km:tipitaka:sut:an:08:sut.an.08.v07

ចាលវគ្គ ទី២ (៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.v07 បាលី cs-km: sut.an.08.v07 អដ្ឋកថា: sut.an.08.v07_att PTS: ?

ចាលវគ្គ ទី២ (៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៧) ២. ភូមិចាលវគ្គោ)

ឥច្ឆាសូត្រ ទី១

(១. ឥច្ឆាសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ពួកនេះ រមែងមានប្រាកដ​ក្នុងលោក។ បុគ្គល​ ៨ពួក តើដូចម្ដេច​ខ្លះ​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏​មិនកើត​ឡើង។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្ដីវង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង សោក​ស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (១)។ ម្នាលភិក្ខុទាំងឡាយ មួយ​ទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏​កើតឡើង។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បី​លាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង ស្រវឹងផង ប្រមាទ​ផង ឃ្លាតចាក​ព្រះសទ្ធម្មផង (២)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដី​វង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បី​លាភ តែមិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង សោកស្ដាយ​ផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៣)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​ក៏កើត​ឡើង​បាន។ ភិក្ខុនោះ ស្រវឹង​ជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​លាភនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ ប៉ុន្តែជា​អ្នកមាន​លាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៤)។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​លាភ មិនកើតឡើង។ ភិក្ខុនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូង កន្ទក់​កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះ​មិនមាន​លាភ​នោះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង មិន​សោកស្ដាយផង មិនខ្សឹក​ខ្សួលផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៥)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏កើត​ឡើង។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង មិន​ស្រវឹងផង មិនប្រមាទផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៦)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិន​កើតឡើងដែរ។ ភិក្ខុនោះ រមែងមិនសោកស្ដាយ មិន​លំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះ​មិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ទាំងជាអ្នក​មិនមានលាភ​ផង មិន​សោកស្ដាយ​ផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង (៧)។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​កើតឡើងបាន។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់​នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ក៏ជាអ្នក​មាន​លាភផង មិន​ស្រវឹងផង មិន​ប្រមាទ​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង (៨)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះឯង រមែង​មានប្រាកដ​ក្នុងលោក។

អលំសូត្រ ទី២

(២. អលំសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាង ទើបគួរ​ដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹង​ឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់​ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវ​អត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​ធម៌ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចាល្អ មានពាក្យ​​ពីរោះ ប្រកប​ដោយ​វាចា​អ្នកក្រុង ជាវាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជន ឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៥ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​ធម៌ទាំងឡាយ ដែល​ខ្លួនស្ដាប់ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ដែលខ្លួន​ទ្រទ្រង់ ១ ជាអ្នកដឹងនូវ​អត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចា​ល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាងពួក​សព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួក​ជនដទៃទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់ធម៌​ទាំងឡាយ ដែលខ្លួន​បានស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌​ហើយ ប្រតិបត្តិ​ធម៌ដ៏សម​គួរដល់ធម៌ តែជាអ្នក​មាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់​លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ទាំងជា​អ្នកមិន​ញុំាងពួក​សព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរដល់​ពួកជន​ដទៃឡើយ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​​ស្ដាប់ហើយ តែជាអ្នក​មិនពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ទាំងជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​ប្រតិបត្តិនូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់ នូវសេចក្ដី ១ ជាអ្នកញុំាង​ពួក​សព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឡើយ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួកជនដទៃទេ។ ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ដ៏សម​គួរដល់ធម៌ តែជា​អ្នកមាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿង​ញុំាងជន ឲ្យដឹងច្បាស់​នូវសេចក្ដី ទាំង​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាង រមែងគួរដល់​ពួក​ជន​ដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៣ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ​ទេ តែជាអ្នក​ទ្រទ្រង់នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយ ១ ជាអ្នកមិន​ពិចារណា​នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ទាំងជា​អ្នកមិនដឹង​នូវអត្ថ មិនដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ តែជាអ្នកមាន​វាចាល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះ រមែងគួរ​ដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់​ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែម​ទាំងមិនជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​ពិចារណា នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នក​ដឹងនូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ តែជាអ្នក​មានវាចា​មិនល្អ។បេ។ ជាគ្រឿង​ញុំាងជន​ឲ្យដឹងច្បាស់​នូវ​សេចក្ដី ជាអ្នក​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរ​ដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួន​ទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែមទាំង​ជាអ្នកមិនទ្រទ្រង់​ធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ទាំងជា​អ្នកមិន​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​មិនប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់​ធម៌​ផង តែជា​អ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ ប្រកប​ដោយវាចា​អ្នកក្រុង ដែលជា​វាចាច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

សំខិត្តសូត្រ ទី៣

(៣. សំខិត្តសុត្តំ)

[៧០] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុង​ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាង​នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ធម៌ដល់ខ្ញុំ​ព្រះអង្គ ដោយសេចក្ដី​បំព្រួញ​ឲ្យទាន ដែលខ្ញុំព្រះអង្គ​បានស្ដាប់ធម៌ របស់​ព្រះដ៏​មានព្រះភាគ​ហើយ ជាបុគ្គល​ម្នាក់​ឯង ចៀសចេញទៅ ជាអ្នកមិន​ធ្វេសប្រហែស មានព្យាយាម​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន។ មោឃបុរស​ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែ​អារាធនា​តថាគត យ៉ាងនេះ កាលធម៌ដែល​តថាគត​សំដែងហើយ សំគាល់​តែត្រង់ដើម​តាម​តថាគត​ប៉ុណ្ណោះ។ បពិត្រព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ធម៌ដល់​ខ្ញុំព្រះអង្គ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន សូមព្រះសុគត​ទ្រង់សំដែង​ធម៌ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន គិតធ្វើ​ដូចម្ដេច សូមឲ្យ​ខ្ញុំព្រះអង្គ បានយល់​នូវអត្ថនៃ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ គិតធ្វើដូចម្តេច សូម​ឲ្យខ្ញុំ​ព្រះអង្គ បានទទួល​នូវ​ភាសិត​របស់​ព្រះដ៏​មានព្រះភាគ។ ម្នាលភិក្ខុ ហេតុដូច្នោះ ក្នុង​សាសនានេះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ចិត្ត​របស់​អាត្មាអញ នឹង​តាំងនៅ​ក្នុងសន្ដាន តាំងនៅ​ដោយល្អ ទាំងពួក​អកុសល​ធម៌​ដ៏លាមក ក៏មិនកើត​ឡើង គ្របសង្កត់​ចិត្តបាន​ឡើយ។ ម្នាលភិក្ខុ ​អ្នកគប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នក​តាំងនៅក្នុង​សន្ដាន តាំងនៅល្អហើយ ទាំងពួក​អកុសលធម៌​​ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្ត​បាន ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយ​មេត្តា អាត្មាអញ បានចំរើន​ហើយ បានធ្វើ​ឲ្យ​ច្រើន​ហើយ បានធ្វើឲ្យ​ដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំ​ទុក បាន​ប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើននូវ​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ និងវិចារៈផង គួរចំរើន​នូវសមាធិ ដែល​មិនមានវិតក្កៈផង មានតែវិចារៈ​ប៉ុណ្ណោះ គួរចំរើន​នូវសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈផង គួរចំរើននូវ​សមាធិ ដែលប្រកប​ដោយបីតិផង គួរចំរើន​នូវសមាធិ ដែលមិនមានបីតិផង គួរចំរើន​នូវសមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង គួរចំរើន​នូវសមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាល​ភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើនល្អ​ហើយយ៉ាងនេះ ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាងនេះ​ថា ចេតោវិមុត្តិ​ប្រកបដោយ​ករុណា អាត្មា​អញ។បេ។ ចេតោវិមុត្តិ​ប្រកបដោយមុទិតា អាត្មាអញ។បេ។ ចេតោវិមុត្តិ ប្រកប​ដោយ​ឧបេក្ខា អាត្មាអញ​បានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើ​ឲ្យដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំទុក បានប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ ធ្វើឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើន​នូវសមាធិនេះ ដែលប្រកប​ដោយ​វិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើន​សមាធិ ដែលមិនមាន​វិតក្កៈ មិនមានវិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែលប្រកប​ដោយ​បីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែល​​មិនមាន​បីតិផង អ្នកគួរចំរើន​សមាធិ ដែលប្រកបដោយ​សេចក្ដី​សប្បាយ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នក​បានចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះ​ថា អាត្មាអញ នឹងពិចារណា​នូវកាយ​ក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ជាអ្នក​ដឹងខ្លួន មាន​ស្មារតី កំចាត់បង់នូវ​អភិជ្ឈាន និង​ទោមនស្ស ក្នុងលោក​ចេញ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សាយ៉ាង​នេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើនសមាធិ​នេះ ដែលប្រកប​ដោយវិតក្កៈវិចារៈ​ផង អ្នកគួរចំរើនសមាធិ ដែល​មិន​មាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈ​ផង អ្នកគួរ​ចំរើនសមាធិ ដែលប្រកប​ដោយបីតិផង អ្នកគួរចំរើន​សមាធិ ដែលមិន​មាន​បីតិផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយសេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ក្នុងវេទនា​ទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ អាត្មាអញ នឹង​ពិចារណាឃើញ នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈាន និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើន​ហើយ បានធ្វើឲ្យច្រើន​ហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើន​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ​វិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែល​មិនមាន​វិតក្កៈ មានតែ​វិចារៈផង អ្នកគួរ​ចំរើន​សមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកប​ដោយបីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលមិន​មានបីតិផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខា​ផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកនឹង​ទៅក្នុង​ទីណា ៗ អ្នកនឹង​នៅសប្បាយ ក្នុងទីនោះ ៗ អ្នកនឹង​ឈរ​នៅក្នុងទីណាៗ អ្នកនឹង​ឈរ​នៅសប្បាយ ក្នុងទី​នោះៗ អ្នកនឹង​អង្គុយ ក្នុងទីណា ៗ អ្នកនឹងអង្គុយ​សប្បាយ​ក្នុងទី​នោះៗ អ្នក​នឹង​សម្រេច​ការដេក ក្នុងទី​ណាៗ អ្នកនឹង​សម្រេច​ការដេកសប្បាយ ក្នុងទីនោះៗ។

គ្រានោះ ភិក្ខុនោះ ដែល​​ព្រះដ៏មានព្រះភាគ ទូន្មានដោយ​ឱវាទនេះ​ហើយ ក៏ក្រោក​ចាកអាសនៈ ហើយក្រាប​ថ្វាយបង្គំ​លា​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញ​ទៅ។ លំដាប់នោះ ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនធ្វេស​ប្រហែស មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន កុលបុត្ត​ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួសដោយ​ប្រពៃ ដើម្បី​ប្រយោជន៍ ដល់អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោក​ក៏ធ្វើឲ្យជាក់ច្បាស់​នូវ​អនុត្តរធម៌ ដែលមាន​ព្រហ្មចរិយៈ​ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏​ប្រសើរ​របស់ខ្លួន​ក្នុង​បច្ចុប្បន្ន​នេះ ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់ហើយ ព្រហ្មចរិយធម៌​ អាត្មា​អញ បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមាន​ឡើយ។ មានសេចក្ដី​សរសើរថា បណ្ដា​ព្រះអរហន្ដ​ទាំងឡាយ ភិក្ខុនោះ ក៏ជា​ព្រះអរហន្ដ មួយអង្គដែរ។

គយាសីសសូត្រ ទី៤

(៤. គយាសីសសុត្តំ)

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគយាសីសប្រទេស ទៀប​ស្រុកគយា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ពាក្យនេះថា ម្នាលភិក្ខុ​ទាំងឡាយ កាលមុន​អំពីការ​ត្រាស់ដឹង តថាគត​នៅជា​ពោធិសត្វ មិនទាន់ត្រាស់​ដឹងនៅឡើយ ស្គាល់​នូវពន្លឺ​ដោយច្បាស់​លាស់ តែមិនឃើញ​នូវរូប​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​នោះ ក៏មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិន​បើតថាគត​ស្គាល់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំង​ឡាយផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​យ៉ាង​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ដទៃទៀត តថាគតនោះ ជាអ្នក​មិនប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវ​​ពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង តែមិនឋិត​នៅជាមួយ មិន​ចរចា​ជាមួយ មិនដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​នោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិនបើ​តថាគតស្គាល់​ច្បាស់នូវពន្លឺផង ឃើញ​ច្បាស់នូវ​រូបទាំងឡាយ​ផង គប្បីឋិតនៅ​ជាមួយ គប្បីចរចា​ជាមួយ គប្បីដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយផង ញាណទស្សនៈ​របស់​តថាគត​នេះ គប្បីបរិសុទ្ធ​​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យមួយ​ទៀត តថាគតនោះ ជាអ្នក​មិន​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះ​និព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង ក៏​ឋិតនៅជា​មួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយ​នោះផង តែមិនស្គាល់​នូវទេវតា​ទាំងឡាយ​នោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិន​បើ​តថាគត​ស្គាល់ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយ​ផង ក៏ឋិតនៅ​ជាមួយ ចរចា​ជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង តថាគត​ស្គាល់នូវ​ទេវតា​ទាំងឡាយនោះ​ថា ទេវតាទាំង​ឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង ញាណទស្សនៈ​របស់​តថាគតនោះ គប្បី​បរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ សម័យ​ខាងក្រោយមក តថាគត​នោះឯង ជាអ្នកមិនមាន​សេចក្ដីប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះនិព្វាន ស្គាល់​ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ក៏ឋិត​នៅជាមួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​នោះផង ស្គាល់នូវ​ទេវតាទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង តែមិនស្គាល់​នូវទេវតា​ទាំងនោះ​ថា ទេវតា​ទាំងឡាយនេះ ច្យុត​អំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្ម​នេះ​ដូច្នេះ​ផង ស្គាល់​នូវ​ទេវតាទាំងនោះថា ទេវតាទាំងឡាយ​នេះ ច្យុត​អំពីទីនេះ ទៅកើតក្នុង​ទីនោះ ដោយ​ផល​កម្ម​នេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតាទាំងនេះ មានអាយុវែង​យ៉ាងនេះ ឋិតនៅអស់​កាល​យូរ​យ៉ាង​នេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ​នេះ ឬថា ​មិនធ្លាប់​នៅជាមួយ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិនបើ អាត្មាស្គាល់ច្បាស់​នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជា​មួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំងនោះ​ផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង គប្បីស្គាល់​ទេវតាទាំង​នោះថា ទេវតា​ទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង គប្បីស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខ​ទុក្ខ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែង​យ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវ​ទេវតា​ទាំង​នោះ​ថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ ឬថា មិនធ្លាប់​នៅជាមួយ​ទេ ដូច្នេះផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​ក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិន​ប្រមាទ មាន​ព្យាយាមជា​គ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង ស្គាល់ទេវតា​ទាំងឡាយនោះថា ទេវតាទាំង​ឡាយ​នេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំង​នោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅ​អស់កាល​យូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅជា​មួយ​នឹង​ទេវតា​ទាំងឡាយនោះ ឬថា មិនធ្លាប់​នៅជាមួយទេ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំងឡាយ អធិទេវញ្ញាណទស្សនៈ (ការដឹង និងការឃើញ នូវទេវតាដ៏ក្រៃលែង) របស់​តថាគត មាន​បរិវដ្ដ ៨ ប្រការយ៉ាងនេះ មិនបរិសុទ្ធ​ដរាបណា ម្នាលភិក្ខុ​ទាំងឡាយ តថាគត ក៏មិនទាន់​ប្ដេជ្ញា​ខ្លួន ថា​ជាអ្នកត្រាស់​ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវ​លោក មារលោក និងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទេវតា និង​មនុស្ស​ដរាប​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត កាលណា អធិទេវញ្ញាណទស្សនៈ របស់​តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ បរិសុទ្ធ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ កាលនោះ តថាគត​ប្ដេជ្ញាខ្លួន ថាជាអ្នក​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទេវតា និងមនុស្ស។ មិនតែ​ប៉ុណ្ណោះសោត ញាណទស្សនៈ ក៏កើតឡើង​ដល់តថាគតថា ចេតោវិមុត្តិ របស់តថាគត​មិនកម្រើក ជាតិនេះ ជាជាតិ​ទីបំផុត​ក្នុង​កាល​ឥឡូវនេះ ភពថ្មីមិន​មានទៀត​ឡើយ។

