km:tipitaka:sut:an:07:sut.an.07.v04

ទេវតាវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 07.v04 បាលី cs-km: sut.an.07.v04 អដ្ឋកថា: sut.an.07.v04_att PTS: ?

ទេវតាវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ទេវតាវគ្គោ)

(អប្បមាទគារវសូត្រ ទី១)

(១. អប្បមាទគារវសុត្តំ)

[២៩] លំដាប់នោះឯង ទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រី បឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតវនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីសមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពការមិនប្រមាទ ១ គោរពការធ្វើបដិសណ្ឋារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំទូលសេចក្តីនេះចប់ហើយ ព្រះសាស្តាក៏ទ្រង់សព្វព្រះហ្ឫទ័យ។ លំដាប់នោះ ទេវតានោះគិតថា ព្រះសាស្តា ទ្រង់សព្វព្រះហ្ឫទ័យនឹងអាត្មាអញ ដូច្នេះហើយ ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះឯង។ លុះវេលាកន្លងរាត្រីនោះមក ព្រះដ៏មានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រីបឋមយាម កន្លងផុតទៅ ក៏ធ្វើវត្តជេតវនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ក៏បាននិយាយសេចក្តីនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពការមិនប្រមាទ ១ គោរពការធ្វើបដិសណ្ឋារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ លុះថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លាចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លាចំពោះសិក្ខាផង គោរពការមិនប្រមាទផង គោរពការធ្វើបដិសណ្ឋារៈផង (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតព្រះនិញ្វន។

(ហិរីគារវសូត្រ ទី២)

(២. ហិរីគារវសុត្តំ)

[៣០] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រីបឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពសេចក្តីខ្មាសបាប ១ គោរពសេចក្តីខ្លាចបាប ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ ថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះ។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លា ចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លា ក្នុងសិក្ខាផង បរិបូណ៌ដោយសេចក្តីខ្មាស បាប និងខ្លាចបាបផង ជាអ្នកប្រកបដោយសេចក្តីកោតក្រែង សេចក្តីគោរព (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតនៃព្រះនិញ្វន។

(បឋមសោវចស្សតាសូត្រ ទី៣)

(៣. បឋមសោវចស្សតាសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ។បេ។ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្រល្អ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ លុះបានថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លា ចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លា ក្នុងសិក្ខាផង ជាអ្នកមានមិត្តល្អផង គេប្រដៅងាយផង ជាអ្នកប្រកបដោយសេចក្តីកោតក្រែង សេចក្តីគោរព (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតនៃព្រះនិញ្វន។

(ទុតិយសោវចស្សតាសុសូត្រ ទី៤)

(៤. ទុតិយសោវចស្សតាសុត្តំ)

[៣២] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ។បេ។ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ បានថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេបនេះឯង ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណ នៃសេចក្តីគោរពព្រះសាស្តាផង ភិក្ខុដទៃណា មិនទាន់មានសេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ ជាអ្នកមានសេចក្តីគោរពព្រះធម៌ ដោយខ្លួនឯង។បេ។ ជាអ្នកមានសេចក្តីគោរពព្រះសង្ឃ មានសេចក្តីគោរពសិក្ខា មានសេចក្តីគោរពសមាធិ ជាអ្នកដែលគេប្រដៅងាយ ជាអ្នកមានមិត្តល្អ ពណ៌នាគុណ នៃការមានមិត្តល្អផង ភិក្ខុដទៃណា មិនទាន់មានមិត្តល្អ ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង ភិក្ខុដទៃណា មានមិត្តល្អហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេបនេះឯង ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារយ៉ាងនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ធម៌នេះ តថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារយ៉ាងនេះបាន ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណ នៃសេចក្តីគោរពព្រះសាស្តាផង ភិក្ខុដទៃណា មិនទាន់មានសេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ ជាអ្នកមានសេចក្តីគោរពព្រះធម៌ ដោយខ្លួនឯងផង។បេ។ ជាអ្នកមានសេចក្តីគោរពព្រះសង្ឃ មានសេចក្តីគោរពសិក្ខា មានសេចក្តីគោរពសមាធិ ជាអ្នកដែលគេប្រដៅងាយ ជាអ្នកមានមិត្តល្អផង ពណ៌នាគុណ នៃការមានមិត្តល្អផង ភិក្ខុដទៃណា មិនទាន់មានមិត្តល្អ ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង ភិក្ខុដទៃណា មានមិត្តល្អហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ ម្នាលសារីបុត្ត ធម៌នេះឯង តថាគតសំដែងហើយ ដោយសេចក្តីសង្ខេប គប្បីយល់សេចក្តីដោយពិស្តារយ៉ាងនេះ។

(បឋមមិត្តសូត្រ ទី៥)

