«ធម្មបរិយាយនេះឯង ដែលសម្រេចអំពីការប្រកប និងការនឿយណាយ។» អំពីគ្រប់ប្រភេទនៃមោទនភាពនៃភេទ។ ការកាន់អត្តសញ្ញាណផ្លូវភេទរបស់មនុស្ស តែងនាំឲ្យមានទុក្ខកាន់តែខ្លាំង។ ហើយតើអ្នកដែលត្រាស់ដឹង យល់យ៉ាងណាចំពោះបញ្ហានេះ។
an 07.051 បាលី cs-km: sut.an.07.051 អដ្ឋកថា: sut.an.07.051_att PTS: ?
សំយោគសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. សំយោគសុត្តំ)
[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយដែលសម្រេចអំពីសញ្ញោគៈ (ការប្រកប) និងវិសញ្ញោគៈ (ការនឿយណាយ) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ សម្រេចអំពីសញ្ញោគៈ និងវិសញ្ញោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងកំណត់ក្នុងចិត្តនូវឥន្រ្ទិយ នៃស្ត្រីខាងក្នុង គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្ត្រីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្រ្តីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងប៉ុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់ស្រ្តីនោះ ព្រោះការប្រកបជាបច្ច័យ ស្រ្តីនោះឯង រមែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងឥត្ថីភាព តែងដល់នូវការប្រកប ក្នុងពួកបុរិសភាព។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងមិនកន្លងភាពនៃស្រ្តីយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្នុងសន្តាន គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ បុរសនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃស្រ្តីខាងក្រៅវិញ គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ បុរសនោះ រមែងត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះហើយ រមែងប៉ុនប៉ងនូវសេចក្តីប្រកបខាងក្រៅ។ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់បុរសនោះ ព្រោះការប្រកបជាបច្ច័យ បុរសនោះ តែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវការប្រកបក្នុងពួកស្រ្តី។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងមិនកន្លងនូវភាពនៃបុរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញោគៈយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះវិសញ្ញោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីមិនកំណត់ក្នុងចិត្ត ចំពោះឥន្រ្ទិយនៃស្រ្តី ខាងក្នុងសន្តាន គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ ស្រ្តីនោះ រមែងមិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះហើយ រមែងមិនកំណត់ទុកក្នុងចិត្ត ចំពោះឥន្ទ្រិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ ស្ត្រីនោះ រមែងមិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយ ក្នុងហេតុនោះហើយ រមែងមិនប៉ុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់ស្រ្តីនោះ ព្រោះការប្រកបជាបច្ច័យ ស្រ្តីនោះ តែងមិនប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមិនត្រេកអរក្នុងភាពនៃស្រ្តី តែងដល់នូវការនឿយណាយ ក្នុងបុរសទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងកន្លងនូវភាពនៃស្រ្តី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសមិនធ្វើទុកក្នុងចិត្ត នូវឥន្រ្ទិយរបស់បុរស ខាងក្នុងសន្តាន គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ បុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះបុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយ ក្នុងហេតុនោះហើយ រមែងមិនធ្វើទុកក្នុងចិត្ត នូវឥន្រ្ទិយនៃស្រ្តីខាងក្រៅ គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ បុរសនោះ មិនតេ្រកអរ ក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះបុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះហើយ រមែងមិនប្រាថ្នានូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់បុរសនោះ ព្រោះការប្រកបជាបច្ច័យ បុរសនោះ តែងមិនប្រាថ្នានូវសេចក្តីសុខ និងសោមនស្សនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមិនត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវការនឿយណាយ ក្នុងស្ត្រីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុរសកន្លងនូវភាពនៃបុរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ វិសញ្ញោគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មបរិយាយនេះឯង ដែលសម្រេចអំពីការប្រកប និងការនឿយណាយ។