km:tipitaka:sut:an:07:sut.an.07.v06

អព្យាកតវគ្គ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 07.v06 បាលី cs-km: sut.an.07.v06 អដ្ឋកថា: sut.an.07.v06_att PTS: ?

អព្យាកតវគ្គ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. អព្យាកតវគ្គោ)

(អព្យាកតសូត្រ ទី១)

(១. អព្យាកតសុត្តំ)

[៥១] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យវិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង មិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ។ ម្នាលភិក្ខុ វិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង រមែងមិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ ព្រោះរលត់ទិដ្ឋិ។ ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ រមែងកើតទៀត ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀត ម្នាលភិក្ខុ ទិដ្ឋិ កើតឡើងថា សត្វស្លាប់ទៅ រមែងកើតទៀត ក៏មាន មិនកើតទៀត ក៏មាន ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន។ ម្នាលភិក្ខុ បុថុជ្ជនអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់ នូវទិដ្ឋិ មិនដឹងច្បាស់នូវហេតុ ជាទីកើតឡើងនៃទិដ្ឋិ មិនដឹងច្បាស់នូវ សេចក្តីរលត់ទៅនៃទិដ្ឋិ មិនដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ទៅនៃទិដ្ឋិ ទិដ្ឋិនោះ រមែងចំរើនដល់បុថុជ្ជននោះ បុថុជ្ជននោះ រមែងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតហៅថា រមែងមិនរួចចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង រមែងដឹងច្បាស់ នូវទិដ្ឋិ ដឹងច្បាស់នូវហេតុជាទីកើតឡើងនៃទិដ្ឋិ ដឹងច្បាស់នូវសេចក្តីរលត់ទៅនៃទិដ្ឋិ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ទៅនៃទិដ្ឋិ ទិដ្ឋិនោះរបស់អរិយសាវកនោះ រមែងរលត់ទៅ អរិយសាវកនោះ ទើបរួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតហៅថា រមែងរួចស្រឡះចាកវដ្តទុក្ខ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងមិនពោលថា សត្វស្លាប់ទៅ កើតទៀតដូច្នេះខ្លះ មិនពោលថា សត្វ ស្លាប់ទៅ មិនកើតទៀតដូច្នេះខ្លះ មិនពោលថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះខ្លះ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ជាអ្នកមានកិរិយាមិនពោលជាធម្មតា ក្នុងអព្យាកតវត្ថុទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ក្នុងអព្យាកតវត្ថុទាំងឡាយទេ។ ម្នាលភិក្ខុ តណ្ហា សញ្ញា មានះ បបញ្ចធម៌ (សេចក្តីយឺតយូរ) ឧបាទាន និងវិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា ស្វតស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ ម្នាលភិក្ខុ បុថុជ្ជន អ្នកមិនមានសេចក្តីចេះដឹង រមែងមិនដឹងច្បាស់ នូវវិប្បដិសារៈ មិនដឹងច្បាស់នូវហេតុ ជាទីកើតឡើងនៃវិប្បដិសារៈ មិនដឹងច្បាស់នូវសេចក្តីរលត់ទៅនៃវិប្បដិសារៈ មិនដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ទៅនៃវិប្បដិសារៈ វិប្បដិសារៈនោះ របស់បុថុជ្ជននោះ រមែងចំរើនឡើង បុថុជ្ជននោះ រមែងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតពោលថា រមែងមិនរួចចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុ លុះតែអរិយសាវក អ្នកមានសេចក្តីចេះដឹង ទើបដឹងច្បាស់នូវវិប្បដិសារៈ ដឹងច្បាស់នូវហេតុជាទីកើតឡើងនៃវិប្បដិសារៈ ដឹងច្បាស់នូវសេចក្តីរលត់នៃវិប្បដិសារៈ ដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ នូវវិប្បដិសារៈ វិប្បដិសារៈនោះ របស់អរិយសាវកនោះ រមែងរលត់ទៅ។បេ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ក្នុងអព្យាកតវត្ថុទាំងឡាយទេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យវិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង មិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ។

(បុរិសគតិសូត្រ ទី២)

(២. បុរិសគតិសុត្តំ)

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវគតិរបស់បុរស ទាំង៧ប្រការផង នូវអនុបាទាបរិនិញ្វនផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់បុរស ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបានឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើត ក្នុងអត្តភាពនេះ) មិនធ្លាប់មានទេ អត្តភាពរបស់អញ ក៏មិនមាន (ក្នុងកាលឥឡូវនេះដែរ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះ) ទេ អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់ នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកដ៏ស្ងប់ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ ភិក្ខុនោះ មិនទាន់លះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើងខ្ទាតឡើង ហើយរលត់ទៅវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើត ក្នុងអត្តភាព កន្លងមកហើយ) មិនធ្លាប់មានទេ អត្តភាពរបស់អញ (ក្នុងកាលឥឡូវនេះ) ក៏មិនមានដែរ បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) មិនមានទេ អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកស្ងប់ដ៏ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអត្តភាពនេះ) មិនធ្លាប់មានទេ អត្តភាពរបស់អញ ក៏មិនមាន (ក្នុងកាលឥឡូវនេះដែរ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមាន ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកដ៏ស្ងប់ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើងខ្ទាតអណ្តែតឡើង ហើយរលត់បាត់ទៅវិញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា ឧបហច្ចបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែកដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើង ហើយធ្លាក់ទៅលើគំនរស្មៅ ឬគំនរឧសដែលមានប្រមាណតិច ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែង ឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើត ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬគំនរឧសមានប្រមាណតិចនោះឯង ឲ្យទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅ ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសដ៏ធំ ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើត ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬគំនរឧសដ៏ធំនោះឯង ឲ្យទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើង ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសច្រើន ផ្កាភ្លើងនោះ គប្បីញុំាងភ្លើងក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើតឡើង ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬ គំនរឧស គប្បីឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ខ្លះ ឆេះព្រៃ (ដែលគេរក្សា) ខ្លះ លុះឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ឆេះព្រៃ (ដែលគេរក្សា) ហើយ ក៏ទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ ព្រោះអាស្រ័យនូវវត្ថុមានពណ៌ខៀវខ្លះ នូវថ្មខ្លះ នូវទឹកខ្លះ នូវចំណែកនៃផែនដី ជាទីរីករាយខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះអនុបាទាបរិនិញ្វន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអត្តភាព) មិនធ្លាប់មានទេ អត្តភាពរបស់អញក៏មិនមាន (ក្នុងកាលឥឡូវនេះ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកស្ងប់ដ៏ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ ទាំងព្រះនិញ្វននោះ ភិក្ខុនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់ ភិក្ខុនោះ បានលះបង់មានានុស័យ ដោយសព្វគ្រប់ បានលះបង់នូវភវរាគានុស័យ ដោយសព្វគ្រប់ បានលះបង់នូវអវិជ្ជានុស័យ ដោយសព្វគ្រប់។ ភិក្ខុនោះ ព្រោះអស់ទៅនៃអាសវៈ។បេ។ រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុបាទាបរិនិញ្វន។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាង និងអនុបាទាបរិនិញ្វន យ៉ាងនេះឯង។

(តិស្សព្រហ្មាសូត្រ ទី៣)

(៣. តិស្សព្រហ្មាសុត្តំ)

[៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ទេវតាពីរអង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ បានធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ រួចស្រឡះហើយ (ចាកកិលេស) ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ បានជាអនុបាទិសេសនិញ្វន រួចស្រឡះដោយប្រពៃ (ចាកកិលេស) លុះទេវតាទាំងនោះ បានពោលពាក្យនេះហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហ្ឫទ័យ។ គ្រានោះ ទេវតាទាំងនោះគិតថា ព្រះសាស្តា ពេញព្រះហឫទ័យ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង។ លំដាប់នោះ កាលរាត្រីនោះកន្លងទៅ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ ទេវតាពីរអង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ ធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាមួយអង្គ ឋិតក្នុងទីសមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះរួចស្រឡះ (ចាកកិលេស) ទេវតាមួយអង្គទៀត ក៏ពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ ជាអនុបាទិសេសនិញ្វន រួចស្រឡះដោយប្រពៃ (ចាកកិលេស) ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ បានពោលពាក្យដូច្នេះហើយ ពោលនូវហេតុនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីជិតព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ពួកទេវតាដូចម្តេច មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ សម័យនោះឯង ភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាល ក្នុងកាលឥឡូវនេះ បានទៅកើតក្នុងព្រហ្មលោកណាមួយ ជនទាំងឡាយ តែងដឹងនូវព្រហ្មនោះ ក្នុងរឿងនោះ យ៉ាងនេះថា ព្រហ្មឈ្មោះតិស្ស ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ស្រាប់តែបាត់ពីភ្នំគិជ្ឈកូដ ទៅប្រាកដឯព្រហ្មលោកនោះឯង ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង។ លុះព្រហ្មឈ្មោះតិស្សៈ បានឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ មកពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់និមន្តមកស្រួលហើយ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ខានធ្វើនូវបរិយាយ ដែលជាបរិយាយអំពីដំណើរមកក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរគង់ចុះ នេះជាអាសនៈ ដែលខ្ញុំម្ចាស់ក្រាលទុក។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏គង់លើអាសនៈ ដែលព្រហ្មក្រាលហើយ។ តិស្សព្រហ្ម បានថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានសួរដូច្នេះថា ម្នាលតិស្សៈ ទេវតាពួកណាខ្លះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ញាណរមែងកើតដល់ទេវតា ក្នុងពួកព្រហ្មយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ ម្នាលតិស្ស ពួកទេវតាក្នុងពួកព្រហ្មទាំងអស់ឬ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ មិនមែនទេវតាក្នុងពួកព្រហ្មទាំងអស់ទេ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាក្នុងពួកព្រហ្ម ដែលត្រេកអរដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ ដោយអធិបតេយ្យដ៏ប្រសើរ រមែងមិនដឹងនូវការរលាស់ចេញនូវធម៌នោះតទៅតាមសេចក្តីពិតទេ ទេវតានោះ មិនមែនមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះទេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាក្នុងពួកព្រហ្មណា ដែលមិនត្រេកអរ ដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ មិនត្រេកអរដោយអធិបតេយ្យដ៏ប្រសើរ ទើបដឹងនូវការរលាស់ចេញ នូវធម៌នោះតទៅទៀតតាមសេចក្តីពិត ទេវតាទាំងនោះ ទើបមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត (រួចចាកកិលេសដោយចំណែកទាំងពីរ) ទេវតាទាំងនោះ រមែងដឹងច្បាស់នូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុអង្គនេះឯង ជាឧភតោភាគវិមុត្ត កាយរបស់ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស រមែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្ត ពួកទេវតាទាំងនោះ រមែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាបញ្ញាវិមុត្ត កាយរបស់ ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស តែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាកាយសក្ខី ពួកទេវតាទាំងនោះ រមែងដឹងភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាកាយសក្ខី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេស ក្នុងសឧបាទិសេស ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាទិដ្ឋិប្បត្ត។បេ។ ជាសទ្ធាវិមុត្ត ជាធម្មានុសារី ពួកទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាធម្មានុសារី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រហ្មឈ្មោះតិស្សៈ ហើយស្រាប់តែបាត់ អំពីព្រហ្មលោក មកប្រាកដឯភ្នំឈ្មោះគិជ្ឈកូដភ្លាម ដូចបុរសមានកំឡាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលដំណើរ ដែលបានចរចាត្រឹមណា ជាមួយនឹងព្រហ្ម ឈ្មោះតិស្សៈ ដោយសព្វគ្រប់ ចំពោះព្រះដ៏មានព្រះភាគ។ ម្នាលមោគ្គល្លាន តិស្សព្រហ្ម សំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ដល់អ្នកមិនបានទេ។ ព្រះដ៏មានព្រះភាគ គប្បីសំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ណា បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរដល់សេចក្តីនោះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់សេចក្តីនោះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលមោគ្គល្លាន បើដូច្នោះ ចូរអ្នកស្តាប់ចុះ ចូរធ្វើទុកក្នុង ចិត្តដោយល្អចុះ តថាគតនឹងសំដែង។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងអស់ ទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងអស់ ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលមក នូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលមោគ្គល្លាន ពួកទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។

(សីហសេនាបតិសូត្រ ទី៤)

(៤. សីហសេនាបតិសុត្តំ)

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ សីហសេនាបតី (សេនាបតីឈ្មោះ សីហៈ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងពន្យល់នូវផលនៃទាន ដែលបុគ្គលឃើញដោយខ្លួនឯងបានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ តថាគតនឹងត្រឡប់សួរអ្នក ក្នុងរឿងនុ៎ះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយនូវរឿងនោះយ៉ាងនោះចុះ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះដូចម្តេច។ ក្នុងលោកនេះ មានបុរសពីរនាក់ បុរសម្នាក់មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសម្នាក់មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ តើគួរនឹងអនុគ្រោះបុរសណាមុន (អនុគ្រោះ) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ឬ (អនុគ្រោះ) បុរសដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ នឹងអនុគ្រោះបុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ គួរអនុគ្រោះបុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក តើគួរចូលទៅរកបុរសណាមុន (ចូលទៅរក) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ចូលទៅរក) បុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលចូលទៅរក នឹងចូលទៅរកបុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក គួរចូលទៅរកបុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសណាមុន (ទទួលយកទាន) របស់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ទទួលយកទាន) របស់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) នឹងទទួលយក (ទាន) របស់បុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ តើគួរសំដែងដល់បុរសណាមុន (សំដែង) ដល់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (សំដែង) ដល់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ នឹងសំដែងដល់បុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណាដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ គួរសំដែងដល់បុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ កិត្តិសព្ទដ៏ពីរោះ របស់បុរសណាហ្ន៎ គប្បីខ្ចរខ្ចាយទៅ (កិត្តិសព្ទ) របស់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច (ខ្ចរខ្ចាយទៅ) ឬ (កិត្តិសព្ទ) របស់បុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (ខ្ចរខ្ចាយទៅ)។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច កិត្តិសព្ទដ៏ពីរោះ របស់បុរសនោះ នឹងខ្ចរខ្ចាយទៅដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ កិត្តិសព្ទដ៏ពីរោះ របស់បុរសនោះឯង គួរនឹងខ្ចរខ្ចាយទៅបាន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ បុរសដូចម្តេចហ្ន៎ គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីចូលទៅរកបរិសទ្យនោះបាន)។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ នឹងចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម នឹងចូលទៅរកបរិសទ្យនោះ ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ បុរសណាហ្ន៎ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីទៅកើតក្នុងសុគតិសួគ៌ទេវលោក)។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន។ បពិត្រព្រះអង្គដ៏ចំរើន ផលនៃទាន ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ទាំង ៦ នេះ ព្រះដ៏មានព្រះភាគ សំដែងហើយ ខ្ញុំព្រះអង្គ មិនបានដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ រមែងអនុគ្រោះនូវខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលចូលទៅរក រមែងចូលទៅរកខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលទទួលយកទាន រមែងទទួលយកទានរបស់ខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ រមែងសំដែងដល់ខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន កិត្តិសព្ទដ៏ពីរោះរបស់ខ្ញុំព្រះអង្គ ខ្ចរខ្ចាយទៅថា សីហសេនាបតី ជាទាយក ជាអ្នកធ្វើ ជាអ្នកបម្រើសង្ឃ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ខ្ញុំព្រះអង្គ ជាអ្នកក្លៀវក្លា មិនញញើតញញើម រមែងចូលទៅរកបរិសទ្យនោះបាន។ បពិត្រព្រះអង្គដ៏ចំរើន ផលនៃទានដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯងទាំង ៦ នេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះអង្គ មិនដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ ចំណែកដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវផលនៃទានណា នឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ បុគ្គលជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ ទេវលោក ខ្ញុំព្រះអង្គ មិនបានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះទេ ឥឡូវ ខ្ញុំព្រះអង្គ ដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ត្រង់ផលនៃទានទាំងនុ៎ះ។ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលសីហៈ បុគ្គលជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។

(អរក្ខេយ្យសូត្រ ទី៥)

(៥. អរក្ខេយ្យសុត្តំ)

[៥៥] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៤ យ៉ាងនេះ តថាគត មិនបាច់រក្សាផង មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងផង។ ហេតុទាំង ៤ យ៉ាង ដែលតថាគតមិនបាច់រក្សា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានកាយសមាចារបរិសុទ្ធហើយ កាយទុច្ចរិតរបស់តថាគត មិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវកាយទុច្ចរិតនេះ របស់តថាគតឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានវចីសមាចារបរិសុទ្ធហើយ វចីទុច្ចរិតរបស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវវចីទុច្ចរិតនេះ របស់តថាគតឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានមនោសមាចារបរិសុទ្ធហើយ មនោទុច្ចរិតរបស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវមនោទុច្ចរិតនេះ របស់តថាគតឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានការចិញ្ចឹមជីវិតបរិសុទ្ធហើយ ការចិញ្ចឹមជីវិតខុស របស់តថាគត មិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវការចិញ្ចឹមជីវិតខុសនេះ របស់តថាគតឡើយ។ ហេតុទាំង ៤ យ៉ាងនេះ តថាគតមិនបាច់រក្សាទេ។ តថាគតមិនមានការតិះដៀលដោយហេតុ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមានធម៌សំដែងល្អហើយ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទចំពោះតថាគតក្នុងរឿងនោះ ប្រកបដោយហេតុថា ព្រះអង្គមិនមែនមានធម៌សំដែងដោយល្អ ដូច្នេះក្តី។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនបានឃើញនូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិញ្វន ដែលតថាគតបញ្ញត្តហើយ ដោយប្រពៃ ដល់ពួកសាវករបស់តថាគត ពួកសាវករបស់តថាគត ដែលប្រតិបត្តិតាម រមែងមានអាសវៈអស់ហើយ បានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នហើយ បានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទចំពោះតថាគត ក្នុងរឿងនោះ ប្រកបដោយហេតុថា សេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិញ្វន ព្រះអង្គមិនមែនជាបញ្ញត្តដោយប្រពៃ ដល់ពួកសាវក គួរឲ្យពួកសាវករបស់ព្រះអង្គ ដែលប្រតិបត្តិតាមហើយ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញនូវនិមិត្តនុ៎ះ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវកបរិសទ្យរបស់តថាគត ជាច្រើនរយ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទតថាគត ក្នុងរឿងនោះ ប្រកបដោយហេតុថា ពួកសាវករបស់ព្រះអង្គជាច្រើនរយ មិនមែនបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញនូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន ហើយសម្រេចសម្រាន្តនៅ។ តថាគត មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ យ៉ាងនេះឯង ព្រះតថាគត មិនបាច់រក្សាផង មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងនេះផង។

(កិមិលសូត្រ ទី៦)

(៦. កិមិលសុត្តំ)

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តវេឡុវន ជិតក្រុងកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម មិនតាំងនៅអស់កាលយូរបាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិញ្វនហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព កោតក្រែង ក្នុងព្រះធម៌ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសង្ឃ មិនមានសេចក្តីគោរពកោតក្រែង ក្នុងសិក្ខា មិនមានសេចក្តីគោរព កោតក្រែង ក្នុងសមាធិ មិនមានសេចក្តីគោរព កោតក្រែង ក្នុងអប្បមាទៈ មិនមានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម មិនតាំងនៅអស់កាលយូរ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើតថាគតបរិនិញ្វនហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ មានសេចក្តីគោរពកោតក្រែងក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែងក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង ក្នុងសមាធិ មានសេចក្តីគោរពកោតក្រែង ក្នុងអប្បមាទៈ មានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើតថាគតបរិនិញ្វនហើយ ទើបព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន។

(សត្តធម្មសូត្រ ទី៧)

(៧. សត្តធម្មសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ជាពហុស្សូត ១ ជាអ្នកសម្ងំនៅក្នុងទីស្ងាត់ ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ១ មានសតិ ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៧ យ៉ាង នេះឯង មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។

(បចលាយមានសូត្រ ទី៨)

(៨. បចលាយមានសុត្តំ)

[៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសុំសុមារគិរី នាភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងភគ្គៈ។ សម័យនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ។ ព្រះដ៏មានព្រះភាគ ទ្រង់មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ទ្រង់បានឃើញនូវព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងអង្គុយងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ លុះឃើញហើយ ក៏ទ្រង់បាត់អំពីភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគិរី ក្នុងដែនភគ្គៈ ទៅប្រាកដក្នុងទីចំពោះមុខ នៃមហាមោគ្គល្លានដ៏មានអាយុ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ ប្រៀបដូចបុរសមានកំឡាំង គប្បីលានូវដៃដែលបត់ចូល ឬគប្បីបត់ចូលនូវដៃ ដែលលាចេញ ក៏យ៉ាងនោះដែរ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ទៅនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា នែមោគ្គល្លាន អ្នកងោកងក់ឬ នែមោគ្គល្លាន អ្នកងោកងក់ឬ។ ព្រះមហាមោគ្គល្លាន តបថា ព្រះករុណា ព្រះអង្គ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ កាលបើអ្នកមានសញ្ញាយ៉ាងណាហើយ សេចក្តីងងុយងោក នៅតែគ្របសង្កត់អ្នក អ្នកគប្បីធ្វើទុកក្នុងចិត្តនូវសញ្ញានោះ គប្បីធ្វើនូវសញ្ញានោះឲ្យក្រាស់ក្រែលឡើង ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះហើយ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីត្រិះរិះរឿយ ៗ គប្បីពិចារណារឿយ ៗ គប្បីរំពឹងរឿយ ៗ នូវធម៌ដែលធ្លាប់ស្តាប់ហើយ ធ្លាប់រៀនសូត្រហើយដោយចិត្ត ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងអាចលះសេចក្តីងងុយងោកនោះបានមិនខាន។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីស្វាធ្យាយនូវធម៌ដែលអ្នកធ្លាប់ស្តាប់ហើយ ធ្លាប់រៀនសូត្រហើយ ដោយពិស្តារ ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះ បានមិនខាន។ កាលបើអ្នកធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោក នោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីខ្វៀលនូវប្រហោងត្រចៀកទាំងពីរ ហើយគប្បីស្ទាបអង្អែលខ្លួនដោយដៃ ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីក្រោកពីអាសនៈ ហើយយកទឹកលាបភ្នែក រួចគប្បីក្រឡេកមើលទិសទាំងឡាយ គប្បីក្រឡេកមើលផ្កាយនក្ខត្តឫក្ស ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងអាចលះសេចក្តីងងុយងោកនោះបានមិនខាន។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តីសំគាល់នូវពន្លឺ) គប្បីអធិដ្ឋាននូវសញ្ញាថា វេលាថ្ងៃ គឺអធិដ្ឋានថា វេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ គប្បីមានចិត្តបើកស្រឡះដូច្នេះ មិនមានអ្វីរួបរឹត ចំរើននូវចិត្តប្រកបដោយពន្លឺ ហេតុនោះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីមានសេចក្តីសំគាល់ ក្នុងខាងក្រោយ និងខាងមុខ មានឥន្រ្ទិយតាំងនៅខាងក្នុង មានចិត្តមិនប្រព្រឹត្តទៅខាងក្រៅ ហើយគប្បីអធិដ្ឋាននូវទីចង្រ្កម ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីសម្រេចនូវសីហសេយ្យ គឺដេកដូចជាសត្វសីហៈ ផ្អៀងទៅខាងស្តាំ គប្បីតម្រួតជើងដោយជើង ជាអ្នកមានសតិ មានសម្បជញ្ញៈ គប្បីធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា គឺសេចក្តីសំគាល់ថា នឹងក្រោកឡើង នែមោគ្គល្លាន កាលបើអ្នកភ្ញាក់ហើយ គប្បីក្រោកឡើងឲ្យឆាប់ ដោយគិតថា អាត្មាអញ នឹងមិនប្រកបរឿយ ៗ នូវសេចក្តីសុខព្រោះការដេក មិនប្រកបរឿយ ៗ នូវសេចក្តីសុខ ព្រោះការទំរេត មិនប្រកបរឿយ ៗ នូវសេចក្តីសុខ ព្រោះសេចក្តីងងុយងោកទេ។ នែមោគ្គល្លាន អ្នកត្រូវសិក្សាយ៉ាងនេះឯង។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ មិនលើកឡើងនូវប្រមោយ គឺ មានះឲ្យខ្ពស់ ហើយចូលទៅរកត្រកូលទាំងឡាយទេ។ នែមោគ្គល្លាន អ្នកគប្បីសិក្សាយ៉ាងនេះ។ នែមោគ្គល្លាន បើភិក្ខុលើកឡើងនូវប្រមោយ គឺមានះឲ្យខ្ពស់ ចូលទៅរកត្រកូលទាំងឡាយហើយ នែមោគ្គល្លាន ព្រោះក្នុងត្រកូលទាំងឡាយ រមែងមានកិច្ចដែលគួរធ្វើច្រើន មនុស្សទាំងឡាយ រមែងមិនយកចិត្តទុកដាក់ នឹងភិក្ខុដែលមកដល់ទេ។ ក្នុងរឿងនោះ ភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងវេលានេះ អ្នកណាហ្ន៎ បំបែកអាត្មាអញ ចេញពីត្រកូលនេះ បានជាមនុស្សទាំងនេះ មានសេចក្តីធុញទ្រាន់ ក្នុងអាត្មាអញ។ សេចក្តីអៀនខ្មាស រមែងមានដល់ភិក្ខុនោះ ដោយមិនមានលាភ កាលបើភិក្ខុមានសេចក្តីអៀនខ្មាសកើតឡើងហើយ សេចក្តីរាយមាយ ក៏កើតឡើង កាលបើភិក្ខុមានសេចក្តីរាយមាយ កើតឡើងហើយ សេចក្តីមិនសង្រួម ក៏កើតឡើង កាលបើសេចក្តីមិនសង្រួមកើតឡើងហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនពោលនូវពាក្យទាស់ទែង។ នែមោគ្គល្លាន អ្នកគប្បីសិក្សាយ៉ាងនេះចុះ នែមោគ្គល្លាន កាលបើពាក្យទាស់ទែងមានហើយ ការល្មោភនិយាយច្រើន ក៏ប្រាកដឡើង កាលបើការល្មោភនិយាយច្រើនមានហើយ សេចក្តីរាយមាយ ក៏ប្រាកដឡើង កាលបើសេចក្តីរាយមាយមានហើយ សេចក្តីមិនសង្រួម ក៏ប្រាកដឡើង កាលបើសេចក្តីមិនសង្រួមមានហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ។ នែមោគ្គល្លាន តថាគត មិនបានសរសើរនូវការជាប់ជំពាក់ដោយវត្ថុទាំងអស់ នែមោគ្គល្លាន ប៉ុន្តែតថាគត មិនមែនជាមិនសរសើរការជាប់ជំពាក់ ដោយវត្ថុទាំងអស់ទេ នែមោគ្គល្លាន តថាគត មិនបានសរសើរតែនូវការជាប់ជំពាក់ ដោយគ្រហស្ថ និងបព្វជិតទាំងឡាយប៉ុណ្ណោះ ឯសេនាសនៈណា មានសំឡេងតិច មិនមានសំឡេងគឹកកង មានខ្យល់បក់រហើយ គួរជាទីធ្វើនូវការកំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ តថាគត រមែងសរសើរនូវការជាប់ជំពាក់ដោយសេនាសនៈ មានសភាពដូច្នោះ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុមានចិត្តផុតស្រឡះពិត ក្នុងការអស់ទៅនៃតណ្ហា មានសេចក្តីសម្រេចដ៏ទៀង មានសេចក្តីក្សេមចាកយោគៈដ៏ទៀង មានព្រហ្មចារ្យដ៏ទៀង មានទីបំផុតដ៏ទៀង ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ យ៉ាងសង្ខេប តើដោយហេតុប៉ុន្មានហ្ន៎។ នែមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មានការចេះដឹងថា ធម៌ទាំងអស់ មិនគួរប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រកាន់មាំឡើយ នែមោគ្គល្លាន ភិក្ខុមានការចេះដឹងនុ៎ះថា ធម៌ទាំងអស់ មិនគួរប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រកាន់មាំ យ៉ាងនេះឡើយ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងអស់ លុះដឹងច្បាស់នូវធម៌ទាំងអស់ហើយ ក៏កំណត់ដឹងនូវធម៌ទាំងអស់ លុះកំណត់ដឹង នូវធម៌ទាំងអស់ហើយ ក៏ទទួលនូវវេទនាណាមួយ គឺវេទនាជាសុខ ឬជាទុក្ខ ឬមិនមែនជាទុក្ខមិនមែនជាសុខ។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងវេទនាទាំងនោះ ពិចារណាឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ពិចារណាឃើញរឿយ ៗ នូវការរំលត់ទុក្ខ ពិចារណាឃើញរឿយ ៗ នូវកិរិយាលះបង់។ កាលភិក្ខុនោះ ពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងវេទនាទាំងនោះ ពិចារណាឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ពិចារណាឃើញរឿយ ៗ នូវការរំលត់ទុក្ខ ពិចារណាឃើញរឿយ ៗ នូវកិរិយាលះបង់ ក៏លែងប្រកាន់មាំ នូវវត្ថុណាមួយក្នុងលោក កាលបើមិនប្រកាន់មាំហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ក៏រមែងបរិនិញ្វនដោយពិត (ភិក្ខុនោះ) ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានអប់រំហើយ សោឡសកិច្ច អាត្មាអញ បានធ្វើសេ្រចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលមោគ្គល្លាន ភិក្ខុមានចិត្តផុតស្រឡះ ព្រោះធ្វើធម៌នោះ ឲ្យជាអារម្មណ៍ ក្នុងការអស់ទៅនៃតណ្ហា មានសេចក្តីសម្រេចដ៏ទៀង មានសេចក្តីក្សេមចាកយោគៈដ៏ទៀង មានព្រហ្មចារ្យដ៏ទៀង មានទីបំផុតដ៏ទៀង ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ យ៉ាងសង្ខេប ដោយហេតុដូច្នេះឯង។

(មេត្តសូត្រ ទី៩)

(៩. មេត្តសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចនូវបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ថា តថាគតបានចំរើនមេត្តាចិត្ត ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាផលដែលបុគ្គលទទួលរឿយ ៗ អស់ឆ្នាំ ៧ ជាយូរអង្វែង លុះតថាគតចំរើននូវមេត្តចិត្តអស់ឆ្នាំ ៧ ហើយ ក៏មិនបានមកកាន់លោកនេះទៀត អស់សំវដ្តកប្ប និងវិវដ្តកប្ប ៧ ម្នាលភិក្ខុទាំងឡាយ កាលដែលលោកវិនាសទៅ តថាគត បានទៅកើតក្នុងអាភស្សរព្រហ្ម កាលដែលលោកចំរើនឡើង តថាគតបានទៅកាន់ព្រហ្មវិមានដែលសូន្យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងព្រហ្មវិមាននោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាចគ្របសង្កត់តថាគតបាន តថាគតជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើព្រហ្មទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន។ ម្នាលភិក្ខុទាំងឡាយ តថាគតកើតជាសក្កទេវរាជ ៣៦ ដង។ តថាគត បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជ ជាឥស្សរៈក្នុងផែនដី មានព្រំប្រទល់ ក្នុងទីបំផុតនៃសមុទ្រ ទាំង ៤ មានជ័យជំនះដល់នូវភាវៈមាំមួនក្នុងជនបទ បរិបូណ៌ដោយរតនៈ ទាំង ៧ ប្រការ ជាច្រើនរយផង។ ម្នាលភិក្ខុទាំងឡាយ រតនៈ ៧ ប្រការនេះ កើតដល់តថាគតនោះ គឺចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ ជាគំរប់ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគត មានកូនច្រើនពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកមាន សេចក្តីព្យាយាម អាចញាំញីនូវសេនានៃសេ្តចដទៃបាន។ តថាគតបានឈ្នះហើយ នៅគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាទេ។

ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញនូវផលនៃបុណ្យ ជាកុសលហើយ ក៏បានប្រាប់ពួកសត្វអ្នកស្វែងរកនូវសេចក្តីសុខ ហើយចំរើននូវមេត្តចិត្ត អស់ ៧ ឆ្នាំ មិនបានមកកាន់លោកនេះទៀត អស់សំវដ្តកប្ប និងវិវដ្តកប្ប ៧ ដង កាលដែលលោកវិនាស តថាគតទៅកើត ក្នុងអាភស្សរព្រហ្ម កាលដែលលោកចំរើន តថាគត ចូលទៅកាន់ព្រហ្មលោកដែលសូន្យ ក្នុងកាលនោះ តថាគត បានជាមហាព្រហ្ម ជាអ្នកធ្វើព្រហ្មឯទៀត ឲ្យលុះក្នុងអំណាចនៃខ្លួនអស់ ៧ ដង បានជាស្តេចនៃទេវតា ជាកំពូលនៃទេញ្តអស់ ៣៦ ដង បានជាស្តេចចក្រពត្តិ ជាធំក្នុងជម្ពូទ្វីប។ បានជាក្សត្រដែលបានមុទ្ធាភិសេក ជាអធិបតីរបស់មនុស្ស បានឈ្នះនូវផែនដីនេះដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តា មិនបាច់កំហែងកំហល់ទេ បានប្រៀនប្រដៅដោយធម៌ដ៏ស្មើ ហើយបានសោយរាជសម្បត្តិនោះ លើមណ្ឌលនៃផែនដីនេះដោយធម៌ តែងបានកើតក្នុងត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន បរិបូណ៌ដោយកាមទាំងពួងផង ដោយរតនៈទាំង ៧ ផង ព្រះពុទ្ធទាំងឡាយ ជាអ្នកសង្គ្រោះពួកសត្វលោក ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងដោយប្រពៃ នូវហេតុនុ៎ះ នេះជាហេតុ ហៅថា ជាម្ចាស់នៃផែនដីរបស់ជនដ៏ច្រើន តថាគតជាស្តេច មានទ្រព្យសម្បត្តិច្រើន ជាអ្នកអង់អាច ជាអ្នកមានឫទ្ធិ មានយស ជាឥស្សរៈក្នុងជម្ពូទ្វីប។ បុគ្គលណាស្តាប់ហើយ មិនជ្រះថ្លា ចាត់ជាកណ្ហាភិជាតិ ព្រោះហេតុ នោះ បុគ្គលមានប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវភាវៈជាធំ រលឹកនូវពុទ្ធសាសនា គប្បីធ្វើនូវសេចក្តីគោរពនូវព្រះសទ្ធម្មចុះ។

(ភរិយាសូត្រ ទី១០)

(១០. ភរិយាសុត្តំ)

[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។

ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។

(កោធនសូត្រ ទី១១)

(១១. កោធនសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ធម៌ ៧ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សត្រូវក្នុងលោកនេះ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ មានវណ្ណៈអាក្រក់។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះវណ្ណៈទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ (កាលបើ) មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាងូតស្អាត លាបស្រឡាបល្អ បានកោរសក់ និងពុកមាត់ ហើយស្លៀកសំពត់មានពណ៌ ស ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ឈ្មោះថា មានវណ្ណៈអាក្រក់ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ទី ១ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ ដេកជាទុក្ខ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងការដេកជាសុខរបស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាដេកលើបល្ល័ង្ក លើកម្រាលព្រំ ដែលមានរោមវែងជាង ៤ ធ្នាប់ លើកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ លើកម្រាលដែលគេធ្វើដោយរោមសត្វជាផ្កាចង្កោម លើកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកឈ្មូស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតានដែលមានពណ៌ក្រហម ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ ក៏ ឈ្មោះថា ដេកជាទុក្ខដោយពិត។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានប្រយោជន៍ច្រើនឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងប្រយោជន៍ដ៏ច្រើន របស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ ជាអ្នកមានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ កាន់យកនូវហេតុមិនមែនជាប្រយោជន៍ សំគាល់ថាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង កាន់យកនូវហេតុជាប្រយោជន៍ សំគាល់ថាហេតុមិនមែនជាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង។ នេះជាធម៌ ជាសត្រូវដល់គ្នានឹងគ្នា ដែលសត្រូវនោះ មានសេចក្តីក្រោធគ្របសង្កត់ កាន់យកហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានភោគៈឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានភោគៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសបុគ្គល មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ភោគៈទាំងឡាយណា ដែលបុគ្គលនោះ បានមកដោយសេចក្តីប្រឹងប្រែងព្យាយាម សន្សំដោយកំឡាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ព្រះរាជាទាំងឡាយ រមែងញុំាងភោគៈទាំងនោះ របស់បុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់ ឲ្យចូលទៅកាន់ព្រះឃ្លាំង។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានយសឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានយសទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ យសណា របស់បុគ្គលនោះ ដែលបានមក ដោយសេចក្តីមិនប្រមាទ (កាលបើ) មានសេចក្តីក្រោធគ្របសង្កត់ហើយ ក៏រមែងភ្លាត់ចេញចាកយសនោះមិនខានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានមិត្តឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានមិត្តទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ពួកមិត្ត អាមាត្យ ញាតិ សាលោហិតណា របស់បុរសបុគ្គលនោះ ពួកជនទាំងនោះ រមែងវៀរបង់នូវបុរសបុគ្គល ដែលមានសេចក្តីក្រោធគ្របសង្កត់នោះ អំពីចម្ងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជា ធម៌ទី ៦ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីចូលទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែងមិនត្រេកអរដល់សត្រូវ ដោយដំណើរទៅកាន់សុគតិទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែបុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ក៏ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់នោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៧ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ ប្រការនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធជាប្រក្រតី។

បុគ្គលមានសេចក្តីក្រោធ រមែងមានវណ្ណៈអាក្រក់ ទាំងបុគ្គលនោះ រមែងដេកជាទុក្ខ ទោះបីកាន់យកនូវប្រយោជន៍ហើយ រមែងប្រតិបត្តិមិនជាប្រយោជន៍វិញ បុរសមានសេចក្តីក្រោធ ត្រូវសេចក្តីក្រោធគ្របសង្កត់ ធ្វើនូវការសម្លាប់ដោយកាយ ដោយវាចា ក្នុងកាលនោះហើយ រមែងដល់នូវសេចក្តីសាបសូន្យ ចាកទ្រព្យមិន ខាន បុរសដែលស្រវឹង ព្រោះស្រវឹងដោយសេចក្តីក្រោធហើយ រមែងដល់នូវសេចក្តីអាប់យស ពួកញាតិ មិត្ត និងអ្នកមានចិត្តល្អ សំឡាញ់ រមែងចៀសវាងនូវបុគ្គលអ្នកមានសេចក្តីក្រោធ។ សេចក្តីក្រោធ ជាហេតុឲ្យកើតសេចក្តីវិនាស សេចក្តីក្រោធ ជាហេតុញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើង ក្នុងសន្តាន ជនមិនបានដឹងនូវភ័យនោះឡើយ។ បុគ្គលអ្នកក្រោធ មិនដឹងនូវសេចក្តីចំរើន បុគ្គលអ្នកក្រោធ មិនឃើញនូវធម៌ សេចក្តីក្រោធគ្របសង្កត់នូវជនណា សេចក្តីងងឹត រមែងមានប្រាកដដល់ជននោះ ក្នុងកាលនោះដែរ។ បុគ្គលអ្នកក្រោធ បៀតបៀននូវបុគ្គលណា កាលធ្វើនូវអំពើអាក្រក់ ហាក់ដូចជាអំពើល្អ បុគ្គលអ្នកក្រោធនោះ កាលបើសេចក្តីក្រោធប្រាសចេញហើយ រមែងក្តៅក្រហាយ ជាខាងក្រោយ ដូចជាត្រូវភ្លើងឆេះ។ សេចក្តីក្រោធ ឆួលឡើងក្នុងវេលាណា មាណពទាំងឡាយ ខឹងក្នុងវេលា ណា រមែងសំដែងនូវមុខក្រញូវជាដម្បូង ក្នុងវេលានោះ ដូចភ្លើងកាលបង្ហុយនូវផ្សែង។ បុគ្គលនោះ មិនមានហិរិ មិនមានឱតប្បៈ មិនមានសេចក្តីគោរពឡើយ បុគ្គល ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ រមែងរកទីពឹងបន្តិចបន្តួចគ្មាន។ កម្មទាំងឡាយណា ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ក៏រមែងឆ្ងាយអំពីធម៌ តថាគត នឹងសំដែងប្រាប់នូវកម្មទាំងនោះ ចូរអ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះ តាមសេចក្តីពិត។ បុគ្គលក្រោធ សម្លាប់នូវបិតា ក៏មាន បុគ្គលក្រោធ សម្លាប់នូវមាតារបស់ខ្លួនក៏មាន បុគ្គលក្រោធ សម្លាប់នូវខីណាសវញ្រហ្មណ៍ក៏មាន បុគ្គលក្រោធ សម្លាប់នូវបុថុជ្ជនក៏មាន។ បុរសដែលមាតាណាចិញ្ចឹមហើយ បានឃើញច្បាស់នូវលោកនេះ បុថុជ្ជនដែលក្រោធ រមែងសម្លាប់នូវមាតា ដែលឲ្យនូវជីវិតនោះក៏មាន។ សត្វទាំងនោះ មានខ្លួនជាឧបមា ព្រោះខ្លួនជាទីស្រឡាញ់ដ៏ឧត្តម បុគ្គលក្រោធ ដែលជ្រប់ទៅក្នុងរូបផ្សេង ៗ រមែងសម្លាប់នូវខ្លួនដោយហេតុផ្សេង ៗ។ ពួកជនដែលជ្រប់ទៅ (ក្នុងរូបផ្សេង ៗ) ហើយ រមែងសម្លាប់ខ្លួនដោយដាវ ទំពាស៊ីនូវថ្នាំពិស ចងកសម្លាប់ ទម្លាក់ខ្លួនក្នុងជ្រោះភ្នំ។ ជនទាំងឡាយ កាលធ្វើនូវអំពើ ជាហេតុនាំឲ្យសាបសូន្យ ចាកសេចក្តីចំរើនផង ជាហេតុនឹងសម្លាប់ខ្លួនផង រមែងមិនបានដឹងខ្លួនទេ បុគ្គលដែលមានសេចក្តីក្រោធ កើតឡើងហើយ រមែងវិនាសមិនខាន។ អន្ទាក់ គឺសេចក្តីស្លាប់នេះ ជាគុហា ជាទីអាស្រ័យនៅ ដោយសភាពនៃសេចក្តីក្រោធ ដោយប្រការដូច្នេះ បុគ្គលគួរផ្តាច់ផ្តិលនូវសេចក្តីក្រោធនោះចេញ ដោយទមៈបញ្ញា ព្យាយាម និងមគ្គសម្មាទិដ្ឋិ បណ្ឌិតគប្បីផ្តាច់ផ្តិល នូវអកុសលមួយ ៗ។ បុគ្គលគប្បីសិក្សានូវធម៌ទាំងឡាយ ដូច្នេះថា យើងទាំងឡាយ កុំមានមុខក្រញូវឡើយ។ កាលបើអ្នកមិនមានសេចក្តីក្រោធ មិនមានសេចក្តីប៉ុនប៉ង មិនមានសេចក្តីលោភ មិនមានសេចក្តីខ្វល់ខ្វាយ មានខ្លួនទូន្មានហើយ សម្លាប់បង់នូវសេចក្តីក្រោធហើយ នឹងបានជាអនាសវបុគ្គល បរិនិញ្វនពុំខាន។

ចប់ អព្យាកតវគ្គ ទី១។

ឧទ្ទាននៃអព្យាកតវគ្គនោះគឺ

និយាយអំពីវត្ថុ ដែលគេមិនបានពោល ១ អំពីញាណគតិរបស់បុរស ១ អំពីភិក្ខុឈ្មោះតិស្សៈ ១ អំពីសេនាបតី ឈ្មោះសីហៈ ១ អំពីហេតុដែលព្រះដ៏មានព្រះភាគ មិនបាច់រក្សា ជាគំរប់ប្រាំ អំពីព្រះកិមិលៈ ១ អំពីភរិយា ៧ ពួក ១ អំពីសេចក្តីក្រោធ ១។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann