km:tipitaka:sut:an:07:sut.an.07.023

បឋមសត្តកសូត្រ ទី៣

សង្ខេប

ទំនៀម ៧ យ៉ាង ដើម្បី​​សេចក្តី​សុខ និង​​ចម្រើន​​របស់​ព្រះសង្ឃ។

an 07.023 បាលី cs-km: sut.an.07.023 អដ្ឋកថា: sut.an.07.023_att PTS: ?

បឋមសត្តកសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​សុភធម្មោ ភិក្ខុ

អានដោយ ព្រះ​ខេមានន្ទ

(៣. បឋមសត្តកសុត្តំ)

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអបរិហានិយធម៌ ទាំង ៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យជាក់ច្បាស់ចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ក៏ទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ទាំង៧ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងប្រជុំគ្នារឿយ ៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកភិក្ខុ ជាថេរៈអ្នកដឹងរាត្រីច្រើន បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយករបស់សង្ឃ ជាអ្នកណែនាំសង្ឃ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់ របស់ភិក្ខុជាថេរៈទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើតឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែលតាំងនៅក្នុងព្រៃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី មានសីល ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូមឲ្យនិមន្តមក ពួកសព្រហ្មចារី មានសីលជា ទីស្រឡាញ់ ដែលមកដល់ហើយ ក៏សូមឲ្យនៅសប្បាយ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ តាំងនៅក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ទាំង ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.023.txt · ពេលកែចុងក្រោយ: 2023/05/25 14:07 និពន្ឋដោយ Johann