km:tipitaka:sut:an:07:sut.an.07.050

មេថុនសូត្រ ទី៧

សង្ខេប

អត្ថន័យ​កាន់​តែ​ស៊ីជម្រៅ​នៃ​ការ​រួមភេទ មេថុន ទំនាក់ទំនងសង្គម អព្រហ្មចរិយៈ។

an 07.050 បាលី cs-km: sut.an.07.050 អដ្ឋកថា: sut.an.07.050_att PTS: ?

មេថុនសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. មេថុនសុត្តំ)

[៤៧] គ្រានោះ ញ្រហ្មណ៍ឈ្មោះជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះជាណុស្សោណិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរឬ។ ព្រះអង្គត្រាស់ថា ម្នាលញ្រហ្មណ៍ គេកាលបើពោលត្រឹមត្រូវ គប្បីពោលចំពោះបុគ្គលដែលប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ ម្នាលញ្រហ្មណ៍ កាលគេពោលដោយត្រឹមត្រូវ គប្បីពោលចំពោះតថាគតនោះឯងថា ម្នាលញ្រហ្មណ៍ ព្រោះតថាគត ប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រព្រះគោតមដ៏ចំរើន ចុះការដាច់ក្តី ធ្លុះក្តី ពពាលក្តី ពព្រុសក្តី នៃព្រហ្មចរិយធម៌ តើដូចម្តេច។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរដោយប្រពៃ មិនបានប៉ះពាល់ នូវការប៉ះពាល់ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម (សេពមេថុន) តែថា រមែងត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់របស់មាតុគ្រាម។ បុគ្គលនោះ រមែងត្រេកអរនឹងការដុសខាត់នោះ រីករាយនឹងការដុសខាត់នោះ ដល់នូវសេចក្តីត្រេកអរ ដោយការដុសខាត់នោះ។ ម្នាលញ្រហ្មណ៍ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលញ្រហ្មណ៍ នេះហៅថា បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនផុតចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួចចាកវដ្តទុក្ខឡើយ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយប្រពៃ រមែងមិនប៉ះពាល់ ចំពោះការប៉ះពាល់ ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម ទាំងមិនត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់ របស់មាតុគ្រាមទេ តែថា រមែងចំអកឡកឡឺយ សើចក្អាកក្អាយ ជាមួយនឹងមាតុគ្រាម។បេ។ បើមិនចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយនឹងមាតុគ្រាមទេ រមែងនៅមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាម បើមិនបានមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាមទេ រមែងស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី កាលនិយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែង បើមិនស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងទេ តែថា រលឹករឿយ ៗ នូវហេតុដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេង ជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើម បើមិនរលឹករឿយ ៗ នូវហេតុ ដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេងជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ បើមិនបានឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ ទេ តែថាប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីប្រាថ្នានូវទេពនិកាយណាមួយថា អញសុំឲ្យបានជាទេវតា ទោះជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបធម៌នេះផង ដោយព្រហ្មចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរនឹងធម៌នោះ រីករាយនឹងធម៌នោះ ដល់នូវសេចក្តីត្រេកអរចំពោះធម៌នោះ។ ម្នាលញ្រហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលញ្រហ្មណ៍ បុគ្គលនេះហៅថា ប្រព្រឹត្តព្រហ្មចរិយធម៌មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា មិនរួចចាកវដ្តទុក្ខឡើយ។ ម្នាលញ្រហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតឃើញច្បាស់ នូវមេថុនសំយោគណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់ដរាបណា ម្នាលញ្រហ្មណ៍ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះដែរ ម្នាលញ្រហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតមិនឃើញច្បាស់ នូវមេថុនសំយោគណាមួយក្នុងខ្លួន ដែលមិនលះបង់ក្នុងកាលណាទេ ម្នាលញ្រហ្មណ៍ តថាគតក៏ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះដែរ។ លុះតែបញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគតដូច្នេះថា ការរួចស្រឡះរបស់តថាគត មិនកម្រើក ជាតិនេះជាទីបំផុត ភពថ្មីទៀតមិនមានឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់យ៉ាងនេះហើយ ជាណុស្សោណិញ្រហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំនូវខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.050.txt · ពេលកែចុងក្រោយ: 2023/06/17 06:24 និពន្ឋដោយ Cheav Villa