km:tipitaka:sut:an:07:sut.an.07.013

កុលសូត្រ ទី៣

សង្ខេប

តើ​ត្រកូល​មាន​អង្គ ប៉ុន្មាន​យ៉ាង ភិក្ខុ​គួរ​អនុគ្រោះ និង​មិន​គួរ​អនុគ្រោះ?

an 07.013 បាលី cs-km: sut.an.07.013 អដ្ឋកថា: sut.an.07.013_att PTS: ?

កុលសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. កុលសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ៧ យ៉ាង តើអ្វីខ្លះ។ គឺពួកជនមិនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំ ដោយសេចក្តីពេញចិត្ត ១ មិនប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់ទុកនូវទេយ្យធម៌របស់គេ ១ កាលបើទេយ្យធម៌មានច្រើន ឲ្យតិច ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ឲ្យរបស់សៅហ្មង ១ ឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬបានចូលទៅជិតហើយ គួរអង្គុយបាន។ ៧ យ៉ាង តើអ្វីខ្លះ។ គឺពួកជនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំ ដោយសេចក្តីពេញចិត្ត ១ ប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ មិនលាក់ទុក នូវទេយ្យធម៌របស់គេ ១ កាលបើមានទេយ្យធម៌ច្រើន ប្រគេនច្រើន ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ប្រគេនទេយ្យធម៌ដ៏ឧត្តម ១ តែងប្រគេនដោយសេចក្តីគោរព មិនប្រគេនដោយសេចក្តីមិនគោរព ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬចូលទៅជិតហើយ គួរអង្គុយបាន។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.013.txt · ពេលកែចុងក្រោយ: 2023/12/02 16:22 និពន្ឋដោយ Cheav Villa