(៥. បឋមមិត្តសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការ គួរសេពគប់។ ប្រកបដោយអង្គ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺមិត្តឲ្យនូវរបស់ ដែលគេឲ្យបានដោយកម្រ ១ ធ្វើនូវអំពើដែលគេធ្វើបានដោយកម្រ ១ អត់ធន់ចំពោះហេតុ ដែលគេអត់ធន់បានដោយកម្រ ១ បើកបង្ហាញសេចក្តីកំបាំងរបស់ខ្លួនដល់គ្នា ១ បិទសេចក្តីកំបាំងរបស់គ្នា ១ មិនលះគ្នាក្នុងគ្រាមានសេចក្តីអន្តរាយ ១ មិនមើលងាយគ្នា ព្រោះអស់ភោគៈ ១។ ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការនេះឯង គួរសេពគប់។

មិត្តឲ្យនូវរបស់ដែលគេឲ្យបានដោយកម្រផង ធ្វើនូវអំពើ ដែលគេធ្វើបានដោយកម្រផង មួយទៀត អត់ធន់ចំពោះពាក្យដែលពោលអាក្រក់ និងហេតុដែលអត់ធន់បានដោយកម្រផង ប្រាប់សេចក្តីកំបាំងរបស់ខ្លួនដល់គ្នាផង បិទសេចក្តីកំបាំងរបស់គ្នាផង មិនលះគ្នាក្នុងគ្រាមានសេចក្តីអន្តរាយផង មិនមើលងាយគ្នា ព្រោះអស់ភោគផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលមានសភាពដូច្នោះនោះ ហៅថាមិត្ត ជនអ្នកមានប្រាថ្នានូវមិត្ត គប្បីសេពគប់។

(ទុតិយមិត្តសូត្រ ទី៦)

(៦. ទុតិយមិត្តសុត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការ បុគ្គលអ្នកស្វែងមិត្ត ទោះបីលោកបណ្តេញ បំបរបង់ចេញ1) ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះពាក្យ ១ ជាអ្នកនិយាយពាក្យជ្រៅ2) ១ មិនដឹកនាំ ក្នុងហេតុដែលមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការនេះឯង បុគ្គលអ្នកស្វែងមិត្ត បើទុកជាលោកបណ្តេញ បំបរបង់ចេញ ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត។

ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំ ក្នុងហេតុដែលមិនគួរផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ អ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាពដូច្នោះនោះ ឈ្មោះថាជាមិត្ត បុគ្គលអ្នកមានសេចក្តីត្រូវការដោយមិត្ត ទោះបីជាលោកធ្វើឲ្យវិនាស ក៏គួរតែតាមសេពគប់។

(បឋមបដិសម្ភិទាសូត្រ ទី៧)

(៧. បឋមបដិសម្ភិទាសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ភិក្ខុនោះដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនាទាំងឡាយប្រាកដឡើង ដឹងនូវវេទនាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលប្រាកដឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលប្រាកដឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ជាចំណែកខ្មៅ ឬស ក៏ភិក្ខុនោះ បានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន។

(ទុតិយបដិសម្ភិទាសូត្រ ទី៨)

(៨. ទុតិយបដិសម្ភិទាសុត្តំ)

[៣៦] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្តដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ព្រះសារីបុត្តដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនា ដែលប្រាកដឡើង ដឹងនូវវេទនា ដែលដល់នូវសេចក្តីវិនាស ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញា ដែលប្រាកដឡើង ដឹងនូវសញ្ញា ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈ ដែលប្រាកដឡើង ដឹងនូវវិតក្កៈ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ ជាចំណែកខ្មៅ ឬស ក៏សារីបុត្តបានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ប្រកបដោយធម៌ ៧ ប្រការនេះឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ ឧត្តមដោយខ្លួនឯង។

(បឋមវសសូត្រ ទី៩)

(៩. បឋមវសសុត្តំ)

[៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃ ក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃ ក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកនូវសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ3) ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ4) ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ។

(ទុតិយវសសូត្រ ទី១០)

(១០. ទុតិយវសសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) មិនមែនសារីបុត្តលុះអំណាចចិត្តទេ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការនេះឯង ទើបញុំាងចិត្តឲ្យលុះទៅក្នុងអំណាច (របស់ខ្លួន) មិនមែនសារីបុត្តលុះអំណាចចិត្តទេ។

(បឋមនិទ្ទសសូត្រ ទី១១)

(១១. បឋមនិទ្ទសសុត្តំ)

[៣៩] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរ្ថិយសិន។ ទើបព្រះសារីបុត្តដ៏មានអាយុ ចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់នៅក្នុងទីសមគួរ។ ក៏ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមសួរពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិសុទ្ធពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានឬទេ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មិនបានត្រេកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះឡើយ លុះមិនត្រេកអរ មិនហាមឃាត់ហើយ ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់នូវសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ទើបព្រះសារីបុត្តដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាត្រ ក្នុងកាលជាខាងក្រោយភត្តវិញ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់នៅក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលនូវដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរ្ថិយសិន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គ ក៏បានចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា បានផ្តើមពាក្យ ជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិសុទ្ធពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានឬទេ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ខ្ញុំព្រះអង្គ មិនបានតេ្រកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនបានតេ្រកអរ មិនបានហាមឃាត់ហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញនឹងយល់ នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន ចុះក្នុងធម្មវិន័យនេះ បុគ្គលអាចនឹងប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះ បានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ក្នុងធម្មវិន័យនេះ បុគ្គលមិនអាចនឹងប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះបានឡើយ។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការសមាទាននូវសិក្ខា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការកំចាត់បង់នូវឥច្ឆា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពួនសម្ងំ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រាព្ធព្យាយាម តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់ធ្លុះដោយទិដ្ឋិ គឺឃើញច្បាស់នូវមគ្គ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ ម្នាលសារីបុត្ត ភិក្ខុប្រកបដោយនិទ្ទសវត្ថុ ៧ ប្រការនេះ បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ៣៦ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន។

(ទុតិយនិទ្ទសសូត្រ ទី១២)

(១២. ទុតិយនិទ្ទសសុត្តំ)

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងកោសម្ពី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយសិន។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ ក៏ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមសួរពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ តើគួរនឹងហៅ (បុគ្គលនោះ) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានដែរឬ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មិនត្រេកអរ មិនហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនត្រេកអរ មិនហាមឃាត់ហើយ ក្រោកចាកអាសនៈដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់ នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ទើបព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងកោសម្ពី លុះត្រឡប់មក អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលនូវដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា ដំណើរត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងកោសម្ពី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយសិន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គក៏បានចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមនូវពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌បរិសុទ្ធ ពេញលេញ អស់ ១២ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនតេ្រកអរ មិនហាមឃាត់នូវភាសិត របស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនតេ្រកអរ មិនហាមឃាត់ហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន ចុះក្នុងធម្មវិន័យនេះ បុគ្គលអាចប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះបានដែរឬ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលអានន្ទ ក្នុងធម្មវិន័យនេះ បុគ្គលមិនអាចនឹងប្តេជ្ញាខ្លួនថា ជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំ ប៉ុណ្ណោះបានឡើយ។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីជឿ ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មានការចេះដឹងច្រើន ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ ម្នាលអានន្ទ ភិក្ខុប្រកបដោយនិទ្ទសវត្ថុ ៧ ប្រការនេះឯង បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញអស់ ៣៦ ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន។

ចប់ ទេវតាវគ្គ ទី៤។

ឧទ្ទាននៃទេវតាវគ្គនោះគឺ

និយាយពីភិក្ខុមិនមានសេចក្តីប្រមាទ ១ ភិក្ខុមានសេចក្តីខ្មាសបាប ១ ភិក្ខុអ្នកប្រដៅងាយ ២លើក សំឡាញ់ ២លើក បដិសម្ភិទា ២លើក ភិក្ខុលុះអំណាចចិត្ត ២លើក និទ្ទសវត្ថុ ២លើក។

 

លេខយោង

1)
ក្នុងអដ្ឋកថាថា បើអ្នកស្វែងមិត្ត បានបុគ្គលយ៉ាងនេះជាមិត្តហើយ បើទុកជាលោកដាក់ទណ្ឌកម្មឲ្យលីឈើ១០០បាច់ក្តី ឲ្យដងទឹក១០០ក្អមក្តី ឲ្យជញ្ជូនខ្សាច់១០០ស្នូកក្តី ឬបណ្តេញមិនឲ្យនៅជាមួយក្តី ក៏ត្រូវតែសុំខមាទោសនឹងលោក ហើយតាមនៅជាមួយ ដរាបដល់អស់ជីវិត។
2)
បានដល់ពាក្យអាថ៌កំបាំង គឺពាក្យដែលជាប់ទាក់ទង ដល់ឈានវិបស្សនាមគ្គផលនិព្វាន។
3)
ភិក្ខុណា ចៀសវាងធម៌មិនជាទីសប្បាយ សេពគប់ធម៌ជាទីសប្បាយក្តី ស្គាល់ថា សមាធិនេះ មាននិមិត្តជាអារម្មណ៍ នេះមានលក្ខណៈជាអារម្មណ៍ក្តី ឈ្មោះថាអ្នកឈ្លាសវៃ ក្នុងទីគោចរនៃសមាធិ។ អដ្ឋកថា នៃឆក្កនិបាត។
4)
ភិក្ខុដែលអាចប្រមូលសមាធិ ដែលកើតអំពីឈាន មានបឋមជ្ឈានជាដើម ដើម្បីនឹងចូលកាន់សមាបត្តិជាន់ខ្ពស់ៗ ហៅថា អ្នកឈ្លាសវៃ ក្នុងការនាំសមាធិ ព្រោះលោកចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន។បេ។ ចេញអំពីតតិយជ្ឈាន ចូលកាន់ចតុត្ថជ្ឈាន។ អដ្ឋកថានៃឆក្កនិបាត។
km/tipitaka/sut/an/07/sut.an.07.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann