km:tipitaka:sut:an:08:sut.an.08.022

ទុតិយឧគ្គសូត្រ ទី២

សង្ខេប

ធម៌​អស្ចារ្យ​ចំឡែក ៨​យ៉ាង​របស់ ឧគ្គ​គហបតី អ្នក​ស្រុកហត្ថិ​គ្រាម។

an 08.022 បាលី cs-km: sut.an.08.022 អដ្ឋកថា: sut.an.08.022_att PTS: ?

ទុតិយឧគ្គសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ទុតិយឧគ្គសុត្តំ)

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​ហត្ថិគ្រាម ក្នុង​ដែនវជ្ជី។ ក្នុង​ទី​នោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ថាជា​អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់​ពាក្យនេះរួច​ហើយ ក៏ក្រោក​ចាក​អាសនៈ ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ​របស់​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេ​ក្រាលទុក។ លំដាប់​នោះ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់​ ថ្វាយ​បង្គំភិក្ខុនោះ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ​ពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះ​ដ៏មានព្រះភាគ​ទ្រង់ព្យាករ​ហើយ ម្នាល​គហបតី អ្នកប្រកបដោយ​ធម៌​អស្ចារ្យ​ ៨យ៉ាងណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក ៨ យ៉ាង​នោះ តើដូចម្តេច។ បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណា​មិនដឹងសោះថា ខ្ញុំ​ករុណា ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេច​ខ្លះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ក៏ប៉ុន្តែ ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាងណា ដែល​មានដល់ខ្ញុំ​ករុណា សូមលោកម្ចាស់​ស្តាប់នូវធម៌​អស្ចារ្យ​ចំឡែក​ទាំងនោះ សូមធ្វើ​ទុកក្នុងចិត្ត​ដោយប្រពៃចុះ ខ្ញុំករុណានឹង​សំដែង ភិក្ខុនោះ ទទួលស្តាប់ពាក្យ​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម​ថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម បាន​ពោល​ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​ខ្ញុំករុណា កំពុង​ត្រាច់​ទៅក្នុង​នាគវន បាន​ឃើញ​ព្រះដ៏មានព្រះភាគ​ជាដំបូង អំពីចម្ងាយ បពិត្រ​លោកដ៏ចំរើន ចិត្តខ្ញុំ​ករុណា​ក៏ជ្រះថ្លា ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់តែ​ឃើញ​ប៉ុណ្ណោះ ទាំងការ​ស្រវឹង​សុរា ក៏​ស្វាង​ទៅ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លុះខ្ញុំ​ករុណា​មានចិត្ត​ជ្រះថ្លា​ហើយ ក៏ចូលទៅ​អង្គុយ​ជិត​ព្រះមានព្រះភាគ ព្រះអង្គ​ទ្រង់សំដែង​អនុបុព្វីកថា​ដល់ខ្ញុំ​ករុណា គឺទ្រង់​ប្រកាស​ទានកថា សីលកថា សគ្គកថា ទោសរបស់កាម​ដ៏លាមក​សៅហ្មង និងអានិសង្ស​ក្នុង​ការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណា​មានចិត្តស្រួល មាន​ចិត្តទន់ មានចិត្តផុត​ចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្ត​ជ្រះថ្លា ក្នុង​កាលណា ព្រះអង្គ​ក៏ទ្រង់​សំដែង​ធម៌ទេសនា​ ដែល​ព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើង​សំដែង ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុង​កាលនោះ។ សំពត់​សស្អាត មិនប្រឡាក់​ពណ៌ខ្មៅ គួរទទួល​ទឹកជ្រលក់​បាន ដោយប្រពៃ យ៉ាង​ណា​មិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់ខ្ញុំ​ករុណា លើអាសនៈ​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើតឡើង​ហើយ​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជាធម្មតា ក៏យ៉ាង​នោះដែរ។ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំករុណា បានឃើញ​អរិយសច្ចធម៌ បានដល់​អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសស្តា បានដល់​នូវព្រះពុទ្ធ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង​ក្នុងទីនោះ ទាំងបាន​សមាទាន នូវ​សិក្ខាបទ​ទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥។ បពិត្រ​លោកម្ចាស់ដ៏​ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា មាននាង​កុមារី​ជាប្រពន្ធ ៤ នាក់។ បពិត្រលោក​ម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំករុណា​ចូលទៅរក​ប្រពន្ធ​ទាំងនោះ លុះចូលទៅ​ដល់ហើយ បាននិយាយ​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាល​នាងទាំងឡាយ យើងបានសមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្ម​ចរិយៈ ជា​គំរប់​ ៥ ហើយ បើនាង​ណាប្រាថ្នា នាងនោះ​ចូរប្រើប្រាស់​នូវ​ភោគសម្បត្តិ​ទាំងនេះ​ផង ចូរ​ធ្វើបុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូល​ញាតិរបស់ខ្លួន​ក៏បាន ពុំនោះ​សោត នាងទាំងឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា​និយាយ​យ៉ាងនេះ​ហើយ នាង​ដែលជា​ប្រពន្ធ​ច្បង​នោះ ក៏និយាយ​នឹងខ្ញុំ​ករុណា ដូច្នេះថា បពិត្រ​អយ្យបុត្គ សូមអ្នក​ឲ្យខ្ញុំ​ទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ទើបខ្ញុំករុណា​ ក៏ឲ្យគេហៅ​បុរសនោះ​មក ហើយដៃ​ឆ្វេងកាន់​ប្រពន្ធ ដៃស្តាំ​កាន់​កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាល​​ខ្ញុំករុណា លះបង់​នាងកុមារី​ឲ្យទៅជា​ទានហើយ ក៏មិនដឹង​ធ្វើចិត្ត​ឲ្យប្រែប្រួល​ឡើយ។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគសម្បត្តិ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំករុណា តែ​ភោគសម្បត្តិ​ទាំងនោះ មិនទាន់បាន​ចែកមុខ អំពីអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំករុណា​ចូល​ទៅ​អង្គុយ​​ជិត​ភិក្ខុណា តែចូល​ទៅអង្គុយជិត​ដោយគោរព មិនបាន​ចូលទៅអង្គុយ​ជិតដោយ​​មិនគោរព​ទេ។ បើ​លោកដ៏​មាន​អាយុនោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនបាន​ស្តាប់​ដោយ​មិនគោរពទេ ប្រសិនបើ​លោកដ៏មានអាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា​តែងសំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុ​នោះវិញ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៥ តែង​មានដល់​ខ្ញុំករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និមន្ត​ព្រះសង្ឃមក​ហើយ ពួកទេវតា ចូលទៅ​ប្រាប់ថា ម្នាល​គហបតី ភិក្ខុ​ឯណោះ ជាឧភតោភាគវិមុត្ត1) ភិក្ខុ​ឯណោះ ជាបញ្ញាវិមុត្ត2) ភិក្ខុ​ឯណោះ ជា​កាយសក្ខី3) ភិក្ខុ​ឯណោះ ជាទិដ្ឋិប្បត្តៈ4) ភិក្ខុ​ឯណោះ ជាសទ្ធាវិមុត្ត5) ភិក្ខុឯណោះ ជាធម្មានុសារី6) ភិក្ខុ​ឯណោះ ជាសទ្ធានុសារី7) ភិក្ខុ​ឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុ​ឯណោះ ជាអ្នក​ទ្រុស្តសីល មានធម៌​ដ៏លាមក ហេតុនេះ មិនជា​អស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា កំពុងអង្គាស​ព្រះសង្ឃ មិនដឹង​ធ្វើចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុ​នេះផង ឲ្យវត្ថុច្រើន​ដល់ភិក្ខុ​នេះផងទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​ឲ្យទាន​មានចិត្តស្មើ​ដោយពិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៦ តែងមាន​ដល់ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ពួកទេវតា តែង​ចូលមករក​ខ្ញុំករុណា ហើយប្រាប់​ថា ម្នាល​គហបតី ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ​ដោយប្រពៃ មិនជា​អស្ចារ្យ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ពួកទេវតា​ពោល​យ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយ​ទៅរកទេវតា​ទាំងនោះ​យ៉ាងនេះថា ម្នាល​ទេវតា អ្នកទាំងឡាយ គប្បីពោល​យ៉ាងនេះក្តី មិនគប្បីពោល​យ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​មិនដឹងថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿងនោះ​ជាហេតុទេ ទោះពួក​ទេវតា ចូល​មករក​ខ្ញុំករុណា​ក្តី ខ្ញុំករុណា​ចរចា ជាមួយ​នឹងពួកទេវតាក្តី។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៧ តែងមានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប្រសិនបើ​ខ្ញុំករុណា គប្បីធ្វើ​មរណកាល​មុន​ព្រះដ៏មានព្រះភាគ ព្រះអង្គ​គប្បីព្យាករ​យ៉ាងនេះ ចំពោះ​ខ្ញុំករុណាថា ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកប​ដោយ​សំយោជនៈណាហើយ គប្បីមកកាន់​មនុស្ស​លោកនេះ​ម្តងទៀត សំយោជនៈនោះ​គ្មានទេ ហេតុនុ៎ះ មិនជាអស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌ជាទី​អស្ចារ្យ​ចំឡែក​ទាំង ៨ នេះ តែង​មាន (ដល់ខ្ញុំករុណា) តែថា ខ្ញុំករុណា​មិនដឹងសោះ​ថា ខ្ញុំករុណា​ប្រកប​ដោយធម៌ ជា​អស្ចារ្យ​ចំឡែក​ ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ​ទ្រង់ព្យាករ​ហើយទេ។ លំដាប់​នោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ​រួច​ក្រោកចាកអាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូល​នូវហេតុ​ទាំងអស់នោះ ដែលខ្លួន​ចរចា​ទាំងប៉ុន្មាន ជាមួយ​នឹង​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម កាលបើ​ព្យាករឲ្យ​សមហេតុ ឈ្មោះថា ព្យាករ​តាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការនេះឯង ដែលតថាគត​ព្យាករហើយ ម្នាលភិក្ខុ អ្នកចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាមថា ប្រកបដោយ​ធម៌អស្ចារ្យ ចំឡែក ៨ ប្រការនេះចុះ។

 

លេខយោង

1)
បាន​ដល់បុគ្គល​ដែល​ផុតស្រឡះ​ចាក​ចំណែក​ទាំងពីរ គឺ​ផុតស្រឡះ​ចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះ​ចាក​នាមកាយ ដោយមគ្គ ១។
2)
បានដល់បុគ្គល​ជា​សុក្ខវិបស្សកៈ។
3)
បានដល់បុគ្គល​ដែលបាននូវឈានសម្ផស្ស​ជាដំបូង ទើបធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន​ជាខាងក្រោយ។
4)
បានដល់​បុគ្គល​ដែល​ដឹងច្បាស់ ឃើញ​ច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ថា សង្ខារទាំងឡាយ​ រមែង​នាំមក​នូវ​ទុក្ខ មានតែ​ព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវ​អរិយសច្ចទាំង ៤ ដោយបញ្ញា។
5)
បានដល់បុគ្គល​ដែល​ផុតស្រឡះ​ ចាកកិលេស​ដោយសទ្ធា សេចក្តី​ដូចគ្នានឹង​ទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់​សេចក្តី​ជឿស៊ប់សួន ក្នុងខណៈ​ដែល​បាន​នូវមគ្គ​ជាចំណែក​ខាងដើម។
6)
បានដល់បុគ្គលដែល​ចំរើន​នូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។
7)
ប្រហែលគ្នានឹង​ធម្មានុសារីបុគ្គល។
km/tipitaka/sut/an/08/sut.an.08.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:19 និពន្ឋដោយ Johann