ការកើតឡើងនៃទាន ៨ យ៉ាង លើយទានមានប្រភេទទាបនិងអស្ចារ្យ។ ហើយបើមិនមានសីលទេ ទានមានឥទ្ធិពលតិចណាស់។
an 08.035 បាលី cs-km: sut.an.08.035 អដ្ឋកថា: sut.an.08.035_att PTS: ?
ទានូបបត្តិសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខ វិបុល
(៥. ទានូបបត្តិសុត្តំ)
[៣៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាននេះ មាន ៨ យ៉ាង។ ការកើតឡើងនៃទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កំរងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យនូវវត្ថុណា ក៏ប្រាថ្នានូវវត្ថុនោះ បុគ្គលនោះឃើញពួកខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលកំពុងឆ្អែតស្កប់ស្កល់ មូលមិត្រ បំរើដោយកាមគុណទាំង ៥។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី បុគ្គលនោះ ក៏ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិមហាសាលខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តដ៏បរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទានដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាចាតុម្មហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តបរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាតាវត្តិង្ស។បេ។ ពួកទេវតាយាមៈ . . . ពួកទេវតាតុសិត . . . ពួកទេវតានិម្មារតី . . . ពួកទេវតាបរនិម្មិតវសវត្តី មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្ត របស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តបរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតា ព្រហ្មកាយិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ តាំងចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលទេ ទានចំពោះបុគ្គលប្រាសចាករាគៈ មិនចំពោះបុគ្គលប្រកបដោយរាគៈទេ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះប្រាសចាករាគៈ ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាន មាន៨ ប្រការនេះឯង។