km:tipitaka:sut:an:07:sut.an.07.066

សត្តសូរិយសូត្រ ទី២

សង្ខេប

សូម្បី តែ​ព្រះពុទ្ធ​មាន​ឫទ្ធិ​ដ៏​ធំ ក៏​ទ្រង់​បរិនិព្វាន! សង្ខារ​ទាំង​ឡាយ​មិន​ទៀង​ទាត់ អ្នក​ទាំង​ឡាយ​គួរ​ឃើញ ទុក្ខ​ក្នុង​សង្សារវដ្ត! បើ​សិន​អ្នក​បាន​ដឹង​មុន​ថា នា​ពេល​ខាង​មុខ ផែន​ដី​នេះ​នឹង​ត្រូវ​វិនាស បំផ្លាញ​ដោយ​ភ្លើង តើ​អ្នក​នឹង​ធ្វើ​អ្វី? តើ​អ្នក​ណា​នឹង​អាច​ជួយ​បាន?

an 07.066 បាលី cs-km: sut.an.07.066 អដ្ឋកថា: sut.an.07.066_att PTS: ?

សត្តសូរិយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. សត្តសូរិយសុត្តំ)

[៦៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងអម្ពបាលិវន ទៀបក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សង្ខារ1) ទាំងឡាយ មិនទៀងទាត់ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួន ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្តេចភ្នំឈ្មោះសិនេរុ ទទឹង ៨ ម៉ឺន ៤ ពាន់យោជន៍ បណ្តោយ ៨ ម៉ឺន ៤ ពាន់យោជន៍ លិចចុះក្នុងមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ផុសឡើងអំពីមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលភ្លៀងមិនបង្អោរចុះ អស់ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ច្រើនសែនឆ្នាំ ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមិនបង្អោរចុះ ពីជគាម ភូតគាម ឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃណាមួយ ពីជគាម ភូតគាម និងឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃទាំងនោះ នឹងស្វិត ស្ងួត មិនកើតឡើង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់ពីរ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តងៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ពីរ កើត ប្រាកដហើយ ស្ទឹងតូចទាំងឡាយ បារាយណ៍ទឹកតូចទាំងឡាយណាមួយ ស្ទឹង និងបារាយណ៍តូចទាំងអស់នោះ នឹងគោក រីងស្ងួត មិនមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់បី កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជាគំរប់បី កើតមានប្រាកដ ទន្លេធំទាំងឡាយណា គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេធំទាំងអស់នោះ គង់នឹងរីងស្ងួត មិនមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់ ៤ កើតមានប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៤ កើតប្រាកដហើយ ស្រះធំទាំងឡាយណា (ក្តី) ទន្លេធំទាំងឡាយនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី រមែងកើតអំពីស្រះធំណា (ក្តី) ស្រះធំ និងទន្លេធំទាំងអស់នោះ ក៏គោករីងស្ងួត មិនមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលព្រះអាទិត្យ ជាគំរប់ ៥ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តងៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជាគំរប់ ៥ កើតប្រាកដហើយ ទឹកក្នុងមហាសមុទ្រ ស្រកអស់មួយរយយោជន៍ខ្លះ ទឹកក្នុងមហាសមុទ្រ ស្រកអស់ ២រយ យោជន៍ខ្លះ ៣រយយោជន៍ខ្លះ ៤រយយោជន៍ខ្លះ ៥រយយោជន៍ខ្លះ ៦រយយោជន៍ខ្លះ ៧ រយយោជន៍ខ្លះ ទឹករមែងដក់នៅ ក្នុងមហាសមុទ្រ ៧ ជំហរដើមត្នោតខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៦ ជំហរដើមត្នោតខ្លះ ៥ ជំហរដើមត្នោតខ្លះ ៤ ជំហរដើមត្នោតខ្លះ ៣ ជំហរដើមត្នោតខ្លះ ២ ជំហរដើមត្នោតខ្លះ ១ ជំហរដើមត្នោតខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៧ ជំហរបុរសខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៦ ជំហរបុរសខ្លះ ៥ ជំហរបុរសខ្លះ ៤ ជំហរបុរសខ្លះ ៣ ជំហរបុរសខ្លះ ២ ជំហរបុរសខ្លះ ១ ជំហរបុរសខ្លះ ពាក់កណ្តាលជំហរបុរសខ្លះ ត្រឹមចង្កេះខ្លះ ត្រឹមជង្គង់ខ្លះ ត្រឹមភ្នែកគោខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមានគ្រាប់ថ្លោសៗ បង្អោរចុះ ក្នុងសរទសម័យ ទឹករមែងដក់នៅ ក្នុងស្នាមជើងគោ ក្នុងប្រទេសនោះៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ទឹកក្នុងមហាសមុទ្រ ដក់នៅប៉ុនប្រឡង់ជើងគោ ក្នុងប្រទេសនោះៗ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៥ កើតប្រាកដហើយ ទឹកក្នុងមហាសមុទ្រ សូម្បីត្រឹមតែមួយថ្នាំងនៃម្រាមដៃ ក៏មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់ ៦ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តងៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជា គំរប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ។ ម្នាលភិក្ខុទាំងឡាយ ឡដុតឆ្នាំង ដែលស្មូនឆ្នាំងបិទហើយ រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ក៏ហុយផ្សែងឡើង ហុយផ្សែងឡើងព្រម យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលអាទិត្យជាគំរប់ ៧ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តងៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៧ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងឆេះសព្វ រុងរឿង មានអណ្តាតតែមួយ ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ អណ្តាតភ្លើងដែលត្រូវខ្យល់បក់ឡើងទៅ ដរាបដល់ព្រហ្មលោក ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចភ្នំឈ្មោះសិនេរុ ដែលភ្លើងកំពុងឆេះក្តៅ កំពុងវិនាស ដែលគំនរភ្លើងដ៏ធំ គ្របសង្កត់ហើយ កំពូលភ្នំទាំងឡាយ ១ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ កំពូលភ្នំទាំងឡាយ ២ រយយោជន៍ខ្លះ ៣ រយយោជន៍ខ្លះ ៤ រយយោជន៍ខ្លះ ៥ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ ផេះក៏មិនប្រាកដ កំញមក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសប្បិក្តី ប្រេងក្តី កាលដែលភ្លើងកំពុងឆេះក្តៅ ផេះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុនេះផង កាលដែលភ្លើងកំពុងឆេះក្តៅ ផេះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះចាកសង្ខារទាំងពួង។ ម្នាលភិក្ខុទាំងឡាយ នរណាដឹង នរណាជឿ ក្នុងសង្ខារនោះថា ផែនដីនេះក្តី ស្តេចភ្នំឈ្មោះសិនេរុក្តី គង់នឹងឆេះរលាយ គង់នឹងវិនាស មិនមានប្រាកដយ៉ាងនេះ វៀរលែងតែអរិយសាវកទាំងឡាយ អ្នកមានបទ គឺធម៌ឃើញហើយ។

ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានគ្រូឈ្មោះសុនេត្តៈ ជាអ្នកធ្វើនូវលទ្ធិដូចជាកំពង់ ជាអ្នកប្រាសចាក2) រាគៈ ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ មានរយនៃសាវកដ៏ច្រើន។ គ្រូឈ្មោះសុនេត្តៈ សំដែងធម៌ដល់ពួកសាវក ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក។ ម្នាលភិក្ខុទាំងឡាយ កាលគ្រូឈ្មោះសុនេត្តៈ កំពុងសំដែងធម៌ ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក ពួកសាវកណា ដឹងច្បាស់នូវពាក្យប្រៀនប្រដៅទាំងអស់ ដោយសព្វគ្រប់ ពួកសាវកទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតឯសុគតិ ព្រហ្មលោក។ ពួកសាវកណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ទេ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់បរនិម្មិតវសវត្តី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់និម្មានរតី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិក ពួកខ្លះ ទៅកើតជាមួយនឹងពួកខត្តិយមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកគហបតិមហាសាល។

