km:tipitaka:sut:an:07:sut.an.07.052

ទានមហប្ផលសូត្រ ទី៩

សង្ខេប

ដើម្បី​វិនិយោគ​ក្នុង​ទាន​ឲ្យ​បាន​ផល និង​អានិសង្ស អ្នក​ត្រូវ​ដឹង​ហេតុ និង​បច្ច័យ។ បើ​ធ្វើ​ទាន​ហើយ កើត​ជា​ស្តេច, ជា​ទេវតា អ្នក​នៅ​តែ​ធ្លាក់​ចុះ​មក​វិញ! បើ​ឃើញ​ទុក្ខ​ច្បាស់​ហើយ អ្នក​នឹង​លាដៃ ដើរ​ទៅ​កាន់​អមតៈសុខ!

an 07.052 បាលី cs-km: sut.an.07.052 អដ្ឋកថា: sut.an.07.052_att PTS: ?

ទានមហប្ផលសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. ទានមហប្ផលសុត្តំ)

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា។ គ្រានោះឯង ពួកឧបាសកច្រើននាក់ នៅក្នុងស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកឧបាសក ក្នុងស្រុកចម្បា អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន ធម្មីកថាចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ យើងខ្ញុំខានស្តាប់អស់កាលយូរហើយ បពិត្រលោកដ៏ចំរើន សូមឲ្យយើងខ្ញុំគប្បីបានស្តាប់នូវធម្មីកថា នៃព្រះដ៏មានព្រះភាគ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ គប្បីមកក្នុងថ្ងៃឧបោសថចុះ ធ្វើដូច្នេះ អ្នកទាំងឡាយ គប្បីបានស្តាប់នូវធម្មីកថា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ពួកឧបាសកនៅក្នុងស្រុកចម្បា ទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ពួកឧបាសកអ្នកស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ ក្នុងថ្ងៃឧបោសថ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្ត ហើយឋិតនៅក្នុងទីដ៏សមគួរ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសកអ្នកស្រុកចម្បានោះ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន មានដែរឬ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីបជាទាន ចំពោះសមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាពបែបនេះដែរឬ។ មានព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាជាធំ ក្នុងជាន់ចាតុម្មហារាជិកៈ។ លុះបុគ្គលនោះ អស់កម្មនោះហើយ ក៏បានមកកាន់អត្តភាពនេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទានទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគចំណែកខ្លះ ឲ្យទានដោយគិតថា ទានជាការល្អ។បេ។ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញមិនគួរដើម្បីញុំាងវង្ស របស់ត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទានដោយគិតថា អាត្មាអញចម្អិន (បាយ) ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទានដល់ជនដែលមិនទាន់ចម្អិន ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទាន ដល់ជនមិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាននឹងការចែករលែក នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទានដោយគិតថា កាលអាត្មាអញ ឲ្យទាននេះ ចិត្តក៏រមែងជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីប ជាទានដល់សមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទានមានសភាពយ៉ាងនេះដែរឬ។ មាន ព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន ទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ ទាំងមិនឲ្យទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីនឹងមិនឲ្យទាន ដល់ពួកបុគ្គលមិនចម្អិន ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីទាំងនោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏កើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងព្រហ្មកាយិកទេវតា បុគ្គលនោះ ញុំាងផលកម្មនោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាងអធិបតេយ្យនោះ ឲ្យអស់ហើយ ជាអនាគាមី មិនមកកាន់ភពនេះទេ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន ម្នាលសារីបុត្ត នេះឯងជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.052.txt · ពេលកែចុងក្រោយ: 2023/06/11 15:47 និពន្ឋដោយ Johann