km:tipitaka:sut:an:08:sut.an.08.v01

មេត្តាវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.v01 បាលី cs-km: sut.an.08.v01 អដ្ឋកថា: sut.an.08.v01_att PTS: ?

មេត្តាវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. មេត្តាវគ្គោ)

(មេត្តាសូត្រ ទី១)

(១. មេត្តាសុត្តំ)

[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែល​បុគ្គលធ្វើ​ឲ្យថ្នឹក ចំរើនធ្វើឲ្យ​រឿយ​ៗ ធ្វើឲ្យ​ដូចជាយាន ធ្វើឲ្យជាទី​នៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ បាន​ប្រារព្ធ​ល្អហើយ មាន​អានិសង្ស ៨ ប្រការ​ជា​ប្រាកដ។ អានិសង្ស ៨ ប្រការ តើ​ដូចម្តេច​ខ្លះ។ គឺដេកលក់​ជាសុខ ១ ភ្ញាក់​ឡើង​ជាសុខ ១ មិនឃើញ​នូវ​​សុបិន​អាក្រក់ ១ ជាទីស្រឡាញ់​នៃពួក​មនុស្ស ១ ជា​ទី​ស្រឡាញ់​នៃពួក​អមនុស្ស ១ ពួក​ទេវតា​តែង​រក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិន​ប៉ះពាល់​នូវ​បុគ្គល​នោះ ១ កាលបើ​មិនទាន់​បានគុណ​វិសេស​ដ៏ខ្ពង់​ខ្ពស់ទេ រមែង​ទៅកើត​ក្នុង​ព្រហ្ម‌‌លោក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​ធ្វើឲ្យ​ថ្នឹក ចំរើន​ធ្វើ​ឲ្យ​រឿយ ៗ​ ធ្វើឲ្យដូច​ជាយាន ធ្វើឲ្យ​ជាទីនៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ​ បាន​ប្រារព្ធ​ល្អ​ហើយ រមែង​មាន​អានិសង្ស ៨ ប្រការនេះឯង​ជាប្រាកដ។

បុគ្គល​ដែលនឹក​រលឹក​ចំពោះ​ ចំរើននូវមេត្តា ប្រមាណ​មិនបាន ពិចារណា​ឃើញ​នូវ​ការ​អស់ទៅ នៃ​ឧបធិក្កិលេស សំយោជនៈ​ទាំងឡាយ ក៏ស្រាលស្តើង (ចាក​ខន្ធសន្ដាន) បើបុគ្គលមានចិត្តមិនបានប្រទុស្ដសត្វណា​មួយ ឈ្មោះថា ជាប់​មេត្តា កុសល​ក៏​រមែង​​កើត​មាន ដោយហេតុ​នោះ ចំណែក​ព្រះអរិយៈ មានចិត្ត​អនុគ្រោះ​​សត្វទាំង​ឡាយ​ទាំង​ពួង តែង​ធ្វើ​បុណ្យ​ច្រើន ពួកស្ដេច​ណា ដែល​ប្រាកដ​ដូចជា​ឥសី បាន​ឈ្នះនូវ​ផែនដី ដែល​ពាសពេញ​ដោយ​មនុស្ស​សត្វ កាល​ឲ្យទាន ប្រព្រឹត្ត​រឿយ ៗ (ដោយសង្គហវត្ថុ ៤ ប្រការ) គឺឈ្លាសវៃ ក្នុងការ​ទំនុក​បម្រុងធញ្ញជាតិ ១ ឈ្លាសវៃ​ក្នុងការ​ទំនុក​បម្រុង​មនុស្ស ១ ការចងចិត្ត​មនុស្ស ១ ពោលពាក្យ​ជាទីស្រឡាញ់ ១ មិនបាច់ប្រើ​រនុក​ទ្វារផ្ទះឡើយ ការ​ឲ្យទាន​ទាំងឡាយ​នោះ ក៏មិនដល់​នូវចំណិត​ក្នុង​ចំណែក ១៦ នៃមេត្តាចិត្ត ដែល​បានអប់រំ​ហើយ ដូចជា​រស្មី​ព្រះចន្ទ្រ និងពួកផ្កាយ​ទាំងពួង បុគ្គល​ណា ជាអ្នក​មាន​ចំណែក​នៃ​មេត្តាសមាធិ​ចិត្ត ចំពោះ​ពួកសត្វ​ទាំងអស់ មិន​បៀតបៀន មិន​សម្លាប់ មិនធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ​ដោយ​ខ្លួនឯង មិនប្រើ​អ្នកដទៃ ឲ្យធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ វេរា​របស់​បុគ្គលនោះ មិនមាន​ដោយហេតុ​ណាមួយ​ឡើយ។

បញ្ញាសូត្រ ទី២

(២. បញ្ញាសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បី​បាន​នូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជាភិយ្យោភាព ដ៏​ធំទូលាយ ចំរើន​​បរិបូណ៌នូវ​បញ្ញា​ដែលខ្លួន​បានហើយ។ ហេតុបច្ច័យ ៨ យ៉ាង តើដូច​ម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​​ក្នុង​សាសនានេះ ចូល​ទៅអាស្រ័យ​នៅ​នឹងគ្រូ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គល​តាំងនៅ​ក្នុងស្ថាន​ដែលគួរ​គោរព) ជា​អ្នក​មាន​ហិរិ និង​ឱត្តប្បៈ​ដ៏ក្លៀវក្លា ដម្កល់នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះ​បុគ្គល​ជាគរុដ្ឋានិយៈ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ នេះជា​បច្ច័យ ទី១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវបញ្ញា​ជាខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យដែល​ខ្លួន​មិនធ្លាប់​បាន ដើម្បី​​​ជា​ភិយ្យោភាព ដ៏ធំ​ទូលាយ ចំរើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន។ បុគ្គលនោះ ចូល​ទៅ​អាស្រ័យ​នៅ​នឹង​គ្រូ​នោះ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ​ជា​គរុដ្ឋានិយៈ ជា​អ្នក​មាន​ហិរិ និងឱត្តប្បៈដ៏​ក្លៀវក្លា ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព​ចំពោះ​បុគ្គល​គរុដ្ឋានិយៈ ភិក្ខុនោះ ចូល​ទៅរក (បុគ្គលនោះ) តាម​កាលគួរ ហើយ​សាក​សួរ​ត្រង់​ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្តេច សេចក្តី​អធិប្បាយ នៃ​ភាសិត​នេះ​ដូចម្តេច។ លោក​ដ៏មានអាយុ​ទាំងឡាយ​នោះ បើក​បង្ហាញ​នូវធម៌​ដែល​កំបាំង​ផង ធ្វើ​ធម៌​ដែល​មាន​ជម្រៅ ឲ្យរាក់​ផង បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ក្នុងធម៌​ដែលគួរ​សង្ស័យ​ច្រើន​ប្រការ​ផង ដល់​ភិក្ខុនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី២ ជាបច្ច័យ ទី២​ ដែល​ប្រព្រឹត្តទៅ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ជាខាង​ដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែល​ខ្លួនបាន។ ភិក្ខុនោះ ​លុះ​បាន​ស្ដាប់ធម៌​នោះហើយ ​ទើបញុំាងសេចក្តីស្ងប់​រម្ងាប់ ២ ប្រការ ឲ្យសម្រេច គឺ​ការ​ស្ងប់​រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៣ ជាបច្ច័យ ទី៣ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះ​នូវបញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែល​ខ្លួនមិន​ធ្លាប់បាន ដើម្បី​ជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុជា​អ្នកមាន​សីល សង្រួមហើយ​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៤ ជា​បច្ច័យ ទី៤ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​បាន​ចំពោះនូវ​បញ្ញា ជាខាង​ដើមនៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ជា​អ្នករៀន​សូត្រ​ច្រើន ទ្រទ្រង់ព្រះសូត្រ ចេះចាំ​ព្រះសូត្រ ធម៌ទាំង​ឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង​ ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌ ព្រមទាំង​អត្ថ ព្រម​ទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ​ បានរៀនសូត្រ​ច្រើន ទ្រទ្រង់​ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ហើយបំពេញ​នូវកុសលធម៌​ទាំងឡាយ មានកំឡាំង មានសេចក្តី​ប្រឹងប្រែង​ដ៏មាំ មិនដាក់ធុរៈ ក្នុងធម៌​ទាំងឡាយ​ជាកុសល ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៦ ជាបច្ច័យ ទី៦ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាង​ដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុ​នៅក្នុង​​សង្ឃ មិនមែន​និយាយ​ផ្តេសផ្ដាស មិនមែន​ជាអ្នក​និយាយ​តិរច្ឆានកថា រមែង​សំដែងធម៌​ដោយ​ខ្លួន​ឯងផង អារាធនា​អ្នកឯទៀត ឲ្យសំដែង​ផង មិនមើល​ងាយ​ព្រះអរិយៈ ដែល​ស្ងប់ស្ងៀម​ផង ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​ធ្លាប់បាន​ ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​​ដែលខ្លួន​បាន។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវការ​កើតឡើង និង​សូន្យទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ​ថា រូបដូច្នេះ ការកើតឡើង​នៃរូប​ដូច្នេះ ការវិនាស​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃ​វិញ្ញាណ​​ដូច្នេះ ការវិនាស​ទៅ នៃវិញ្ញាណ​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៨ ជាបច្ច័យ ទី៨ ដែល​ប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែល​ខ្លួនបាន​ហើយ។ ពួកសព្រហ្មចារីបុគ្គល តែងនាំគ្នា​សរសើរ​នូវភិក្ខុនោះ យ៉ាងនេះថា លោក​ដ៏មាន​អាយុ (នេះ) បានចូល​ទៅនៅអាស្រ័យ​នៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គល​ណាមួយ ជា​គរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ដោយគិតថា លោកដ៏មានអាយុនេះ ដឹងនូវ​ហេតុ​ដែលគួរ​ដឹង ឃើញនូវ​ហេតុ ដែលគួរ​ឃើញ​ដោយពិត ធម៌នេះ​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បី​ឲ្យគេ​គោរព ដើម្បីញុំាង​គុណ ឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​លោកដ៏មាន​អាយុនេះ ចូលទៅនៅ​អាស្រ័យ​នឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គល​ណា​មួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់សេចក្តី​ស្រឡាញ់ និងសេចក្តី​គោរព ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ លុះលោកដ៏មាន​អាយុនោះ ចូលទៅរក​គ្រូ​នោះតាម​កាល​ដ៏សមគួរហើយ សាកសួរ​ត្រង់ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្ដេច​ សេចក្ដី​អធិប្បាយ​នៃភាសិតនេះ​ដូចម្ដេច។ លោកដ៏មានអាយុ​ទាំងនោះ ក៏បើក​បង្ហាញ នូវ​ធម៌ដែល​កំបាំងផង ធ្វើធម៌ដែល​មាន​ជម្រៅ ឲ្យរាក់ផង បន្ទោបង់​នូវសេចក្តី​សង្ស័យ ​ក្នុងធម៌​ទាំងឡាយ ដែលគួរសង្ស័យ​ច្រើនប្រការ​ផង ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ឯធម៌នេះ ប្រព្រឹត្ត​ទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បីញុំាង​គុណ​​ឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ លុះ​លោកមាន​អាយុនេះ ស្ដាប់ធម៌នោះ​ហើយ ទើបញុំាង​ការស្ងប់​រម្ងាប់ ២ ប្រការ​ឲ្យសម្រេច គឺការ​ស្ងប់រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត​ ១ ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែល​គួរដឹង ឃើញនូវ​ហេតុ ដែល​គួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​ខាងលោក​ដ៏មានអាយុនេះ ជាអ្នក​មានសីល សង្រួម​ហើយក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ​បន្តិចបន្តួច សមាទាន សិក្សាក្នុង​សិក្ខាបទទាំងឡាយ ក៏គិតថា លោកដ៏មាន​អាយុនេះ រមែង​ដឹងនូវ​ហេតុ ដែល​គួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ​ ជាអ្នករៀនសូត្រ​ច្រើន ទ្រទ្រង់​ព្រះសូត្រ ចេះដឹងព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ​មានសភាព​ដូច្នោះ ភិក្ខុនោះ ​បានរៀន​សូត្រ​ច្រើន ទ្រទ្រង់ ចាំ​ស្ទាត់​រត់មាត់ ​ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ក៏គិតថា​ លោក​ដ៏មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បី​ឲ្យគេគោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោកដ៏មានអាយុ​នេះ ប្រារព្ធ​នូវសេចក្ដី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ដើម្បីបំពេញ​នូវ​កុសលធម៌​ទាំងឡាយ ជាអ្នកមាន​កំឡាំង មានសេចក្ដី​ប្រឹងប្រែងមាំ មិនដាក់ធុរៈ​ក្នុងធម៌​ជាកុសល ក៏គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយ​ពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យ​គេស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោក​ដ៏មានអាយុនេះ តាំងនៅក្នុង​សង្ឃ មិនមែន​និយាយពាក្យ​ផ្ដេសផ្ដាស មិនមែន​និយាយ​តិរច្ឆានកថា តែងសំដែង​ធម៌​ដោយខ្លួនឯងផង អារាធនាអ្នកដទៃ​ឲ្យសំដែងផង មិនមើលងាយ​នូវព្រះអរិយៈ​ដែលស្ងប់ស្ងៀម​ផង ដោយគិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេស្រ​ឡាញ់ ដើម្បីឲ្យគេគោរព​ ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ក៏ឯលោកដ៏មានអាយុនេះ ពិចារណា​ឃើញ​រឿយ ៗ នូវការ​ចំរើន​ឡើង និង​ការសាបសូន្យ​ទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ថា រូប​ដូច្នេះ ការកើតឡើង​នៃរូបដូច្នេះ​ ការវិនាសទៅ​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារ​ទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃវិញ្ញាណ​ដូច្នេះ ការវិនាស​នៃវិញ្ញាណ​ដូច្នេះ ក៏គិតថា លោកដ៏​មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព​ ដើម្បី​ញុំាង​គុណឲ្យ​ចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ម្នាល​ភិក្ខុទាំង​ឡាយ ហេតុទាំង ៨ យ៉ាង បច្ច័យ​ទាំង ៨ យ៉ាង​នេះឯង ប្រព្រឹត្ត​ទៅ ដើម្បី​បានចំពោះ​នូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។