អភិភាយតនសូត្រ ទី៥

(៥. អភិភាយតនសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់​នូវធម៌ ជាសត្រូវ​ផង នូវ​អារម្មណ៍ផង)​ នេះមាន ៨ យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ពួកមួយ មានសេចក្ដី​សំគាល់នូវ​រូបខាង​ក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មានប្រមាណ​តិច មាន​សម្បុរ​ល្អ ឬសម្បុរ​អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាង​នេះថា អាត្មាអញ​ដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ ទី១។ បុគ្គលពួកមួយ មាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូប​មានប្រមាណ​ច្រើន មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយ​មានសេចក្ដី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ដូច្នេះ នេះជា​អភិភាយតៈ ទី២។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មាន​ប្រមាណ​តិច មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ នេះជា​អភិភាយតៈ ទី៣។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូប​ខាងក្រៅ ជារូបមាន​ប្រមាណ​ច្រើន មានសម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៤។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មាន​សម្បុរខៀវ ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មា​អញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៥។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូបលឿង មានសម្បុរ​លឿង ជាទី​ចង្អុលប្រាប់ថា នេះមាន​សម្បុរលឿង មាន​ពន្លឺលឿង គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា អភិភាយតៈ ទី៦។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មាន​សម្បុរក្រហម ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរ​ក្រហម មានពន្លឺ​ក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៧។ បុគ្គលពួកមួយ មិនមានសេចក្ដី​សំគាល់​នូវរូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបស មាន​សម្បុរស ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរស មាន​ពន្លឺស គ្របសង្កត់​នូវរូបទាំង​នោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អភិភាយតនៈ មាន ៨ យ៉ាងនេះឯង។

វិមោក្ខសូត្រ ទី៦

(៦. វិមោក្ខសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​មាន​រូបជ្ឈាន រមែងឃើញ​នូវរូប គឺកសិណ​ទាំងឡាយ (មាននីលកសិណ ជាដើម) នេះជា​វិមោក្ខ ទី១។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់​នូវរូបខាងក្នុង (មានសក់ជាដើម) រមែងឃើញ​នូវរូប​ខាងក្រៅ​ទាំងឡាយ គឺកសិណ (មាននីលកសិណ​ជាដើម) នេះជា​វិមោក្ខ ទី២។ បុគ្គល​មានចិត្តចុះ​ស៊ប់ថា វណ្ណកសិណ​ដ៏បរិសុទ្ធ នេះជា​វិមោក្ខ ទី៣។ ព្រោះកន្លង​នូវ​រូបសញ្ញា ដោយប្រការ​ទាំងពួង ដល់នូវសេចក្ដី​វិនាស​នៃបដិឃសញ្ញា មិនបាន​ធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា បានដល់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ការ​ធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៤។ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៥។ ព្រោះកន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អ្វីតិចតួច​ក៏មិនមាន​ដូច្នេះ នេះជា​វិមោក្ខ ទី៦។ ព្រោះកន្លង​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង បានដល់​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា​វិមោក្ខ ទី៧។ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវសញ្ញាវេទយិតនិរោធ (សេចក្ដីរលត់​នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ វិមោក្ខ មាន៨ យ៉ាងនេះឯង។

អនរិយវោហារសូត្រ ទី៧

(៧. អនរិយវោហារសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ (វោហារមិនប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា​ឃើញ ១ មិនឮ និយាយថា ឮ ១ មិនបាន​ហិតភ្លក់ និយាយថា បានហិតភ្លក់ ១ មិនដឹង និយាយថា ដឹង ១ ឃើញ និយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ ដឹង និយាយថា មិនដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អនរិយវោហារ មាន៨ យ៉ាងនេះឯង។

អរិយវោហារសូត្រ ទី៨

(៨. អរិយវោហារសុត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ អរិយវោហារ (វោហារដ៏ប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា មិនឃើញ ១ មិនឮ និយាយថា មិនឮ ១ មិនបាន​ហិតភ្លក់ និយាយថា មិនបាន​ហិតភ្លក់ ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយ​ថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ ដឹង និយាយថា ដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អរិយវោហារ មាន៨ យ៉ាងនេះឯង។

បរិសាសូត្រ ទី៩

(៩. បរិសាសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៨ ពួក។ ៨ ពួក តើអ្វីខ្លះ។ គឺ​ខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តឹង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតធ្លាប់បានចូលទៅរក​ខត្តិយបរិសទ្យ​ជាច្រើន​រយ។ ក្នុង​បរិសទ្យ​នោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់​ដល់នូវ​ការសាកច្ឆាជា​មួយផង សម្បុរ​របស់​ជនទាំង​នោះ ក្នុង​បរិសទ្យនោះ យ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាង​នោះដែរ សំឡេង​របស់ជន​ទាំងនោះ យ៉ាងណា សំឡេង​របស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាង​ជនទាំងនោះ ឲ្យ​ឃើញច្បាស់​ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែល​តថាគត កំពុង​និយាយ ជនទាំង​នោះ មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​មនុស្ស​ដូច្នេះ​ឡើយ លុះតថាគត​ញុំាងជន​ទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាល​ដែលតថាគត​បាត់ទៅហើយ ចំណែក​ជនទាំង​នោះ នៅតែ​មិនស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជា​មនុស្ស​ដូច្នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ធ្លាប់ចូល​ទៅរក​ព្រាហ្មណបរិសទ្យ ជាច្រើនរយ។បេ។ បានចូល​ទៅរក​គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិក​បរិសទ្យ តាវត្តឹង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ក្នុង​ព្រហ្មបរិសទ្យនោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់ដល់នូវ​ការ​សាកច្ឆាជាមួយ​ផង សម្បុរ​របស់​ព្រហ្មទាំងនោះ ក្នុង​បរិសទ្យ​នោះយ៉ាងណា សម្បុរ​របស់តថាគត ក៏យ៉ាងនោះ​ដែរ សំឡេង​របស់ព្រហ្ម​ទាំងនោះ​យ៉ាងណា សំឡេងរបស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត​ បានញុំាង​ព្រហ្មទាំងនោះ​ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា កាលដែល​តថាគត​កំពុងនិយាយ ចំណែក​ព្រហ្មទាំងនោះ​មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជាមនុស្ស​ដូច្នេះឡើយ។ លុះតថាគត​ញុំាង​ព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាលដែល​តថាគតបាត់​ទៅហើយ ចំណែក​ព្រហ្មទាំងនោះ នៅតែមិន​ស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បរិសទ្យ ៨ ពួកនេះឯង។

ភូមិចាលសូត្រ ទី១០

(១០. ភូមិចាលសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ។

គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដងផង។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។

គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។

លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។

ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។

ចប់ ចាលវគ្គ ទី២។

ឧទ្ទានក្នុងចាលវគ្គនោះគឺ

និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគ​ទ្រង់​សំដែង​ធម៌ ដោយ​សង្ខេប ១ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​ក្នុងគយាសីស​ប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ ១ ផែនដីកក្រើក ១។

 

លេខយោង

km/tipitaka/sut/an/08/sut.an.08.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann