km:tipitaka:sut:an:08:sut.an.08.019

បហារាទសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.019 បាលី cs-km: sut.an.08.019 អដ្ឋកថា: sut.an.08.019_att PTS: ?

បហារាទសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. បហារាទសុត្តំ)

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រោម​ដើមស្ដៅ ជាលំនៅ​នៃ​នឡេរុយក្ខ ទៀប​ស្រុក​វេរញ្ជា។ គ្រានោះ បហារាទ អសុរិន្ទ (សេ្ដច​អសុរ ឈ្មោះ​បហារាទ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ឋិត​នៅក្នុង​ទីសមគួរ។ លុះ​បហារាទ អសុរិន្ទ ​ឋិតនៅក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​បហារាទ ចុះពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរ។ ម្នាល​បហារាទ ចុះក្នុង​មហាសមុទ្រ មានហេតុ​ជា​អស្ចារ្យចំឡែក​ប៉ុន្មាន​យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​ទៅ​តែម្ដង ដូចជា​អណ្ដូង​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទី​ជម្រាលទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិន​ចោតជ្រៅ​ទៅតែម្ដង ដូចជា​អណ្ដូង ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ទី១ ក្នុង​មហាសមុទ្រ ដែល​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួសច្រាំង​ទៅបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទឹកតាំង​នៅនឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួស​ច្រាំង​ទៅបាន ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ទេ បើ​សាកសព​ស្លាប់ណា មានក្នុង​មហាសមុទ្រ រលកតែង​បន្សាត់​សាកសព​ស្លាប់នោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើ​គោក​មួយរំពេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា មាននៅ​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសព​ស្លាប់នោះ​ទៅរក​ច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ចំឡែក​ ទី៣ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទន្លេធំៗ ទាំងឡាយ​ណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើ​ទន្លេ​ទាំងនោះ ហូរទៅដល់​មហាសមុទ្រ​ហើយ រមែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់​បញ្ចូល​ថា មហាសមុទ្រ​តែម្យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទន្លេធំៗ​ទាំងឡាយ​ណាមួយ គឺ ទន្លេគង្គា។បេ។ ដល់នូវ​កិរិយា​រាប់ថា មហាសមុទ្រ​តែម្យ៉ាង ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក​ ទី៤ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទឹកទន្លេ​ទាំង​ឡាយណា​មួយ​ក្នុងលោក ដែលហូរ​ស្រោច​ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹក​ភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារទឹកភ្លៀង​នោះឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ដែលហូរ​ស្រោច ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាសក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារ​ទឹកភ្លៀង​នោះ ដោយ​ហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៥ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានរស​តែមួយ គឺរសប្រៃ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហា​សមុទ្រ មានរស​តែមួយ គឺរសប្រៃ ដោយហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៦ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មាន​រតនៈ (ទ្រព្យជា​គ្រឿងពេញ​ចិត្ត) ច្រើន​យ៉ាង មិនមែនមាន​តែរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ កែវមុក្តា កែវមណី កែវពីទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវ​មរកត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និង​កែវ​មរកត ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៧ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយវិញទៀត មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍ខ្លះ មានអត្តភាព ៣០០​យោជន៍ខ្លះ មាន​អត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅ​អាស្រ័យក្នុង​មហា​សមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍ខ្លះ។បេ។ មានអត្តភាព ៣០០​យោជន៍ខ្លះ មានអត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ ដោយ​​ហេតុណា បពិត្រ​ព្រះអង្គដ៏​ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ហេតុជា​អស្ចារ្យ​ចំឡែក ក្នុងមហាសមុទ្រ មាន ៨យ៉ាង​នេះឯង ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះពួក​ភិក្ខុ​ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះដែរឬ។ ម្នាល​បហារាទ ពួកភិក្ខុតែង​រីករាយ ក្នុង​ធម្មវិន័យ​នេះដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងធម្មវិន័យ​នេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ប៉ុន្មាន​យ៉ាង ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលពួកភិក្ខុ​​ឃើញហើយ ៗ តែង​រីករាយ ក្នុង​ធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច។ ម្នាល​បហារាទ មហាសមុទ្រ​ដែលមាន​ទំនាបទៅ​ដោយ​លំដាប់ មានទី​ជម្រាល​ទៅដោយ​លំដាប់ មានទី​ទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅទៅ​តែម្ដង​ដូច​អណ្ដូង​ទេ យ៉ាងណា​មិញ ម្នាល​បហារាទ ក្នុង​ធម្មវិន័យនេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយលំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​តែម្ដង​ទេ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​បហារាទ ក្នុង​ធម្មវិន័យ​នេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​​តែម្ដង​ទេ ដោយ​ហេតុណា ម្នាល​បហារាទ នេះជាហេតុ​អស្ចារ្យចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែល​ពួក​ភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែលឡើង ឬ​ជោរ​ហួសច្រាំង​ទៅ យ៉ាងណាមិញ ម្នាល​បហារាទ សិក្ខាបទណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មានហេតុ​ដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ សិក្ខាបទ​ណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មាន​ហេតុ​ដល់​ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមិន​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា ដែលមាន​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសពនោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច យ៉ាងណាមិញ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មាន​មារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើ​អាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថាជា​សមណៈ ជាអ្នកប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួន​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូច​សម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំ​គ្នា នាំយកបុគ្គលនោះ​ចេញមួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គល​នោះ ឈ្មោះថានៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាងសង្ឃ ក៏ឈ្មោះ​ថា​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះដែរ។ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មានមារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើអាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថា​ជា​សមណៈ ជាអ្នក​ប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោកដោយ​រាគៈ ក្រខ្វក់​ដូចសម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំគ្នា នាំយកបុគ្គល​នោះចេញ​មួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គលនោះ ឈ្មោះថា​នៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាង​សង្ឃ ក៏ឈ្មោះថា នៅឆ្ងាយ​អំពីបុគ្គល​នោះ ដោយ​ហេតុណា ម្នាលបហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៣ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ ទន្លេធំៗ ទាំងឡាយណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេ​ទាំងនោះ ហូរចូលទៅ​ដល់​មហាសមុទ្រ​ហើយ តែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយដល់​នូវ​កិរិយា​រាប់ថា​ជា​មហាសមុទ្រ​តែម្យ៉ាង យ៉ាង​ណា​មិញ ម្នាល​បហារាទ វណ្ណៈ គឺត្រកូល ៤ ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈ​ទាំងនោះ​ចេញចាក​ផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែលតថាគត​សំដែងហើយ រមែង​លះបង់​នាម និងគោត្រដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់ថា​ជា​សមណ​សក្យបុត្រ​តែម្យ៉ាង ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ វណ្ណៈ ៤ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ វណ្ណៈ​ទាំងនោះ​ចេញចាកផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែល​តថាគត​សំដែងហើយ រមែង​លះ​បង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវ​កិរិយា​រាប់ថាជា សមណ​សក្យបុត្រ​តែម្យ៉ាង ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៤ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាលបហារាទ ទឹកទន្លេ​ទាំងឡាយណា​មួយ​ក្នុង​លោក ដែលហូរ​ស្រោច​ចុះទៅ​កាន់​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ​ក៏មិន​ប្រាកដ​ជាស្រក ឬពេញ​ដោយទឹក​នោះ យ៉ាង​ណា​មិញ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ​ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៥ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមាន​រសតែមួយ គឺរសប្រៃ យ៉ាង​ណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៦ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានតែ​មួយទេ រតនៈ​ទាំងនេះ ក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) ​កែវ​មរកត យ៉ាង​ណាមិញ ម្នាល​បហារាទ ធម្មវិន័យ​នេះ មានរតនៈ​​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែ​មួយទេ រតនៈ​ទាំងនេះ​ ក្នុង​ធម្មវិន័យនោះ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មាន​រតនៈ​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែមួយទេ រតនៈ​ទាំង​នេះ​ ក្នុងធម្មវិន័យ​នោះ​គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៧ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ​ដែលជាទី​នៅអាស្រ័យ​នៃពួកសត្វ​ធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មាន​អត្តភាព ១០០យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍​ខ្លះ មានអត្តភាព​ ៣០០​យោជន៍​ខ្លះ មានអត្តភាព ៤០០​យោជន៍​ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ យ៉ាងណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅ​អាស្រ័យនៃ​ពួកបុគ្គល​ធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុង​ធម្មវិន័យ​នោះ​គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិផល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​​អនាគាមិផល អរហន្ដ និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ដ ក៏យ៉ាង​នេះ​ដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះគឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​​ឲ្យជាក់ច្បាស់​នូវ​អនាគាមិផល អរហន្ដ និង​បុគ្គលដែល​កំពុងប្រតិបត្តិ ដើម្បី​ភាវៈ​នៃខ្លួន​ជាអរហន្ដ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៨ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ទាំង ៨ យ៉ាងនេះឯង ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុង​ធម្មវិន័យនេះ។

 

លេខយោង

km/tipitaka/sut/an/08/sut.an.08.019.txt · ពេលកែចុងក្រោយ: 2023/04/02 02:19 និពន្ឋដោយ Johann