km:tipitaka:sut:an:07:sut.an.07.074

អរកសូត្រ ទី១០

សង្ខេប

គំរូដ៏​កល្យាណ​ចំនួន ៧ អំពី​អាយុ​ខ្លី​របស់​មនុស្ស។ ប្រើ​ពេល​ខ្លី​របស់​អ្នក​នៅ​ទី​នេះ​ល្អ។

an 07.074 បាលី cs-km: sut.an.07.074 អដ្ឋកថា: sut.an.07.074_att PTS: ?

អរកសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. អរកសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលញ្រហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលញ្រហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលញ្រហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលញ្រហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចបុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលញ្រហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលញ្រហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន។ ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។

ចប់ មហាវគ្គ ទី២។

ឧទ្ទានក្នុងមហាវគ្គនោះគឺ

និយាយពីហិរិ (ឱត្តប្បៈ) ១ ព្រះអាទិត្យ ១ ប្រៀបដូចជានគរ ១ អ្នកដឹងនូវធម៌ ១ ដើមបារិច្ឆត្តកព្រឹក្ស ១ ធ្វើសក្ការៈគោរព ១ ភាវនា ១ គំនរភ្លើង ១ ពាក្យប្រៀនប្រដៅរបស់គ្រូសុនេត្តៈ ១ របស់គ្រូអរកៈ ១។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.074.txt · ពេលកែចុងក្រោយ: 2024/01/08 02:07 និពន្ឋដោយ Cheav Villa