ម្នាលភិក្ខុទាំងឡាយ គ្រានោះ គ្រូឈ្មោះសុនេត្តៈ មានសេចក្តីត្រិះរិះ ដូច្នេះថា ហេតុនេះ មិនសមគួរសោះ ដែលអាត្មាអញ ជាអ្នកមានគតិស្មើៗ នឹងពួកសាវកក្នុងភពមុខ បើដូច្នោះ មានតែអាត្មាអញ ចំរើននូវមេត្តាឲ្យលើសលុប ជាងបឋមជ្ឈានទៅទៀត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ គ្រូឈ្មោះសុនេត្តៈ ចំរើននូវមេត្តចិត្តអស់ ៧ ឆ្នាំ លុះចំរើននូវមេត្តចិត្ត អស់ ៧ ឆ្នាំហើយ មិនបានមកកាន់លោកនេះទៀតអស់ ៧ សំវដ្តវិវដ្តកប្ប ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា កាលលោកកំពុងវិនាស គ្រូឈ្មោះសុនេត្តៈ ក៏បានទៅកើតក្នុងព្រហ្មលោកជាន់អាភស្សរៈ កាលលោកកំពុងចំរើន ក៏ចូលទៅកើតក្នុងសុញ្ញវិមាននៃព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងសុញ្ញវិមាននៃព្រហ្មនោះ មានព្រហ្មជាមហាព្រហ្ម គ្របសង្កត់នូវព្រហ្មឯទៀតៗ បាន ព្រហ្មឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុដោយសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ បានជាសក្កៈ ជាធំជាងទេវតាទាំងឡាយ ៣៦លើក បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជា (ជាឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង ៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន ប្រកបដោយកែវ ៧ប្រការ ព្រះរាជបុត្ររបស់ព្រះអង្គច្រើនជាងពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានសភាពជាអ្នកមានសេចក្តីព្យាយាម សង្កត់សង្កិននូវសេនារបស់ស្តេចដទៃ បានច្រើនរយលើក។ ព្រះអង្គទ្រង់ប្រាម ប្រាប គ្រប់គ្រងផែនដីដែលមានសាគរ ជាទីបំផុតដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធឡើយ។ ម្នាលភិក្ខុទាំងឡាយ អម្បាលដូចជាគ្រូឈ្មោះសុនេត្តៈនោះ មានអាយុវែងយ៉ាងនេះ ឋិតនៅយូរយ៉ាងនេះ ក៏នៅតែជាអ្នកមិនផុតអំពីជាតិ ជរា មរណៈ សោកៈ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្ត តថាគតហៅថា មិនរួចអំពីទុក្ខដូច្នេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះមិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះ ចំពោះនូវធម៌ទាំង ៤។ ធម៌ទាំង ៤ តើដូចម្តេច។ គឺមិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវសីលដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះ នូវសមាធិដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវបញ្ញាដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវវិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ សីលដ៏ប្រសើរនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ សមាធិដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ បញ្ញាដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ វិមុត្តិដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ។ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែគឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាលឥឡូវនេះឡើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះពុទ្ធដីកាដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះ តទៅទៀតថា

ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិដ៏ប្រសើរ ព្រះគោតមដ៏មានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធ ទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែងធម៌ប្រាប់ដល់ភិក្ខុទាំងឡាយ ព្រះសាស្តាមានចក្ខុ ទ្រង់ធ្វើនូវព្រះនិញ្វន ជាទីបំផុតនៃកងទុក្ខ ទ្រង់បរិនិញ្វនហើយ។

 

លេខយោង

1)
សង្ខារដែលមានចិត្តគ្រប់គ្រង និងសង្ខារដែលមិនមានចិត្តគ្រប់គ្រង។ អដ្ឋកថា។
2)
គ្រាន់តែស្ងប់រាគៈ ដោយអំណាចឈាន មិនបានលះដាច់ទេ។
km/tipitaka/sut/an/07/sut.an.07.066.txt · ពេលកែចុងក្រោយ: 2024/09/25 12:50 និពន្ឋដោយ Cheav villa