km:tipitaka:sut:an:07:sut.an.07.029

ទុតិយបរិហានិសូត្រ ទី៩

សង្ខេប

«ធម៌ ៧ យ៉ាង​នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​សាបសូន្យ ដល់​ឧបាសក។»

an 07.029 បាលី cs-km: sut.an.07.029 អដ្ឋកថា: sut.an.07.029_att PTS: ?

ទុតិយបរិហានិសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. ទុតិយបរិហានិសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល1) ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក។

ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។

 

លេខយោង

1)
សីល៥ ឬសីល១០។ អដ្ឋកថា។
km/tipitaka/sut/an/07/sut.an.07.029.txt · ពេលកែចុងក្រោយ: 2023/05/25 16:38 និពន្ឋដោយ Johann