km:tipitaka:sut:an:08:sut.an.08.055

ឧជ្ជយសូត្រ ទី៥

សង្ខេប

ដំបូន្មាន​សម្រាប់​ភាព​ចម្រុង​ចម្រើន​ក្នុងលោក​នេះ និង​លោក​ខាង​មុខ សម្រាប់​អ្នក​កាន់​ផ្ទះ។

an 08.055 បាលី cs-km: sut.an.08.055 អដ្ឋកថា: sut.an.08.055_att PTS: ?

ឧជ្ជយសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ឧជ្ជយសុត្តំ)

[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏និយាយរីករាយ​ជាមួយ​នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ឧជ្ជយព្រាហ្មណ៍ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន យើងខ្ញុំ​មានប្រាថ្នា ដើម្បីទៅ​ឃ្លាត​ចេញអំពីស្រុក ធម៌​ទាំងឡាយ​ណា ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់​ពួកយើងខ្ញុំ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង​នូវ​ធម៌នោះ​ដល់យើងខ្ញុំ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១។ ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើ​ដូចម្តេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ចិញ្ចឹម​ជីវិត​ដោយការ​ប្រឹងប្រែង ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណាមួយ​ក្ដី ជាអ្នកប៉ិន​ប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកប​ដោយ​ឧបាយ ជាគ្រឿង​​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរ​ចាត់ចែង ម្នាល​ព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាល​ព្រហ្មណ៍ ភោគៈទាំងឡាយ ដែល​កុលបុត្រ​ក្នុង​លោកនេះ បានមក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកប​ដោយធម៌ កុលបុត្រនោះ រមែងញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច ដោយការ​រក្សា​គ្រប់គ្រង​ ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់​អាត្មាអញ​ទៅបាន កុំឲ្យពួកចោរ​លួចយក​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅ​បាន កុំឲ្យពួក​ទាយាទ មិនជាទី​ស្រឡាញ់ ដណ្ដើម​យក​ទៅបាន ម្នាល​ព្រាហ្មណ៍ នេះហៅថា​អារក្ខសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគម​ណា ពួកជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែចំរើន​ដោយសីល ចាស់ហើយ​តែ​ចំរើន​ដោយ​សីល បរិបូណ៌​ដោយសទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា មាន​នៅក្នុង​ស្រុក ឬនិគម​នោះ (កុលបុត្រនោះ) រមែង​ឈរចរចា សាកច្ឆាជាមួយ​នឹង​ពួក​ជន​ទាំងនោះ តែង​សិក្សានូវ​សទ្ធាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាម​សមគួរ សិក្សានូវ​សីលសម្បទា​ នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា កល្យាណមិត្តតា។ ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ ដឹងច្បាស់​នូវការចំរើន​នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវការ​វិនាសទៅ នៃ​ភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយ​គិតថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នកថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នក​ថ្លឹងជញ្ជីង​ក្ដី លើកនូវ​ជញ្ជីងថ្លឹង ហើយ​ក៏ដឹង​ថា ទន់ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នកដឹងច្បាស់​នូវការចំរើន នៃភោគៈ​ទាំង​ឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិត​ក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប អ្នកផង​ទាំងឡាយ តែង​និយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវ​ភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មាន​សេចក្ដី​ចំរើនធំ តែ​ចិញ្ចឹម​ជីវិត ដោយ​ក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះថា កុលបុត្រ​នេះ មុខជានឹង​ស្លាប់ ៗ ដោយ​ឥត​ទីពឹង។ ម្នាល​ព្រាហ្មណ៍ កាលណា​កុលបុត្រ​នេះ ដឹងច្បាស់នូវ​ការចំរើន នៃភោគៈ​ទាំងឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំង​ឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សមជីវិតា។ ម្នាល​ព្រាហ្មណ៍ កាល​ដែលភោគៈ​ទាំងឡាយ ចំរើន​ឡើង​យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវ​នៃសេចក្ដី​វិនាស ៤ ប្រការ គឺជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ មាន​មិត្រលាមក មានសំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១។ ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ ផង មានផ្លូវ​នៃសេចក្ដី​វិនាស ៤ ផង បុរស​គប្បី​បិទខ្ទប់​នូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បី​បើកបង្ហូរ នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង​សោត ក៏មិន​បង្អោរ​នូវ​ធារទឹក ដោយប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះ ស្រះដ៏ធំនោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាល​ដែល​ភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មាន​មិត្រលាមក មាន​សំឡាញ់​លាមក សមគប់នឹង​បុគ្គលលាមក ១ ក៏យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ កាលដែលភោគៈ​ទាំងឡាយ​ចំរើនឡើង យ៉ាងនេះហើយ រមែងមាន​ផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ ប្រការគឺ ជាអ្នក​មិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១។ ម្នាល​ព្រាហ្មណ៍ ស្រះធំ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ផង មានផ្លូវ​នៃសេចក្ដីវិនាស ៤ផង បុរស​គប្បី​បើកបង្ហូរ​នូវផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បីបិទ​នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះនូវធារទឹក​ដោយប្រពៃផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ​ នឹងមាន​ប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាលបើ​ភោគៈទាំងឡាយ ចំរើន​ឡើង យ៉ាងនេះហើយ រមែង​មាន​ផ្លូវនៃ​សេចក្ដីចំរើន ៤ ប្រការ គឺ​ជាអ្នក​មិនលេងស្ត្រី ១។បេ។ សមគប់នឹង​បុគ្គលល្អ ១ យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ធម៌ទាំង​ឡាយ ៤ ប្រការនេះ​ឯង តែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្ដី​សុខ ក្នុង​បរលោក ដល់​កុលបុត្រ។ ធម៌ ៤ ប្រការ តើ​ដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​មានសទ្ធា ជឿ​នូវការ​ត្រាស់ដឹង​នៃព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជា​សាស្ដានៃ​ទេវតា និង​មនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងវិល​ត្រឡប់មក​កាន់​ភពថ្មី​ទៀតហើយ ម្នាល​ព្រាហ្មណ៍ នេះហៅថា ​សទ្ធាសម្បាទា។ ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ មានចិត្តប្រាស​ចាកមន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​រួច​ស្រឡះ​​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការលះបង់ ជាអ្នក​គួរដល់ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវទាន ម្នាល​ព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមាន​ប្រាជ្ញា។បេ។ ជាដំណើរ​យល់ការ ដែលអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ម្នាល​ព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាល​ព្រាហ្មណ៍ ធម៌​ទាំងឡាយ ៤ ប្រការនេះឯង តែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក​ ដល់​កុលបុត្រ។

កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ ជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌​ទាំង ៨ ប្រការនេះ តែងនាំ​មកនូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះដ៏មានព្រះភាគ​ ព្រះអង្គ​ជាសច្ចនាម ទ្រង់​សំដែងដល់​កុលបុត្រ​អ្នក​មានសទ្ធា ស្វែងរកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ និង​បុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំងឡាយ​ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/08/sut.an.08.055.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann