ច្បាប់ ៧ យ៉ាង ដើម្បីសុខុមាលភាពជាតិ។
an 07.021 បាលី cs-km: sut.an.07.021 អដ្ឋកថា: sut.an.07.021_att PTS: ?
សារន្ទទសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. សារន្ទទសុត្តំ)
[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលី។ គ្រានោះឯង ពួកស្តេចលិច្ឆវីជាច្រើន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកស្តេចលិច្ឆវីទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ តថាគតនឹងសម្តែងនូវអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែងប្រាប់។ ពួកស្តេចលិច្ឆវីទាំងនោះ បានទទួលស្តាប់ព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ បើពួកស្តេច ក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគា្នប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី ធ្វើសក្ការៈ គោរព រាប់អាន បូជា ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងស្តេចក្នុងដែនវជ្ជីទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់ របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងនោះ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំ នូវពួកស្ត្រី ក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជា ចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលជាខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យឡើយ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងពួកព្រះអរហន្ត ដោយបំណងថា ធ្វើម្តេចហ្ន៎! ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏ សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ នេះ អបរិហានិយធម៌ ៧ យ៉ាង រមែងតាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថា ពួកស្តេចក្នុងដែនវជ្ជី ប្រតិបត្តិក្នុង អបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។