(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 07.v01 បាលី cs-km: sut.an.07.v01 អដ្ឋកថា: sut.an.07.v01_att PTS: ?
ធនវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. ធនវគ្គោ)
(១. បឋមបិយសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាអាក្រក់ ១ ឃើញខុស ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រាថ្នាតិច ១ ឃើញត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។
(២. ទុតិយបិយសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ មានសេចក្តីច្រណែន ១ មានសេចក្តីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។
(៣. សំខិត្តពលសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៧ យ៉ាង។ កំឡាំង ៧ យ៉ាង តើអ្វីខ្លះ។ កំឡាំងគឺសទ្ធា ១ កំឡាំងគឺសេចក្តីព្យាយាម ១ កំឡាំងគឺហិរិ១ កំឡាំងគឺឱត្តប្បៈ ១ កំឡាំងគឺសតិ ១ កំឡាំងគឺសមាធិ ១ កំឡាំងគឺបញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះឯង កំឡាំង ៧ យ៉ាង។
កំឡាំងគឺសទ្ធា កំឡាំងគឺវីរិយៈ កំឡាំងគឺហិរិ កំឡាំងគឺឱត្តប្បៈ កំឡាំងគឺសតិ កំឡាំងគឺសមាធិ កំឡាំងគឺបញ្ញា ជាគំរប់ ៧ ភិក្ខុជាបណ្ឌិត មានកំឡាំងដោយកំឡាំងទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ តែងឃើញច្បាស់នូវអត្ថ1) ដោយបញ្ញាបាន ការរួចស្រឡះ (ចាកអារម្មណ៍) នៃចិត្តរបស់ភិក្ខុនោះ ដូចជាការរលត់នៃប្រទីប។
(៤. វិត្ថតពលសុត្តំ)
[៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាពលៈ ១ វីរិយពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ សទ្ធាពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កំចាត់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាពលៈ។ ម្នាលភិក្ខុទាំងឡាយ វីរិយពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារឰសេចក្តីព្យាយាម ដើម្បីលះ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកំឡាំង ព្យាយាម ប្រឹងប្រែងមុតមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុទាំងឡាយ ហិរិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងអៀនខ្មាស នូវការជួបប្រសព្វនូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហិរិពលៈ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត នូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឱត្តប្បពលៈ។ ម្នាលភិក្ខុទាំងឡាយ សតិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសតិ ប្រកបដោយសតិ និងភាពជាអ្នកមានបញ្ញាចាស់ក្លាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាននូវអំពើដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិពលៈ។ ម្នាលភិក្ខុទាំងឡាយ សមាធិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលដល់នូវចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិពលៈ។ ម្នាលភិក្ខុទាំងឡាយ បញ្ញាពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា រមែងប្រកបដោយបញ្ញា ជាគ្រឿងដឹងច្បាស់ នូវការកើតឡើង និងសូន្យទៅ (នៃខន្ធ ៥) ជាបញ្ញាប្រសើរ មោះមុត ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាពលៈ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ពលៈ ៧ យ៉ាង។
សទ្ធាពលៈ វីរិយពលៈ ហិរិពលៈ ឱត្តប្បពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ជាគំរប់ ៧។ ភិក្ខុជាបណ្ឌិត មានកំឡាំង ដោយពលៈទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ ឃើញច្បាស់ នូវអត្ថដោយបញ្ញា ការរួចស្រឡះ (ចាកអារម្មណ៍) នៃចិត្ត (របស់ភិក្ខុនោះ) ដូចជាការរលត់នៃប្រទីប។
(៥. សំខិត្តធនសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះទ្រព្យ ៧ យ៉ាង។
ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។
(៦. វិត្ថតធនសុត្តំ)
[៦] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺ សទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ព្រះអង្គ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កាច់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសីល។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសនូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺហិរិ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង រមែងប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយនោះ ដែលអរិយសាវក មានសភាពដូច្នោះ បានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគរួចហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា។បេ។ ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯងទ្រព្យ ៧ យ៉ាង។
ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។
(៧. ឧគ្គសុត្តំ)
[៧] គ្រានោះឯង ឧគ្គរាជមហាមាត្យ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គរាជមហាមាត្យ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះមិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យច្រើនផង មានភោគៈច្រើនផង។ ម្នាលឧគ្គៈ មិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋី ស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី។ បពិត្រព្រះអង្គដ៏ចំរើន មាសរាប់បានជាសែនទៅហើយ ចាំបាច់ពោលទៅថ្វី ដល់រូបិយវត្ថុ។ ម្នាលឧគ្គៈ ទ្រព្យនុ៎ះ មានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ ប៉ុន្តែទ្រព្យនោះឯង ជាសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់។ ម្នាលឧគ្គៈ ទ្រព្យនេះ មាន ៧ យ៉ាង ជារបស់មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់។ ៧ យ៉ាង តើអ្វីខ្លះ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះឯង មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់បានឡើយ។
សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគធនៈ បញ្ញាធនៈ ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ បុគ្គលនោះឯង ឈ្មោះថា មានទ្រព្យច្រើន ដែលអ្នកណាមួយមិនគប្បីផ្ចាញ់បាន ក្នុងទេវលោក និងមនុស្សលោក។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។
(៨. សំយោជនសុត្តំ)
[៨] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺអនុនយសញ្ញោជនៈ2) ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង សញ្ញោជនៈ ៧ យ៉ាង។
(៩. បហានសុត្តំ)
[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈ ៧ យ៉ាង។ ៧ យ៉ាង តើដូចម្តេច។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុនយសញ្ញោជនៈ បដិឃសញ្ញោជនៈ។បេ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈ ទាំង ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាអនុនយសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ ផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃសញ្ញោជនៈ។បេ។ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ មិនមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនធម៌ ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ។
(១០. មច្ឆរិយសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺអនុនយសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះសញ្ញោជនៈ ៧ យ៉ាង។
ចប់ ធនវគ្គ ទី១។
ឧទ្ទាននៃធនវគ្គនោះគឺ
និយាយពីភិក្ខុជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ពីរលើក កំឡាំង ១ ទ្រព្យ ១ (ទាំងសង្ខេប ទាំងពិស្តារ) ឧគ្គរាជមហាមាត្យ ១ ការលះបង់សញ្ញោជនៈ ១ មានមច្ឆរិយៈជាទីបំផុត ១។