km:tipitaka:sut:an:08:sut.an.08.v03

គហបតិវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.v03 បាលី cs-km: sut.an.08.v03 អដ្ឋកថា: sut.an.08.v03_att PTS: ?

គហបតិវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. គហបតិវគ្គោ)

បឋមឧគ្គសូត្រ ទី១

(១. បឋមឧគ្គសុត្តំ)

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលចាំទុក​នូវឧគ្គគហបតី អ្នកស្រុក​វេសាលី ថាជាអ្នក​ប្រកប​ដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់​នូវពាក្យនេះ លុះ​ព្រះសុគត ទ្រង់ត្រាស់​នូវពាក្យនេះរួច​ហើយ ទើប​ក្រោកចាក​អាសនៈ ហើយទ្រង់​ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលី លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែល​គេក្រាល​ទុក។ ទើប​ឧគ្គគហបតី អ្នកស្រុក​វេសាលី ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់ ថ្វាយបង្គំ​ភិក្ខុនោះ​ដោយគោរព ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​វេសាលី អង្គុយក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ ក៏បានពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ម្នាល​គហបតី អ្នកប្រកប​ដោយធម៌អស្ចារ្យ​ចំឡែក​ទាំងឡាយ​​ណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក​ទាំង ៨ នោះ តើដូចម្តេច។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា​មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង​ដូចម្តេចខ្លះ ដែលព្រះ​ដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប៉ុន្តែធម៌​អស្ចារ្យ​ចំឡែក ៨យ៉ាងណា ដែលមាន​ដល់ខ្ញុំ​ករុណា លោកម្ចាស់​ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃ​ចុះ ខ្ញុំព្រះករុណា​នឹង​សំដែង​នូវ​ធម៌អស្ចារ្យ​ចំឡែក​ទាំងនោះ។ ភិក្ខុនោះ ទទួលស្តាប់​ពាក្យឧគ្គគហបតី អ្នកស្រុក​វេសាលី​ថា ចំរើន​ពរ​គហបតី។ ឧគ្គគហបតី​អ្នកស្រុកវេសាលី បាន​ពោល​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​បើខ្ញុំ​ករុណា​បានឃើញ​ព្រះដ៏មានព្រះភាគ អំពីចម្ងាយ​ជាដំបូងហើយ​ បពិត្រលោកម្ចាស់​​ដ៏ចំរើន ចិត្តខ្ញុំករុណា ក៏ជ្រះថ្លា​ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់​តែបានឃើញ​ប៉ុណ្ណោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នោះជាធម៌អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណា មានចិត្តជ្រះថ្លា​ហើយ ក៏ចូល​ទៅ​អង្គុយ​ជិតព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា ដល់​ខ្ញុំករុណា គឺទ្រង់​សំដែង​ទានកថា សីលកថា សគ្គកថា ទោស​របស់កាម​ទាំងឡាយ​ដ៏លាមក សៅហ្មង និង​អានិសង្ស​ក្នុងការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណា​មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹក​ជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើង​ដល់ខ្ញុំករុណា លើអាសនៈ​នោះឯងថា ធម្មជាត​ណាមួយ ដែលកើត​ឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជា​ធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា​បានឃើញ​អរិយសច្ច​ធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុង​អរិយសច្ចធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា​ហើយ មិនបាន​ជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្តា​ បានដល់​ព្រះពុទ្ធផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទីពឹង​ ក្នុងទីនោះ ទាំងបាន​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មានដល់​ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារី​ជា​ប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់​ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរក​ប្រពន្ធ​ទាំង​នោះ លុះចូលទៅ​ដល់ហើយ ក៏ពោល​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាលនាង​ទាំងឡាយ យើង​សមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណា​ប្រាថ្នា នាងនោះ ចូរប្រើប្រាស់​នូវភោគៈ​ទាំងឡាយ​នេះផង ចូរធ្វើ​បុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូលញាតិ ជារបស់​ខ្លួនក៏បាន ពុំនោះ​សោត នាង​ទាំង​ឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និយាយ​យ៉ាងនេះហើយ នាងដែល​ជាប្រពន្ធ​ច្បងនោះ និយាយ​នឹង​ខ្ញុំករុណាថា បពិត្រ​អយ្យបុត្ត ចូរអ្នកឲ្យ​ខ្ញុំទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅ​បុរសនោះមក ហើយដៃឆ្វេង​កាន់ប្រពន្ធ ដៃស្តាំ​កាន់កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យដល់​បុរសនោះ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា លះបង់​នូវនាង​កុមារី ឲ្យទៅជាទាន​ហើយ ក៏មិនដឹង​ធ្វើចិត្តឲ្យ​ប្រែប្រួល​ឡើយ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគៈ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំ​ករុណា តែភោគៈ​ទាំងនោះ មិនបាន​ចែកមុខ​អំពី​លោកអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែងមាន​ដល់​ខ្ញុំ​ករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំ​ករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុណា តែង​ចូលទៅ​អង្គុយ​ជិត ដោយគោរព មិនមែន​ចូលទៅ​អង្គុយជិត ដោយមិនគោរពទេ។ បពិត្រ​លោក​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៥ តែងមាន​ដល់​ខ្ញុំករុណា។ បើលោក​ដ៏មាន​អាយុ​នោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនមែនស្តាប់​ដោយ​មិនគោរព​ទេ បើលោកដ៏មាន​អាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា តែង​សំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុនោះ​វិញ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៦ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ពួកទេវតា​តែង​ចូល​មករក​ខ្ញុំករុណា ហើយ​ប្រាប់ថា ម្នាល​គហបតិ ធម៌ដែល​ព្រះដ៏មានព្រះភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ​ដូច្នេះ មិនជា​ទីអស្ចារ្យ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ទេវតា និយាយ​យ៉ាងនេះ​ហើយ ខ្ញុំករុណា ក៏និយាយ​ទៅរក​ពួកទេវតា​ទាំងនោះ ​យ៉ាងនេះថា ម្នាល​ទេវតា​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ពោលយ៉ាង​នេះក្តី មិនគប្បី​ពោល​យ៉ាងនេះក្តី ឯធម៌​ពិត ព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែង​ហើយដោយ​ប្រពៃ​មែន។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹង​ថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុ​ទេ ពួកទេវតា​តែងចូលមក​រកខ្ញុំករុណា​ក៏មាន ខ្ញុំករុណា​តែង​ចរចា ជាមួយនឹង​ពួក​ទេវតា​ក៏មាន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៧ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រលោក​ម្ចាស់ដ៏ចំរើន សញ្ញោជនធម៌​ទាំងឡាយ ជាចំណែកខាង​ក្រោម ៥ យ៉ាង​ណា​ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ បណ្តា​សញ្ញោជនៈ​ទាំងនោះ ខ្ញុំ​ករុណា​ពិចារណារក​សញ្ញោជនធម៌​បន្តិចបន្តួច ដែលមិនទាន់​លះបង់​ក្នុងខ្លួន​មិនឃើញ​ឡើយ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែងមាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌អស្ចារ្យ​ចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែក​ខ្ញុំករុណា មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់បាន​ព្យាករហើយ​។ ​គ្រានោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលីហើយ ក៏ក្រោក​ចាក​អាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់ពី​បិណ្ឌបាត ក្នុង​វេលា​ខាង​ក្រោយ​នៃភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយក៏​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​នូវរឿងរ៉ាវ​ទាំងអស់​នោះ ដែលខ្លួន​ចរចា​ទាំង​ប៉ុន្មាន ជាមួយ​នឹងឧគ្គគហបតី អ្នកស្រុក​វេសាលី ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​វេសាលី កាលបើ​ព្យាករ​ឲ្យសម​ហេតុ ឈ្មោះថា​ព្យាករ​តាមពិត ម្នាលភិក្ខុ​ ឧគ្គគហបតី អ្នកស្រុក​វេសាលី ប្រកបដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលតថាគត​បានព្យាករ​ហើយ ម្នាលភិក្ខុ មួយទៀត អ្នកទាំងឡាយ ចូរចាំទុកនូវ​ឧគ្គគហបតី អ្នកស្រុក​វេសាលី ថាប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែកទាំង ៨ យ៉ាងនេះចុះ។

ទុតិយឧគ្គសូត្រ ទី២

(២. ទុតិយឧគ្គសុត្តំ)

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​ហត្ថិគ្រាម ក្នុង​ដែនវជ្ជី។ ក្នុង​ទី​នោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ថាជា​អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់​ពាក្យនេះរួច​ហើយ ក៏ក្រោក​ចាក​អាសនៈ ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ​របស់​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេ​ក្រាលទុក។ លំដាប់​នោះ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់​ ថ្វាយ​បង្គំភិក្ខុនោះ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ​ពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះ​ដ៏មានព្រះភាគ​ទ្រង់ព្យាករ​ហើយ ម្នាល​គហបតី អ្នកប្រកបដោយ​ធម៌​អស្ចារ្យ​ ៨យ៉ាងណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក ៨ យ៉ាង​នោះ តើដូចម្តេច។ បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណា​មិនដឹងសោះថា ខ្ញុំ​ករុណា ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេច​ខ្លះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ក៏ប៉ុន្តែ ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាងណា ដែល​មានដល់ខ្ញុំ​ករុណា សូមលោកម្ចាស់​ស្តាប់នូវធម៌​អស្ចារ្យ​ចំឡែក​ទាំងនោះ សូមធ្វើ​ទុកក្នុងចិត្ត​ដោយប្រពៃចុះ ខ្ញុំករុណានឹង​សំដែង ភិក្ខុនោះ ទទួលស្តាប់ពាក្យ​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម​ថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម បាន​ពោល​ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​ខ្ញុំករុណា កំពុង​ត្រាច់​ទៅក្នុង​នាគវន បាន​ឃើញ​ព្រះដ៏មានព្រះភាគ​ជាដំបូង អំពីចម្ងាយ បពិត្រ​លោកដ៏ចំរើន ចិត្តខ្ញុំ​ករុណា​ក៏ជ្រះថ្លា ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់តែ​ឃើញ​ប៉ុណ្ណោះ ទាំងការ​ស្រវឹង​សុរា ក៏​ស្វាង​ទៅ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លុះខ្ញុំ​ករុណា​មានចិត្ត​ជ្រះថ្លា​ហើយ ក៏ចូលទៅ​អង្គុយ​ជិត​ព្រះមានព្រះភាគ ព្រះអង្គ​ទ្រង់សំដែង​អនុបុព្វីកថា​ដល់ខ្ញុំ​ករុណា គឺទ្រង់​ប្រកាស​ទានកថា សីលកថា សគ្គកថា ទោសរបស់កាម​ដ៏លាមក​សៅហ្មង និងអានិសង្ស​ក្នុង​ការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណា​មានចិត្តស្រួល មាន​ចិត្តទន់ មានចិត្តផុត​ចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្ត​ជ្រះថ្លា ក្នុង​កាលណា ព្រះអង្គ​ក៏ទ្រង់​សំដែង​ធម៌ទេសនា​ ដែល​ព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើង​សំដែង ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុង​កាលនោះ។ សំពត់​សស្អាត មិនប្រឡាក់​ពណ៌ខ្មៅ គួរទទួល​ទឹកជ្រលក់​បាន ដោយប្រពៃ យ៉ាង​ណា​មិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់ខ្ញុំ​ករុណា លើអាសនៈ​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើតឡើង​ហើយ​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជាធម្មតា ក៏យ៉ាង​នោះដែរ។ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំករុណា បានឃើញ​អរិយសច្ចធម៌ បានដល់​អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសស្តា បានដល់​នូវព្រះពុទ្ធ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង​ក្នុងទីនោះ ទាំងបាន​សមាទាន នូវ​សិក្ខាបទ​ទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥។ បពិត្រ​លោកម្ចាស់ដ៏​ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា មាននាង​កុមារី​ជាប្រពន្ធ ៤ នាក់។ បពិត្រលោក​ម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំករុណា​ចូលទៅរក​ប្រពន្ធ​ទាំងនោះ លុះចូលទៅ​ដល់ហើយ បាននិយាយ​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាល​នាងទាំងឡាយ យើងបានសមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្ម​ចរិយៈ ជា​គំរប់​ ៥ ហើយ បើនាង​ណាប្រាថ្នា នាងនោះ​ចូរប្រើប្រាស់​នូវ​ភោគសម្បត្តិ​ទាំងនេះ​ផង ចូរ​ធ្វើបុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូល​ញាតិរបស់ខ្លួន​ក៏បាន ពុំនោះ​សោត នាងទាំងឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា​និយាយ​យ៉ាងនេះ​ហើយ នាង​ដែលជា​ប្រពន្ធ​ច្បង​នោះ ក៏និយាយ​នឹងខ្ញុំ​ករុណា ដូច្នេះថា បពិត្រ​អយ្យបុត្គ សូមអ្នក​ឲ្យខ្ញុំ​ទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ទើបខ្ញុំករុណា​ ក៏ឲ្យគេហៅ​បុរសនោះ​មក ហើយដៃ​ឆ្វេងកាន់​ប្រពន្ធ ដៃស្តាំ​កាន់​កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាល​​ខ្ញុំករុណា លះបង់​នាងកុមារី​ឲ្យទៅជា​ទានហើយ ក៏មិនដឹង​ធ្វើចិត្ត​ឲ្យប្រែប្រួល​ឡើយ។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគសម្បត្តិ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំករុណា តែ​ភោគសម្បត្តិ​ទាំងនោះ មិនទាន់បាន​ចែកមុខ អំពីអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំករុណា​ចូល​ទៅ​អង្គុយ​​ជិត​ភិក្ខុណា តែចូល​ទៅអង្គុយជិត​ដោយគោរព មិនបាន​ចូលទៅអង្គុយ​ជិតដោយ​​មិនគោរព​ទេ។ បើ​លោកដ៏​មាន​អាយុនោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនបាន​ស្តាប់​ដោយ​មិនគោរពទេ ប្រសិនបើ​លោកដ៏មានអាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា​តែងសំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុ​នោះវិញ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៥ តែង​មានដល់​ខ្ញុំករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និមន្ត​ព្រះសង្ឃមក​ហើយ ពួកទេវតា ចូលទៅ​ប្រាប់ថា ម្នាល​គហបតី ភិក្ខុ​ឯណោះ ជាឧភតោភាគវិមុត្ត1) ភិក្ខុ​ឯណោះ ជាបញ្ញាវិមុត្ត2) ភិក្ខុ​ឯណោះ ជា​កាយសក្ខី3) ភិក្ខុ​ឯណោះ ជាទិដ្ឋិប្បត្តៈ4) ភិក្ខុ​ឯណោះ ជាសទ្ធាវិមុត្ត5) ភិក្ខុឯណោះ ជាធម្មានុសារី6) ភិក្ខុ​ឯណោះ ជាសទ្ធានុសារី7) ភិក្ខុ​ឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុ​ឯណោះ ជាអ្នក​ទ្រុស្តសីល មានធម៌​ដ៏លាមក ហេតុនេះ មិនជា​អស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា កំពុងអង្គាស​ព្រះសង្ឃ មិនដឹង​ធ្វើចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុ​នេះផង ឲ្យវត្ថុច្រើន​ដល់ភិក្ខុ​នេះផងទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​ឲ្យទាន​មានចិត្តស្មើ​ដោយពិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៦ តែងមាន​ដល់ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ពួកទេវតា តែង​ចូលមករក​ខ្ញុំករុណា ហើយប្រាប់​ថា ម្នាល​គហបតី ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ​ដោយប្រពៃ មិនជា​អស្ចារ្យ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ពួកទេវតា​ពោល​យ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយ​ទៅរកទេវតា​ទាំងនោះ​យ៉ាងនេះថា ម្នាល​ទេវតា អ្នកទាំងឡាយ គប្បីពោល​យ៉ាងនេះក្តី មិនគប្បីពោល​យ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​មិនដឹងថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿងនោះ​ជាហេតុទេ ទោះពួក​ទេវតា ចូល​មករក​ខ្ញុំករុណា​ក្តី ខ្ញុំករុណា​ចរចា ជាមួយ​នឹងពួកទេវតាក្តី។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៧ តែងមានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប្រសិនបើ​ខ្ញុំករុណា គប្បីធ្វើ​មរណកាល​មុន​ព្រះដ៏មានព្រះភាគ ព្រះអង្គ​គប្បីព្យាករ​យ៉ាងនេះ ចំពោះ​ខ្ញុំករុណាថា ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកប​ដោយ​សំយោជនៈណាហើយ គប្បីមកកាន់​មនុស្ស​លោកនេះ​ម្តងទៀត សំយោជនៈនោះ​គ្មានទេ ហេតុនុ៎ះ មិនជាអស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌ជាទី​អស្ចារ្យ​ចំឡែក​ទាំង ៨ នេះ តែង​មាន (ដល់ខ្ញុំករុណា) តែថា ខ្ញុំករុណា​មិនដឹងសោះ​ថា ខ្ញុំករុណា​ប្រកប​ដោយធម៌ ជា​អស្ចារ្យ​ចំឡែក​ ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ​ទ្រង់ព្យាករ​ហើយទេ។ លំដាប់​នោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ​រួច​ក្រោកចាកអាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូល​នូវហេតុ​ទាំងអស់នោះ ដែលខ្លួន​ចរចា​ទាំងប៉ុន្មាន ជាមួយ​នឹង​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម កាលបើ​ព្យាករឲ្យ​សមហេតុ ឈ្មោះថា ព្យាករ​តាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការនេះឯង ដែលតថាគត​ព្យាករហើយ ម្នាលភិក្ខុ អ្នកចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាមថា ប្រកបដោយ​ធម៌អស្ចារ្យ ចំឡែក ៨ ប្រការនេះចុះ។

បឋមហត្ថកសូត្រ ទី៣

(៣. បឋមហត្ថកសុត្តំ)

[២៣] សម័យមួយ ព្រះដ៏មានព្រះភាគ ​កាលគង់​ក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​​ត្រាស់ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​​ហត្ថក​អាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌អស្ចារ្យ ចំឡែក ៧ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសីល ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្មាសបាប ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្លាចបាប ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថក​អាឡវក ជាពហុស្សូត ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានបញ្ញា​ ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ​នេះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះ​សុគត ទ្រង់​ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោក​ចាកអាសនៈ ស្តេចចូល​ទៅ​កាន់វិហារ។ គ្រានោះ ភិក្ខុ​១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​កាន់​លំនៅ​របស់​ហត្ថកអាឡវក លុះចូលទៅ​ដល់ហើយ ​ក៏អង្គុយលើអាសនៈ​ដែល​គេក្រាល​ទុក។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកភិក្ខុនោះ លុះ​ចូលទៅ​ដល់ហើយ ថ្វាយ​បង្គំ​ភិក្ខុនោះ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុ​នោះ បាន​ពោលថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករហើយ។ ប្រកប​ដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាស​បាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាល​ភិក្ខុទាំង​ឡាយ ហត្ថក​អាឡវក មាន​បញ្ញា ១។ ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ​នេះ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករហើយ។ ហត្ថកអាឡវក សួរតបថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ចុះ​គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ដែល​ព្យាករ​នេះ​ទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមានក្នុង​ហេតុ​​ព្យាករនេះ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករនេះ​ទេ នុ៎ះ​ជាការ​ប្រពៃហើយ។ លំដាប់នោះ ភិក្ខុនោះ ទទួល​បិណ្ឌបាត ក្នុងលំនៅ​ហត្ថកអាឡវក​ហើយ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញ​ទៅ។ លុះភិក្ខុនោះ ត្រឡប់​​អំពី​បិណ្ឌបាត ក្នុង​វេលាខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏​ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​ទី​ឯណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់លំនៅ​របស់​ហត្ថកអាឡវក លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​លើអាសនៈ​ដែលគេក្រាល​ទុក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកខ្ញុំ​ព្រះអង្គ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ខ្ញុំព្រះអង្គ​បានពោលទៅ​ដូច្នេះ​ថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ប្រកប​ដោយ​ធម៌អស្ចារ្យ​ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាចបាប ១ ជា​ពហុស្សូត ១ មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១។ ម្នាលអាវុសោ​ អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៧ ប្រការ​នេះឯង ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ កាល​ដែល​ខ្ញុំព្រះអង្គ​ពោល​​យ៉ាង​នេះហើយ ហត្ថកអាឡវក និយាយ​នឹង​ខ្ញុំព្រះអង្គ​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន គ្រហស្ថ​នីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ​អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុង​ហេតុព្យាករ​នេះទេ នុ៎ះ​ជាការ​ប្រពៃហើយ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ កុលបុត្រនោះ ជាអ្នក​ប្រាថ្នា​តិច កាលបើ​កុសលធម៌​មាននៅ​ក្នុងខ្លួន​ហើយ រមែង​មិនប្រាថ្នា​ឲ្យអ្នក​ដទៃ​ដឹង​ទេ។ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក​នេះគឺ។បេ។ ភាព​ជាអ្នក​ប្រាថ្នាតិច។

ទុតិយហត្ថកសូត្រ ទី៤

(៤. ទុតិយហត្ថកសុត្តំ)

[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ គ្រានោះ ហត្ថកអាឡវក មាន​ឧបាសក​ចំនួន ៥០០ នាក់ចោមរោម ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​​ថា ម្នាល​ហត្ថកៈ ពួកបរិសទ្យ​របស់​អ្នក​ច្រើនណាស់ ម្នាល​ហត្ថកៈ ចុះអ្នក​សង្គ្រោះ​បរិសទ្យ​ច្រើននេះ​ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន សង្គហវត្ថុ​ទាំងឡាយ ៤ ប្រការ​ណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ខ្ញុំព្រះអង្គ​រមែង​សង្គ្រោះ​បរិសទ្យ​ច្រើននេះ ដោយ​សង្គហវត្ថុ​ទាំងឡាយ​នោះ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះដោយការ​ឲ្យ ខ្ញុំព្រះអង្គក៏​សង្គ្រោះ​បុគ្គលនោះ ដោយ​ការឲ្យ ខ្ញុំ​ព្រះអង្គ​​ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរសង្គ្រោះ​ដោយសំដី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ ក៏សង្គ្រោះ​បុគ្គលនោះ ដោយសំដី​ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ​ដឹងនូវបុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការប្រព្រឹត្តិ​នូវប្រយោជន៍ ខ្ញុំ​ព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយ​ការ​ប្រព្រឹត្តិនូវ​ប្រយោជន៍ ខ្ញុំ​ព្រះអង្គដឹង​នូវបុគ្គលណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការ​តាំងខ្លួន​ឲ្យស្មើៗ ខ្ញុំព្រះអង្គ​ក៏សង្គ្រោះ​បុគ្គលនោះ ដោយការ​តាំងខ្លួនឲ្យ​ស្មើៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភោគសម្បត្តិ​ក្នុងត្រកូល​របស់​ខ្ញុំព្រះអង្គ​ មានច្រើន ពួកមហាជន រមែង​មិន​សំគាល់នូវ​ពាក្យ​របស់ជនអ្នក​កំសត់​ថាជាពាក្យ​គួរស្តាប់ ដូចជា​ពាក្យរបស់​ខ្ញុំ​ព្រះអង្គទេ។ ម្នាល​ហត្ថកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលហត្ថកៈ នេះជា​ឧបាយ​របស់​អ្នក ដើម្បីសង្គ្រោះ​នូវ​បរិសទ្យ​ច្រើន។ ម្នាលហត្ថកៈ ព្រោះថា ពួកជនណាមួយ បានសង្គ្រោះ​បរិសទ្យច្រើន ក្នុងកាលកន្លងទៅហើយ ជនទាំងអស់នោះ បានសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុងកាលជា​អនាគត ជនទាំងអស់​នោះ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន​ ដោយ​សង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុង​កាល​ឥឡូវ​នេះ ជនទាំងអស់​នោះ តែងសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ លំដាប់​នោះ ហត្ថកអាឡវក កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ណែនាំ ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ លុះ​ហត្ថកអាឡវក ចៀសចេញទៅ​មិនយូរប៉ុន្មាន ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជាអ្នក​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាច​បាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ប្រាថ្នា​តិច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជា​អ្នក​ប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៨ ប្រការ​នេះចុះ។

មហានាមសូត្រ ទី៥

(៥. មហានាមសុត្តំ)

[២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងនិគ្រោធារាម ជិត​ក្រុង​កបិលពស្តុ ក្នុងដែន​សក្កៈ។ គ្រានោះ សក្យមហានាម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចគង់ក្នុង​ទីដ៏សមគួរ។ លុះ​សក្យមហានាម គង់ក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម បុគ្គលអ្នកដល់​នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង ដោយ​​ហេតុណា បពិត្រ​មហានាម បុគ្គល​បានជា​ឧបាសក ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក​អ្នកមាន​សីល តើដោយហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​ជាអ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកមានសីល ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ទេ តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង មិនបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌​ដោយសីល ដោយខ្លួន​ឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌​ដោយ​សីល ១ អ្នក​​បរិបូណ៌​ដោយចាគៈ ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ អ្នកចង់​ជួប​ប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង មិន​បបួល​​បុគ្គល​ដទៃ ឲ្យជួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ ឲ្យបាន​ស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​ធម៌ទាំង​ឡាយ ដែលបាន​ស្តាប់ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នក​ពិចារណានូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់​ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ​ដឹង​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង មិនបបួល​បុគ្គល​ដទៃ ឲ្យ​ប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា បពិត្រ​មហានាម ឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិនប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គលដទៃ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃផង តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក អ្នកបរិបូណ៌​ដោយសទ្ធា ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំង​បបួល​​បុគ្គល​​ដទៃ ឲ្យ​បរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយ​ចាគៈដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នកចង់​ជួបប្រទះ​ពួកភិក្ខុ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបាន​ជួបប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួនផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយហេតុ​មានប្រមាណប៉ុណ្ណេះ។

ជីវកសូត្រ ទី៦

(៦. ជីវកសុត្តំ)

[២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ជីវកម្ពវន ជិត​ក្រុង​រាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ជីវក​កោមារភត្យ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ ម្នាលជីវក បុគ្គល​អ្នកដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់នូវ​ព្រះសង្ឃ​ជាទីពឹង ដោយហេតុ​ណា ម្នាល​ជីវក បុគ្គលនោះ បានជា​ឧបាសក ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកមានសីល តើដោយ​ហេតុដូចម្តេច។ ម្នាល​ជីវក ឧបាសក​ជាអ្នកវៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយ​ហេតុណា ម្នាល​ជីវក ឧបាសក​ជា​អ្នក​មានសីល ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ ដើម្បីប្រយោជន៍​បុគ្គល​ដទៃ តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក អ្នក​បរិបូណ៌ដោយ​សទ្ធា ដោយ​ខ្លួនឯង តែមិន​បបួល​បុគ្គលដទៃ ឲ្យ​បរិបូណ៌ ដោយ​សទ្ធា ១។បេ។ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង តែមិនបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌ដ៏​សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា ម្នាល​ជីវក ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួនផង ដើម្បីប្រយោជន៍បុគ្គល​ដទៃ​ផង តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យ​បរិបូណ៌​ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយ​សីល​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយសីល ១ អ្នក​បរិបូណ៌​ដោយចាគៈ​ដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នក​ចង់ចួប​ប្រទះ​ពួកភិក្ខុ​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យចួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​នូវ​ព្រះសទ្ធម្ម ១ ជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នកពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែល​បានស្តាប់​ហើយ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យប្រតិបត្តិ​​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា ម្នាលជីវក ឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បឋមពលសូត្រ ទី៧

(៧. បឋមពលសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៨ យ៉ាង។ កំឡាំង ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកក្មេង​មានការ​យំ​ជាកំឡាំង​ ១ ពួកមាតុគ្រាម​មាន​សេចក្តី​ក្រោធ ជា​កំឡាំង ១ ពួកចោរ​មានគ្រឿង​អាវុធ​ជាកំឡាំង ១ ពួក​ព្រះរាជា​មាន​ឥស្សរិយៈ ជាកំឡាំង ១ ពួកជនពាល​មានការ​លើក​ទោស ជាកំឡាំង ១ ពួក​បណ្ឌិត​មានការ​រំពឹង​គិត ជា​កំឡាំង ១ ពួកពហុស្សូត ​មានការ​ពិចារណា ជាកំឡាំង ១ ពួកសមណ​ព្រាហ្មណ៍ ​មានការ​អត់ធន់ ជា​កំឡាំង ១។ ម្នាលភិក្ខុ​ទាំងឡាយ កំឡាំង​មាន ៨ យ៉ាង​នេះឯង។

ទុតិយពលសូត្រ ទី៨

(៨. ទុតិយពលសុត្តំ)

[២៨] គ្រានោះ ព្រះសារីបុត្រ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ អង្គុយក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាល​សារីបុត្ត ភិក្ខុជា​ខីណាស្រព ប្រកប​ដោយកំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវការ​អស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព​ តើមានប៉ុន្មាន​យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវ​ការអស់ទៅ​នៃអាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់​ភិក្ខុ​ជាខីណាស្រព មាន ៨ យ៉ាង។ ៨ យ៉ាង តើដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ក្នុង​សាសនា​នេះ ឃើញច្បាស់​នូវសង្ខារទាំង​ពួងថា មិន​ទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ឃើញច្បាស់​នូវសង្ខារ​ទាំងពួង​ថា មិនទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវ​កិរិយា​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយទៀត ភិក្ខុជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ មាន​ឧបមា​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ ដែលមាន​ឧបមា​​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​កិរិយាអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជា​កំឡាំង​របស់ភិក្ខុ​ជាខីណាស្រព។ បពិត្រ​ព្រះអង្គដ៏​ចំរើន មួយទៀត ចិត្ត​របស់​ភិក្ខុជា​ខីណាស្រព តែងឱនទៅរក​វិវេក ឈាន​ទៅរកវិវេក បែរ​ទៅរកវិវេក ដំកល់​នៅក្នុង​វិវេក ត្រេកអរ​​ចំពោះ​ក្នុងការ​ចេញចាកកាម ជាចិត្ត​ប្រាសចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ​ដោយ​ប្រការទាំងពួង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ​ជា​ខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរក​វិវេក ដំកល់នៅ​ក្នុងវិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញចាកកាម ជាចិត្ត​ប្រាស​ចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ ដោយ​ប្រការ​ទាំងពួង ដោយ​កំឡាំងណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​ការអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់​ហើយ ព្រោះ​អាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព​ បានចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ទាំង ៤។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ ៤ ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំ​ល្អ​ហើយ នូវឥទ្ធិបាទ ៤។បេ។ បានចំរើន អប់រំ​ល្អហើយ នូវ​ឥន្រ្ទិយ ៥ បានចំរើន អប់រំ​ល្អហើយ នូវ​ពោជ្ឈង្គ ៧ បានចំរើន អប់រំ​ល្អហើយ នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព​ បាន​ចំរើន អប់រំល្អ​ហើយ នូវ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ដោយកំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់​ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ​របស់​អាត្មាអញ​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់​ភិក្ខុជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែងប្តេជ្ញា​នូវការ​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព មាន ៨ យ៉ាងនេះ​ឯង។

អក្ខណសូត្រ ទី៩

(៩. អក្ខណសុត្តំ)

[២៩] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន​មិនមានការ​ចេះដឹង រមែង​និយាយ​ថា សត្វ​លោក​មានកិច្ច​ក្នុងខណៈ សត្វលោក​មានកិច្ច​ក្នុង​ខណៈ តែ​បុថុជ្ជន​នោះ មិន​ដឹង​នូវ​ខណៈ ឬ​អក្ខណៈ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​នេះ មាន ៨ យ៉ាង។ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយចាក​កិលេល ទ្រង់​ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំង​ពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើកិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាស​ទុក ព្រះអង្គ​ក៏បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ​ទៅ​កើត​ក្នុង​នរក។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត។បេ។ ជាសាស្តា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ រមែងកើតឡើង​ក្នុងលោក ទាំងធម៌​ដែលធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត​ទ្រង់ប្រកាស​ទុក ព្រះអង្គ​បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុង​បិត្តិវិស័យ។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុងពួក​ទេវតា​ណាមួយ​មាន​អាយុវែង។បេ។ តែទាស់​បុគ្គលនេះ ជាអ្នក​មកកើត​ក្នុងពួក​បច្ចនិ្តមជនបទ ទាំងជា​អ្នកបាន​កើតក្នុង​ពួក​មិលក្ខជន ដែល​មិនដឹង​ការខុសត្រូវ​ច្បាស់លាស់ ដែលជា​ប្រទេស​គ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា​ទៅដល់។បេ។ បុគ្គលនេះ បានមកកើត​ក្នុង​ពួក​មជ្ឈិមជនបទហើយ ទាស់តែបុគ្គល​នោះ ជា​មិច្ឆាទិដ្ឋិ មាន​សេចក្តី​ឃើញ​វិបរិត​ថា ទាន​ដែលបុគ្គល​ឲ្យហើយ គ្មានផល ការបូជា​ធំ គ្មានផល ការបូជា​តូច គ្មានផល ផល និង​វិបាក​របស់កម្ម ដែលសត្វ​ធ្វើល្អ និងធ្វើ​អាក្រក់ មិនមាន លោកនេះ ក៏មិនមាន លោកដទៃ ក៏មិនមាន មាតាក៏មិនមាន បិតាក៏មិនមាន ពួកសត្វជាឱបបាតិកៈ ក៏មិនមាន ពួកសមណ​ព្រាហ្មណ៍​ក្នុងលោក ជាអ្នកព្រម​ព្រៀងគ្នា ប្រតិបត្តិ​ដោយល្អ ធ្វើឲ្យជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាង​មុខ ព្រោះដឹងច្បាស់​ដោយខ្លួនឯង ហើយញុំាង​អ្នកដទៃ​ឲ្យត្រាស់​ដឹង​ផង ក៏មិនមាន។បេ។ បុគ្គល​នេះ បានមក​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ទាស់តែ​បុគ្គល​នោះ ជាអ្នក​អប្បឥត​ប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បី​ដឹងសេចក្តី​នៃ​សុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់​ដឹងនូវ​ញេយ្យធម៌​ទាំងពួង ចំពោះ​ព្រះអង្គ។បេ​។ ជា​សាស្តានៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវចតុរារិយសច្ច មានដំណើរទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ មិនកើតឡើង​ក្នុងលោក​ ទាំងធម៌​ដែលធ្វើ​កិសេល ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាសទុក​ ព្រះអង្គ​ក៏មិន​បានសំដែង បុគ្គលនេះ បានកើតក្នុង​មជ្ឈិម​ជនបទ ក៏ឯ​បុគ្គល​នោះ ជាអ្នក​មានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្សគ អង់អាច ដើម្បីដឹង​សេចក្តី​នៃសុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មាន ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ខណៈ និង​សម័យ​នៃការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មានតែមួយ។ មួយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូរណ៌ ដោយ​វិជ្ជា និង​ចរណៈ ទ្រង់មាន​ដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគតទ្រង់​ប្រកាសទុក ព្រះអង្គ​ក៏បានសំដែង​ហើយ ទាំងបុគ្គល​នេះ បាន​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ថែមទាំង​បុគ្គលនោះ ជាអ្នកមាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្ស​គ អង់អាច ដើម្បីដឹង​សេចក្តីនៃ​សុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ខណៈ និង​សម័យ នៃការនៅប្រព្រឹត្ត​ព្រហ្មចារ្យ​តែមួយ។

ពួកជនណា បាននូវ​មនុស្ស​លោក​ហើយ (បានកើត​ជាមនុស្ស) តែមិនចួប​ប្រទះ​នូវ​ខណៈ ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះតថាគត​ទ្រង់​សំដែង​ដោយល្អ ជនទាំង​នោះ ឈ្មោះថា​កន្លងបង់​នូវខណៈ អក្ខណៈ​ទាំងឡាយ ដែលអ្នក​ប្រាជ្ញ​ទាំងឡាយ​ជា​ច្រើន បានពោល​ហើយថា ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល ព្រះតថាគត​ទាំង​ឡាយ ទ្រង់​កើតឡើង ក្នុងលោក​ម្តង ៗ ការកើត​ឡើង នៃ​ព្រះតថាគត​ទាំងឡាយ​ណា ដែលសត្វ​បានដោយ​កម្រក្រៃពេក ក្នុងលោក ការកើតឡើង​នៃ​ព្រះតថាគត​ទាំង​ឡាយ​នោះ ក៏កើត​ចំពោះ​មុខហើយ ការបាន​អត្តភាព​ជា​មនុស្សផង ការសំដែង​នូវ​ព្រះសទ្ធម្មផង (ក៏បាន​កើតចំពោះ​មុខហើយ) ជនអ្នកមាន​សេចក្តី​ប្រាថ្នា​នូវ​ប្រយោជន៍ គួរព្យាយាម​ក្នុង​ព្រះសទ្ធម្ម​នោះ។ បុគ្គល​គប្បីដឹងច្បាស់ នូវ​ព្រះសទ្ធម្ម​ដោយហេតុ​ដូចម្តេច ខណៈ​កុំកន្លង​នូវអ្នក​ទាំងឡាយ​ឡើយ ព្រោះថា ពួកជន​ដែលខណៈ​កន្លងហើយ រមែង​សង្រេង​សង្រៃ​ក្នុងនរក​ត្រៀបត្រា។ បើ​បុគ្គល​ណា ក្នុងលោកនេះ ញុំាង​សេចក្តី​កំណត់​នូវព្រះសទ្ធម្ម គឺ​អរិយមគ្គ មិនឲ្យ​សម្រេច​ទេ បុគ្គលនោះ ជាអ្នក​កន្លងបង់​នូវប្រយោជន៍ រមែង​សង្រេង​សង្រៃ អស់​រាត្រីយូរ ដូចជា​ពាណិជ ដែល​កន្លងបង់​នូវប្រយោជន៍ ដូច្នោះ​ដែរ សត្វដែល​អវិជ្ជា រួបរឹតហើយ មិនញុំាង​ព្រះសទ្ធម្ម​ឲ្យ​សម្រេច​បាន គង់នឹង​ត្រឡប់​មក​កាន់សង្សារ គឺ​ការកើត និង​ការ​ស្លាប់ អស់កាល​ដ៏យូរ មួយទៀត ពួកជនណា បាន​នូវ​អត្តភាព​ជា​មនុស្ស ក្នុង​ព្រះសទ្ធម្ម​ ដែល​ព្រះតថាគត សំដែង​ល្អហើយ បានធ្វើ​ហើយ នឹង​ធ្វើ ឬ​កំពុង​ធ្វើ តាមពាក្យ​នៃ​ព្រះសាស្តា ពួកជនណា ដើរទៅកាន់​ផ្លូវ ដែល​ព្រះតថាគត សំដែង​ទុក​ហើយ ពួក​ជននោះ ឈ្មោះថា ត្រាស់ដឹង​នូវ​ខណៈ និង​ព្រហ្មចារ្យ​ដ៏ប្រសើរ​ក្នុង​លោក សេចក្តី​សង្រួម​ណា ដែល​ព្រះពុទ្ធ​ជាអាទិច្ចពន្ធុ ព្រះអង្គ​មាន​ចក្ខុ បាន​សំដែង​ហើយ បុគ្គល​មានចិត្ត​មិនទទឹក​ដោយ​កិលេស ជាអ្នក​មាន​ស្មារតី​គ្រប់​កាល គប្បី​គ្រប់គ្រង​ក្នុង​សេចក្តី​សង្រួម​ទាំងនោះ ពួក​ជនណា បានដល់​នូវការ​អស់ទៅ​នៃអាសវៈ ជន​ទាំងនោះ បានកាត់​នូវ​អនុស័យ​ទាំងពួង ដែល​ទៅ​កាន់​សង្សារ ជាលំនៅ​នៃមារ ហើយ​ដល់នូវ​ត្រើយ គឺ​ព្រះនិព្វាន ក្នុងលោក។

អនុរុទ្ធមហាវិតក្កសូត្រ ទី១០

(១០. អនុរុទ្ធមហាវិតក្កសុត្តំ)

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ។ ក្នុងសម័យនោះ ព្រះ​អនុរុទ្ធ​ដ៏មាន​អាយុ គង់នៅក្នុង​បាចីនវង្សទាយវន ក្នុង​ដែន​ចេតី។ គ្រានោះ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ នៅក្នុង​ទីស្ងាត់ពួនសម្ងំ មានចិត្ត​ត្រិះរិះ​កើតឡើង យ៉ាងនេះថា នេះជាធម៌​របស់​អ្នកប្រាថ្នា​តិច នេះមិនមែន​​ជាធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន នេះជាធម៌​របស់អ្នក​សន្តាស នេះមិនមែន​ជាធម៌​របស់អ្នកមិនសន្តាស នេះជាធម៌​របស់អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុង​ការ​ច្រឡូកច្រឡំ​ដោយពួក នេះជា​ធម៌របស់​អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិន​តាំងមាំ នេះជាធម៌​របស់​អ្នក​មាន​ប្រាជ្ញា នេះ​មិនមែន​ជាធម៌​របស់​អ្នក​ឥតប្រាជ្ញា។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ​ក្នុងចិត្ត របស់​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គហើយ ក៏បាត់​អំពី​ភេសកឡាវន ជាទីឲ្យនូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ស្រាប់តែ​មកប្រាកដ ក្នុង​ទីចំពោះ​មុខនៃ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ក្នុង​បាចីន​វំសទាយវន ក្នុង​ដែន​ចេតី ព្រះអង្គ​ទ្រង់គង់​លើអាសនៈ​ដែលគេ​ក្រាលថ្វាយ ដូចជា​បុរសមាន​កំឡាំង លា​នូវដៃ​ដែលខ្លួន​បត់ចូល ឬបត់ចូល​នូវដៃ ដែលខ្លួន​លាចេញ ដូច្នោះឯង។ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាល​អនុរុទ្ធ ប្រពៃហើយ ៗ ម្នាល​អនុរុទ្ធ អ្នកបាន​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ប្រពៃ​ហើយ​ថា នេះ​ជាធម៌​របស់អ្នក​ប្រាថ្នា​តិច នេះ​មិនមែន​ជាធម៌​របស់​អ្នកប្រាថ្នា​ច្រើន នេះជាធម៌​របស់​អ្នក​សន្តោស នេះ​មិនមែន​ជាធម៌​របស់អ្នក​មិនសន្តោស នេះជា​ធម៌​របស់​អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុងការនៅ​ច្រឡូក​ប្រឡំដោយ​ពួក នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌ របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់​អ្នកមាន​ចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មាន​ចិត្ត​មិនតាំងមាំ នេះជាធម៌​របស់​អ្នកមាន​ប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ ទី៨ នេះ​ថា នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះ​មិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌8) ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​បបញ្ចធម៌។ ម្នាល​អនុរុទ្ធ កាលណា​អ្នក​នឹងត្រិះរិះ នូវ​មហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា អ្នកនឹង​ស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ដល់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ដរាប​នោះ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ នូវមហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា ព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈ អ្នកនឹង​ដល់នូវ​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា​អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នកនឹង​ប្រកប​ដោយ​ឧបេក្ខា ព្រោះ​មានចិត្ត​នឿយណាយ ចាកបីតិ មានស្មារតី​ ដឹងខ្លួន សោយនូវ​សេចក្តីសុខ ដោយ​នាមកាយ ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​នូវបុគ្គល ដែលបាន​តតិយជ្ឈាន​នោះថា បុគ្គល​នេះ ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿងនៅ​ជាសុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា អ្នក​នឹងដល់​នូវតតិយជ្ឈាន​នោះ (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នក​នឹង​ដល់​នូវ​ចតុត្ថជ្ឈាន ជា​ធម្មជាត មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិនមែន​ជាសុខ គឺ​ឧបេក្ខា មាន​សតិដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​នូវ​សុខផង លះបង់​នូវ​ទុក្ខផង អស់ទៅ​នៃសោមនស្ស និង​ទោមនស្សផង (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ​ផង ជាអ្នក​បាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ នូវ​ឈានទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្ត​ដ៏ថ្លៃថ្លា​ ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ទូ​សម្រាប់​ដាក់សំពត់​​ដ៏ពេញ​ដោយ​សំពត់​ទាំងឡាយ ដែល​គេជ្រលក់​ដោយ​ពណ៌ផ្សេងៗ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណាមិញ បំសុកូល​ចីវរ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បី​នៅសប្បាយ ដើម្បីចុះ​កាន់ព្រះនិព្វាន ក្នុងកាល​នោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នកបាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ​នូវឈាន​ទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​ជាសុខ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បាយ​នៃស្រូវ​សាលី​របស់​គហបតី ឬ​គហបតិបុត្ត ដែលប្រាស​ចាក​ពណ៌ខ្មៅ មាន​សម្លច្រើន​មុខ មានម្ហូប​ក្រៀម​ច្រើនមុខ យ៉ាង​ណា​មិញ ភោជន​ជាដុំ ជាពំនូត នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ យ៉ាង​នោះ​ដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិន​លំបាក បានដោយ​ងាយនូវ​ឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ផ្ទះកំពូល របស់​គហបតី ឬគហបតិបុត្ត ដែល​គេលាប​ខាងក្នុង និង​ខាងក្រៅ មិនមាន​ខ្យល់ (ចេញចូល) មាន​គន្លឹះ​ដ៏​ជិត​ស្និទ្ធ មាន​បង្អួច​បិទហើយ យ៉ាង​ណាមិញ រុក្ខមូល​សេនាសនៈ ក៏នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ ក៏​យ៉ាងនោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាមប្រាថ្នា បានមិន​លំបាក បាន​ដោយ​ងាយ នូវឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បល្លង្ក (គ្រែ​ដែលមាន​ជើងខ្ពស់ វិចិត្រ​ដោយរូប​សត្វ​សាហាវ) របស់​គហបតី ឬ​គហបតិបុត្ត ដែល​ក្រាល​ដោយព្រំ មានរោមវែង​ជាង ៤ ធ្នាប់ ដែល​ក្រាលដោយ​កម្រាល​មានពណ៌​ស ដែល​ធ្វើដោយ​រោមសត្វ ដែលក្រាល​ដោយកម្រាល​ធ្វើដោយ​រោមសត្វ ជាផ្កា​ចង្កោម មាន​កម្រាល​ដ៏ឧត្តម ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វឈ្មុស មាន​ខ្នើយមាន​ពណ៌​ក្រហម​ទាំង​ពីរខាង គឺ​ខ្នើយក្បាល និងខ្នើយ​ជើង ព្រមទាំង​ពិដាន​មានពណ៌​ក្រហម​ពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ​ ដែលធ្វើ​ដោយកម្រាល​ស្មៅ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវមហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិនលំបាក បានដោយងាយ ​នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅ​ក្នុងចិត្តដ៏​ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ភេសជ្ជៈផ្សេង ៗ គឺ​ទឹកដោះថ្លា ទឹកដោះ​ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណា​មិញ ថ្នាំដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុង​កាលនោះ ក៏​យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកគប្បីនៅ​ចាំវស្សា​តទៅទៀត ក្នុង​បាចីនវំសទាយវន ជិត​ដែន​ចេតីនេះចុះ។ ព្រះអនុរុទ្ធ​ដ៏មានអាយុ ទទួល​ស្តាប់​ព្រះពុទ្ធ​ដីកាថា ព្រះករុណា ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ឱវាទ​នេះ​ហើយ ក៏បាត់អំពី​បាចីនវំសទាយវន ក្នុង​ដែន​ចេតី មកប្រាកដ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវអភ័យ​ដល់​ពួក​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ព្រះអង្គ​គង់​លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ ដូចជា​បុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬ​បត់ចូលនូវដៃ ដែលខ្លួន​លាចេញ​ដូច្នោះឯង។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត នឹង​សំដែង​នូវ​មហាបុរិសវិតក្កៈ ៨ យ៉ាង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវពាក្យ​នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មហាបុរិសវិតក្កៈ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជា​ធម៌របស់​អ្នកប្រាថ្នា​ច្រើន ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ១ ម្នាល​ភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ​ដោយពួក ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម នេះមិនមែន​ជាធម៌​របស់​អ្នក​ខ្ជិលច្រអូស ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នកមាន​ស្មារតី​ខ្ជាប់ខ្លួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​ចិត្តតាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិនតាំងមាំ ១ ម្នាលភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា​ នេះ​មិនមែន​​ជាធម៌​របស់អ្នក​​ឥតប្រាជ្ញា ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុងបបញ្ចធម៌ ១។

ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះដែលតថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជា​អ្នកប្រាថ្នា​តិច ដូច្នេះ ជាអ្នកមាន​សេចក្តី​សន្តោស រមែង​មិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញថា ជាអ្នក​​មានសេចក្តី​សន្តោស ដូច្នេះ ជាអ្នក​ស្ងាត់ រមែងមិន​ប្រាថ្នាថា ពួកជនគប្បី​ដឹងនូវ​អាត្មាអញ ថាជា​អ្នកស្ងាត់ ដូច្នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម រមែង​មិនប្រាថ្នា​ថា ពួក​ជន គប្បីដឹង​នូវអាត្មាអញ ថាជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដូច្នេះ ជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួន រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមាន​ចិត្តតាំងមាំ រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានចិត្ត​តាំងមាំ ដូច្នេះ ជាអ្នក​មានប្រាជ្ញា រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹង​នូវ​អាត្មាអញ ថាជាអ្នក​មានប្រាជ្ញា ដូច្នេះ ជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ រមែង​មិន​ប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នា​ច្រើន​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ ​តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានសេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ ដែល​តថាគត​ពោលហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារតាមមាន តាមបាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​​អ្នកមាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់អ្នក​មិនមាន​សេចក្តីសន្តោស ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ងប់ស្ងាត់ នៅមាន​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា មហាមាត្យ​របស់​ព្រះរាជា តិរិ្ថយ និងសាវក​របស់​តិរ្ថិយ រមែង​ចូលទៅរក​ភិក្ខុនោះ។ ក្នុង​ទីនោះ ភិក្ខុមានចិត្ត​ឱនទៅរក​វិវេក ឈានទៅ​រកវិវេក បែរទៅ​រកវិវេក ដំកល់​នៅក្នុងវិវេក ត្រេកអរ​ចំពោះក្នុង​ការ​ចេញចាកកាម ជាអ្នកធ្វើ​តាមនូវពាក្យ ដែល​ប្រកប​ចំពោះ​​ដោយពាក្យ ដែលគួរ​បញ្ជូន​ទៅដោយ​ពិត ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិន​មែនជា​ធម៌​របស់​អ្នកខ្ជិល​ច្រអូស ​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យកើត​ឡើង ជាអ្នក​មានកំឡាំង មានសេចក្តី​ប្រឹងប្រែងមាំ មិន​ទំលាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិលច្រអូស ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់​អ្នក​ភ្លេច​ស្មារតី​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​​មានស្មារតី ប្រកប​ដោយ​​ស្មារតី និង​ភាពជាអ្នក​មានប្រាជ្ញា​​ចាស់ក្លា​ដ៏ខ្ពង់ខ្ពស់ នឹក​ឃើញ រឭក​បាន​រឿយ ៗ នូវអំពើ​ដែលធ្វើរួច​យូរហើយ​ផង នូវសំដី​ដែលនិយាយ​រួច​យូរហើយ​ផង ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌របស់អ្នក​ភ្លេច​ស្មារតី ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិនតាំងមាំ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យ​នុ៎ះ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ដល់​នូវ​ចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​អ្នកមានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិន​តាំងមាំ​ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា ដូច្នេះ​នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ តើព្រោះអាស្រ័យ​​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មាន​ប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ជាដំណើរ​ទៅកាន់​សេចក្តី​ចំរើន និងសេចក្តីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ត្រាស់ដឹង ជាដំណើរ​ទៅកាន់​ការអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌ របស់​អ្នកឥត​ប្រាជ្ញា​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់ភិក្ខុ​ក្នុង​សាសនា​នេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែង​តាំងនៅ រមែងបង្អោន​ទៅ ក្នុង​កិរិយារលត់​នៃបបញ្ចធម៌ គឺ​ព្រះនិព្វាន ពាក្យ​ណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌ ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

គ្រានោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ ក៏នៅចាំ​វស្សា​តទៅ ក្នុង​បាចីនវំសទាយវន ក្នុង​ដែន​ចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏​មានអាយុ តែម្នាក់ឯង ចៀសចេញ​ចាកពួក មិនមាន​សេចក្តី​ប្រមាទ មានព្យាយាម​ដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត​ចេញចាក​ផ្ទះ ចូលកាន់​ផ្នួស​ដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌ ដែល​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​នោះ ដោយបញ្ញា​ដ៏ឧត្តម​របស់ខ្លួន​ ក្នុង​បច្ចុប្បន្ន ក៏ដឹង​ច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ បាន​នៅរួច​ហើយ សោឡសកិច្ច បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ មិនមាន​ទៀតឡើយ មាន​សេចក្តី​សរសើរ​ថា បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះអនុរុទ្ធ​ដ៏មានអាយុ ជា​ព្រះអរហន្ត​មួយ​អង្គដែរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មានអាយុ បានដល់​ព្រះអរហត្តហើយ បានពោល​គាថា​ទាំងឡាយ​នេះ ក្នុង​វេលា​នោះថា

ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ របស់​អាត្មាអញ ទ្រង់មាន​កាយ​សម្រេច​ដោយចិត្ត ទ្រង់ស្តេច​ចូលមក​ដោយ​ឫទ្ធិ តម្រិះ​របស់​អាត្មាអញ កើតមាន​យ៉ាងណា ព្រះអង្គ​ក៏ទ្រង់​សំដែង​នូវធម៌​ដ៏លើសលុប​យ៉ាងនោះ ព្រះពុទ្ធ​ទ្រង់ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ក៏ទ្រង់​សំដែង​នូវ​និប្បបញ្ចធម៌ អាត្មាអញ បាន​ដឹងច្បាស់​នូវធម៌​របស់​ព្រះអង្គ ក៏ត្រេកអរ​ក្នុង​សាសនា​ វិជ្ជា​ទាំង ៣ អាត្មាអញ​ក៏បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះគឺ

និយាយអំពីឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ជាគំរប់ ១០ នឹងព្រះអនុរុទ្ធ។

 

លេខយោង

1)
បាន​ដល់បុគ្គល​ដែល​ផុតស្រឡះ​ចាក​ចំណែក​ទាំងពីរ គឺ​ផុតស្រឡះ​ចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះ​ចាក​នាមកាយ ដោយមគ្គ ១។
2)
បានដល់បុគ្គល​ជា​សុក្ខវិបស្សកៈ។
3)
បានដល់បុគ្គល​ដែលបាននូវឈានសម្ផស្ស​ជាដំបូង ទើបធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន​ជាខាងក្រោយ។
4)
បានដល់​បុគ្គល​ដែល​ដឹងច្បាស់ ឃើញ​ច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ថា សង្ខារទាំងឡាយ​ រមែង​នាំមក​នូវ​ទុក្ខ មានតែ​ព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវ​អរិយសច្ចទាំង ៤ ដោយបញ្ញា។
5)
បានដល់បុគ្គល​ដែល​ផុតស្រឡះ​ ចាកកិលេស​ដោយសទ្ធា សេចក្តី​ដូចគ្នានឹង​ទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់​សេចក្តី​ជឿស៊ប់សួន ក្នុងខណៈ​ដែល​បាន​នូវមគ្គ​ជាចំណែក​ខាងដើម។
6)
បានដល់បុគ្គលដែល​ចំរើន​នូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។
7)
ប្រហែលគ្នានឹង​ធម្មានុសារីបុគ្គល។
8)
តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:19 និពន្ឋដោយ Johann