បឋមអប្បិយសូត្រ ទី៣

(៣. បឋមអប្បិយសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​មិន​ជាទី​ស្រឡាញ់ មិនជា​ទីពេញចិត្ត ​មិនជា​ទីគោរព មិនជា​ទីសរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​សរសើរ​ចំពោះ បុគ្គល​មិនជាទី​ស្រឡាញ់ ១ តិះដៀល​នូវជន​ជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នា​សក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១​ ប្រាថ្នាលាមក ១​ យល់ខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ យ៉ាង​នេះឯង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត មិន​ជាទី​គោរព មិនជា​ទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ​នៃសព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​មិន​សរសើរ​នូវបុគ្គល​មិនជាទី​ស្រឡាញ់ ១ មិន​តិះដៀល​នូវជន​ជាទី​ស្រឡាញ់ ១ មិន​ប្រាថ្នាលាភ ១ មិនប្រាថ្នា​សក្ការៈ ១ មាន​សេចក្ដី​ខ្មាស​បាប ១ មានសេចក្ដី​ខ្លាចបាប ១​ ប្រាថ្នាតិច ១ មាន​សេចក្ដី​យល់ត្រូវ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង ទើបជា​ទីស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។

ទុតិយអប្បិយសូត្រ ទី៤

(៤. ទុតិយអប្បិយសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​ធម៌ ៨ ​យ៉ាង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត ​មិនជាទី​គោរព មិនជា​ទីសរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។ ធម៌​ ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ ប្រាថ្នាមិន​ឲ្យគេមើល​ងាយ ១ មិនស្គាល់​កាល​ ១ មិនស្គាល់​ប្រមាណ ១ មានការងារ​មិនស្អាត ១ និយាយ​ច្រើន ១ ជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង រមែង​មិនជា​ទី​ស្រឡាញ់ មិនជា​ទីគាប់ចិត្ត មិនជាទី​គោរព មិនជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទី​ពេញ​ចិត្ត ជាទី​គោរព គួរជាទី​សរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មិនប្រាថ្នា​លាភ ១ មិនប្រាថ្នា​សក្ការៈ ១ មិនមែន​ជាអ្នក​ប្រាថ្នា​មិនឲ្យអ្នក​ដទៃ​មើលងាយ ១​ ស្គាល់​កាល ​១ ស្គាល់​ប្រមាណ ១ មាន​ការងារ​ស្អាត ១ មិន​និយាយ​ច្រើន ១ មិនជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង​នេះ​ឯង ទើបជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត ជាទី​គោរព ជាទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។

បឋមលោកធម្មសូត្រ ទី៥

(៥. បឋមលោកធម្មសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់​តាម​នូវ​សត្វ​លោក ទាំងសត្វ​លោក ក៏វិលទៅ​តាមនូវ​លោកធម៌​ទាំង ៨ ដែរ។ លោកធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងនេះ​ដែរ។

ធម៌ទាំងឡាយនេះគឺ លាភៈ ១ អលាភៈ ១​ យសៈ ១ អយសៈ ១ និន្ទា ១ ​បសំសា ១ សុខ ១ ទុក្ខ ១ ជា​ធម៌​មិនទៀង ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិន​ឋិតថេរ មាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ចំណែក​បុគ្គលអ្នក​មានប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវ​ធម៌​នេះ​ហើយ រមែង​ពិចារណា​នូវធម៌ ដែលមាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍​ទាំងឡាយ រមែង​មិនញាំញី​នូវចិត្ត​របស់បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏មិនអាច​ប៉ះ​ទង្គិច​បាន សេចក្ដី​ត្រេកអរ ឬ​ថាសេចក្ដី​ថ្នាំថ្នាក់ចិត្ត ក៏បុគ្គលនោះ​បានកំចាត់​បង់ហើយ ដល់នូវ​សេចក្ដី​វិនាស មិនមាន​តទៅទៀត​ឡើយ បុគ្គលអ្នក​ដល់នូវ​ត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះដឹងច្បាស់​នូវបទ គឺព្រះ​និព្វាន ដែលមិនមាន​ធូលី គឺកិលេស មិនមាន​សេចក្ដី​សោក។

ទុតិយលោកធម្មសូត្រ ទី៦

(៦. ទុតិយលោកធម្មសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វលោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ លោកធម៌​ ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺលាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨ យ៉ាងនេះឯង តែងជាប់តាម​សត្វលោក ទាំងសត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះដឹង ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសា​ក្ដី សុខក្ដី ទុក្ខក្ដី តែងកើត​ឡើងដល់​អរិយសាវក អ្នកចេះ​ដឹងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះក្នុង​លោកធម៌​ទាំងនោះ មានសេចក្ដី​ប្លែកគ្នា​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​ហេតុ​ផ្សេងគ្នា​ដូចម្ដេច របស់​អរិយសាវក អ្នកចេះ​ដឹង និង​បុថុជ្ជន​អ្នកមិន​ចេះដឹង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំង​ឡាយ មានព្រះ​ដ៏មានព្រះភាគ​ជាមូល មានព្រះ​ដ៏មានព្រះភាគ ជា​អ្នក​ណែនាំ មាន​ព្រះដ៏មានព្រះភាគ ជាទីពឹង​របស់យើង​ទាំងឡាយ​ស្រាប់​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សេចក្ដី​នៃភាសិត​នោះ ជាក់ច្បាស់​ដល់​ព្រះដ៏មាន​ព្រះភាគ​ដោយល្អ​ស្រាប់​ហើយ ភិក្ខុ​ទាំងឡាយ បានស្ដាប់ (ធម៌) របស់​ព្រះដ៏មាន​ព្រះភាគ នឹង​ចង​ចាំទុក​បាន។ ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយ ប្រុងស្ដាប់​ ធ្វើទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុ​ទាំងនេះ ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មាន​ព្រះភាគ​ថា ​ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ លាភ​តែងកើត​ឡើងដល់​បុថុជ្ជន​អ្នក​មិនចេះដឹង បុថុជ្ជននោះ មិន​ពិចារណា​ មិនដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភ​នេះ កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួល ជាធម្មតា អលាភ រមែង​កើតឡើង យស​រមែង​កើតឡើង អយស រមែង​កើតឡើង និន្ទា រមែង​កើតឡើង បសំសា រមែង​កើតឡើង សុខ រមែង​កើតឡើង ទុក្ខ រមែង​កើតឡើង (ដល់បុថុជ្ជន​អ្នកមិន​ចេះដឹង) បុថុជ្ជននោះ មិន​ពិចារណា មិន​ដឹងច្បាស់​តាម​ពិតដូច្នេះ​ថា ទុក្ខនេះ កើតឡើង​ដល់អាត្មាអញ​ហើយ ទុក្ខនោះឯង មិនទៀង ជា​របស់​អត់ធន់​បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា។ លាភក្ដី រមែង​គ្របសង្កត់​ចិត្ត របស់​បុថុជ្ជន​នោះ អលាភក្ដី រមែង​គ្របសង្កត់​ចិត្ត យសក្ដី រមែង​គ្របសង្កត់​ចិត្ត អយស​ក្ដី រមែង​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី រមែង​គ្របសង្កត់​ចិត្ត បសំសា​ក្ដី រមែង​គ្របសង្កត់​ចិត្ត សុខក្ដី រមែង​គ្របសង្កត់​ចិត្ត ទុក្ខក្ដី រមែង​គ្របសង្កត់​ចិត្ត។ បុថុជ្ជននោះ តែង​ត្រេកអរ នឹងលាភ​ដែល​កើត​ឡើង តូចចិត្ត​ព្រោះអលាភ ត្រេកអរ​នឹង​យស​ដែលកើត​ឡើង តូច​ចិត្ត​ព្រោះអយស ត្រេកអរ​នឹង​បសំសា​ដែលកើត​ឡើង តូចចិត្ត​ព្រោះនិន្ទា ត្រេកអរ​នឹង​សុខ​ដែល​កើតឡើង តូចចិត្ត​ព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកប​នូវសេចក្ដី​ត្រេកអរ និង​សេចក្ដី​តូចចិត្ត​យ៉ាងនេះ​ហើយ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា មិនរួច​ចាក​វដ្ដទុក្ខ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើង​ដល់​អរិយសាវក​អ្នកចេះដឹង​ អរិយសាវក​នោះ ពិចារណា ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភនេះ​កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្ដី​ប្រែប្រួលជា​ធម្មតា ​អលាភ​កើតឡើង យស​កើត​ឡើង អយស​កើតឡើង និន្ទាកើត​ឡើង បសំសា​កើតឡើង សុខ​កើតឡើង ទុក្ខ​កើតឡើង អរិយ​សាវក​នោះ ពិចារណា​ដឹងច្បាស់​តាមពិត​ដូច្នេះថា​ ទុក្ខ​កើតឡើង​ដល់​អាត្មាអញ​ហើយ ទុក្ខ​នោះឯង ក៏មិនទៀង អត់ធន់បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។ អរិយសាវក ដឹងច្បាស់​តាមពិតថា ​នេះជាទុក្ខ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់​បាន​ដោយក្រ មានសេចក្ដី​ប្រែប្រួល​ជាធម្មតា លាភក្ដី មិនគ្រប​សង្កត់ចិត្ត​របស់​អរិយសាវក​នោះ អលាភក្ដី ក៏មិន​គ្របសង្កត់​ចិត្ត យសក្ដី ក៏មិនគ្របសង្កត់ចិត្ត អយសក្ដី ក៏មិន​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី ក៏មិនគ្រប​សង្កត់​ចិត្ត បសំសាក្ដី ក៏មិនគ្រប​សង្កត់ចិត្ត សុខក្ដី ក៏មិន​គ្រប​សង្កត់​ចិត្ត ទុក្ខក្ដី ក៏មិន​គ្របសង្កត់​ចិត្តបាន។ អរិយសាវក​នោះ មិន​ត្រេកអរ​នឹង​លាភ ដែល​កើតឡើង មិនអាក់អន់​ព្រោះអលាភ មិនត្រេកអរ​នឹងយស ដែល​កើតឡើង មិន​អាក់អន់​ព្រោះអយស មិនត្រេកអរ​នឹង​បសំសា ដែលកើតឡើង មិន​អាក់អន់​ព្រោះនិន្ទា មិន​ត្រេកអរ​នឹងសុខ​ដែលកើត​ឡើង មិនអាក់អន់ ព្រោះ​សេចក្ដី​ទុក្ខ។ អរិយសាវក​នោះ លះបង់​សេចក្ដី​ត្រេកអរ និង​សេចក្ដី​អាក់អន់​យ៉ាងនេះ​ហើយ រមែង​រួចចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា រួចស្រឡះ​ចាក​វដ្ដទុក្ខ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​ជា​សេចក្ដី​ប្លែកគ្នា នេះជា​អធិប្បាយ នេះជា​ហេតុ​ផ្សេងៗ គ្នា នៃ​អរិយសាវក​អ្នកចេះដឹង និង​បុថុជ្ជន​អ្នក​មិនចេះដឹង។

ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌​មិនទៀង​ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិនឋិតថេរ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ចំណែក​បុគ្គល​អ្នកមាន​ប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវធម៌​ទាំងនេះ​ហើយ​ រមែង​ពិចារណាឃើញ​ច្បាស់នូវ​ធម៌ដែល​មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍ រមែង​មិនញាំញី​ចិត្ត​របស់​បុគ្គល​នោះបាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះទង្គិច​បាន សេចក្ដី​ត្រេកអរ​ ឬថា​សេចក្ដី​ថ្នាំងថ្នាក់ ក៏បុគ្គលនោះ​បាន​កំចាត់​បង់ហើយ ដល់​នូវសេចក្ដី​វិនាស មិន​មានតទៅទៀត​ឡើយ បុគ្គល​អ្នកដល់​នូវត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយប្រពៃ ព្រោះ​ដឹងច្បាស់​នូវបទ គឺ ព្រះនិព្វាន ដែល​មិនមាន​ធូលី គឺកិលេស មិន​មាន​សេចក្ដី​សោក។

ទេវទត្តវិបត្តិសូត្រ ទី៧

(៧. ទេវទត្តវិបត្តិសុត្តំ)

[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រងគង់នៅលើភ្នំ​គិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ កាលដែល​ទេវទត្តភិក្ខុ ចៀសចេញ​មិនយូរប៉ុន្មាន ក្នុងទី​នោះឯង ព្រះមាន​ព្រះភាគ​ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្តភិក្ខុ ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​នៃ​ខ្លួនសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវវិបត្តិ​របស់បុគ្គល​ដទៃសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវ​សម្បត្តិ​នៃខ្លួន​សព្វៗ កាល ជាការ​ប្រពៃ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា នូវ​សម្បត្តិ​របស់បុគ្គល​ដទៃសព្វៗកាល ជាការ​ប្រពៃ។​ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​អសទ្ធម្ម​ទាំងឡាយ ៨ ប្រការ​ គ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​អសទ្ធម្មរួបរឹតហើយ ទៅកើតក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្របសង្កត់ហើយ មានចិត្ត​ដែលលាភ​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាចអ្នក​ណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សេចក្តីប្រាថ្នា​ដ៏លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវបាបមិត្តគ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម​ទាំង ៨ ប្រការ​នេះឯង គ្របសង្កត់ មានចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំង​នៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើងហើយ ជាការ​ប្រពៃ នូវអលាភ​ដែលកើត​ឡើងហើយ នូវយស​ដែល​កើតឡើង​ហើយ នូវ​អយស​ដែល​កើតឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើតឡើង​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ តើព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ដូចម្ដេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ថា​ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់រោលរាល កើតឡើង​ដល់​ភិក្ខុនោះ ព្រោះ​មិនបាន​គ្របសង្កត់​នូវលាភ​ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះយ៉ាងនេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះថា ​អាសវៈ​ទាំងឡាយណា ​ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល​កើត​ឡើង​ដល់​ភិក្ខុនោះ កាល​មិនបាន​គ្របសង្កត់​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស ដែល​កើត​ឡើង​ហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ នូវ​បាបមិត្ត​ដែល​កើតឡើង​ហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោល​រាល រមែង​មិនមាន​ដល់ភិក្ខុ កាលគ្រប​សង្កត់ នូវ​បាបមិត្ត​ដែល​កើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើង​ហើយ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែលកើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវបាបមិត្ត ដែលកើត​ឡើង​ហើយ ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះថា យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើង យើង​ទាំងឡាយ​ គួរ​ជាអ្នក​គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស​ដែលកើត​ឡើង​ហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ​ នូវ​អសក្ការៈ ដែល​កើត​ឡើង​ហើយ នូវ​សេចក្តី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ដែលកើត​ឡើង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះ​ឯង។

