km:tipitaka:sut:an:07:sut.an.07.064

កោធនសូត្រ ទី១១

សង្ខេប

អ្វី​ដែល​អ្នក​ផ្តល់ឱ្យ ឬ​ជូន​ពរ​អ្នក​ដ៏​ទៃ នោះ​អ្នក​នឹង​ទទួល​បាន​ដោយ​ខ្លួន​ឯង​យ៉ាង​ឆាប់​រហ័ស។ ដូ​ច្នេះ​ចុះ​យ៉ាង​ណាចំពោះ​បំណង​ប្រាថ្នា​ខឹង?

an 07.064 បាលី cs-km: sut.an.07.064 អដ្ឋកថា: sut.an.07.064_att PTS: ?

កោធនសូត្រ ទី១១

សេចក្តី​ក្រោធ

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. កោធនសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ធម៌ ៧ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សត្រូវក្នុងលោកនេះ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ មានវណ្ណៈអាក្រក់។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះវណ្ណៈទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ (កាលបើ) មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាងូតស្អាត លាបស្រឡាបល្អ បានកោរសក់ និងពុកមាត់ ហើយស្លៀកសំពត់មានពណ៌ ស ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ឈ្មោះថា មានវណ្ណៈអាក្រក់ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ទី ១ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ ដេកជាទុក្ខ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងការដេកជាសុខរបស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាដេកលើបល្ល័ង្ក លើកម្រាលព្រំ ដែលមានរោមវែងជាង ៤ ធ្នាប់ លើកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ លើកម្រាលដែលគេធ្វើដោយរោមសត្វជាផ្កាចង្កោម លើកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកឈ្មូស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតានដែលមានពណ៌ក្រហម ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ ក៏ ឈ្មោះថា ដេកជាទុក្ខដោយពិត។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានប្រយោជន៍ច្រើនឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងប្រយោជន៍ដ៏ច្រើន របស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ ជាអ្នកមានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ កាន់យកនូវហេតុមិនមែនជាប្រយោជន៍ សំគាល់ថាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង កាន់យកនូវហេតុជាប្រយោជន៍ សំគាល់ថាហេតុមិនមែនជាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង។ នេះជាធម៌ ជាសត្រូវដល់គ្នានឹងគ្នា ដែលសត្រូវនោះ មានសេចក្តីក្រោធគ្របសង្កត់ កាន់យកហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានភោគៈឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានភោគៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសបុគ្គល មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ភោគៈទាំងឡាយណា ដែលបុគ្គលនោះ បានមកដោយសេចក្តីប្រឹងប្រែងព្យាយាម សន្សំដោយកំឡាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ព្រះរាជាទាំងឡាយ រមែងញុំាងភោគៈទាំងនោះ របស់បុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់ ឲ្យចូលទៅកាន់ព្រះឃ្លាំង។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានយសឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានយសទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ យសណា របស់បុគ្គលនោះ ដែលបានមក ដោយសេចក្តីមិនប្រមាទ (កាលបើ) មានសេចក្តីក្រោធគ្របសង្កត់ហើយ ក៏រមែងភ្លាត់ចេញចាកយសនោះមិនខានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានមិត្តឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានមិត្តទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ពួកមិត្ត អាមាត្យ ញាតិ សាលោហិតណា របស់បុរសបុគ្គលនោះ ពួកជនទាំងនោះ រមែងវៀរបង់នូវបុរសបុគ្គល ដែលមានសេចក្តីក្រោធគ្របសង្កត់នោះ អំពីចម្ងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជា ធម៌ទី ៦ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីចូលទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែងមិនត្រេកអរដល់សត្រូវ ដោយដំណើរទៅកាន់សុគតិទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែបុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ក៏ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់នោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៧ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ ប្រការនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធជាប្រក្រតី។

បុគ្គលមានសេចក្តីក្រោធ រមែងមានវណ្ណៈអាក្រក់ ទាំងបុគ្គលនោះ រមែងដេកជាទុក្ខ ទោះបីកាន់យកនូវប្រយោជន៍ហើយ រមែងប្រតិបត្តិមិនជាប្រយោជន៍វិញ បុរសមានសេចក្តីក្រោធ ត្រូវសេចក្តីក្រោធគ្របសង្កត់ ធ្វើនូវការសម្លាប់ដោយកាយ ដោយវាចា ក្នុងកាលនោះហើយ រមែងដល់នូវសេចក្តីសាបសូន្យ ចាកទ្រព្យមិន ខាន បុរសដែលស្រវឹង ព្រោះស្រវឹងដោយសេចក្តីក្រោធហើយ រមែងដល់នូវសេចក្តីអាប់យស ពួកញាតិ មិត្ត និងអ្នកមានចិត្តល្អ សំឡាញ់ រមែងចៀសវាងនូវបុគ្គលអ្នកមានសេចក្តីក្រោធ។ សេចក្តីក្រោធ ជាហេតុឲ្យកើតសេចក្តីវិនាស សេចក្តីក្រោធ ជាហេតុញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើង ក្នុងសន្តាន ជនមិនបានដឹងនូវភ័យនោះឡើយ។ បុគ្គលអ្នកក្រោធ មិនដឹងនូវសេចក្តីចំរើន បុគ្គលអ្នកក្រោធ មិនឃើញនូវធម៌ សេចក្តីក្រោធគ្របសង្កត់នូវជនណា សេចក្តីងងឹត រមែងមានប្រាកដដល់ជននោះ ក្នុងកាលនោះដែរ។ បុគ្គលអ្នកក្រោធ បៀតបៀននូវបុគ្គលណា កាលធ្វើនូវអំពើអាក្រក់ ហាក់ដូចជាអំពើល្អ បុគ្គលអ្នកក្រោធនោះ កាលបើសេចក្តីក្រោធប្រាសចេញហើយ រមែងក្តៅក្រហាយ ជាខាងក្រោយ ដូចជាត្រូវភ្លើងឆេះ។ សេចក្តីក្រោធ ឆួលឡើងក្នុងវេលាណា មាណពទាំងឡាយ ខឹងក្នុងវេលា ណា រមែងសំដែងនូវមុខក្រញូវជាដម្បូង ក្នុងវេលានោះ ដូចភ្លើងកាលបង្ហុយនូវផ្សែង។ បុគ្គលនោះ មិនមានហិរិ មិនមានឱតប្បៈ មិនមានសេចក្តីគោរពឡើយ បុគ្គល ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ រមែងរកទីពឹងបន្តិចបន្តួចគ្មាន។ កម្មទាំងឡាយណា ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ក៏រមែងឆ្ងាយអំពីធម៌ តថាគត នឹងសំដែងប្រាប់នូវកម្មទាំងនោះ ចូរអ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះ តាមសេចក្តីពិត។ បុគ្គលក្រោធ សម្លាប់នូវបិតា ក៏មាន បុគ្គលក្រោធ សម្លាប់នូវមាតារបស់ខ្លួនក៏មាន បុគ្គលក្រោធ សម្លាប់នូវខីណាសវព្រាហ្មណ៍ក៏មាន បុគ្គលក្រោធ សម្លាប់នូវបុថុជ្ជនក៏មាន។ បុរសដែលមាតាណាចិញ្ចឹមហើយ បានឃើញច្បាស់នូវលោកនេះ បុថុជ្ជនដែលក្រោធ រមែងសម្លាប់នូវមាតា ដែលឲ្យនូវជីវិតនោះក៏មាន។ សត្វទាំងនោះ មានខ្លួនជាឧបមា ព្រោះខ្លួនជាទីស្រឡាញ់ដ៏ឧត្តម បុគ្គលក្រោធ ដែលជ្រប់ទៅក្នុងរូបផ្សេង ៗ រមែងសម្លាប់នូវខ្លួនដោយហេតុផ្សេង ៗ។ ពួកជនដែលជ្រប់ទៅ (ក្នុងរូបផ្សេង ៗ) ហើយ រមែងសម្លាប់ខ្លួនដោយដាវ ទំពាស៊ីនូវថ្នាំពិស ចងកសម្លាប់ ទម្លាក់ខ្លួនក្នុងជ្រោះភ្នំ។ ជនទាំងឡាយ កាលធ្វើនូវអំពើ ជាហេតុនាំឲ្យសាបសូន្យ ចាកសេចក្តីចំរើនផង ជាហេតុនឹងសម្លាប់ខ្លួនផង រមែងមិនបានដឹងខ្លួនទេ បុគ្គលដែលមានសេចក្តីក្រោធ កើតឡើងហើយ រមែងវិនាសមិនខាន។ អន្ទាក់ គឺសេចក្តីស្លាប់នេះ ជាគុហា ជាទីអាស្រ័យនៅ ដោយសភាពនៃសេចក្តីក្រោធ ដោយប្រការដូច្នេះ បុគ្គលគួរផ្តាច់ផ្តិលនូវសេចក្តីក្រោធនោះចេញ ដោយទមៈបញ្ញា ព្យាយាម និងមគ្គសម្មាទិដ្ឋិ បណ្ឌិតគប្បីផ្តាច់ផ្តិល នូវអកុសលមួយ ៗ។ បុគ្គលគប្បីសិក្សានូវធម៌ទាំងឡាយ ដូច្នេះថា យើងទាំងឡាយ កុំមានមុខក្រញូវឡើយ។ កាលបើអ្នកមិនមានសេចក្តីក្រោធ មិនមានសេចក្តីប៉ុនប៉ង មិនមានសេចក្តីលោភ មិនមានសេចក្តីខ្វល់ខ្វាយ មានខ្លួនទូន្មានហើយ សម្លាប់បង់នូវសេចក្តីក្រោធហើយ នឹងបានជាអនាសវបុគ្គល បរិនិញ្វនពុំខាន។

ចប់ អព្យាកតវគ្គ ទី១។

ឧទ្ទាននៃអព្យាកតវគ្គនោះគឺ

និយាយអំពីវត្ថុ ដែលគេមិនបានពោល ១ អំពីញាណគតិរបស់បុរស ១ អំពីភិក្ខុឈ្មោះតិស្សៈ ១ អំពីសេនាបតី ឈ្មោះសីហៈ ១ អំពីហេតុដែលព្រះដ៏មានព្រះភាគ មិនបាច់រក្សា ជាគំរប់ប្រាំ អំពីព្រះកិមិលៈ ១ អំពីភរិយា ៧ ពួក ១ អំពីសេចក្តីក្រោធ ១។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.064.txt · ពេលកែចុងក្រោយ: 2024/10/13 15:39 និពន្ឋដោយ Johann