km:tipitaka:sut:an:08:sut.an.08.030

អនុរុទ្ធមហាវិតក្កសូត្រ ទី១០

សង្ខេប

«នេះ​ជា​ធម៌​​របស់​​អ្នក​ប្រាថ្នា​​តិច នេះ​មិន​មែន​​​ជា​ធម៌​​របស់​​អ្នក​​ប្រាថ្នា​​ច្រើន..» គំនិត​បុគ្គល​អស្ចារ្យ​​មិន​​ចាញ់​គំនិត​​ ទី៨។ ព្រះពុទ្ធ​​បាន​ជួយព្រះ​​អនុរុទ្ធ ដើម្បី​មើល​ទាំង​អស់ ក្នុង​​ពេល​​ត្រឹម​​ត្រូវ។

an 08.030 បាលី cs-km: sut.an.08.030 អដ្ឋកថា: sut.an.08.030_att PTS: ?

អនុរុទ្ធមហាវិតក្កសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សំណាង

អានដោយ ឧបសិកា វិឡា

(១០. អនុរុទ្ធមហាវិតក្កសុត្តំ)

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ។ ក្នុងសម័យនោះ ព្រះ​អនុរុទ្ធ​ដ៏មាន​អាយុ គង់នៅក្នុង​បាចីនវង្សទាយវន ក្នុង​ដែន​ចេតី។ គ្រានោះ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ នៅក្នុង​ទីស្ងាត់ពួនសម្ងំ មានចិត្ត​ត្រិះរិះ​កើតឡើង យ៉ាងនេះថា នេះជាធម៌​របស់​អ្នកប្រាថ្នា​តិច នេះមិនមែន​​ជាធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន នេះជាធម៌​របស់អ្នក​សន្តាស នេះមិនមែន​ជាធម៌​របស់អ្នកមិនសន្តាស នេះជាធម៌​របស់អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុង​ការ​ច្រឡូកច្រឡំ​ដោយពួក នេះជា​ធម៌របស់​អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិន​តាំងមាំ នេះជាធម៌​របស់​អ្នក​មាន​ប្រាជ្ញា នេះ​មិនមែន​ជាធម៌​របស់​អ្នក​ឥតប្រាជ្ញា។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ​ក្នុងចិត្ត របស់​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គហើយ ក៏បាត់​អំពី​ភេសកឡាវន ជាទីឲ្យនូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ស្រាប់តែ​មកប្រាកដ ក្នុង​ទីចំពោះ​មុខនៃ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ក្នុង​បាចីន​វំសទាយវន ក្នុង​ដែន​ចេតី ព្រះអង្គ​ទ្រង់គង់​លើអាសនៈ​ដែលគេ​ក្រាលថ្វាយ ដូចជា​បុរសមាន​កំឡាំង លា​នូវដៃ​ដែលខ្លួន​បត់ចូល ឬបត់ចូល​នូវដៃ ដែលខ្លួន​លាចេញ ដូច្នោះឯង។ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាល​អនុរុទ្ធ ប្រពៃហើយ ៗ ម្នាល​អនុរុទ្ធ អ្នកបាន​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ប្រពៃ​ហើយ​ថា នេះ​ជាធម៌​របស់អ្នក​ប្រាថ្នា​តិច នេះ​មិនមែន​ជាធម៌​របស់​អ្នកប្រាថ្នា​ច្រើន នេះជាធម៌​របស់​អ្នក​សន្តោស នេះ​មិនមែន​ជាធម៌​របស់អ្នក​មិនសន្តោស នេះជា​ធម៌​របស់​អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុងការនៅ​ច្រឡូក​ប្រឡំដោយ​ពួក នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌ របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់​អ្នកមាន​ចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មាន​ចិត្ត​មិនតាំងមាំ នេះជាធម៌​របស់​អ្នកមាន​ប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ ទី៨ នេះ​ថា នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះ​មិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌1) ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​បបញ្ចធម៌។ ម្នាល​អនុរុទ្ធ កាលណា​អ្នក​នឹងត្រិះរិះ នូវ​មហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា អ្នកនឹង​ស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ដល់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ដរាប​នោះ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ នូវមហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា ព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈ អ្នកនឹង​ដល់នូវ​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា​អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នកនឹង​ប្រកប​ដោយ​ឧបេក្ខា ព្រោះ​មានចិត្ត​នឿយណាយ ចាកបីតិ មានស្មារតី​ ដឹងខ្លួន សោយនូវ​សេចក្តីសុខ ដោយ​នាមកាយ ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​នូវបុគ្គល ដែលបាន​តតិយជ្ឈាន​នោះថា បុគ្គល​នេះ ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿងនៅ​ជាសុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា អ្នក​នឹងដល់​នូវតតិយជ្ឈាន​នោះ (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នក​នឹង​ដល់​នូវ​ចតុត្ថជ្ឈាន ជា​ធម្មជាត មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិនមែន​ជាសុខ គឺ​ឧបេក្ខា មាន​សតិដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​នូវ​សុខផង លះបង់​នូវ​ទុក្ខផង អស់ទៅ​នៃសោមនស្ស និង​ទោមនស្សផង (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ​ផង ជាអ្នក​បាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ នូវ​ឈានទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្ត​ដ៏ថ្លៃថ្លា​ ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ទូ​សម្រាប់​ដាក់សំពត់​​ដ៏ពេញ​ដោយ​សំពត់​ទាំងឡាយ ដែល​គេជ្រលក់​ដោយ​ពណ៌ផ្សេងៗ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណាមិញ បំសុកូល​ចីវរ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បី​នៅសប្បាយ ដើម្បីចុះ​កាន់ព្រះនិព្វាន ក្នុងកាល​នោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នកបាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ​នូវឈាន​ទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​ជាសុខ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បាយ​នៃស្រូវ​សាលី​របស់​គហបតី ឬ​គហបតិបុត្ត ដែលប្រាស​ចាក​ពណ៌ខ្មៅ មាន​សម្លច្រើន​មុខ មានម្ហូប​ក្រៀម​ច្រើនមុខ យ៉ាង​ណា​មិញ ភោជន​ជាដុំ ជាពំនូត នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ យ៉ាង​នោះ​ដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិន​លំបាក បានដោយ​ងាយនូវ​ឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ផ្ទះកំពូល របស់​គហបតី ឬគហបតិបុត្ត ដែល​គេលាប​ខាងក្នុង និង​ខាងក្រៅ មិនមាន​ខ្យល់ (ចេញចូល) មាន​គន្លឹះ​ដ៏​ជិត​ស្និទ្ធ មាន​បង្អួច​បិទហើយ យ៉ាង​ណាមិញ រុក្ខមូល​សេនាសនៈ ក៏នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ ក៏​យ៉ាងនោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាមប្រាថ្នា បានមិន​លំបាក បាន​ដោយ​ងាយ នូវឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បល្លង្ក (គ្រែ​ដែលមាន​ជើងខ្ពស់ វិចិត្រ​ដោយរូប​សត្វ​សាហាវ) របស់​គហបតី ឬ​គហបតិបុត្ត ដែល​ក្រាល​ដោយព្រំ មានរោមវែង​ជាង ៤ ធ្នាប់ ដែល​ក្រាលដោយ​កម្រាល​មានពណ៌​ស ដែល​ធ្វើដោយ​រោមសត្វ ដែលក្រាល​ដោយកម្រាល​ធ្វើដោយ​រោមសត្វ ជាផ្កា​ចង្កោម មាន​កម្រាល​ដ៏ឧត្តម ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វឈ្មុស មាន​ខ្នើយមាន​ពណ៌​ក្រហម​ទាំង​ពីរខាង គឺ​ខ្នើយក្បាល និងខ្នើយ​ជើង ព្រមទាំង​ពិដាន​មានពណ៌​ក្រហម​ពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ​ ដែលធ្វើ​ដោយកម្រាល​ស្មៅ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវមហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិនលំបាក បានដោយងាយ ​នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅ​ក្នុងចិត្តដ៏​ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ភេសជ្ជៈផ្សេង ៗ គឺ​ទឹកដោះថ្លា ទឹកដោះ​ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណា​មិញ ថ្នាំដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុង​កាលនោះ ក៏​យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកគប្បីនៅ​ចាំវស្សា​តទៅទៀត ក្នុង​បាចីនវំសទាយវន ជិត​ដែន​ចេតីនេះចុះ។ ព្រះអនុរុទ្ធ​ដ៏មានអាយុ ទទួល​ស្តាប់​ព្រះពុទ្ធ​ដីកាថា ព្រះករុណា ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ឱវាទ​នេះ​ហើយ ក៏បាត់អំពី​បាចីនវំសទាយវន ក្នុង​ដែន​ចេតី មកប្រាកដ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវអភ័យ​ដល់​ពួក​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ព្រះអង្គ​គង់​លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ ដូចជា​បុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬ​បត់ចូលនូវដៃ ដែលខ្លួន​លាចេញ​ដូច្នោះឯង។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត នឹង​សំដែង​នូវ​មហាបុរិសវិតក្កៈ ៨ យ៉ាង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវពាក្យ​នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មហាបុរិសវិតក្កៈ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជា​ធម៌របស់​អ្នកប្រាថ្នា​ច្រើន ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ១ ម្នាល​ភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ​ដោយពួក ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម នេះមិនមែន​ជាធម៌​របស់​អ្នក​ខ្ជិលច្រអូស ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នកមាន​ស្មារតី​ខ្ជាប់ខ្លួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​ចិត្តតាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិនតាំងមាំ ១ ម្នាលភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា​ នេះ​មិនមែន​​ជាធម៌​របស់អ្នក​​ឥតប្រាជ្ញា ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុងបបញ្ចធម៌ ១។

ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះដែលតថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជា​អ្នកប្រាថ្នា​តិច ដូច្នេះ ជាអ្នកមាន​សេចក្តី​សន្តោស រមែង​មិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញថា ជាអ្នក​​មានសេចក្តី​សន្តោស ដូច្នេះ ជាអ្នក​ស្ងាត់ រមែងមិន​ប្រាថ្នាថា ពួកជនគប្បី​ដឹងនូវ​អាត្មាអញ ថាជា​អ្នកស្ងាត់ ដូច្នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម រមែង​មិនប្រាថ្នា​ថា ពួក​ជន គប្បីដឹង​នូវអាត្មាអញ ថាជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដូច្នេះ ជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួន រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមាន​ចិត្តតាំងមាំ រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានចិត្ត​តាំងមាំ ដូច្នេះ ជាអ្នក​មានប្រាជ្ញា រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹង​នូវ​អាត្មាអញ ថាជាអ្នក​មានប្រាជ្ញា ដូច្នេះ ជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ រមែង​មិន​ប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នា​ច្រើន​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ ​តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានសេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ ដែល​តថាគត​ពោលហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារតាមមាន តាមបាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​​អ្នកមាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់អ្នក​មិនមាន​សេចក្តីសន្តោស ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ងប់ស្ងាត់ នៅមាន​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា មហាមាត្យ​របស់​ព្រះរាជា តិរិ្ថយ និងសាវក​របស់​តិរ្ថិយ រមែង​ចូលទៅរក​ភិក្ខុនោះ។ ក្នុង​ទីនោះ ភិក្ខុមានចិត្ត​ឱនទៅរក​វិវេក ឈានទៅ​រកវិវេក បែរទៅ​រកវិវេក ដំកល់​នៅក្នុងវិវេក ត្រេកអរ​ចំពោះក្នុង​ការ​ចេញចាកកាម ជាអ្នកធ្វើ​តាមនូវពាក្យ ដែល​ប្រកប​ចំពោះ​​ដោយពាក្យ ដែលគួរ​បញ្ជូន​ទៅដោយ​ពិត ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិន​មែនជា​ធម៌​របស់​អ្នកខ្ជិល​ច្រអូស ​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យកើត​ឡើង ជាអ្នក​មានកំឡាំង មានសេចក្តី​ប្រឹងប្រែងមាំ មិន​ទំលាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិលច្រអូស ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់​អ្នក​ភ្លេច​ស្មារតី​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​​មានស្មារតី ប្រកប​ដោយ​​ស្មារតី និង​ភាពជាអ្នក​មានប្រាជ្ញា​​ចាស់ក្លា​ដ៏ខ្ពង់ខ្ពស់ នឹក​ឃើញ រឭក​បាន​រឿយ ៗ នូវអំពើ​ដែលធ្វើរួច​យូរហើយ​ផង នូវសំដី​ដែលនិយាយ​រួច​យូរហើយ​ផង ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌របស់អ្នក​ភ្លេច​ស្មារតី ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិនតាំងមាំ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យ​នុ៎ះ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ដល់​នូវ​ចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​អ្នកមានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិន​តាំងមាំ​ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា ដូច្នេះ​នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ តើព្រោះអាស្រ័យ​​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មាន​ប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ជាដំណើរ​ទៅកាន់​សេចក្តី​ចំរើន និងសេចក្តីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ត្រាស់ដឹង ជាដំណើរ​ទៅកាន់​ការអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌ របស់​អ្នកឥត​ប្រាជ្ញា​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់ភិក្ខុ​ក្នុង​សាសនា​នេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែង​តាំងនៅ រមែងបង្អោន​ទៅ ក្នុង​កិរិយារលត់​នៃបបញ្ចធម៌ គឺ​ព្រះនិព្វាន ពាក្យ​ណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌ ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

គ្រានោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ ក៏នៅចាំ​វស្សា​តទៅ ក្នុង​បាចីនវំសទាយវន ក្នុង​ដែន​ចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏​មានអាយុ តែម្នាក់ឯង ចៀសចេញ​ចាកពួក មិនមាន​សេចក្តី​ប្រមាទ មានព្យាយាម​ដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត​ចេញចាក​ផ្ទះ ចូលកាន់​ផ្នួស​ដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌ ដែល​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​នោះ ដោយបញ្ញា​ដ៏ឧត្តម​របស់ខ្លួន​ ក្នុង​បច្ចុប្បន្ន ក៏ដឹង​ច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ បាន​នៅរួច​ហើយ សោឡសកិច្ច បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ មិនមាន​ទៀតឡើយ មាន​សេចក្តី​សរសើរ​ថា បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះអនុរុទ្ធ​ដ៏មានអាយុ ជា​ព្រះអរហន្ត​មួយ​អង្គដែរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មានអាយុ បានដល់​ព្រះអរហត្តហើយ បានពោល​គាថា​ទាំងឡាយ​នេះ ក្នុង​វេលា​នោះថា

ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ របស់​អាត្មាអញ ទ្រង់មាន​កាយ​សម្រេច​ដោយចិត្ត ទ្រង់ស្តេច​ចូលមក​ដោយ​ឫទ្ធិ តម្រិះ​របស់​អាត្មាអញ កើតមាន​យ៉ាងណា ព្រះអង្គ​ក៏ទ្រង់​សំដែង​នូវធម៌​ដ៏លើសលុប​យ៉ាងនោះ ព្រះពុទ្ធ​ទ្រង់ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ក៏ទ្រង់​សំដែង​នូវ​និប្បបញ្ចធម៌ អាត្មាអញ បាន​ដឹងច្បាស់​នូវធម៌​របស់​ព្រះអង្គ ក៏ត្រេកអរ​ក្នុង​សាសនា​ វិជ្ជា​ទាំង ៣ អាត្មាអញ​ក៏បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះគឺ

និយាយអំពីឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ជាគំរប់ ១០ នឹងព្រះអនុរុទ្ធ។

 

លេខយោង

1)
តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.030.txt · ពេលកែចុងក្រោយ: 2023/08/22 12:44 និពន្ឋដោយ Johann