km:tipitaka:sut:an:07:sut.an.07.016

អនិច្ចានុបស្សីសូត្រ ទី៦

សង្ខេប

បុគ្គល ៧ ពួក​ដែលគួរ​ទទួល​។

an 07.016 បាលី cs-km: sut.an.07.016 អដ្ឋកថា: sut.an.07.016_att PTS: ?

អនិច្ចានុបស្សីសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៦. អនិច្ចានុបស្សីសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថាមិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត របស់បុគ្គលនោះ ដំណាលគ្នាតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី២ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះឈ្មោះ ថាអន្តរាបរិនិញ្វយី1) ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បេ។ ឈ្មោះថា ឧបហច្ចបរិនិញ្វយី2) ឈ្មោះថា អសង្ខារបរិនិញ្វយី3) ឈ្មោះថា សសង្ខារបរិនិញ្វយី4) ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។5) ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី៧ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។

 

លេខយោង

1)
បុគ្គលណា បានកើតក្នុងសុទ្ធាវាស ទាំង៥ ណាមួយ បានដល់នូវអរហត្ត ក្នុងខណៈដែលខ្លួនកើត ឬក៏កន្លងបន្តិច ឬក៏ឋិតនៅពាក់កណ្តាលអាយុ ពាក្យថា អន្តរាបរិនិព្វាយីនេះ ជាឈ្មោះរបស់បុគ្គលនោះ។
2)
បុគ្គលណា កន្លងនូវពាក់កណ្តាលអាយុ ហើយដល់នូវអរហត្ត ក្នុងសុទ្ធាវាសនោះ បុគ្គលនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី។
3)
បណ្តាបុគ្គលទាំងនោះ បុគ្គលណា បានញុំាងកិលេសឲ្យអស់ទៅ ដោយមិនមានសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី។
4)
បុគ្គលណា ញុំាងកិលេសឲ្យអស់ទៅ ដោយសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា សសង្ខារបរិនិព្វាយី។
5)
បុគ្គលណា កើតក្នុងសុទ្ធាវាសទាំង៤ ខាងក្រោមណាមួយ ហើយច្យុតចាកសុទ្ធាវាសនោះ ទៅកើតក្នុងអកនិដ្ឋភព តាមលំដាប់ ហើយដល់នូវអរហត្ត បុគ្គលនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ អដ្ឋកថា។
km/tipitaka/sut/an/07/sut.an.07.016.txt · ពេលកែចុងក្រោយ: 2024/01/02 19:54 និពន្ឋដោយ Johann