km:tipitaka:sut:an:08:sut.an.08.054

ទីឃជាណុសូត្រ ទី៤

សង្ខេប

ព្រះ​សម្មាសម្ពុទ្ធ​​ទ្រង់​​ណែនាំ​​ឲ្យ​​គ្រហស្ថ​​រក្សា​​ទុក បង្កើន​​ទ្រព្យ​សម្បត្តិ និង​សុភមង្គល​​ទាំង​​លោកិយ និង​​​បរលោក។

an 08.054 បាលី cs-km: sut.an.08.054 អដ្ឋកថា: sut.an.08.054_att PTS: ?

ទីឃជាណុសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៤. ទីឃជាណុសុត្តំ)

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​និគមឈ្មោះ​កក្ករបត្តៈ របស់​កោឡិយក្សត្រ ក្នុងដែន​កោឡិយៈ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះ​ទីឃជាណុ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះ​ដ៏មានព្រះភាគ​រួចហើយ អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ទីឃជាណុកោឡិយបុត្រ អង្គុយ​ក្នុង​ទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំនូវ​លំអិត​នៃខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រទ្រង់នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវមាស និងប្រាក់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ធម៌​បែបនោះ ដល់យើងខ្ញុំ​ទាំងឡាយ​នោះ ជាធម៌​ប្រពឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុងបរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក ដល់យើង​ខ្ញុំព្រះអង្គ។ ម្នាល​ព្យគ្ឃបជ្ជៈ1) ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុងបច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើ​ដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុង​លោកនេះ ចិញ្ចឹមជីវិត ដោយការ​ប្រឹងប្រែង ក្នុងការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងាររបស់​ខ្មាន់ធ្នូក្ដី ការងារ​របស់រាជ​បុរសក្ដី សិល្បៈ​ណា​មួយក្ដី ជាអ្នក​ប៉ិន​ប្រសប់ ក្នុងការងារ​ទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយ​ឧបាយ ជាគ្រឿង​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំងឡាយ ដែល​កុលបុត្រ​ក្នុងលោកនេះ បានមក​ដោយកំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ​ប្រកបដោយ​ធម៌ បានមក​ដោយ​ធម៌ កុលបុត្រនោះ បានញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច​ដោយការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់អាត្មាអញ​ទៅបាន កុំឲ្យ​ពួកចោរ​លួច​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅបាន កុំឲ្យ​ពួកទាយាទ មិនជា​ទីស្រឡាញ់ ដណ្ដើម​យកទៅបាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគមណា ពួកជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើន​ដោយសីលក្ដី ចាស់ហើយ តែចំរើន​ដោយសីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា ដែល​នៅ​ក្នុង​ស្រុក ឬ​និគមនោះ កុលបុត្រ​នោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹង​ពួក​ជនទាំងនោះ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹងពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាមសមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នក​បរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ដឹងច្បាស់នូវ​ការចំរើននៃ​ភោគៈទាំងឡាយផង ដឹងច្បាស់​នូវការវិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជនអ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នកថ្លឹង​ជញ្ជីងក្ដី លើកនូវ​ជញ្ជីង​ថ្លឹងហើយ ក៏ដឹងថា ទន់​ទៅខាង​ម្ខាងផង បះឡើង​ខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នកដឹងច្បាស់​នូវការ​ចំរើន​នៃភោគៈទាំងឡាយ​ផង ដឹងច្បាស់នូវ​ការវិនាសទៅ នៃ​ភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច ហើយចិញ្ចឹម​ជីវិតច្រើន​លើស​លុប អ្នកផង​តែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។2) ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មានសេចក្ដី​ចំរើនធំ​ហើយ ចិញ្ចឹមជីវិត​ដោយក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ មុខជា​នឹងស្លាប់ ៗ ដោយ​ឥតទីពឹង។ ម្នាល​ព្យគ្ឃបជ្ជៈ កាលណា​កុលបុត្រនេះ ដឹងច្បាស់​នូវសេចក្ដីចំរើន នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវសេចក្ដី​វិនាសនៃភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​នូវសេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចំរើនបានឡើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាល​ព្យគ្ឃបជ្ជៈ កាលដែល​ភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃសេចក្ដី​វិនាស ៤ យ៉ាង​ គឺ ជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មាន​សំឡាញ់​ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១។ ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះទឹកដ៏ធំ មាន​ផ្លូវនៃ​សេចក្ដី​ចំរើន ៤ យ៉ាងផង មាន​ប្រធាន​នៃសេចក្ដី​វិនាស ៤ យ៉ាងផង បុរស​គប្បីបិទ​ខ្ទប់នូវ​ផ្លូវ​នៃសេចក្ដី​វិនាសទាំងនោះ របស់​ស្រះនោះក្ដី គប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរ​នូវធារទឹក​ដោយប្រពៃក្ដី ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាងនេះហើយ ស្រះដ៏ធំ​នោះ នឹង​មានសេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ​ យ៉ាងណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រ​ដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ ប្រធាននៃ​សេចក្ដី​ចំរើន ៤ យ៉ាងគឺ ជាអ្នក​មិនលេងស្រី ១ មិន​លេងសុរា ១ មិនលេង​ល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏មាន​ឡើង។ ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹកដ៏ធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាន​នៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំង​នោះ របស់ស្រះនោះផង គប្បី​បិទនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង ក៏បង្អោរ​ចុះនូវធារទឹក ដោយ​ប្រពៃផង ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាង​នេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ នឹង​មានប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​ភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែង​មានផ្លូវ នៃសេចក្ដីចំរើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ក្នុងបរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការ​ត្រាស់ដឹង​នៃ​ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ។បេ។ ជាសាស្ដា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​នូវចតុរារិយសច្ច ទ្រង់លែង​វិលត្រឡប់​មកកាន់​ភពថ្មីទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា​សទ្ធាសម្បាទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មាន​ចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះហើយ មាន​ដៃលាងហើយ ត្រេកអរ​ក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មានប្រាជ្ញា​ ប្រកប​ដោយប្រាជ្ញា ជា​ដំណើរ​យល់ការ​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ​មុះមុត ជាដំណើរ​យល់ការ​ដែលអស់​ទៅ នៃ​ទុក្ខ​ដោយប្រពៃ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់​កុលបុត្រ។

កុលបុត្រ អ្នកមានព្យាយាម​ប្រឹងប្រែង ក្នុងទី​នៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស​មានការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ រមែងជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមក​នូវសេចក្ដី​សុខ​ក្នុង​លោក​ទាំងពីរ ដែល​ព្រះដ៏មានព្រះភាគ ព្រះអង្គ​ជាសច្ចនាម ទ្រង់សំដែង​ហើយ ដល់​កុលបុត្រ​អ្នកមានសទ្ធា ស្វែង​រកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ និងបុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំង​ឡាយ យ៉ាងនេះឯង។

 

លេខយោង

1)
ហៅតាម​បវេណី ព្រោះបុព្វបុរស គឺ​ត្រកូលរបស់​បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។
2)
អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មម​តែបរិភោគឆ្អែត ទៅចាប់​ដើម​អង្រន់ ឲ្យជ្រុះ​ផ្លែទាំង​អស់នោះតែម្តង ហើយរើសយក​តែផ្លែណាដែល​គួរស៊ីបាន ផ្លែ​ក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.054.txt · ពេលកែចុងក្រោយ: 2023/08/31 14:37 និពន្ឋដោយ Johann