ឧត្តរវិបត្តិសូត្រ ទី៨

(៨. ឧត្តរវិបត្តិសុត្តំ)

[៨] សម័យមួយ ព្រះឧត្តរដ៏មានអាយុ គង់ក្នុង​វិហារឈ្មោះ​វដ្តជាលិកា ទៀប​ភ្នំ​ឈ្មោះ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ។ ក្នុងទីនោះ ព្រះឧត្តរ​ដ៏មានអាយុ ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​បុគ្គល​ដទៃ​សព្វៗកាល ជា​ការ​ប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណានូវ​សម្បត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វ ៗកាល ជា​ការប្រពៃ។

សម័យនោះឯង មហារាជឈ្មោះ​វេស្សវ័ណ ចេញ​អំពី​ឧត្តរ​ទិស​ ទៅកាន់​ទក្សិណ​ទិស ដោយ​កិច្ចនីមួយ។ មហារាជ​ឈ្មោះ​វេស្សវ័ណ បានឮ​ថេរវាចា​នៃ​ព្រះឧត្តរ​ដ៏មាន​អាយុ កំពុង​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំងឡាយ ក្នុង​វិហារ​ឈ្មោះ​វដ្តជាលិកា ទៀបភ្នំ​សង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវវិបត្តិ​របស់​អ្នក​ដទៃសព្វ​ ៗ​កាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃខ្លួន​សព្វ ៗកាល ជាការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វៗកាល ជា​ការប្រពៃ។ លំដាប់​នោះ មហារាជ​ឈ្មោះ​វេស្សវ័ណ ក៏បាត់​អំពី​វដ្តជាលិកាវិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិស​វត្ថុ ទៅប្រាកដ​ក្នុង​តាវត្តឹង្ស​​ទេវលោក ដូច​បុរស​មានកំឡាំង ​លាដៃ​ដែលបត់ចូល ឬ​បត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ មហារាជវេស្សវ័ណ ចូល​ទៅ​គាល់​​ព្រះឥន្ទ្រជាធំ​ជាង​ពួក​ទេវតា លុះ​ចូលទៅ​ដល់ហើយ បាន​ទូល​ពាក្យនេះ នឹង​ព្រះឥន្ទ្រ​ជាធំ​ជាង​​ពួក​ទេវតា បពិត្រ​លោកជា​ម្ចាស់​យើង ​សូម​ទ្រង់ជ្រាប ព្រះឧត្តរដ៏​មាន​អាយុនុ៎ះ សំដែងធម៌ដល់​ភិក្ខុទាំង​ឡាយ ក្នុង​វដ្តជាលិកាវិហារ ទៀបភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ​យ៉ាងនេះ​ថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​ខ្លួន​សព្វៗកាល ជាការប្រពៃ។បេ។ ជាអ្នកពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ។

គ្រានោះ សក្កៈជាធំជាង​ពួកទេវតា ក៏បាត់អំពី​ទេវលោក ទៅប្រាកដ​ក្នុងទី​ចំពោះ​មុខ​ព្រះឧត្តរ​ដ៏មាន​អាយុ ក្នុង​វត្តជាលិកា​វិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិតស្រុក​មហិសវត្ថុ ដូច​បុរសមាន​កំឡាំង លាដៃ​ដែលបត់​ចូល ឬបត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ សក្កៈ​ជាធំជាង​ពួក​ទេវតា ចូលទៅ​រក​ព្រះឧត្តរដ៏​មានអាយុ ត្រង់​កន្លែង​ដែលលោក​គង់នៅ លុះចូលទៅ​ហើយ ថ្វាយ​បង្គំ​ព្រះឧត្តរ​ដ៏មាន​អាយុ ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ។ លុះ​សក្កៈជាធំ​ជាងពួក​ទេវតា ឋិត​នៅក្នុង​ទីសមគួរ​ហើយ បានដំ​ណាល​ពាក្យនេះ នឹងព្រះឧត្តរ​ដ៏មាន​អាយុ ដូច្នេះថា បានឮថា ព្រះឧត្តរ​ដ៏មានអាយុ សំដែង​ធម៌ដល់ភិក្ខុ​ទាំងឡាយថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា​នូវវិបត្តិ​នៃខ្លួន ជា​ការប្រពៃ។បេ។ ជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​ពិតមែន​ឬ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ។ បពិត្រ​លោកដ៏ចំរើន ចុះ​ការសំដែង​តាម​សេចក្តីយល់​​របស់​ខ្លួន​ព្រះឧត្តរ​ដ៏មាន​អាយុឬ ឬក៏​សំដែង​តាម​ព្រះពុទ្ធ​ដីការបស់​ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ថ្វាយព្រះពរ ទេវានមិន្ទ បើដូច្នោះ អាត្មាភាព នឹងឧបមា​ថ្វាយ​មហាបពិត្រ ពួក​វិញ្ញូបុរស​ក្នុងលោក​នេះ​ គង់ដឹង​នូវ​សេចក្តីអធិប្បាយ​នៃ​ភាសិត​ដោយ​សេចក្តីឧបមា​ ថ្វាយ​ព្រះពរ ទេវានមិន្ទ ដូចជាគំនរ​ស្រូវដ៏ធំ ក្នុងទីជិត​ស្រុកក្តី និគមក្តី ពួក​មហាជន​នាំយក​ស្រូវ​អំពី​គំនរ​នោះ ដោយ​អម្រែកទាំង​ឡាយខ្លះ ដោយល្អី​ទាំងឡាយ​ខ្លះ ដោយ​ថ្នក់​ទាំងឡាយ​ខ្លះ ដោយ​កំបង់ដៃ​ទាំងឡាយ​ខ្លះ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពួក​មហា​ជនណា ដែល​មិនបាន​ចូលទៅ (នឹងគេ) គប្បីសួរ​យ៉ាងនេះថា អ្នកទាំងឡាយ នាំ​យក​ស្រូវនេះ​អំពី​ទីណា។ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជននោះ កាលនឹងឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាម​ទំនង​ដូចម្ដេច។ បពិត្រលោកដ៏ចំរើន ពួកមហាជន​នោះ កាលឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាមទំនង​ថា យើងទាំងឡាយ នាំមកអំពី​គំនរស្រូវ​ធំឯណោះ ដូច្នេះ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពាក្យឯណានីមួយ ជាសុភាសិត សុភាសិត​ទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា នៃ​ព្រះដ៏មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​អង្គនោះ យើង​ទាំងឡាយ នាំ​ចេញ​មក​អំពី​ព្រះពុទ្ធដីកា​នោះ ទើប​សំដែង​ដូចជា​សូ្រវ យ៉ាង​នោះដែរ។ បពិត្រ​លោក​ដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ពាក្យនេះ ព្រះឧត្ដរ​ដ៏មាន​អាយុ ពោល​ហើយ​ដោយ​ប្រពៃ (ព្រោះ) ពាក្យឯណា​នីមួយ​ជា​សុភាសិត ពាក្យទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា របស់​ព្រះដ៏មាន​ព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធ​ព្រះអង្គនោះ យើង​ទាំងឡាយ ក៏ពោល​នូវ​ស្រូវ ប្រៀបធៀប​នឹង​ព្រះពុទ្ធដីកា​នោះដែរ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន សេចក្ដីនេះ​យ៉ាង​នេះ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំ​គិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ កាល​ដែល​ព្រះ​ទេវទត្ត ចៀសចេញទៅ​មិន​យូរប៉ុន្មាន ក្នុង​ទីនោះឯង​ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត ត្រាស់នឹង​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​វិបត្តិ​នៃខ្លួន ជាការ​ប្រពៃ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា​នូវ​វិបត្តិ​​របស់​អ្នក​ដទៃ នូវ​សម្បត្តិ​របស់​ខ្លួន នូវ​សម្បត្តិ​របស់​អ្នកដទៃ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំង ៨ ប្រការ​គ្របសង្កត់ហើយ មាន​ចិត្តត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំង​នៅអស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្រប​សង្កត់​ហើយ មានចិត្ត​ត្រូវលាភរួប​រឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវអយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាល​ភិក្ខុ​ទាំងឡាយ ដែលត្រូវ​សេចក្ដី​ប្រាថ្នា​លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​បាបមិត្ត​គ្របសង្កត់​ហើយ មានចិត្ត​ដែលត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅ​កាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំងឡាយ ៨ ប្រការនេះឯង គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ ជាការប្រពៃ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវអលាភ ដែលកើត​​ឡើងហើយ នូវយស​ដែលកើត​ឡើង​ហើយ នូវ​អយស​ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវសេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍ដូចម្ដេច ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា​ អាសវៈ​ទាំងឡាយណា ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល កើតឡើង​ដល់ភិក្ខុ​នោះ កាល​មិនបាន​គ្របសង្កត់​នូវ​លាភ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះ កាល​គ្របសង្កត់​នូវលាភ ដែលកើត​ឡើងហើយ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀតចង្អល់ រោលរាល គប្បីកើតឡើង​ដល់ភិក្ខុនោះ កាលមិន​បានគ្រប​សង្កត់ នូវអលាភ ដែលកើត​ឡើង​ហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែល​កើតឡើងហើយ នូវអសក្ការៈ ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើត​ឡើង​ហើយ នូវបាបមិត្ត ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែងមិនមាន​ដល់​ភិក្ខុនោះ កាល​គ្រប​សង្កត់​នូវ​បាបមិត្ត​ដែលកើតឡើង​បាន​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញីនូវ​លាភ ដែលកើត​ឡើងហើយ គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើង​ហើយ នូវ​យស ដែល​កើតឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត ដែលកើត​ឡើងហើយ ព្រោះ​អាស្រ័យ​នូវអំណាច​ប្រយោជន៍នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះ​ថា យើង​ទាំងឡាយ គួរជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញីនូវអលាភ ដែលកើត​​ឡើងហើយ នូវយស ដែលកើត​ឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវសក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ឯង។ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន បណ្ដា​បរិសទ្យទាំង ៤ ពួក គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ធម្មបរិយាយ​នេះ មិនទាន់​តាំងនៅ​ក្នុង​បរិសទ្យ​ណាទេ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មាន​អាយុ កាន់យក​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ រៀន​យក​នូវ​ធម្មបរិយាយ​នេះ បពិត្រលោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ ទ្រទ្រង់​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន ធម្មបរិយាយ​នេះ ប្រកប​ដោយ​ប្រយោជន៍​ជាខាង​ដើម​នៃមគ្គ​ព្រហ្មចរិយធម៌។

នន្ទសូត្រ ទី៩

(៩. នន្ទសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ អ្នកផង​កាលបើ​ពោលតាម​ត្រឹមត្រូវ គប្បី​ពោលនូវ​នន្ទភិក្ខុ ថាជា​កុលបុត្ត​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវ​នន្ទភិក្ខុថា​ជាអ្នក​មានកម្លាំង​កាយ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាល​បើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជាអ្នក​គួរនាំមក​នូវ​សេចក្ដី​ជ្រះថ្លា​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជា​អ្នក​មាន​រាគៈ​ដ៏ក្លៀវក្លា​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅ​ថ្វី ក្នុងទីដទៃ ថានន្ទ​ភិក្ខុ គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយទាំងឡាយ ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវការ​ភ្ញាក់​រលឹក​ ប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ ទើប​នន្ទភិក្ខុអាច​ដើម្បី​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ​បាន។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មានទ្វារ​គ្រប់គ្រង​ហើយ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ​នោះ ​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិលមើល​ទៅទិសខាងកើត លុះតែ​ប្រមូល​នូវហេតុ​ទាំងអស់ ដោយចិត្ត ទើបនន្ទភិក្ខុ រមិលមើល​នូវទិស​ខាងកើត ដោយ​គំនិត​ថា ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិនជាប់​តាម​អាត្មាអញ ដែល​កំពុង​រមិល​មើល​ទិសខាង​កើត​យ៉ាងនេះ។ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះថា​ ជាអ្នក​មានសេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់គ្រង​ទ្វារ​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិល​មើលទិស​ខាងលិច រមិល​មើល​ទិសខាង​ជើង រមិល​មើល​ទិស​ខាង​ត្បូង ងើយមើល​ទៅទិស​ខាងលើ ឱន​មើលទិស​ខាងក្រោម ងាកមើល​​ទៅទិស​ជា​លំដាប់ លុះតែ​ប្រមូល​នូវ​​ហេតុទាំង​អស់​ដោយចិត្ត ទើប​នន្ទភិក្ខុ​ងាកមើល​នូវ​ទិស​ជា​លំដាប់​ ដោយ​គំនិត​ថា អកុសល​ធម៌ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិន​ជាប់​តាម​អាត្មាអញ ដែល​កំពុង​ងាកមើល​ទិស​ជាលំដាប់​។​​ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះ​ថា ជាអ្នក​មាន​សេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់​គ្រង​ទ្វារ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​ឥន្រ្ទិយ​គ្រប់គ្រងហើយ យ៉ាងនេះ​ឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុងភោជននោះ យ៉ាងនេះ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ​ពិចារណា ដោយ​ឧបាយ​ហើយ ទើប​បរិភោគ នូវ​អាហារ មិនមែន​ដើម្បី​លេង​ មិនមែន​ដើម្បី​ស្រវឹង មិនមែន​ដើម្បី​តាក់តែង​រាងកាយ មិនមែន​ដើម្បី​ផូរផង់ គ្រាន់តែឲ្យ​តាំងនៅ​នៃកាយនេះ ដើម្បីញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ អាត្មាអញ នឹង​កំចាត់​បង់​នូវវេទនា​ចាស់ផង ញុំាង​វេទនាថ្មី មិនឲ្យ​កើតឡើង​បានផង ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ក្ដី ការ​មិនមាន​ទោសក្ដី ការនៅ​សប្បាយ​ក្ដី នឹង​មានដល់​អាត្មាអញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុង​ភោជន យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុប្រកប​រឿយ ៗ​ ក្នុងការ​ភ្ញាក់រលឹក​នោះ យ៉ាង​នេះ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្ក្រមន៍ ដោយការ​អង្គុយ​អស់មួយ​ថ្ងៃ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យ ដោយ​ផ្អៀង​ទៅ​ខាង​ស្ដាំ តំរួត​ជើង​ដោយ​ជើង ជាអ្នក​មាន​សតិសម្បជញ្ញៈ ធ្វើទុក​ក្នុង​ចិត្ត​នូវ​ឧដ្ឋាន​សញ្ញា អស់​​មជ្ឈិមយាម​នៃរាត្រី ហើយ​ក្រោកឡើង ជម្រះចិត្ត​ចាក​អាវរណីយ​ធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការអង្គុយ អស់​បច្ឆិមយាម​នៃរាត្រី។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ប្រកប​រឿយ ៗ​ ក្នុង​ការភ្ញាក់​រលឹក​ យ៉ាងនេះ។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មាន​សតិសម្បជញ្ញៈ​នោះ ​យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ វេទនា​កើតឡើង​ដល់​នន្ទភិក្ខុ ក៏ដឹងច្បាស់ វេទនា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ ដល់​នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់​ សញ្ញា​ដែល​កើតឡើង ក៏ដឹង​ច្បាស់ សញ្ញា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ សញ្ញា​ដល់នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់ វិតក្កៈ ដែល​កើតឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលប្រាកដ​ឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលដល់​នូវ​សេចក្ដី​វិនាស ក៏ដឹងច្បាស់។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​សតិសម្បជញ្ញៈ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅថ្វី ក្នុង​ទីដទៃ​ថា នន្ទ​ភិក្ខុ​គ្រប់​គ្រង​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ដឹង​ប្រមាណ ក្នុងភោជន ប្រកប​រឿយៗ នូវ​ការភ្ញាក់​រលឹក​ ប្រកប​​ដោយ​សតិសម្បជញ្ញៈ ទើបនន្ទភិក្ខុ អាចប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ បាន។

ការណ្ឌវសូត្រ ទី១០

(១០. ការណ្ឌវសុត្តំ)

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្បែរឆ្នេរ​ស្រះបោក្ខរណី​ឈ្មោះ​គគ្គរា ជិតក្រុង​ចម្បា។ សម័យនោះ​ឯង ភិក្ខុទាំងឡាយ ​ចោទ​ភិក្ខុផងគ្នា​ដោយ​អាបត្តិ។ ភិក្ខុ​នោះ កាល​ត្រូវពួក​ភិក្ខុផងគ្នា ចោទដោយ​អាបត្តិ ក៏អាងពាក្យ​ដទៃដោយ​ពាក្យ​ដទៃ បដិសេធ​ពាក្យទៅខាងក្រៅ ធ្វើសេចក្ដី​ក្រោធផង ទោស​ផង សេចក្ដី​មិនពេញចិត្ត​ផង​ ឲ្យ​កើត​ប្រាកដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរ​បណ្ដេញនូវ​បុគ្គល​នេះចេញ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរបណ្ដេញ​នូវបុគ្គល​នេះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល (នោះ) ជាបុគ្គល​គួរ​បណ្ដេញ​ចេញ បុគ្គល​ដូចជាកូន​នៃបុគ្គល​ដទៃ រមែង​បៀតបៀន​បានទេ​ដឹង ម្នាលភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅមុខ និង​ថយក្រោយ ការមើល​ទួទៅ​ មើលផ្សេងៗ ការបត់​អវយវៈ​ចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ​ក្នុង​សាសនា​នេះ ប្រាកដ​ដូច្នោះ ដូចដំណើរ​នៃពួក​ភិក្ខុ​ដ៏ចំរើន​ដទៃ ពួកភិក្ខុ​មិន​ឃើញនូវ​អាបត្ដិ​របស់​ភិក្ខុ​នោះ លុះកាល​ណាពួក​ភិក្ខុ ឃើញនូវ​អាបត្ដិ ភិក្ខុនោះ ក៏ដឹង​នូវភិក្ខុ​នោះ​យ៉ាង​នេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​ដល់​សមណៈ ដូចជា​សំដី ឬអង្កាម​ក្នុង​សមណៈ ជា​សម្រាម​ក្នុង​សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់​នូវភិក្ខុនោះ ដូច្នេះ​ហើយ ក៏ធ្វើឲ្យ​វិនាស ទៅខាង​ក្រៅ (ជំនុំសង្ឃ)។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកកុំ​ប្រទូស្ត​ភិក្ខុល្អ​ទាំងឡាយឯ​ទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​ស្មៅ​ដែលបង្ខូច​ស្រូវ ជាសំដី​ក្នុង​ស្រូវ ជា​សម្រាម​ដល់​ស្រូវ ដុះឡើង​ក្នុងស្រែ​នៃស្រូវ​ដ៏ល្អ គល់ស្មៅ​នោះ ក៏ដូច្នោះ​ដែរ ដូចគល់​នៃស្រូវ​ដ៏ចំរើន​ដទៃ ដើម ក៏ដូច្នោះដែរ ដូចជាដើម​នៃស្រូវ​ដ៏ចំរើន​ដទៃ ស្លឹក ក៏ដូច្នោះ​ដែរ ដូចជាស្លឹកនៃស្រូវ ដ៏ចំរើនដទៃ កំណត់ត្រឹម​គួរនៃស្មៅ​នោះ​មិនទាន់​កើត លុះកាលណា​គួរនៃ​ស្មៅនោះ​កើត​ឡើង អ្នកផង​ទើបដឹង​ស្មៅនោះ​យ៉ាងនេះ​ថា នេះជា​ស្មៅបង្ខូច​ស្រូវ ជាសំដី​ក្នុងស្រូវ ជាសម្រាម​ដល់ស្រូវ លុះអ្នកផងដឹងច្បាស់​នូវ​ស្មៅនោះ យ៉ាងនេះ​ហើយ ក៏ដក​រំលើង​ទាំងឫស​ចោល​ទៅ​ខាងក្រៅ​នៃស្រែ​ស្រូវ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា​ កុំឲ្យ​បង្ខូច​ស្រូវ​ទាំងឡាយ​ឯទៀត​បានឡើយ សេចក្ដី​នេះ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ការឈាន​ទៅមុខ និង​ការ​ថយក្រោយ​ ការមើល​ទួទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក្នុងកាល​ណា​ពួក​ភិក្ខុ​ឃើញនូវ​អាបត្តិ​របស់​ភិក្ខុ​នោះ ក៏ដឹងនូវ​ភិក្ខុនោះ​ យ៉ាងនេះ​ថា ភិក្ខុនេះ ជា​អ្នកប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹងច្បាស់​នូវ​ភិក្ខុនោះ ​ដូច្នេះហើយ ក៏​ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា ​កុំឲ្យ​ប្រទូស្ដ​ភិក្ខុល្អ​ទាំងឡាយ​ឯទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​យ៉ាងគំនរ​ស្រូវ​ដ៏ធំ ដែលគេ​កំពុង​រោយ ស្រូវណា​ក្នុង​គំនរ​ទាំងនោះ ដែល​ជាស្រូវ​សុទ្ធ ជា​ស្រូវ​មានគ្រាប់ ស្រូវទាំងនោះ ក៏ទៅជា​គំនរ​ដោយ​ឡែក ចំណែក​ស្រូវណា ជាស្រូវ​មាន​កំឡាំង​ថយ ជាសំដី​ស្រូវ ខ្យល់ក៏បក់​ស្រូវ​ទាំងនោះ ទៅជា​គំនរ​ដោយឡែក ពួក​ម្ចាស់​ក៏យកអម្បោស​ទៅបោស​ស្រូវនោះ (ឲ្យស្អាត​ចេញ) ដោយ​ក្រៃលែង។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​បង្ខូច​ស្រូវល្អ​ទាំងឡាយ​ឯទៀត​បានឡើយ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរ​ប្រាកដ​ដូច្នោះ គឺ ការឈាន​ទៅមុខ និង​ការថយ​ក្រោយ ការ​មើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុងសាសនា​នេះ ប្រាកដ​ដូច​យ៉ាង​ដំណើរ​នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះ​កាលណា​ពួកភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក៏ដឹង​ភិក្ខុនោះ​យ៉ាងនេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​សមណៈ ដូច​ជាសំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់នូវ​ភិក្ខុនោះ​ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួក​ភិក្ខុល្អ​ទាំងឡាយ​ឯទៀតបាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​បុរសត្រូវ​ការថាំង​សម្រាប់ដង​ទឹក​អណ្ដូង ក៏ត្រូវ​កាន់​យក​ដឹង​ដ៏មុត ចូលទៅ​ព្រៃ បុរសនោះ គោះមើល​ឈើនោះ ដោយ​ស្លាប​ដឹង។ ឈើ​ទាំង​នោះ ឈើណា​ជាឈើ​មាំមួន មានខ្លឹម ឈើទាំងនោះ កាលត្រូវ​គេគោះ​ដោយ​ស្លាប​ដឹង​ហើយ ក៏បញេ្ចញ​សូរបែប​រឹងតាន់។ ចំណែក​ឈើ​ទាំងឡាយ​ណា ជាឈើ​ស្អុយក្នុង ជា​ឈើពុក ជាឈើ​ជ្រោកជ្រាក ឈើទាំង​នោះ កាលត្រូវ​គេគោះ​ដោយ​ស្លាបដឹង​ហើយ ក៏​បញេ្ចញ​សូរ​បែបព្រុក ៗ។ បុរសនោះ ក៏កាត់យក​ឈើនោះ​ត្រង់​គល់ លុះកាត់​គល់​ហើយ ទើប​កាត់​ចុង ​លុះកាត់​ចុងហើយ ទើប​សំអាត​ខាងក្នុង​ឲ្យស្អាត លុះសំអាត​ខាង​ក្នុង​ឲ្យ​ស្អាត​ហើយ ទើបធ្វើទៅ​ជាថាំង​សម្រាប់​ដងទឹក​អណ្ដូង យ៉ាងណា។ ម្នាលភិក្ខុ​ទាំងឡាយ ការឈាន​​ទៅមុខ និងការ​ថយក្រោយ ការមើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល ការ​លាអវយវៈ​ចេញ ការ​ទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ តែងមាន​ដល់បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ​នៃ​ពួកភិក្ខុ​ល្អដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​​មិនទាន់​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះកាល​ណា ពួកភិក្ខុឃើញ​នូវអាបត្តិ​របស់ភិក្ខុ​នោះ​ហើយ ក៏ដឹងនូវ​ភិក្ខុនោះ យ៉ាងនេះ​ថា ភិក្ខុនេះ ជាអ្នក​ប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់​សមណៈ លុះពួក​ភិក្ខុ ដឹងច្បាស់​នូវ​ភិក្ខុ​នោះ ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុង​កាលនោះ ក៏យ៉ាង​នោះដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​ប្រទូស្ដ​ពួកភិក្ខុ​ល្អ​ឯទៀត​បាន​ឡើយ។

ដោយ​ការនៅ​រួមគ្នា បុគ្គល​គប្បី​ដឹងថា បុគ្គល​មាន​ប្រាថា្ន​ដ៏លាមក មាន​សេចក្ដី​ក្រោធ ជាអ្នក​លុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន មានសេចក្ដី​កំណាញ់ ជាអ្នក​អួតអាង មាន​សំដីទន់ភ្លន់ និយាយ​ក្នុងកណ្ដាល​ប្រជុំជន ដូចជា​សមណៈ តែជាអ្នក​មានទិដ្ឋិ​អាក្រក់ មិនអើពើ (ក្នុងធម៌វិន័យ) ជាបុគ្គល​រឡេម​រឡាម ពោលនូវ​ពាក្យកុហក តែង​ធ្វើ​នូវ​អំពើ (អាក្រក់) ក្នុងទី​ស្ងាត់ យ៉ាងណា អ្នក​ទាំងឡាយ ទាំងអស់គ្នា លុះ​ដឹងច្បាស់​នូវពាក្យ​នោះ យ៉ាង​ណាហើយ គួរជាអ្នក​ព្រមព្រៀង​គ្នា ចូរបណ្ដេញ​នូវបុគ្គលនោះ​ចេញ កំចាត់​បង់​នូវ​បុគ្គល​ដូចជា​សម្រាម កំចាត់បង់​នូវបុគ្គល​ជ្រោកជ្រាក​ចេញ លំដាប់​អំពី​នោះ អ្នក​ទាំងឡាយ ចូរបន្សាត់​នូវបុគ្គល​ទាំងឡាយ ដូចជាសំដី ឬអង្កាម មិនមែន​ជា​សមណៈ​ លើក​ខ្លួនថាជា​សមណៈ​នោះចេញ លុះអ្នក​ទាំងឡាយ កំចាត់បង់​នូវបុគ្គល​ប្រាថ្នា​លាមក​មាន​អាចារៈ និងគោចរៈដ៏លាមកចេញ​ហើយ ជាអ្នក​មាន​ស្មារតី ចូរកំណត់​នូវ​ការនៅរួមគ្នា​ដោយ​បុគ្គល​បរិសុទ្ធ និង​មិនបរិសុទ្ធ គួរជា​អ្នក​ព្រមព្រៀង​គ្នា មាន​ប្រាជ្ញា​ដ៏ខ្ជាប់ខ្ជួន និងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។

ចប់ មេត្តាវគ្គ ទី១។

ឧទ្ទានក្នុងមេត្តាវគ្គនោះគឺ

និយាយ​អំពីអានិសង្សមេត្តាចេតោសមាធិ ១ អំពី​ការបាន​បញ្ញា​ ពីរលើក អំពី​បុគ្គល​ជាទី​ស្រឡាញ់​ ពីរលើក អំពី​បុគ្គល​មិនជាទី​ស្រឡាញ់​ ពីរលើក អំពី​លោកធម៌ និង​ការប្រាស​ចាក​លោកធម៌ ១ អំពី​ទេវទត្ត ១ អំពី​ព្រះឧត្ដរៈ ១ អំពីព្រះនន្ទៈ ១ អំពី​សមណៈ​ដូចជា​សម្រាម ១។

 

លេខយោង

km/tipitaka/sut/an/08/sut.an.08.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann