km:tipitaka:sut:an:08:sut.an.08.049

បឋមឥធលោកិកសូត្រ ទី៩

សង្ខេប

កិរិយា​មារយាទ ៤ យ៉ាង​របស់​នារី ដើម្បី​ឈ្នះ​ក្នុង​លោកនេះ និង ៤ យ៉ាង​ទៀត សម្រាប់​ជាតិ​ក្រោយ។

an 08.049 បាលី cs-km: sut.an.08.049 អដ្ឋកថា: sut.an.08.049_att PTS: ?

បឋមឥធលោកិកសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. បឋមឥធលោកិកសុត្តំ)

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​វត្តបុព្វារាម ជា​ប្រាសាទ របស់​មិគារមាតា ជិត​ក្រុងសាវត្ថី។ គ្រានោះ នាងវិសាខា​មិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅ​ដល់ហើយ។បេ។ ក៏អង្គុយ​នៅ។ លុះនាង​វិសាខា​មិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​វិសាខា មាតុគ្រាម​ប្រកប​ដោយធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោកនេះ លោកនេះ​ក៏ឈ្មោះថា មាតុគ្រាមនោះ ប្រារព្ធហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​ចេះចាត់​ចែង​ការងារ ដោយ​ប្រពៃ ១ ចេះសង្រ្គោះពួក​ជនជា​បរិសទ្យ ១ ចេះ​ប្រព្រឹត្ត​នូវអំពើជា​ទីគាប់ចិត្ត​របស់​ស្វាមី ១ ចេះថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១។ ម្នាលវិសាខា ចុះមាតុគ្រាម ជាស្រ្ដី​ចេះ​ចាត់​ចែង​ការងារ ដោយប្រពៃ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ការទាំងឡាយណា ជាបន្ទុក​របស់ស្វាមី ទោះរោមសត្វក្តី កប្បាសក្តី ជាស្រ្ដីឆ្លៀវឆ្លាស មិន​ខ្ជិល​ច្រអូស ក្នុងការងារ​ទាំងនោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ​ក្នុង​ការងារ​នោះ​ថា គួរធ្វើ គួរ​ចាត់ចែង។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដី​ចេះចាត់ចែង​ការងារ ដោយ​ប្រពៃ យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះ​ពួកជន​ជាបរិសទ្យ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ ពួកជនណា ជាខាងក្នុង ជាបន្ទុក​របស់​ស្វាមី ទោះខ្ញុំក្ដី អ្នកបំរើក្ដី កម្មករក្ដី តែងដឹងនូវ​អំពើ​ដែលជន​ទាំងនោះ​ធ្វើ ថាធ្វើ ដឹងនូវ​អំពើ​ដែល​ជន​ទាំងនោះ​មិនបានធ្វើ ថា​មិនបាន​ធ្វើ ដឹងនូវ​កំឡាំង​តិច និង​កំឡាំង​ច្រើន​នៃពួក​ជនអ្នកឈឺ ចេះចាត់ចែង​ខាទនីយ​ភោជនីយាហារ តាម​ចំណែក​ដែលគួរ ដល់​ពួកជន​ខាងក្នុង​បន្ទុក​នោះ។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះពួក​ជន​ជាបរិសទ្យ យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ចេះ​ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្ត​នៃស្វាមី តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ អំពើណា មិនជាទី​គាប់ចិត្ត​របស់​ស្វាមី បើទុកជា​មានហេតុ​ដល់ជីវិត ក៏មិន​ប្រព្រឹត្ត​កន្លង​នូវអំពើនោះ។ ម្នាល​វិសាខា មាតុគ្រាម ចេះប្រព្រឹត្ត​អំពើ ជាទីគាប់​ចិត្តនៃ​ស្វាមី យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះ​មាតុគ្រាម ចេះថែទាំ​សម្បត្តិ ដែលស្វាមី​រកបាន​មក តើ​ដូចម្ដេច។ ម្នាល​វិសាខា ទ្រព្យ​ណា​ក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាស​ណាក្ដី ដែលស្វាមី​រកបានមក មាតុគ្រាម ក្នុង​លោកនេះ តែងសម្រេច​ដោយ​ការរក្សា គ្រប់គ្រងនូវ​ទ្រព្យ​ជាដើមនោះ ទាំងជា​ស្រ្ដីអ្នក​មិនលេង មិន​លួច មិនខិលខូច មិនធ្វើ​សម្បត្តិ​ទាំង​នោះ ឲ្យវិនាស។ ម្នាល​វិសាខា មាតុគ្រាម ចេះថែ​ទាំសម្បត្តិ ដែលស្វាមីរក​បានមក យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះនូវ​លោកនេះ លោកនេះ ក៏ឈ្មោះថា​ មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។ ម្នាល​វិសាខា មាតុគ្រាម ប្រកបដោយ​ធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌ដោយ​សីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌​ដោយ​បញ្ញា ១។ ម្នាល​វិសាខា ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានសទ្ធា ជឿ​ការត្រាស់​ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជា​អរហន្ដ​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​បំផុត ទ្រង់​ទូន្មាន​នូវបុរស ដែលគួរ​ទូន្មាន​បាន ជាសាស្ដា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល​នូវត្រៃភព គឺលែង​វិល​ត្រឡប់មក​កើតទៀត​ហើយ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសទ្ធា យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយសីល តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោក​នេះ ជាស្រ្ដី​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹកនូវទឹក​ស្រវឹង គឺ​សុរា និងមេរ័យ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសីល យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយចាគៈ តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ មានចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវទាន។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយបញ្ញា តើ​ដូចម្ដេច។ ម្នាល​វិសាខា ចុះមាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានបញ្ញា ប្រកប​ដោយ​បញ្ញា ជា​ដំណើរ​ទៅកាន់​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជា​បញ្ញា​ដ៏ប្រសើរ​មុះមុត ដល់នូវការ​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា យ៉ាង​នេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោក​ខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។

មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះ​ពួកជន​ជាបរិសទ្យ ១ ប្រព្រឹត្ត​នូវអំពើ​ជាទី​គាប់ចិត្ត​នៃស្វាមី ១ ថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ដឹងនូវ​ពាក្យពោល ១ ប្រាសចាក​សេចក្ដី​កំណាញ់ ១ ជម្រះ​ផ្លូវជាទី​ទៅកាន់​បរលោក ឲ្យស្អាត​ជានិច្ច ១ ធម៌ទាំង ៨ នេះ មាន​ដល់​នារី​ណា អ្នក​ប្រាជ្ញ​ពោលថា នារីនោះមានសីល ឋិតនៅ​ក្នុងធម៌ ពោលនូវ​ពាក្យពិត ជា​ឧបាសិកា ដែល​បរិបូណ៌​ដោយអាការ ១៦1) ប្រកប​ដោយអង្គទាំង ៨ ប្រការ មានសីល​បែបនោះ រមែងទៅកើត​ក្នុង​ទេវលោក ឈ្មោះមនាបកាយិកា។

 

លេខយោង

1)
អាការ ១៦ នោះ សំដៅយក​ បបួល​អ្នកដទៃ ៨ ចូល​មកទៀតផង។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.049.txt · ពេលកែចុងក្រោយ: 2024/04/10 05:09 និពន្ឋដោយ Johann