សំណើលម្អិតអំពីស្ថានភាពសុខុមាលភាពទាំង ៧ (អបរិហានិយធម៌ ៧) រារាំងព្រះមហាក្សត្រធ្វើឈ្លានពានអ្នកដទៃ និងពីសង្គ្រាម។ របៀបដែលប្រទេសមួយនៅតែរីកចម្រើន។
an 07.022 បាលី cs-km: sut.an.07.022 អដ្ឋកថា: sut.an.07.022_att PTS: ?
វស្សការសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
ព្រះសូត្រនេះក៏មាននៅក្នុង មហាបរិនិព្វានសូត្រ ដែរ។
អានដោយ ព្រះខេមានន្ទ
(២. វស្សការសុត្តំ)
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះរាជាជាធំ ក្នុងដែនមគធៈ ព្រះនាមអជាតសត្តុវេទេហីបុត្រ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកអ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែនវជ្ជី នឹងបំផ្លាញពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។ គ្រានោះ ព្រះបាទអជាតសត្តុមាគធរាជ វេទេហីបុត្រ ត្រាស់ហៅវស្សការញ្រហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលញ្រហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូង តាមពាក្យរបស់ខ្ញុំ រួចទូលសួរអំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយកំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគ ដោយព្រះសិរ្ស ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយកំឡាំងកាយ និងការនៅសប្បាយ មួយទៀត ចូរក្រាបទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មានបំណងនឹងយាត្រាទៅជិះជាន់យកពួកអ្នកដែនវជ្ជី។ ព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះថា អញនឹងផ្តាច់បង់នូវពួកស្តេច ក្នុងដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ (អញមានបំណងនឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែនវជ្ជី នឹងបំផ្លាញពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។ ប៉ុន្តែបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងណា ចូរអ្នកចាំពាក្យនោះ ឲ្យជាក់ច្បាស់ ហើយនាំមកប្រាប់ខ្ញុំវិញ។ ព្រោះព្រះតថាគតទាំងឡាយ មិនដែលមានព្រះបន្ទូលខុសទេ។ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ទទួលព្រះរាជឱង្ការព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ក្រាបថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចំរើនដោយព្រះសិរ្ស ហើយឲ្យទូលសួរ អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយព្រះកាយពល និងការនៅសប្បាយ បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកស្តេច ដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។
សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ឋិតនៅអំពីខាងក្រោយ ព្រះដ៏មានព្រះភាគ កំពុងបក់ថ្វាយព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្តហើយ មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរពរាប់អាន បូជា ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេច ក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេច ក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែង បង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តី ក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកស្តេចក្នុងដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជានូវចេតិយ ក្នុងដែនវជ្ជីរបស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់បូជា ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងបានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្ត ទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលញ្រហ្មណ៍ សម័យមួយ តថាគតគង់នៅក្នុងសារន្ទទចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែងអបរិហានិយធម៌ទាំង ៧ ប្រការនេះ ដល់ពួកស្តេច ក្នុងដែនវជ្ជី ក្នុងសារន្ទទចេតិយនោះឯង។ ម្នាលញ្រហ្មណ៍ អបរិហានិយធម៌ ៧ យ៉ាងនេះ តាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថាពួកស្តេចក្នុងដែនវជ្ជី នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលញ្រហ្មណ៍ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន តែងមានប្រាកដ សេចក្តីសាបសូន្យ តែងមិនមានដល់ពួកស្តេចក្នុងដែនវជ្ជី ដែលប្រកបដោយអបរិហានិយធម៌ សូម្បីតែមួយ ៗ ចាំបាច់ និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង ៧ (នោះ)។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិនគប្បីចាប់ពួកស្តេចក្នុងដែនវជ្ជី ដោយចម្បាំងបានទេ វៀរលែងតែការលួងលោមយកចិត្ត ឬការធ្វើឲ្យបែកគ្នា។ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ (ព្រោះថា) ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ម្នាលញ្រហ្មណ៍ អ្នកចូរសំគាល់នូវកាលនឹងទៅ ក្នុងវេលានេះចុះ។ លំដាប់នោះ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈចេញទៅ។