើដូចម្តច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខយ៉ាងខ្លាំងក៏មាន ទុក្ខយ៉ាងខ្សោយក៏មាន ទុក្ខក្ររសាយ ក៏មាន ទុក្ខឆាប់រសាយ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងងេងងោង មួយទៀត បុគ្គលមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ តែងដល់នូវការស្វែងរកហេតុខាងក្រៅព្រះពុទ្ធសាសនាថា បុគ្គលណាហ៎្ន ចេះ (មន្តអាគម) តែមួយបទ ឬពីរបទ ដើម្បីរំលត់ទុក្ខនេះបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវទុក្ខថា មានសេចក្តីវងេ្វងងេងងោងជាវិបាក ឬការស្វែងរកជាវិបាក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ទុក្ខ ព្រោះរលត់តណ្ហា។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់ទុក្ខ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតទុក្ខយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃទុក្ខយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់ទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ទុក្ខយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា និព្វេធិកបរិយាយ ឈ្មោះថា ធម្មបរិយាយ។

(សីហនាទសូត្រ ទី១០)

(១០. សីហនាទសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគតនេះ មាន ៦ ដែលព្រះតថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ តថាគតពលៈ ៦ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ក្នុងលោកនេះ ដឹងច្បាស់ជាក់លាក់ នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ត្រង់ព្រះតថាគតដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុ ទាំងឡាយ នេះ តថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគតបានអាស្រ័យពលៈ ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ17) ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹកឃើញ នូវបុព្វេនិវាសៈជាច្រើនប្រការ គឺ រលឹកឃើញ ១ជាតិ ២ ជាតិ។បេ។ រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទេ្ទសដូច្នេះ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ គឺរលឹកបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទំាងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោចវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគត ទាំង ៦ ប្រការនេះ ដែលព្រះតថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវហេតុតាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវវិបាក របស់កុសល និងអកុសលដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុយ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុយ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងណាៗ តថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះ សួរហើយ តាមការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងនោះៗបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល នូវការដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផងនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុនោះ ថាជារបស់បុគ្គលដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គលដែលមានចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគត ពោលនូវការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមាន ចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ សមាធិ ជាផ្លូវត្រូវ អសមាធិ ជាផ្លូវខុស ដូចបានសំដែងមកហើយ។

ចប់ មហាវគ្គ ទី១។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីរឿងព្រះថេរៈ ឈ្មោះសោណៈ ១ ព្រះថេរៈឈ្មោះផគ្គុណៈ អភិជាតិ ៦ យ៉ាង ១ អាសវៈទាំងឡាយ ១ រឿងទារុកម្មិកៈជ្រះថ្លានឹងភិក្ខុប្រាំរូប ១ ចិត្តហត្ថិសារីបុត្ត ១ មេត្តយ្យបញ្ហា ក្នុងបរាយនវគ្គ ១ ព្រះអានន្ទ ចុះទៅជម្រះខ្លួន ក្នុងទឹកស្ទឹងអចិរវតី ១ និព្វេធិកបរិយាយ ១ ពលៈ ៦ យ៉ាង ១។

 

លេខយោង

1)
ពាក្យនេះ ព្រះសម្ពុទ្ធទ្រង់ត្រាស់ដាស់តឿនព្រះសោណត្ថេរ ឲ្យតាំងសេចក្តីព្យាយាម ចំរើនសមថកម្មដ្ឋាន កុំឲ្យតឹងពេក ធូរពេក។ អដ្ឋកថា។
2)
សំដៅយកសមថនិមិត្ត និងវិបស្សនានិមិត្ត។ អដ្ឋកថា។
3)
សំដៅយកអត្តភាព ដែលកើតដោយអំណាចផស្សៈ (បានខាងអត្តភាពជាបច្ចុប្បន្ន)។
4)
សំដៅយកអត្តភាពជាអនាគត ដែលកើតមកពីបច្ច័យ គឺកម្ម និងផស្សៈ ដែលបុគ្គលធ្វើហើយ ក្នុងអត្តភាពនេះ។
5)
សំដៅយកព្រះនិព្វាន។
6)
បានខាងចតុសច្ចធម៌ ដែលបុគ្គលគប្បីដឹងច្បាស់។
7)
បានខាងលោកិយសច្ច ២ ប្រការ គឺទុក្ខសច្ច ១ សមុទយសច្ច ១ ដែលបុគ្គលគប្បីកំណត់ ដោយតិរណបរិញ្ញា និងបហានបរិញ្ញា។ អដ្ឋកថា។
8)
១.២.៣ បណ្ឌិតគប្បីដឹងតាមសេចក្តីប្រៀបធៀប ដោយព្រួញទាំង ៣ ចុះ កាលបើព្រួញទាំង ៣ គេចងផ្អោបគ្នានឹងខ្សែ លុះខ្សែដាច់ហើយ ព្រួញទាំង ៣ ក៏ធ្លាក់ត្រង់កន្លែងទាំង៣ យ៉ាងណាមិញ អតីតក្ខន្ធ អនាគតក្ខន្ធ បច្ចុប្បន្នក្ខន្ធ ដូចគ្នានឹងព្រួញទាំង ៣ យ៉ាងនោះដែរ តណ្ហា ដូចគ្នានឹងខ្សែ ព្រោះតណ្ហា តែងចាក់ស្រែះអតីតក្ខន្ធ ភ្ជាប់នឹងបច្ចុប្បន្នក្ខន្ធ ចាក់ស្រែះបច្ចុប្បន្នក្ខន្ធ ភ្ជាប់នឹងអនាគតក្ខន្ធ កាលបើតណ្ហារលត់ហើយ ខន្ធទាំង ៣ ក៏ឈ្មោះថា រលត់ដែរ ដូចជាព្រួញទាំង៣ កាលបើខ្សែដាច់ហើយ ក៏ធ្លាក់ចុះក្នុងកន្លែងទាំង៣។ អដ្ឋកថា។
9)
10)
11)
បដិសន្ធិវិញ្ញាណក្តី វិញ្ញាណដ៏សេសក្តី ឈ្មោះថា ធម៌ជាចំណែកត្រង់កណ្តាល នៃនាម និងរូប ព្រោះវិញ្ញាណ កើតឡើងដោយសារបច្ច័យ គឺនាម និងរូប។
12)
សំដៅយកកម្មវិញ្ញាណ។ ន័យមួយទៀតថា បណ្តាអាយតនៈខាងក្នុងទាំងឡាយ ត្រង់ទីនេះ តាមតែវិញ្ញាណណាចុះ ក៏ឈ្មោះថា ជាធម៌ចំណែកត្រង់កណ្តាលទាំងអស់ ព្រោះមនាយតនៈ ជាធម្មជាតទទួលយកកម្ម។ បើក្នុងមនោទ្វារ សំដៅយកជវនវិញ្ញាណ ក៏ឈ្មោះថា ធម៌កណ្តាលដែរ ព្រោះអាវជ្ជនៈអាស្រ័យនឹងអាយតនៈខាងក្នុង។ អដ្ឋកថា។
13)
វដ្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣។
14)
សមុទយសច្ច។
15)
និរោធសច្ចៈ។ អដ្ឋកថា។
16)
សេចក្តីដឹងនូវឥន្ទ្រិយ របស់បុរសដ៏ក្លៀវក្លា និងទន់។
17)
បានដល់ឈានទាំង៤ វិមោក្ខទាំង៨ សមាធិទាំង៣ និងអនុបុព្វសមាបត្តិទាំង៩។ អដ្ឋកថា។
km/tipitaka/sut/an/06/sut.an.06.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann