km:tipitaka:sut:an:08:sut.an.08.v06

សន្ធានវគ្គ ទី១ (៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.v06 បាលី cs-km: sut.an.08.v06 អដ្ឋកថា: sut.an.08.v06_att PTS: ?

សន្ធានវគ្គ ទី១ (៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៦) ១. គោតមីវគ្គោ)

គោតមីសូត្រ ទី១

(១. គោតមីសុត្តំ)

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​និគ្រោធារាម ក្បែរក្រុង​កបិលពស្តុ ​ក្នុង​ដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី ចូលទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់​ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងទី​សមគួរ។ លុះ​ព្រះនាង​មហាបជាបតិគោតមី ឋិតនៅ​ក្នុងទី​សមគួរ​ហើយ​ ទើប​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ​ មាតុគ្រាម គួរ​ចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ទ្រង់​សំដែង​ហើយ។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់​ឃាត់ថា ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ហើយបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបថ្វាយបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ ជាគំរប់​ពីរ​ដងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​នាងគោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បាន​សំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះ ជាគំរប់បីដង​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត សំដែង​ហើយ។ ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ លំដាប់​នោះឯង ព្រះនាង​មហាបជាបតិគោតមី បានជ្រាបថា ព្រះដ៏មានព្រះភាគ មិន​ទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែលព្រះតថាគត​សំដែងហើយ ក៏កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ​ រួចចៀសចេញ​ទៅ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុង​ក្រុង​កបិលពស្ដុ តាមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយស្ដេច​ចៀសចេញទៅ​កាន់ចារិក ក្រុង​វេសាលី កាល​ទ្រង់ស្ដេច​ទៅ​កាន់​ចារិក តាម​លំដាប់ ក៏បានទៅដល់ក្រុងវេសាលីនោះឯង។ មានសេចក្ដី​ដំណាល​ថា​ ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុងកូដាគារ​សាលា នាមហាវន ទៀប​ក្រុង​វេសាលីនោះ។ លំដាប់នោះឯង ព្រះនាង​មហាបជាបតិ​គោតមី ឲ្យគេកោរ​ព្រះកេសា ហើយស្លៀក​សំពត់ជ្រលក់​ដោយទឹក​អម្ចត់ ទ្រង់យាងសំដៅទៅ​ក្រុងវេសាលី ជាមួយ​នឹង​ពួកនាង​សាកិយានី​ជាច្រើន យាងចូលទៅកាន់​កូដាគារសាលា នាមហាវន ទៀប​ក្រុង​វេសាលី​នោះ តាមលំដាប់។ វេលានោះ ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំង​គូ​ពុរពង​ មានព្រះអង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ទៀបក្លោង​ទ្វារខាងក្រៅ។ ព្រះអានន្ទ​ដ៏មានអាយុ បានឃើញ​ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែង​ទៀបក្លោងទ្វារ​ខាង​ក្រៅ លុះបាន​ឃើញហើយ ក៏ពោលទៅ​នឹង​ព្រះនាង​មហា​បជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី ហេតុអ្វី​បានជា​ព្រះនាង​មាន​ព្រះបាទ​ទាំងគូ​ពុរពង មានព្រះ​អង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដូច្នេះ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បានជាដូច្នោះ ព្រោះតែ​ព្រះដ៏​មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ​ផងសោះ។ បពិត្រ​ព្រះនាង​គោតមី បើ​ដូច្នោះ សូមព្រះនាង​ទ្រង់រង់ចាំ​ក្នុងទីនេះ​សិនចុះ ទំរាំអាត្មាភាព ទៅក្រាបបង្គំ​ទូល​សុំ​ព្រះដ៏​មាន​ព្រះភាគ ឲ្យមាតុគ្រាម​បានចេញ​ចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏​មានអាយុ ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំព្រះដ៏​មាន​ព្រះភាគ​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី​នុ៎ះ មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយ​ធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះ​នេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដោយ​ជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​អានន្ទ ណ្ហើយ អ្នកកុំគាប់​ចិត្តឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយ​ផ្ទះ ក្នុងធម្មវិន័យ​ដែលតថាគត​សំដែង​ឡើយ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាប​បង្គំ​ទូល ជាគំរប់ពីរ​ដងផង។បេ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ ជាគំរប់ ៣ដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ​ផង។ ម្នាលអានន្ទ ណ្ហើយ អ្នក​កុំគាប់ចិត្តឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងឡើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូល​សុំព្រះដ៏មានព្រះភាគ ដោយ​បរិយាយ​ដទៃទៀត ដើម្បីឲ្យ​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាបបង្គំ​ទូលសួរ​ព្រះដ៏មានព្រះភាគ​ដូច្នេះថា ​បពិត្រ​ព្រះអង្គដ៏ចំរើន មាតុគ្រាម បើចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផល​ក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្ត​ផល​ក្ដី បានដែរ​ឬ​។ ម្នាលអានន្ទ មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែង​ហើយ ក៏គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើមាតុគ្រាម ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​សំដែងហើយ គួរធ្វើឲ្យជាក់​ច្បាស់នូវ​សោតាបតិ្ត ផលផង។បេ។ អរហត្តផលផង ​បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី មាន​ឧបការៈច្រើន ជាព្រះមាតុច្ឆា​របស់ព្រះដ៏មានព្រះភាគ បានបី​បាច់ចិញ្ចឹម កាលព្រះ​មាតា​ទ្រង់ទិវង្គតទៅ បានបំបៅ​ព្រះដ៏មានព្រះភាគ តរៀងមក។ បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តា​ប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយផង។ ម្នាលអានន្ទ បើព្រះ​នាង​មហាបជាបតិ​គោតមី ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ (ឯ​គរុធម៌ ៨ប្រការ​នោះគឺ) ភិក្ខុនី សូម្បីឧបសម្បទា​បាន មួយរយវស្សា​ហើយ ក៏ត្រូវតែថ្វាយ​បង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើប​នឹង​ឧបសម្បទា​ក្នុងថ្ងៃនោះ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ភិក្ខុនី​មិនត្រូវ​នៅចាំវស្សា ក្នុងអាវាស​ដែលគ្មាន​ភិក្ខុ​ឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី ​ត្រូវ​ស្វែងរកសួរ​ឧបោសថផង ចូលទៅស្ដាប់ឱវាទផង អំពីសំណាក់​ភិក្ខុសង្ឃ​រាល់កន្លះខែ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​​នៅចាំវស្សា​រួចហើយ ត្រូវបវារណា ក្នុង​សំណាក់សង្ឃ​ទាំង២ ពួក (គឺភិក្ខុសង្ឃ ១ ភិក្ខុនីសង្ឃ ​១) ដោយឋាន ៣ យ៉ាងគឺ ឃើញ ឮ រង្កៀស នេះជាធម៌ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី​​ត្រូវគរុកាបត្តិ​ហើយ គប្បីប្រព្រឹត្ត​បក្ខមានត្ត ក្នុងសំណាក់​សង្ឃទាំង ២ ពួក នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​ត្រូវ​ជួយស្វែងរក​ឧបសម្បទា ក្នុងសំណាក់​សង្ឃទាំង ២ ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខា​ក្នុងធម៌ ៦1) ប្រការ គ្រប់ ២ ឆ្នាំហើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​មិន​ត្រូវជេរ មិនត្រូវ​ប្រទេចភិក្ខុ ដោយបរិយាយ​ណាមួយឡើយ នេះជា​ធម៌ដែល​ភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ តាំងពីថ្ងៃ​ដែលបាន​ឧបសម្បទានេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុ​មិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនី​វិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ម្នាលអានន្ទ បើព្រះនាង​មហាបជាបតិ​គោតមី ទទួល​ប្រព្រឹត្ត​តាម​គរុធម៌​ទាំង ៨ នេះបាន ឧបសម្បទា​នោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានរៀន​គរុធម៌ ៨ ប្រការ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរក​ព្រះនាង​​មហាបជាបតិ​គោតមី លុះចូល​ទៅដល់​ហើយ ក៏ពោល​ទៅនឹង​ព្រះនាង​មហាបជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ នឹង​សម្រេចដល់​ព្រះនាង។ (ឯគរុធម៌ ៨ ប្រការនោះគឺ) ភិក្ខុនីសូម្បីឧបសម្បទា បានមួយ​រយវស្សា​ហើយ ក៏ត្រូវតែ​ថ្វាយបង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹង​បួស​ហើយ​ក្នុងថ្ងៃនោះ នេះជាធម៌ ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។បេ។ ចាប់ដើមតាំងពីថ្ងៃ (ដែលបាន​ឧបសម្បទា) នេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនីវិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួល​ប្រតិបត្តិ​គរុធម៌ ៨ ប្រការ​នេះបាន។ ឧបសម្បទា​នោះ នឹង​សម្រេចដល់​ព្រះនាងបាន។ ព្រះនាង​មហាបជាបតិ​គោតមី ឆ្លើយតបថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ស្រ្ដី ឬបុរស​នៅក្រមុំ​កំឡោះ ប្រកប​ដោយ​ជាតិ​ជាអ្នក​ស្អិតស្អាងខ្លួន មានក្បាលលុបលាងហើយ បានកម្រងផ្កា​ឧប្បលក្ដី កម្រងផ្កា​ម្លិះក្ដី កម្រងផ្កា​ដែលមាន​ក្លិនក្រអូប​ណាស់ក្ដី ហើយទទួល​យកដោយ​ដៃ​ទាំងពីរ ដំកល់​ទុក​លើ​អវយវៈ​ដ៏ឧត្តម គឺក្បាល យ៉ាងណាមិញ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ខ្ញុំនឹង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការនេះ មិនប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ក៏យ៉ាងនោះដែរ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ រួច​អង្គុយក្នុង​ទីសមគួរ​។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គរុធម៌​ទាំង ៨ ប្រការ ព្រះនាង​មហាបជាបតិ​គោតមី ព្រមទទួលហើយ មិន​ប្រព្រឹត្ត​ឲ្យកន្លង ដរាបអស់​ជីវិតទេ។ ម្នាលអានន្ទ ប្រសិនបើ​មាតុគ្រាម មិនបាន​ចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​តថាគត​សំដែង​ហើយ​ទេ ​ម្នាលអានន្ទ ព្រហ្មចរិយធម៌ នឹង​បានតាំង​នៅ​ជា​អង្វែង ព្រះសទ្ធម្ម គឺ​អរហត្តផល នឹង​បានតាំង​នៅអស់ ១ ពាន់ឆ្នាំ។ ម្នាលអានន្ទ តែកាលណា​​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងហើយ ម្នាលអានន្ទ ឥឡូវ​នេះ ព្រហ្មចរិយធម៌ នឹង​មិនតាំងនៅ​យូរអង្វែង​ទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្មនឹង​ឋិត​នៅ​បានត្រឹមតែ​ប្រាំរយ​ឆ្នាំវិញ ម្នាលអានន្ទ ត្រកូល​ទាំងឡាយណាមួយ ​ដែលមាន​ស្រី​ច្រើន មានប្រុស​តិច ត្រកូលទាំងនោះ ពួកចោរលួច​ឧជប្រទីបក្នុង​ក្អមឆ្នាំង ហើយគន់​មើលទ្រព្យ​ក្នុងផ្ទះ​អ្នក​ដទៃ ​ដោយពន្លឺ​នោះ អាចចូល​មកបំផ្លាញ​បានដោយងាយ យ៉ាង​ណា​មិញ ម្នាលអានន្ទ មាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌​នោះ មិនបានតាំងនៅ​យូរអង្វែងទេ ក៏យ៉ាង​នោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះសេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះ​ក្នុងស្រែ​ស្រូវ​ណា ដែលកំពុង​តែលូតលាស់​ល្អ ស្រែស្រូវនោះ មិនបាន​តាំងនៅ​យូរអង្វែង ដោយ​ប្រការ​យ៉ាងនេះ យ៉ាងណា​មិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបាន​តាំង​នៅ​យូរ​អង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិ​ឈ្មោះ​មញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះ​ក្នុង​ច្បារអំពៅ​ណា ដែលកំពុង​លូតលាស់ល្អ ច្បារអំពៅនោះ មិន​បាន​តាំង​នៅយូរអង្វែង ដោយប្រការ​យ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាក​ផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅ​យូរអង្វែង​ទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ បុរស ប្រញាប់​លើកទំនប់​ទប់ទឹកស្រះ​ដ៏ធំ​ជាមុន ដើម្បី​មិនឲ្យ​ទឹកហូរ​ចេញទៅជាកំណត់ យ៉ាង​ណាមិញ ម្នាលអានន្ទ គរុធម៌ ៨ ប្រការ ដែលតថាគត បានបញ្ញត្ត​ហើយ ចំពោះ​ភិក្ខុនី​​ជា​ដម្បូង ដើម្បី​មិនឲ្យ (ភិក្ខុនី) ប្រព្រឹត្ត​កន្លង ដរាបដល់អស់ជីវិត ក៏យ៉ាង​នោះដែរ។

ឱវាទសូត្រ ទី២

(២. ឱវាទសុត្តំ)

[៥២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរក្រុង​វេសាលី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​អានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រកប​ដោយធម៌​ប៉ុន្មាន ដែលសង្ឃ​គួរសន្មត ជាអ្នក​ឲ្យឱវាទដល់នាង​ភិក្ខុនីបាន។ ម្នាលអានន្ទ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ជាអ្នក​ឲ្យឱវាទ​ដល់នាង​ភិក្ខុនីបាន។ ប្រកប​ដោយធម៌ទាំង ៨ ប្រការ តើ​ដូចម្ដេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ​ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នក​ចេះចាំច្រើន។បេ។ យល់ត្រឹម​ត្រូវដោយទិដ្ឋិ ១​ បាតិមោក្ខទាំងពីរ​ ភិក្ខុនោះ ក៏ចេះចាំ​ដោយសេចក្ដី​ពិស្ដារ ចែកចេញ​ដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ ជាអ្នកមាន​វាចាពីរោះ ពោលពាក្យ​ពីរោះ ប្រកបដោយវាចា​អ្នកក្រុង ជាវាចា​ក្បោះក្បាយ​ មិនមានទោស អាចញុំាង​អ្នកផង ឲ្យដឹងច្បាស់​សេចក្ដី ១ ជាអ្នកអង់អាច ដើម្បីញុំាង​ភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិ​តាម ឲ្យក្លាហាន​ ឲ្យជ្រះថ្លា​ដោយធមី្មកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​នៃនាង​ភិក្ខុនីទាំង​ឡាយ​ដោយច្រើន ១ ជាអ្នកមិនធ្លាប់​ត្រូវគរុកាបត្តិ2) ដោយ​នាង​ភិក្ខុនី ដែលស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះដ៏មានព្រះភាគ​អង្គនុ៎ះ ១ ជាអ្នក​មានវស្សា ២០ ឬ​មានវស្សា​ច្រើន​ជាង ២០ ឡើង​ទៅ ១។ ម្នាល​អានន្ទ ភិក្ខុប្រកប​ដោយធម៌​ទាំង ៨ ប្រការ​នេះឯង ទើប​សង្ឃ​គួរសន្មត​ជាអ្នកឲ្យឱវាទ​ដល់នាង​ភិក្ខុនី​បាន។

សំខិត្តសូត្រ ទី៣

(៣. សំខិត្តសុត្តំ)

[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី។ គ្រានោះ ព្រះនាង​មហាបជាបតិ​គោតមី ចូលទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចហើយ​ក៏ឋិតនៅ​ក្នុងទី​សម​គួរ។ លុះព្រះនាង​មហា​បជាបតិ​គោតមី ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រ​​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ សំដែង​ធម៌​ដោយ​សង្ខេប​ដល់​ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ​បានស្ដាប់​ធម៌ព្រះដ៏មាន​ព្រះភាគ​ហើយ គប្បី​ចៀសចេញ​ទៅ​តែម្នាក់ឯង មិនប្រមាទ មានសេចក្ដី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​​ទៅកាន់​ព្រះនិព្វាន (មិនខាន)។ ម្នាល​នាងគោតមី នាង​គប្បីដឹង​នូវធម៌​ទាំងឡាយ​ណា ធម៌ទាំងនេះ រមែងប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក មិនប្រព្រឹត្ត​ទៅ ដើម្បី​ប្រាសចាក​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រកប​ក្នុងវដ្តៈ មិន​ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាក​ការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​មិនមាន​ការសន្សំ​កិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិនសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បី​ច្រឡូកច្រឡំ​ដោយពួក មិនប្រព្រឹត្តទៅ ដើម្បី​ស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីខ្ជិល​ច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធ​សេចក្ដី​ព្យាយាម ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ចិញ្ចឹមក្រ មិនប្រព្រឹត្តទៅ ដើម្បីឲ្យ​គេចិញ្ចឹមងាយ។ ម្នាល​នាងគោតមី នាង​គប្បីចាំទុក​ដោយ​ពិតចុះថា នេះមិនមែន​ជាធម៌ នេះមិនមែន​ជាវិន័យ នេះមិនមែន​ជាពាក្យប្រៀន​ប្រដៅ​របស់ព្រះសាស្ដា​ទេ។ ម្នាលនាង​គោតមី មួយទៀត នាង​គប្បីដឹង​នូវធម៌​ទាំងឡាយណា ធម៌ទាំងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រាស​ចាកតម្រេក មិន​ប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីមិនមាន​ការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​ការ​សន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីប្រាថ្នាតិច មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ប្រាថ្នាច្រើន ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស មិនប្រព្រឹត្តទៅ ដើម្បី​មិន​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដី​ស្ងាត់ចាកពួក មិនប្រព្រឹត្ត​ទៅ ដើម្បីច្រឡូក​ច្រឡំ​ដោយពួក ប្រព្រឹត្ត​ទៅ ដើម្បីប្រារព្ធ​សេចក្ដីព្យាយាម មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ខ្ជិលច្រអូស ប្រព្រឹត្ត​ទៅ ដើម្បីឲ្យ​គេចិញ្ចឹម​ងាយ មិនប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេ​ចិញ្ចឹមក្រ។ ម្នាលនាង​គោតមី នាង​គប្បី​ចាំទុក ដោយ​ពិតចុះថា នេះជាធម៌ នេះជា​វិន័យ នេះជា​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះសាស្ដា​ហើយ។

ទីឃជាណុសូត្រ ទី៤

(៤. ទីឃជាណុសុត្តំ)

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​និគមឈ្មោះ​កក្ករបត្តៈ របស់​កោឡិយក្សត្រ ក្នុងដែន​កោឡិយៈ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះ​ទីឃជាណុ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះ​ដ៏មានព្រះភាគ​រួចហើយ អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ទីឃជាណុកោឡិយបុត្រ អង្គុយ​ក្នុង​ទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំនូវ​លំអិត​នៃខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រទ្រង់នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវមាស និងប្រាក់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ធម៌​បែបនោះ ដល់យើងខ្ញុំ​ទាំងឡាយ​នោះ ជាធម៌​ប្រពឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុងបរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក ដល់យើង​ខ្ញុំព្រះអង្គ។ ម្នាល​ព្យគ្ឃបជ្ជៈ3) ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុងបច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើ​ដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុង​លោកនេះ ចិញ្ចឹមជីវិត ដោយការ​ប្រឹងប្រែង ក្នុងការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងាររបស់​ខ្មាន់ធ្នូក្ដី ការងារ​របស់រាជ​បុរសក្ដី សិល្បៈ​ណា​មួយក្ដី ជាអ្នក​ប៉ិន​ប្រសប់ ក្នុងការងារ​ទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយ​ឧបាយ ជាគ្រឿង​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំងឡាយ ដែល​កុលបុត្រ​ក្នុងលោកនេះ បានមក​ដោយកំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ​ប្រកបដោយ​ធម៌ បានមក​ដោយ​ធម៌ កុលបុត្រនោះ បានញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច​ដោយការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់អាត្មាអញ​ទៅបាន កុំឲ្យ​ពួកចោរ​លួច​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅបាន កុំឲ្យ​ពួកទាយាទ មិនជា​ទីស្រឡាញ់ ដណ្ដើម​យកទៅបាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគមណា ពួកជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើន​ដោយសីលក្ដី ចាស់ហើយ តែចំរើន​ដោយសីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា ដែល​នៅ​ក្នុង​ស្រុក ឬ​និគមនោះ កុលបុត្រ​នោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹង​ពួក​ជនទាំងនោះ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹងពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាមសមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នក​បរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ដឹងច្បាស់នូវ​ការចំរើននៃ​ភោគៈទាំងឡាយផង ដឹងច្បាស់​នូវការវិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជនអ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នកថ្លឹង​ជញ្ជីងក្ដី លើកនូវ​ជញ្ជីង​ថ្លឹងហើយ ក៏ដឹងថា ទន់​ទៅខាង​ម្ខាងផង បះឡើង​ខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នកដឹងច្បាស់​នូវការ​ចំរើន​នៃភោគៈទាំងឡាយ​ផង ដឹងច្បាស់នូវ​ការវិនាសទៅ នៃ​ភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច ហើយចិញ្ចឹម​ជីវិតច្រើន​លើស​លុប អ្នកផង​តែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។4) ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មានសេចក្ដី​ចំរើនធំ​ហើយ ចិញ្ចឹមជីវិត​ដោយក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ មុខជា​នឹងស្លាប់ ៗ ដោយ​ឥតទីពឹង។ ម្នាល​ព្យគ្ឃបជ្ជៈ កាលណា​កុលបុត្រនេះ ដឹងច្បាស់​នូវសេចក្ដីចំរើន នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវសេចក្ដី​វិនាសនៃភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​នូវសេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចំរើនបានឡើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាល​ព្យគ្ឃបជ្ជៈ កាលដែល​ភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃសេចក្ដី​វិនាស ៤ យ៉ាង​ គឺ ជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មាន​សំឡាញ់​ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១។ ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះទឹកដ៏ធំ មាន​ផ្លូវនៃ​សេចក្ដី​ចំរើន ៤ យ៉ាងផង មាន​ប្រធាន​នៃសេចក្ដី​វិនាស ៤ យ៉ាងផង បុរស​គប្បីបិទ​ខ្ទប់នូវ​ផ្លូវ​នៃសេចក្ដី​វិនាសទាំងនោះ របស់​ស្រះនោះក្ដី គប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរ​នូវធារទឹក​ដោយប្រពៃក្ដី ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាងនេះហើយ ស្រះដ៏ធំ​នោះ នឹង​មានសេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ​ យ៉ាងណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រ​ដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ ប្រធាននៃ​សេចក្ដី​ចំរើន ៤ យ៉ាងគឺ ជាអ្នក​មិនលេងស្រី ១ មិន​លេងសុរា ១ មិនលេង​ល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏មាន​ឡើង។ ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹកដ៏ធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាន​នៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំង​នោះ របស់ស្រះនោះផង គប្បី​បិទនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង ក៏បង្អោរ​ចុះនូវធារទឹក ដោយ​ប្រពៃផង ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាង​នេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ នឹង​មានប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​ភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែង​មានផ្លូវ នៃសេចក្ដីចំរើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ក្នុងបរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការ​ត្រាស់ដឹង​នៃ​ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ។បេ។ ជាសាស្ដា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​នូវចតុរារិយសច្ច ទ្រង់លែង​វិលត្រឡប់​មកកាន់​ភពថ្មីទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា​សទ្ធាសម្បាទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មាន​ចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះហើយ មាន​ដៃលាងហើយ ត្រេកអរ​ក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មានប្រាជ្ញា​ ប្រកប​ដោយប្រាជ្ញា ជា​ដំណើរ​យល់ការ​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ​មុះមុត ជាដំណើរ​យល់ការ​ដែលអស់​ទៅ នៃ​ទុក្ខ​ដោយប្រពៃ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់​កុលបុត្រ។

កុលបុត្រ អ្នកមានព្យាយាម​ប្រឹងប្រែង ក្នុងទី​នៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស​មានការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ រមែងជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមក​នូវសេចក្ដី​សុខ​ក្នុង​លោក​ទាំងពីរ ដែល​ព្រះដ៏មានព្រះភាគ ព្រះអង្គ​ជាសច្ចនាម ទ្រង់សំដែង​ហើយ ដល់​កុលបុត្រ​អ្នកមានសទ្ធា ស្វែង​រកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ និងបុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំង​ឡាយ យ៉ាងនេះឯង។

ឧជ្ជយសូត្រ ទី៥

(៥. ឧជ្ជយសុត្តំ)

[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏និយាយរីករាយ​ជាមួយ​នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ឧជ្ជយព្រាហ្មណ៍ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន យើងខ្ញុំ​មានប្រាថ្នា ដើម្បីទៅ​ឃ្លាត​ចេញអំពីស្រុក ធម៌​ទាំងឡាយ​ណា ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់​ពួកយើងខ្ញុំ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង​នូវ​ធម៌នោះ​ដល់យើងខ្ញុំ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១។ ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើ​ដូចម្តេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ចិញ្ចឹម​ជីវិត​ដោយការ​ប្រឹងប្រែង ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណាមួយ​ក្ដី ជាអ្នកប៉ិន​ប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកប​ដោយ​ឧបាយ ជាគ្រឿង​​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរ​ចាត់ចែង ម្នាល​ព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាល​ព្រហ្មណ៍ ភោគៈទាំងឡាយ ដែល​កុលបុត្រ​ក្នុង​លោកនេះ បានមក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកប​ដោយធម៌ កុលបុត្រនោះ រមែងញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច ដោយការ​រក្សា​គ្រប់គ្រង​ ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់​អាត្មាអញ​ទៅបាន កុំឲ្យពួកចោរ​លួចយក​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅ​បាន កុំឲ្យពួក​ទាយាទ មិនជាទី​ស្រឡាញ់ ដណ្ដើម​យក​ទៅបាន ម្នាល​ព្រាហ្មណ៍ នេះហៅថា​អារក្ខសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគម​ណា ពួកជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែចំរើន​ដោយសីល ចាស់ហើយ​តែ​ចំរើន​ដោយ​សីល បរិបូណ៌​ដោយសទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា មាន​នៅក្នុង​ស្រុក ឬនិគម​នោះ (កុលបុត្រនោះ) រមែង​ឈរចរចា សាកច្ឆាជាមួយ​នឹង​ពួក​ជន​ទាំងនោះ តែង​សិក្សានូវ​សទ្ធាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាម​សមគួរ សិក្សានូវ​សីលសម្បទា​ នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា កល្យាណមិត្តតា។ ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ ដឹងច្បាស់​នូវការចំរើន​នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវការ​វិនាសទៅ នៃ​ភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយ​គិតថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នកថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នក​ថ្លឹងជញ្ជីង​ក្ដី លើកនូវ​ជញ្ជីងថ្លឹង ហើយ​ក៏ដឹង​ថា ទន់ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នកដឹងច្បាស់​នូវការចំរើន នៃភោគៈ​ទាំង​ឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិត​ក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប អ្នកផង​ទាំងឡាយ តែង​និយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវ​ភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មាន​សេចក្ដី​ចំរើនធំ តែ​ចិញ្ចឹម​ជីវិត ដោយ​ក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះថា កុលបុត្រ​នេះ មុខជានឹង​ស្លាប់ ៗ ដោយ​ឥត​ទីពឹង។ ម្នាល​ព្រាហ្មណ៍ កាលណា​កុលបុត្រ​នេះ ដឹងច្បាស់នូវ​ការចំរើន នៃភោគៈ​ទាំងឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំង​ឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សមជីវិតា។ ម្នាល​ព្រាហ្មណ៍ កាល​ដែលភោគៈ​ទាំងឡាយ ចំរើន​ឡើង​យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវ​នៃសេចក្ដី​វិនាស ៤ ប្រការ គឺជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ មាន​មិត្រលាមក មានសំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១។ ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ ផង មានផ្លូវ​នៃសេចក្ដី​វិនាស ៤ ផង បុរស​គប្បី​បិទខ្ទប់​នូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បី​បើកបង្ហូរ នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង​សោត ក៏មិន​បង្អោរ​នូវ​ធារទឹក ដោយប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះ ស្រះដ៏ធំនោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាល​ដែល​ភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មាន​មិត្រលាមក មាន​សំឡាញ់​លាមក សមគប់នឹង​បុគ្គលលាមក ១ ក៏យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ កាលដែលភោគៈ​ទាំងឡាយ​ចំរើនឡើង យ៉ាងនេះហើយ រមែងមាន​ផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ ប្រការគឺ ជាអ្នក​មិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១។ ម្នាល​ព្រាហ្មណ៍ ស្រះធំ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ផង មានផ្លូវ​នៃសេចក្ដីវិនាស ៤ផង បុរស​គប្បី​បើកបង្ហូរ​នូវផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បីបិទ​នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះនូវធារទឹក​ដោយប្រពៃផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ​ នឹងមាន​ប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាលបើ​ភោគៈទាំងឡាយ ចំរើន​ឡើង យ៉ាងនេះហើយ រមែង​មាន​ផ្លូវនៃ​សេចក្ដីចំរើន ៤ ប្រការ គឺ​ជាអ្នក​មិនលេងស្ត្រី ១។បេ។ សមគប់នឹង​បុគ្គលល្អ ១ យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ធម៌ទាំង​ឡាយ ៤ ប្រការនេះ​ឯង តែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្ដី​សុខ ក្នុង​បរលោក ដល់​កុលបុត្រ។ ធម៌ ៤ ប្រការ តើ​ដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​មានសទ្ធា ជឿ​នូវការ​ត្រាស់ដឹង​នៃព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជា​សាស្ដានៃ​ទេវតា និង​មនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងវិល​ត្រឡប់មក​កាន់​ភពថ្មី​ទៀតហើយ ម្នាល​ព្រាហ្មណ៍ នេះហៅថា ​សទ្ធាសម្បាទា។ ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ មានចិត្តប្រាស​ចាកមន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​រួច​ស្រឡះ​​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការលះបង់ ជាអ្នក​គួរដល់ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវទាន ម្នាល​ព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមាន​ប្រាជ្ញា។បេ។ ជាដំណើរ​យល់ការ ដែលអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ម្នាល​ព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាល​ព្រាហ្មណ៍ ធម៌​ទាំងឡាយ ៤ ប្រការនេះឯង តែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក​ ដល់​កុលបុត្រ។

កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ ជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌​ទាំង ៨ ប្រការនេះ តែងនាំ​មកនូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះដ៏មានព្រះភាគ​ ព្រះអង្គ​ជាសច្ចនាម ទ្រង់​សំដែងដល់​កុលបុត្រ​អ្នក​មានសទ្ធា ស្វែងរកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ និង​បុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំងឡាយ​ យ៉ាងនេះឯង។

ភយសូត្រ ទី៦

(៦. ភយសុត្តំ)

[៥៦] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា រោគនេះ ជា​ឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ពកនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ព្រួយនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ជាប់​ជំពាក់​នេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភក់នេះ ជាឈ្មោះ​របស់​កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្ដេច បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្រ​នេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកភ័យ​ក្នុង​បច្ចុប្បន្ន​ផង មិនរួចចាក​ភ័យក្នុង​បរលោកផង ហេតុនោះ​បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យ​ថា​ទុក្ខ។បេ។ ថារោគ ថាពក ថាព្រួយ ថាជាប់ជំពាក់ ថាភក់ (នេះជាឈ្មោះ​របស់កាម)។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យថាគភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ កុលបុត្រនេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកគភ៌ ក្នុង​បច្ចុប្បន្នផង មិនរួច​ចាកគភ៌ ក្នុង​បរលោក​ផង ហេតុនោះ​បានជា ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។

បុថុជ្ជនជាប់ជំពាក់ក្នុង​កាមណា កាមទាំងពីរនុ៎ះ លោកហៅថា ភ័យ ថាទុក្ខ ថា​រោគ ថាពក ថាព្រួយ ថាការ​ជាប់ជំពាក់ ថាភក់ ថា​គភ៌ បុថុជ្ជន ត្រូវ​សេចក្ដី​សុខ​ក្នុងកាម​គ្របសង្កត់ហើយ រមែងទៅ​កាន់គភ៌​ទៀត លុះតែភិក្ខុ​មាន​ព្យាយាម ដុតកំដៅ​កិលេស ត្រេកអរ​ដោយសម្បជញ្ញៈ​ក្នុង​វេលាណា ភិក្ខុនោះ បែបនោះ កន្លងនូវផ្លូវ​វាងគឺ វដ្ដៈនេះ ដែលគេ​ឆ្លងបាន​ដោយក្រ រមែង​ឃើញ​នូវពួក​សត្វ ដែលចូល​ទៅកាន់ជាតិ និងជរា កំពុង​តែ​ញាប់ញ័រ (ក្នុងភព​ទាំង ៣ ក្នុង​វេលានោះ)។

បឋមអាហុនេយ្យសូត្រ ទី៧

(៧. បឋមអាហុនេយ្យសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេនាំមក​បូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវទក្ខិណាទាន គួរ​ដល់អញ្ជលិកម្ម​ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃ​សត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។ ប្រកប​ដោយធម៌ ទាំង ៨យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នក​មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គល​ល្អ ១ ជាអ្នក​សមា្មទិដ្ឋិ ប្រកប​ដោយ​សម្មាទស្សនៈ ១ ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ទូលាយ នូវ​ឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជាគ្រឿង​នៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែង​រឭក​ឃើញ នូវបុព្វេនិវាស គឺការនៅ​ក្នុងភពមុន មានប្រការ​ដ៏ច្រើនគឺ រឭក​ឃើញ ១ជាតិ​ខ្លះ ២​ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស មាន​ប្រការដ៏ច្រើន ដោយ​ប្រការដូច្នេះ ១ បានដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្ម។បេ។ ទិព្វចក្ខុ​ដ៏ស្អាត កន្លងបង់​នូវចក្ខុ​របស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោលទៅ​តាមកម្ម ១ បានធ្វើឲ្យ​ជាក់ច្បាស់ បាន​ដល់។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ទាំង ៨ យ៉ាង​នេះឯង ជាអ្នក​គួរទទួល​ចតុប្បច្ច័យ ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃ​សត្វលោក រក​ខេត្ត​ដទៃ ក្រៃលែង​ជាងគ្មាន។

ទុតិយអាហុនេយ្យសូត្រ ទី៨

(៨. ទុតិយអាហុនេយ្យសុត្តំ)

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរ​ទទួល​ចតុប្បច្ច័យ ដែលគេនាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន។ ប្រកប​ដោយធម៌ ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំ​ច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នកប្រារព្ធ​សេចក្ដីព្យាយាម មានកំឡាំង​ប្រឹង​ប្រែង​ដ៏មាំ មិនដាក់ធុរៈ​ចោល ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកនៅ​ក្នុងព្រៃ មាន​ទីសេនាសនៈ​ស្ងាត់ ១ អត់ទ្រាំនូវ​សេចក្ដីអផ្សុក និង​សេចក្ដីត្រេកអរ តែងគ្រប​សង្កត់ នូវ​សេចក្ដី​អផ្សុក ដែលកើត​ឡើងហើយ ១ ជាអ្នកអត់ទ្រាំ​នូវភ័យ គួរ​ស្ញប់ស្ញែង តែង​គ្រប​សង្កត់​នូវភ័យ គួរស្ញប់ស្ញែង​ដែលកើត​ឡើងហើយ ១ ជាអ្នកបាន​តាមប្រាថ្នា បាន​ដោយ​មិន​លំបាក បានដោយ​ទូលាយ នូវឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្ត​ដ៏ប្រសើរ ជាគ្រឿង​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន ១ បានធ្វើឲ្យ​ជាក់ច្បាស់ បានដល់។បេ។ ព្រោះ​អស់ទៅនៃ​អាសវៈ​ទាំង​ឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨យ៉ាងនេះឯង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែង​ជាង​គ្មាន។

បឋមបុគ្គលសូត្រ ទី៩

(៩. បឋមបុគ្គលសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួល​នូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃក្រៃលែង​ជាងគ្មាន។ បុគ្គល ៨ ពួក ​តើដូចម្ដេច។ គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជាសកទាគាមី ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គលជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ទាំង៨ ពួកនេះឯង ជាអ្នកគួរ​ទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រក​ខេត្តដទៃ ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក​តាំងនៅក្នុង​ផលផង​ នេះ​ជា​សង្ឃ​មាន​សភាពដ៏ត្រង់ ប្រកបដោយ​បញ្ញា និងសីល រមែងធ្វើ​នូវ​បុណ្យដ៏​ក្រៃលែង​ ដល់ពួកសត្វ គឺ​មនុស្ស កាលស្វែងរកនូវ​បុណ្យ ហើយបូជា ព្រោះទាន​ដែលបុគ្គល​ឲ្យហើយ​ចំពោះសង្ឃ​ រមែងមាន​ផលច្រើន។

ទុតិយបុគ្គលសូត្រ ទី១០

(១០. ទុតិយបុគ្គលសុត្តំ)

[៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរ​ទទួលនូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែងជាងគ្មាន។ បុគ្គល​ទាំង ៨ ពួក តើដូចម្ដេច។ គឺបុគ្គល​ជាសោតាបន្ន ១ បុគ្គលអ្នក​ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់នូវ​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​អរហត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជា​បុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក ជាអ្នកតាំងនៅក្នុងផល​ផង នេះជា​សង្ឃ​ដ៏ឧត្ដម ជាងសត្វ​ទាំងឡាយ បុគ្គល ៨ ពួក រមែងធ្វើបុណ្យ​ដ៏ក្រៃលែង ដល់​ពួកសត្វ គឺមនុស្ស កាលស្វែង​រកនូវ​បុណ្យហើយបូជា ព្រោះទាន​ដែល​បុគ្គល​ឲ្យហើយ​ចំពោះសង្ឃនុ៎ះ រមែងមាន​ផលច្រើន។

ចប់ សន្ធានវគ្គ ទី១។

ឧទ្ទាននៃសន្ធានវគ្គនោះ គឺ

និយាយអំពីរឿងនាងមហាបជាបតិគោតមី ១ អំពីភិក្ខុគួរ​ឲ្យឱវាទ​ដល់​ភិក្ខុនី ១ អំពី​ធម៌​ដ៏សង្ខេប ១ អំពី​ទីឃជាណុកោឡិយបុត្ត ១ អំពីឧជ្ជយព្រាហ្មណ៍ ១ អំពីភ័យ ១ អំពី​អាហុនេយ្យបុគ្គល មាន ២លើក អំពីបុគ្គល ៨ពួក មាន២លើក។

 

លេខយោង

1)
សំដៅយកសិក្ខាបទ ៦ ពីបាណាតិបាត ដល់វិកាលភោជនៈ។
2)
សំដៅយក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយភិក្ខុនី។ អដ្ឋកថា។
3)
ហៅតាម​បវេណី ព្រោះបុព្វបុរស គឺ​ត្រកូលរបស់​បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។
4)
អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មម​តែបរិភោគឆ្អែត ទៅចាប់​ដើម​អង្រន់ ឲ្យជ្រុះ​ផ្លែទាំង​អស់នោះតែម្តង ហើយរើសយក​តែផ្លែណាដែល​គួរស៊ីបាន ផ្លែ​ក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។
km/tipitaka/sut/an/08/sut.an.08.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann