km:tipitaka:sut:an:07:sut.an.07.006

វិត្ថតធនសូត្រ ទី៦

សង្ខេប

ទ្រព្យ ៧ យ៉ាង​​របស់​​អ្នក​​មាន​​ពិត​ប្រាកដ​​ បាន​​ពន្យល់​​យ៉ាង​​លម្អិត។

an 07.006 បាលី cs-km: sut.an.07.006 អដ្ឋកថា: sut.an.07.006_att PTS: ?

វិត្ថតធនសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ ខេមានន្ទ

អានដោយ ឧបាសិកា ដានាថ

(៦. វិត្ថតធនសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺ សទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ព្រះអង្គ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កាច់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសីល។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសនូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺហិរិ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង រមែងប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយនោះ ដែលអរិយសាវក មានសភាពដូច្នោះ បានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគរួចហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា។បេ។ ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯងទ្រព្យ ៧ យ៉ាង។

ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។

 

សូមមើលបន្ថែម

អរិយទ្រព្យ ៧ យ៉ាង៖ សំខិត្តធនសូត្រ និង ទ្រព្យ ១០ យ៉ាង​របស់អរិយសាវក​​នៅផ្ទះ៖ វឌ្ឍិសូត្រ

លេខយោង

km/tipitaka/sut/an/07/sut.an.07.006.txt · ពេលកែចុងក្រោយ: 2023/05/25 07:42 និពន្ឋដោយ Cheav Villa