km:tipitaka:sut:an:08:sut.an.08.052

ឱវាទសូត្រ ទី២

សង្ខេប

តើអ្នកណា​ជា​អ្នក​ឲ្យ​ឱវាទ​​ដល់​​ភិក្ខុនី​​បាន?

an 08.052 បាលី cs-km: sut.an.08.052 អដ្ឋកថា: sut.an.08.052_att PTS: ?

ឱវាទសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ឱវាទសុត្តំ)

[៥២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរក្រុង​វេសាលី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​អានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រកប​ដោយធម៌​ប៉ុន្មាន ដែលសង្ឃ​គួរសន្មត ជាអ្នក​ឲ្យឱវាទដល់នាង​ភិក្ខុនីបាន។ ម្នាលអានន្ទ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ជាអ្នក​ឲ្យឱវាទ​ដល់នាង​ភិក្ខុនីបាន។ ប្រកប​ដោយធម៌ទាំង ៨ ប្រការ តើ​ដូចម្ដេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ​ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នក​ចេះចាំច្រើន។បេ។ យល់ត្រឹម​ត្រូវដោយទិដ្ឋិ ១​ បាតិមោក្ខទាំងពីរ​ ភិក្ខុនោះ ក៏ចេះចាំ​ដោយសេចក្ដី​ពិស្ដារ ចែកចេញ​ដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ ជាអ្នកមាន​វាចាពីរោះ ពោលពាក្យ​ពីរោះ ប្រកបដោយវាចា​អ្នកក្រុង ជាវាចា​ក្បោះក្បាយ​ មិនមានទោស អាចញុំាង​អ្នកផង ឲ្យដឹងច្បាស់​សេចក្ដី ១ ជាអ្នកអង់អាច ដើម្បីញុំាង​ភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិ​តាម ឲ្យក្លាហាន​ ឲ្យជ្រះថ្លា​ដោយធមី្មកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​នៃនាង​ភិក្ខុនីទាំង​ឡាយ​ដោយច្រើន ១ ជាអ្នកមិនធ្លាប់​ត្រូវគរុកាបត្តិ1) ដោយ​នាង​ភិក្ខុនី ដែលស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះដ៏មានព្រះភាគ​អង្គនុ៎ះ ១ ជាអ្នក​មានវស្សា ២០ ឬ​មានវស្សា​ច្រើន​ជាង ២០ ឡើង​ទៅ ១។ ម្នាល​អានន្ទ ភិក្ខុប្រកប​ដោយធម៌​ទាំង ៨ ប្រការ​នេះឯង ទើប​សង្ឃ​គួរសន្មត​ជាអ្នកឲ្យឱវាទ​ដល់នាង​ភិក្ខុនី​បាន។

 

លេខយោង

1)
សំដៅយក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយភិក្ខុនី។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.052.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann