km:tipitaka:sut:an:07:sut.an.07.053

នន្ទមាតាសូត្រ ទី១០

សង្ខេប

ធម៌​ដែល​មិន​មាន​ទូ​ទៅ​ក្នុង​ប្រជាជន ធម៌​របស់​​នន្ទមាតា​ឧបាសិកា ជា​ធម៌​ដែល​ទូ​ទៅ ក្នុង​អនាគាមិ​បុគ្គល។ (នន្ទមាតា​ឧបាសិកា​ត្រូវ​​បាន​​គេ​​ចង្អុល​​បង្ហាញ​​ជា​​គំរូ​​ ដើម្បី​ធ្វើ​​តាម​​ សម្រាប់ឧបាសិកាទាំង​​អស់​​។ អាយាចនវគ្គ សូត្រ ទី៤)

an 07.053 បាលី cs-km: sut.an.07.053 អដ្ឋកថា: sut.an.07.053_att PTS: ?

នន្ទមាតាសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ

(១០. នន្ទមាតាសុត្តំ)

[៥០] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគីរី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង នន្ទមាតាឧបាសិកា នៅក្នុងក្រុងឈ្មោះ វេឡុកណ្តកៈ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី សូត្របារាយនធម៌ គឺព្រះនិញ្វន ដោយសំឡេងដ៏ពីរោះ។ សម័យនោះឯង មហារាជ ឈ្មោះវេស្សវណ ស្តេចចេញទៅអំពីទិសខាងជើង ទៅកាន់ទិសខាងត្បូង ដោយកិច្ចនីមួយ។ មហារាជឈ្មោះវេស្សវណ បានឮនន្ទមាតាឧបាសិកា កំពុងសូត្របារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) ក៏បង្អង់ឈរចាំស្តាប់ត្រាតែចប់ពាក្យពោល។ លុះនន្ទមាតាឧបាសិកា សូត្រនូវបារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) រួចហើយ ក៏នៅស្ងៀម។ លំដាប់នោះ មហារាជឈ្មោះ វេស្សវណ ជ្រាបច្បាស់នូវការចប់នៃកថា របស់នន្ទមាតាឧបាសិកាហើយ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់។ (នន្ទមាតាឧបាសិកាសួរថា) បពិត្រព្រះអង្គមានមុខដ៏ចំរើន ចុះអ្នកជាអ្វី។ ម្នាលនាង ខ្ញុំជាមហារាជ ឈ្មោះវេស្សវណ ជាប្អូននៃនាង។ បពិត្រព្រះអង្គអ្នកមានមុខដ៏ចំរើន ប្រពៃហើយ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេស ដល់ព្រះអង្គ។ វេស្សវណមហារាជពោលថា ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះ សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំចុះ ភិក្ខុសង្ឃមានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់បានធ្វើភត្តកិច្ចក្នុងវេលាព្រឹក នឹងមកកាន់ វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក នាងចូរអង្គាសនូវភិក្ខុសង្ឃនោះ ឧទ្ទិសនូវចំណែកបុណ្យដល់ខ្ញុំផង បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង។ គ្រានោះ នន្ទមាតាឧបាសិកា លុះកាលកន្លងទៅ ក៏ប្រើបុរសមួយនាក់ ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់ធ្វើភត្តកិច្ច ក្នុងពេលព្រឹកនៅឡើយ ក៏សំដៅទៅកាន់វេឡុកណ្តកនគរ។ ចំណែកខាងនន្ទមាតាឧបាសិកា ក៏ហៅបុរសមួយនាក់ថា នែបុរសដ៏ចំរើន អ្នកចូរមក អ្នកចូរទៅឯអារាម ចូរក្រាបទូលនូវភត្តកាល ចំពោះភិក្ខុសង្ឃថា បពិត្រលោកទាំងឡាយដ៏ចំរើន កាលគួរហើយ ភត្តក្នុងលំនៅ នៃនន្ទមាតាជាម្ចាស់ ក៏សម្រេចហើយ។ បុរសនោះ ក៏ទទួលស្តាប់នន្ទមាតាឧបាសិកាថា បាទ អ្នកម្ចាស់ ហើយក៏សំដៅទៅឯអារាម ក្រាបទូលនូវកាល ដល់ភិក្ខុសង្ឃថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កាលគួរហើយ ភត្តក្នុងលំនៅនៃនន្ទមាតាឧបាសិកាជាម្ចាស់ ក៏សម្រេចហើយ។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅត្រង់លំនៅ ដែលនន្ទមាតាឧបាសិកានៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលស្រេចហើយ។ ចំណែកខាងនន្ទមាតាឧបាសិកា អង្គាសភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ត្រាតែហាមឃាត់។ នន្ទមាតាឧបាសិកា លុះកំណត់ដឹងនូវព្រះសារីបុត្តដ៏មានអាយុ កាលឆាន់រួច មានព្រះហស្តដាក់ចេញពីបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទមាតាឧបាសិកា អង្គុយក្នុងទីដ៏សមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏សួរដូច្នេះថា ម្នាលនន្ទមាតា ចុះអ្នកណាប្រាប់ដំណើរមកនៃភិក្ខុសង្ឃដល់នាង។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំម្ចាស់ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រីឯណោះ សូត្របារាយនធម៌ដោយសំឡេង (ដ៏ពីរោះ) ហើយនៅស្ងៀម។ បពិត្រលោកម្ចាស់ដ៏ចំរើន ស្រាប់តែមហារាជឈ្មោះវេស្សវណ ដឹងច្បាស់នូវទីបំផុតនៃធម្មកថារបស់ខ្ញុំ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់។ (ខ្ញុំម្ចាស់សួរថា) ម្នាលអ្នកមានមុខដ៏ចំរើន ចុះអ្នកជាអ្វី។ ម្នាលនាង ខ្ញុំជាមហារាជឈ្មោះវេស្សវណ ជាប្អូននៃនាង។ បពិត្រព្រះអង្គមានភ័ក្រ្តដ៏ចំរើន ការមករបស់ព្រះអង្គ ប្រពៃណាស់ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំបានពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេសដល់ព្រះអង្គ។ ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះឯង សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន មិនទាន់ធ្វើភត្តកិច្ចក្នុងវេលាព្រឹកនៅឡើយ និមន្តមកកាន់វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក ចូរនាងអង្គាសភិក្ខុសង្ឃ ហើយឧទ្ទិសជូនចំណែកបុណ្យដល់ខ្ញុំផង។ បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង។ បពិត្រលោកម្ចាស់ដ៏ចំរើន បុណ្យក្នុងទាននេះ1) សូមឲ្យជាបុណ្យ ដែលខ្ញុំបូជាហើយ ដើម្បីសេចក្តីសុខដល់មហារាជ ឈ្មោះវេស្សវណចុះ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ ព្រោះនាងបានចរចាក្នុងទីចំពោះមុខ ជាមួយនឹងមហារាជឈ្មោះវេស្សវណ ជាទេវបុត្តមានឫទ្ធិធំយ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ដែលអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងគ្រានេះ ខ្ញុំមានកូនប្រុសម្នាក់ឈ្មោះនន្ទៈ ជាទីស្រឡាញ់ ជាទីពេញចិត្ត ព្រះរាជាទាំងឡាយ ចាប់ទាញកំហែងកូននោះ ព្រោះហេតុនីមួយ មកផ្តាច់ជីវិត បពិត្រលោកម្ចាស់ដ៏ចំរើន កាលទារកនោះ គេចាប់យកទៅហើយក្តី កំពុងចាប់ក្តី សម្លាប់ហើយក្តី កំពុងសម្លាប់ក្តី បៀតបៀនហើយក្តី កំពុងបៀតបៀនក្តី ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្តឡើយ។ ម្នាលនាងនន្ទមាតា អស្ចារ្យណាស់ ម្នាលនាងនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនអស្ចារ្យចំឡែកនៃខ្ញុំទេ នៅមានធម៌ឯទៀត អស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកដ៏ចំរើន ក្នុងគ្រានេះ ស្វាមីរបស់ខ្ញុំ ធ្វើមរណកាលទៅ ក៏ទៅកើតក្នុងកំណើតនៃយក្សមួយ ស្វាមីរបស់ខ្ញុំនោះ សំដែងនូវអត្តភាពដល់ខ្ញុំ ដូចក្នុងកាលមុន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្ត ដែលជាហេតុជាងនោះឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នោះឯង មិនមែនអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំម្ចាស់នៅក្រមុំ គេនាំមកឲ្យស្វាមីកំឡោះ ខ្ញុំមិនដែលប្រព្រឹត្តកន្លងដោយចិត្តទេ មិនបាច់និយាយដល់ការប្រព្រឹត្តកន្លងដោយកាយឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុ ត្រឹមតែការកើតឡើងនៃចិត្តបាន។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នោះឯង មិនមែនជាអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យ ចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំម្ចាស់សំដែងខ្លួន ជាឧបាសិកាឡើង មិនធ្លាប់ក្លែងប្រព្រឹត្តកន្លងនូវសិក្ខាបទណាមួយទេ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នោះឯង មិនមែនជាអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំម្ចាស់ប៉ុនប៉ងដរាបមក ក្នុងទីនេះថា ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះវិនាសទៅនៃបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង ខ្ញុំជាអ្នកនឹករលឹក ដឹងច្បាស់ ទទួលនូវសុខ ដោយនាមកាយផង បានដល់នូវតតិយជ្ឈាន ដែលអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលមានសតិប្រកបដោយឧបេក្ខា នៅជាសុខ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ខ្ញុំក៏បានដល់នូវចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធដោយឧបេក្ខា មិនជាទុក្ខ មិនជាសុខ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនជាអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន សំយោជនៈខាងក្រោមទាំង ៥ ណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ បណ្តាសំយោជនៈទាំងនោះ ខ្ញុំម្ចាស់ពិចារណាមិនឃើញ នូវសំយោជនៈណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់សោះឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ញុំាងនន្ទមាតាឧបាសិកា ឲ្យឃើញច្បាស់ ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈចេញទៅ។

ចប់ មហាយញ្ញវគ្គ ទី៥។

ឧទ្ទាននៃមហាយញ្ញវគ្គនោះគឺ

និយាយអំពីចិត្ត ១ បរិក្ខារ ១ អំពីភ្លើង ពីរលើក អំពីសញ្ញា ២ លើកទៀត អំពីមេថុន ១ អំពីសញ្ញោគៈ និងវិសញ្ញោគៈ ១ អំពីទាន ១ អំពីនន្ទមាតាឧបាសិកា ១ រួមជា ១០។

ចប់ បណ្ណាសក។

 

លេខយោង

1)
ត្រង់ពាក្យថា បុណ្យក្នុងទាន ដែលបូជាហើយ អដ្ឋកថា សំដៅយក ចេតនា ៣ ប្រការ។
km/tipitaka/sut/an/07/sut.an.07.053.txt · ពេលកែចុងក្រោយ: 2023/05/25 07:33 និពន្ឋដោយ Cheav Villa