km:tipitaka:sut:an:08:sut.an.08.021

បឋមឧគ្គសូត្រ ទី១

សង្ខេប

ធម៌​អស្ចារ្យ​ចំឡែក ៨​យ៉ាង​របស់ ឧគ្គគហបតី អ្នក​ក្រុង​វេសាលី។

an 08.021 បាលី cs-km: sut.an.08.021 អដ្ឋកថា: sut.an.08.021_att PTS: ?

បឋមឧគ្គសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. បឋមឧគ្គសុត្តំ)

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលចាំទុក​នូវឧគ្គគហបតី អ្នកស្រុក​វេសាលី ថាជាអ្នក​ប្រកប​ដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់​នូវពាក្យនេះ លុះ​ព្រះសុគត ទ្រង់ត្រាស់​នូវពាក្យនេះរួច​ហើយ ទើប​ក្រោកចាក​អាសនៈ ហើយទ្រង់​ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលី លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែល​គេក្រាល​ទុក។ ទើប​ឧគ្គគហបតី អ្នកស្រុក​វេសាលី ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់ ថ្វាយបង្គំ​ភិក្ខុនោះ​ដោយគោរព ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​វេសាលី អង្គុយក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ ក៏បានពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ម្នាល​គហបតី អ្នកប្រកប​ដោយធម៌អស្ចារ្យ​ចំឡែក​ទាំងឡាយ​​ណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក​ទាំង ៨ នោះ តើដូចម្តេច។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា​មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង​ដូចម្តេចខ្លះ ដែលព្រះ​ដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប៉ុន្តែធម៌​អស្ចារ្យ​ចំឡែក ៨យ៉ាងណា ដែលមាន​ដល់ខ្ញុំ​ករុណា លោកម្ចាស់​ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃ​ចុះ ខ្ញុំព្រះករុណា​នឹង​សំដែង​នូវ​ធម៌អស្ចារ្យ​ចំឡែក​ទាំងនោះ។ ភិក្ខុនោះ ទទួលស្តាប់​ពាក្យឧគ្គគហបតី អ្នកស្រុក​វេសាលី​ថា ចំរើន​ពរ​គហបតី។ ឧគ្គគហបតី​អ្នកស្រុកវេសាលី បាន​ពោល​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​បើខ្ញុំ​ករុណា​បានឃើញ​ព្រះដ៏មានព្រះភាគ អំពីចម្ងាយ​ជាដំបូងហើយ​ បពិត្រលោកម្ចាស់​​ដ៏ចំរើន ចិត្តខ្ញុំករុណា ក៏ជ្រះថ្លា​ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់​តែបានឃើញ​ប៉ុណ្ណោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នោះជាធម៌អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណា មានចិត្តជ្រះថ្លា​ហើយ ក៏ចូល​ទៅ​អង្គុយ​ជិតព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា ដល់​ខ្ញុំករុណា គឺទ្រង់​សំដែង​ទានកថា សីលកថា សគ្គកថា ទោស​របស់កាម​ទាំងឡាយ​ដ៏លាមក សៅហ្មង និង​អានិសង្ស​ក្នុងការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណា​មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹក​ជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើង​ដល់ខ្ញុំករុណា លើអាសនៈ​នោះឯងថា ធម្មជាត​ណាមួយ ដែលកើត​ឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជា​ធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា​បានឃើញ​អរិយសច្ច​ធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុង​អរិយសច្ចធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា​ហើយ មិនបាន​ជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្តា​ បានដល់​ព្រះពុទ្ធផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទីពឹង​ ក្នុងទីនោះ ទាំងបាន​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មានដល់​ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារី​ជា​ប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់​ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរក​ប្រពន្ធ​ទាំង​នោះ លុះចូលទៅ​ដល់ហើយ ក៏ពោល​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាលនាង​ទាំងឡាយ យើង​សមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណា​ប្រាថ្នា នាងនោះ ចូរប្រើប្រាស់​នូវភោគៈ​ទាំងឡាយ​នេះផង ចូរធ្វើ​បុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូលញាតិ ជារបស់​ខ្លួនក៏បាន ពុំនោះ​សោត នាង​ទាំង​ឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និយាយ​យ៉ាងនេះហើយ នាងដែល​ជាប្រពន្ធ​ច្បងនោះ និយាយ​នឹង​ខ្ញុំករុណាថា បពិត្រ​អយ្យបុត្ត ចូរអ្នកឲ្យ​ខ្ញុំទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅ​បុរសនោះមក ហើយដៃឆ្វេង​កាន់ប្រពន្ធ ដៃស្តាំ​កាន់កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យដល់​បុរសនោះ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា លះបង់​នូវនាង​កុមារី ឲ្យទៅជាទាន​ហើយ ក៏មិនដឹង​ធ្វើចិត្តឲ្យ​ប្រែប្រួល​ឡើយ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគៈ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំ​ករុណា តែភោគៈ​ទាំងនោះ មិនបាន​ចែកមុខ​អំពី​លោកអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែងមាន​ដល់​ខ្ញុំ​ករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំ​ករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុណា តែង​ចូលទៅ​អង្គុយ​ជិត ដោយគោរព មិនមែន​ចូលទៅ​អង្គុយជិត ដោយមិនគោរពទេ។ បពិត្រ​លោក​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៥ តែងមាន​ដល់​ខ្ញុំករុណា។ បើលោក​ដ៏មាន​អាយុ​នោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនមែនស្តាប់​ដោយ​មិនគោរព​ទេ បើលោកដ៏មាន​អាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា តែង​សំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុនោះ​វិញ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៦ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ពួកទេវតា​តែង​ចូល​មករក​ខ្ញុំករុណា ហើយ​ប្រាប់ថា ម្នាល​គហបតិ ធម៌ដែល​ព្រះដ៏មានព្រះភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ​ដូច្នេះ មិនជា​ទីអស្ចារ្យ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ទេវតា និយាយ​យ៉ាងនេះ​ហើយ ខ្ញុំករុណា ក៏និយាយ​ទៅរក​ពួកទេវតា​ទាំងនោះ ​យ៉ាងនេះថា ម្នាល​ទេវតា​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ពោលយ៉ាង​នេះក្តី មិនគប្បី​ពោល​យ៉ាងនេះក្តី ឯធម៌​ពិត ព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែង​ហើយដោយ​ប្រពៃ​មែន។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹង​ថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុ​ទេ ពួកទេវតា​តែងចូលមក​រកខ្ញុំករុណា​ក៏មាន ខ្ញុំករុណា​តែង​ចរចា ជាមួយនឹង​ពួក​ទេវតា​ក៏មាន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៧ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រលោក​ម្ចាស់ដ៏ចំរើន សញ្ញោជនធម៌​ទាំងឡាយ ជាចំណែកខាង​ក្រោម ៥ យ៉ាង​ណា​ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ បណ្តា​សញ្ញោជនៈ​ទាំងនោះ ខ្ញុំ​ករុណា​ពិចារណារក​សញ្ញោជនធម៌​បន្តិចបន្តួច ដែលមិនទាន់​លះបង់​ក្នុងខ្លួន​មិនឃើញ​ឡើយ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែងមាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌អស្ចារ្យ​ចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែក​ខ្ញុំករុណា មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់បាន​ព្យាករហើយ​។ ​គ្រានោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលីហើយ ក៏ក្រោក​ចាក​អាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់ពី​បិណ្ឌបាត ក្នុង​វេលា​ខាង​ក្រោយ​នៃភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយក៏​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​នូវរឿងរ៉ាវ​ទាំងអស់​នោះ ដែលខ្លួន​ចរចា​ទាំង​ប៉ុន្មាន ជាមួយ​នឹងឧគ្គគហបតី អ្នកស្រុក​វេសាលី ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​វេសាលី កាលបើ​ព្យាករ​ឲ្យសម​ហេតុ ឈ្មោះថា​ព្យាករ​តាមពិត ម្នាលភិក្ខុ​ ឧគ្គគហបតី អ្នកស្រុក​វេសាលី ប្រកបដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលតថាគត​បានព្យាករ​ហើយ ម្នាលភិក្ខុ មួយទៀត អ្នកទាំងឡាយ ចូរចាំទុកនូវ​ឧគ្គគហបតី អ្នកស្រុក​វេសាលី ថាប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែកទាំង ៨ យ៉ាងនេះចុះ។

 

លេខយោង

km/tipitaka/sut/an/08/sut.an.08.021.txt · ពេលកែចុងក្រោយ: 2023/04/02 02:19 និពន្ឋដោយ Johann