km:tipitaka:sut:an:08:sut.an.08.v08

យមកវគ្គ ទី៣ (៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.v08 បាលី cs-km: sut.an.08.v08 អដ្ឋកថា: sut.an.08.v08_att PTS: ?

យមកវគ្គ ទី៣ (៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៨) ៣. យមកវគ្គោ)

បឋមសទ្ធាសូត្រ ទី១

(១. បឋមសទ្ធាសុត្តំ)

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណង​ថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធាផង មាន​សីលផង ម្នាលភិក្ខុ​ទាំង​ឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសទ្ធាផង មាន​សីលផង តែមិនមែន​ជា​ពហុស្សូត​ទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិន​បរិបូរ​ដោយ​អង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បី​ជាអ្នក​មានសទ្ធាផង មាន​សីលផង ជាពហុស្សូត​ផងហើយ យ៉ាងនេះ ទើប​ភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មាន​សទ្ធាផង មានសីល​ផង ជាពហុស្សូត​ផង តែមិនមែន​ធម្មកថិក​ទេ។ បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នក​ចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នកចូល​ទៅ​កាន់បរិសទ្យ​ផង តែមិនមែន​ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង តែជាអ្នក​មិនបាន​តាមប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវឈាន​ទាំង៤ ដែលជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្ន​ទេ។បេ។ ជាអ្នក​បានតាម​ប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្នផង តែមិនធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នទេ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធា​ផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈានទាំង៤ ដែល​ជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្នផង ហើយ​ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នកមាន​សទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្ន​ផង ហើយបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយធម៌​ទាំង ៨ យ៉ាងនេះ​ ឈ្មោះថា ជាអ្នក​បណ្ដុះសេចក្ដី​ជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃ​សមណធម៌​សព្វគ្រប់ផង។

ទុតិយសទ្ធាសូត្រ ទី២

(២. ទុតិយសទ្ធាសុត្តំ)

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយបំណង​ថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីល​ផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ​ឈ្មោះថា បរិបូរ​ដោយ​អង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង តែមិន​មែនជា​ពហុស្សូតទេ។បេ។ ជាពហុស្សូត​ផង តែមិនមែន​ជាធម្មកថិក​ទេ។បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នកចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នក​ចូលទៅកាន់​បរិសទ្យ​ផង តែមិន​មែនជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជា​អរូបជ្ឈាន​ដែលកន្លង​ផុតនូវ​រូបជ្ឈាន ដោយនាម​កាយផង តែមិន​ទាន់ធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមិត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន​នៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរ​ដោយអង្គ​នោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតរូបជ្ឈាន ដោយនាម​កាយ​ផង បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូលទៅ​កាន់បរិសទ្យ​ផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង ជាអ្នកពាល់ត្រូវ​នូវពួក​វិមោក្ខដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតនូវរូបជ្ឈាន ដោយនាម​កាយផង បានធ្វើ​ឲ្យជាក់ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយ​ធម៌ទាំង ៨ យ៉ាង​នេះ ឈ្មោះថា ជាអ្នកបណ្ដុះ​សេចក្ដីជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់​ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃសមណធម៌សព្វគ្រប់ផង។

បឋមមរណស្សតិសូត្រ ទី៣

(៣. បឋមមរណស្សតិសុត្តំ)

[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​គិញ្ជកាវសថៈ (ប្រាសាទឥដ្ឋ) ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំង​ឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ មានផល​ច្រើន មាន​អានិសង្ស​​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ បាន​ចំរើន​មរណស្សតិ​ឬទេ។

កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបទូលព្រះ​ដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ចំរើន​មរណស្សតិ។ ម្នាលភិក្ខុ​ ចុះ​អ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ​ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន (ក្នុងសាសនា​របស់ព្រះអង្គ) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ ធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀន​ប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះ​ថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈឆាន់​ចង្ហាន់​បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេច​ហ្ន៎ អាត្មាអញ គប្បីរស់​នៅបានត្រឹមខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការ​ឲ្យបាន​ច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវ​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​បានត្រឹមខណៈ​ ដែលទំពា​ពំនូតបាយ ៤ ឬ ៥ ពំនូត លេបចូលទៅ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពា​លេបអស់ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន បពិត្រព្រះ​អង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែលដក​ដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

កាលបើពួកភិក្ខុទាំងនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ពួកភិក្ខុ​ទាំងនោះ​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្ត នូវពាក្យប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ម្ដង អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ​ត្រឹមខណៈ ​ទំពាពំនូតបាយ ៤ ឬ ៥ ពំនូត លេប​ចូលទៅ អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​អម្បាល​នេះ ហៅថា មានសេចក្ដី​ប្រមាទ​នៅឡើយ ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ យឺតយូរទេ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពាលេប​បាយ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែល​ដក​ដង្ហើម​ចូល ហើយចេញ ឬ​ដកដង្ហើម​ចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យ​ប្រៀន​ប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំង​អម្បាលនេះ ហៅថា មិនមាន​សេចក្ដី​ប្រមាទ ចំរើន​មរណស្សតិ ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ត្រូវសិក្សា​យ៉ាងនេះថា ពួកយើងនឹង​មិនមាន​សេចក្ដីប្រមាទ និង​ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ណ៎ា។

ទុតិយមរណស្សតិសូត្រ ទី៤

(៤. ទុតិយមរណស្សតិសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគិញ្ជកាវសថៈ ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយ​ថា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ សន្សំ​រឿយៗហើយ មានផល​ច្រើន មាន​អានិសង្ស​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ចុះ​មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ តើដូចម្ដេច សន្សំរឿយៗហើយ មានផល​ច្រើន មានអានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មានអមតៈ​ជាទីបំផុត តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើថ្ងៃ​កន្លងទៅហើយ យប់មក​ដល់វិញ តែង​ពិចារណា​ដូច្នេះថា ហេតុនៃសេចក្ដី​ស្លាប់ របស់អាត្មាអញ មាន​ច្រើន​ណាស់​តើ (ដូចជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹង​ស្លាប់ អន្ដរាយ1) នោះ នឹង​មានដល់អាត្មាអញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែល​អាត្មាអញ​បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ កម្រើកក្ដី ស្លេស្មរបស់អាត្មាអញ​កម្រើក​ក្ដី កងខ្យល់​ដូច​សស្រ្ដាវុធ​របស់​អាត្មាអញ កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញក្ដី ពួកអមនុស្ស​ព្យាយាម​សម្លាប់​អាត្មា​អញ​ក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ ព្រោះហេតុ​តែភ្លាត់ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណា​ថា អកុសលធម៌​ទាំងឡាយ​ដ៏លាមកណា នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកនោះ អាត្មាអញ មិនទាន់​បានលះបង់​នៅឡើយ មាន​ដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​ភិក្ខុពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំង​ឡាយ​ដ៏លាមកណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសល​ធម៌ដ៏​លាមកទាំង​នោះ អាត្មាអញ​មិនទាន់បាន​លះបង់ហើយ នៅមានមែន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរា​ផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីលះបង់​នូវអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មានសំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់​នោះផង លត់​ក្បាល​នោះផង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈ​ផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ ឲ្យឆាប់​យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មា​អញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​ហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បី​ជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ​ទាំងយប់ ក្នុងកុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។

មួយទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើយប់​កន្លង​ទៅហើយ ថ្ងៃមក​ដល់វិញ តែងពិចារណា​ដូច្នេះថា ហេតុនៃ​សេចក្ដីស្លាប់ របស់​អាត្មាអញ មាន​ច្រើន ណាស់តើ (ជួនជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញ​ក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹងស្លាប់ អន្ដរាយនោះ នឹងមានដល់អាត្មា​អញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ (ឬមួយ) អាត្មាអញ ភ្លាត់ដួល​ក្ដី ភត្តដែល​អាត្មាអញ បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ​កម្រើកក្ដី ស្លេស្ម​របស់​អាត្មាអញ កម្រើក​ក្ដី កងខ្យល់​ដូចសស្រ្ដាវុធ​របស់​អាត្មាអញ​កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញ​ក្ដី ពួកអមនុស្ស​ព្យាយាម សម្លាប់​អាត្មា​អញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ ព្រោះហេតុ​តែភ្លាត់​ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល​ក្នុង​វេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​បង់​ហើយ មានដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុង​វេលាថ្ងៃ អកុសលធម៌ដ៏​លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះនៅឡើយ នៅមាន​មែន ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិន​រួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះ​អកុសល​ធម៌ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មាន​សំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់ ឬ​ក្បាល​នោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសល​ធម៌​ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យ​ឆាប់​ យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់បាន​លះហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ ទាំងយប់ ក្នុង​កុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែល​ភិក្ខុចំរើន​ហើយ​យ៉ាងនេះ សន្សំរឿយៗ​ហើយ​យ៉ាងនេះ មានផលច្រើន មាន​អានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មាន​អមតៈ​ជាទីបំផុត។

បឋមសម្បទាសូត្រ ទី៥

(៥. បឋមសម្បទាសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ សម្បទា​នេះ មាន ៨ យ៉ាង។ ៨យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋាន​សម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីល​សម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​សម្បទា ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មាន​វិធានការ មិនបណ្ដែត​បណ្ដោយ ក្នុង​ការងារ​ទាំងឡាយ​តែងចិញ្ចឹម​ជិវិតស្មើ រក្សាទ្រព្យ​ដែលខ្លួន​រកបានមក មានសទ្ធា បរិបូណ៌​ដោយ​សីល ឈ្លាស​ក្នុង​សំដី លះចោល​សេចក្ដី​កំណាញ់ ជំរះ​នូវផ្លូវ​សម្រាប់ទៅ​កាន់​លោក​ខាងមុខ ឲ្យមាន​សួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវ​សេចក្ដី​សុខ ក្នុងលោក​ទាំងពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់កុលបុត្ត​អ្នកមានសទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន ​និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដី​សុខ ក្នុង​លោកខាង​មុខផង យ៉ាងនេះ។

ទុតិយសម្បទាសូត្រ ទី៦

(៦. ទុតិយសម្បទាសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៨ យ៉ាង។ ៨ យ៉ាង គឺអ្វីខ្លះ។ គឺ​ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។

ម្នាលភិក្ខុទាំងឡាយ ចុះ​ឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ​កុលបុត្ត ក្នុង​លោកនេះ ចិញ្ចឹម​ជីវិតដោយ​ខំធ្វើការងារ ទោះបី​ធ្វើស្រែ​ចម្ការក្ដី ជំនួញក្ដី រក្សាគោ​ក្ដី ធ្វើ​សេនាយោធា​ក្ដី ធ្វើជា​រាជបុរស​ក្ដី ចេះសិល្បៈ​ណាមួយក្ដី ជាអ្នក​ឈ្លាស​ក្នុងអំពើ​នោះៗ មិនខ្ជិល​ច្រអូស បរិបូណ៌​ដោយការ​លៃលក មានល្បិច​ក្នុងការ​នោះថា គួរធ្វើ​ គួរចាត់ចែង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ឧដ្ឋានសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត​ក្នុង​លោកនេះ មានភោគៈ​ច្រើនដែល​ខ្លួនរក​បានមក ដោយការ​ប្រឹងប្រែង ព្យាយាម សន្សំ​ដោយ​កំឡាំង​ដៃ បែកញើស​ហូរញើស ប្រកប​ដោយធម៌ បានមក​ដោយធម៌ ហើយថែទាំ​ភោគៈ​ទាំង​នោះ ដោយ​ការរក្សា គ្រប់គ្រង ដោយ​បំណងថា ធ្វើដូចម្ដេច​ហ្ន៎ កុំឲ្យ​ព្រះរាជា​ទាំងឡាយ រឹបជាន់​យក កុំឲ្យ​ពួកចោរ​លួចយក កុំឲ្យ​ភ្លើង​ឆេះ កុំឲ្យ​ទឹកលិច កុំឲ្យ​ពួកទាយាទ មិនជាទីគាប់​ចិត្តយក​ទៅបាន ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា អារក្ខសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​កល្យាណមិត្តតា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុល​បុត្ត​ក្នុង​លោកនេះ នៅក្នុង​ស្រុកណាក្ដី និគម​ណាក្តី ក្នុងស្រុក ឬនិគម​នោះ មាន​ពួក​គហបតី ឬពួក​គហបតិ​បុត្ត ទោះបី​នៅក្មេង តែជាអ្នកចំរើន​ដោយសីល ទោះបីចាស់ ក៏​ចំរើន​​ដោយសីល មានសទ្ធា​បរិបូណ៌ មាន​សីលបរិបូណ៌ មាន​ចាគៈ​បរិបូណ៌ មានបញ្ញា​បរិបូណ៌ កុលបុត្ត​តែង​ឋិតនៅ​ចរចា សាកសួរ ជាមួយនឹង​ពួក​គហបតី​ទាំងនោះ ហើយ​សិក្សា​រឿយៗ​នូវ​សទ្ធាសម្បទា នឹងពួក​បុគ្គល​ដែលជាអ្នក​មានសទ្ធាបរិបូណ៌ តាមសមគួរ​ សិក្សារឿយ ៗ នូវ​សីលសម្បទា នឹងពួកបុគ្គល ជាអ្នកមានសីល​បរិបូណ៌ តាមសមគួរ សិក្សារឿយៗ នូវ​ចាគសម្បទា នឹងពួក​អ្នកមានចាគៈបរិបូណ៌ តាមសម​គួរ សិក្សារឿយៗ នូវបញ្ញាសម្បទា នឹងពួកបុគ្គលអ្នកមាន​បញ្ញាបរិបូណ៌ តាមសមគួរ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កល្យាណមិត្តតា។

ម្នាលភិក្ខុទាំងឡាយ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុង​លោក​នេះ ស្គាល់​សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់សេចក្ដី​សាបសូន្យភោគៈ ទាំងឡាយ​ផង ហើយចិញ្ចឹមជីវិត​តាមសមគួរ មិនទូលាយពេក មិនក្បិតក្បៀត​ពេក ដោយ​បំណង​យ៉ាងនេះថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់អាត្មាអញ នឹង​មិនគ្របសង្កត់​សេចក្ដី​ចំរើន​យ៉ាងនេះ​បានទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រៀបដូច​អ្នកថ្លឹងក្ដី សិស្ស​របស់អ្នក​ថ្លឹងក្ដី លើក​ជញ្ជីងឡើង​ ហើយដឹង​ថា​ស្រាល ព្រោះ (ខ្វះ) ប៉ុណ្ណេះ ឬធ្ងន់ ព្រោះ (លើស) ប៉ុណ្ណេះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ កុលបុត្ត​ស្គាល់សេចក្ដី​ចំរើន​នូវភោគៈ​ទាំងឡាយ​ផង ស្គាល់សេចក្ដី​សាបសូន្យ​ភោគៈ​ទាំងឡាយ​ផង ហើយ​ចិញ្ចឹមជីវិត តាមសមគួរ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀតពេក ដោយបំណង​យ៉ាងនេះថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្រប​សង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដីវិនាស របស់អាត្មាអញ នឹង​មិនអាច​គ្របសង្កត់​សេចក្ដីចំរើន យ៉ាង​នេះបានទេ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនតិច គឺខ្សត់ទ្រព្យ ហើយចិញ្ចឹម​ជីវិតលើសលុប អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ ស៊ីភោគៈ ដូចគេស៊ី​ផ្លែល្វា។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនច្រើន គឺមានទ្រព្យ ហើយចិញ្ចឹមជីវិត រលីបរលាប អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ មុខតែនឹង​ស្លាប់ឥត​មានទីពឹង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​បើកុលបុត្តនេះ ស្គាល់សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់​សេចក្ដី​វិនាស​ភោគៈទាំងឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀត​ពេក ដោយ​បំណងថា សេចក្ដីចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​មិនអាចគ្រប​សង្កត់​សេចក្ដីចំរើន យ៉ាងនេះ​បានទេ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សមជីវិតា។

ម្នាលភិក្ខុទាំងឡាយ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះ​ភាគអង្គ​នោះ។បេ។ ជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង​នូវសច្ចៈ​ទាំង៤ លែង​វិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សទ្ធាសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត​ក្នុង​លោកនេះ ជាអ្នកវៀរ​ចាក​កិរិយា​សម្លាប់សត្វ។បេ។ ជាអ្នកវៀរចាក​ហេតុ​ជាទីតាំង​នៃ​សេចក្តីប្រមាទ គឺការផឹក​នូវទឹក​ស្រវឹង បានខាង​ឯសុរា និងមេរ័យ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សីលសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​ចាគសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ មានចិត្ត​ប្រាសចាកមន្ទិល គឺសេចក្ដី​កំណាញ់ ហើយនៅ​គ្រប់គ្រង​ផ្ទះ។បេ។ ជាអ្នកគួរ​ឲ្យគេសូម​បាន ត្រេកអរ​ក្នុងការ​ឲ្យ និងការចែក​រលែក ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ចាគសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​បញ្ញាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមាន​បញ្ញា។បេ។ ជាដំណើរ​អាចយល់​សេចក្ដី​អស់ទៅ​នៃ​ទុក្ខ​ដោយប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បញ្ញាសម្បទា។ ម្នាលភិក្ខុ​ទាំងឡាយ​នេះ​សម្បទា ទាំង ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែត​បណ្ដោយ​ក្នុង​ការងារ​ទាំងឡាយ តែងចិញ្ចឹម​ជីវិតស្មើ រក្សាទ្រព្យដែល​ខ្លួនរក​បាន​មក មានសទ្ធា បរិបូណ៌​ដោយសីល ឈ្លាស​ក្នុងសំដី លះ​ចោល​សេចក្ដី​កំណាញ់ ជំរះនូវ​ផ្លូវ​សម្រាប់ទៅ​កាន់លោក​ខាងមុខ ឲ្យមាន​សួស្ដី​ជានិច្ច ធម៌ទាំង​ ៨ យ៉ាងនេះ នាំមក​នូវ​សេចក្ដីសុខ ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់​កុលបុត្ត​អ្នកមាន​សទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការ​បរិច្ចាគ និង​បុណ្យ​ដ៏សេសនេះ តែង​ចម្រើន​ដល់ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​លោក​ខាង​មុខផង យ៉ាងនេះ។

ឥច្ឆាសូត្រ ទី៧

(៧. ឥច្ឆាសុត្តំ)

[៨៤] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹង​ពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏មានអាយុ។ ពួកភិក្ខុ​ទាំងនោះ ទទួលថេរវាចា របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ​ថា បពិត្រ​លោក​ដ៏មានអាយុ។ ព្រះសារីបុត្ត​ដ៏មានអាយុ មានថេរវាចា​ដូច្នេះថា ម្នាល​លោក​ដ៏​មាន​អាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មាន​ពាស​ក្នុងលោក។ ៨ ពួក តើ​ដូចម្ដេច​ខ្លះ។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភ​ក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដី​វង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា​ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជា​អ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជា​អ្នកស្ងាត់​កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​តែ​លាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោង​ផង ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោកដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នក​មានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បី​លាភ​ហើយ លាភ​ក៏មិនកើត​ឡើង ភិក្ខុនោះ ក៏មិន​ក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូងយំ កន្ទក់កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភ​នោះទេ ម្នាលលោក​ដ៏មាន​អាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកឥតលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិន​ឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏កើត​ឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះ​តែលាភ​នោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ជាអ្នក​មិនស្រវឹង​ផង មិនងេងងោង​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បី​លាភហើយ លាភក៏មិន​កើតឡើងដែរ ភិក្ខុនោះ មិនក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំ កន្ទក់កន្ទេញ មិនដល់​នូវសេចក្ដី​វង្វេង ព្រោះតែ​ឥត​លាភនោះ​ឡើយ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា​ដើម្បីលាភ តែមិន​ប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះតែ​លាភនោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិន​ងេងងោងផង មិន​ឃ្លាតចាក​ព្រះសទ្ធម្មផង។ ម្នាល​លោកដ៏​មាន​អាយុទាំងឡាយ បុគ្គល​ទាំង៨ ពួកនេះ មាន​ពាស​ក្នុងលោក។

អលំសូត្រ ទី៨

(៨. អលំសុត្តំ)

[៨៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មាន​ថេរវាចា​នឹងពួក​ភិក្ខុថា។បេ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៦ យ៉ាង គួរដល់ខ្លួន (ផង) គួរដល់ពួក ជនដទៃ (ផង)។ ៦ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងធម៌ ជាកុសល​ដោយឆាប់ ១ ជាអ្នក​ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នក​រំពឹងនូវ​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នកយល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ មានសំឡេង​ពីរោះ ប្រកប​ដោយ​វាចា របស់អ្នក​ក្រុង ជាវាចា​ក្បោះក្បាយ មិន​រអាក់អួល អាចបំភ្លឺ​សេចក្ដី​ឲ្យបុគ្គល​ដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក​សព្រហ្មចារី យល់​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់​ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំង ៦យ៉ាងនេះ គួរដល់​ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។

[៨៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៥ យ៉ាង គួរដល់ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។ ៥ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនា​នេះ មិនជាអ្នក​ចុះចិត្ត​ក្នុងកងកុសលធម៌ដោយឆាប់ តែជា​អ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នករំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយប្រតិបត្តិ​ធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ ១។បេ។ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក។បេ។ របស់​សព្រហ្មចារី​ទាំងឡាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៥យ៉ាងនេះ គួរដល់ខ្លួន​ឯង (ផង) គួរដល់ពួកជនដទៃ (ផង)។

[៨៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ១ ជាអ្នករំពឹង​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរតាម​ធម៌ផង ១ តែជាអ្នក​មិនមាន​សំដីពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​សព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៤យ៉ាងនេះ គួរដល់​ខ្លួនឯង តែ​មិនគួរ​ដល់​ជនដទៃឡើយ។

[៨៨] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឯងឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង ១ មិនរំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌​ ហើយមិនប្រតិបត្តិ​ធម៌សមគួរ​តាមធម៌ផង ១ មាន​សំដី​ពីរោះ ១។បេ។ ​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌ទាំង ៤យ៉ាងនេះ គួរដល់​ពួក​ជន​ដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។

[៨៩] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចុះចិត្តក្នុង​កងកុសលធម៌ ដោយឆាប់​ផង ជាអ្នកចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ជាអ្នករំពឹង​សេចក្ដី​កងធម៌ ដែលខ្លួន​ចាំហើយ​ផង ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌ សមគួរតាម​ធម៌ផង ១ ជាអ្នក​មិនមានសំដី​ពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៣ យ៉ាងនេះ គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។

[៩០] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចុះចិត្ត​ក្នុង​កងកុសលធម៌ ដោយ​ឆាប់ផង ជាអ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​មិនរំពឹង​នូវសេចក្ដី​នៃកងធម៌ ដែល​ខ្លួនចាំ​ហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​មិនប្រតិបត្តិធម៌ សមគួរ​តាមធម៌​ផង ១ ជាអ្នកមានសំដី​ពីរោះ ១។បេ។ ជាវាចាបំភ្លឺ​នូវសេចក្ដី​ឲ្យអ្នកដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌ ដោយ​ធម៌ ៣ យ៉ាងនេះ គួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

[៩១] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជនដទៃ​ឡើយ។ ២ យ៉ាង តើដូច​ម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកមិនទាន់ចុះចិត្ត​ក្នុងកុសលធម៌​ដោយឆាប់ផង ជាអ្នកចាំ​កង​ធម៌ ដែលខ្លួន​ស្ដាប់​ហើយផង រំពឹង​សេចក្ដីនៃ​កងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់​ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌​ផង ១ ជាអ្នកមិនមាន​សំដី​ពីរោះ។បេ។ ផង ជាអ្នក​មិន​សំដែង​ធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំងពីរយ៉ាងនេះ គួរដល់ខ្លួនឯង តែ​មិនគួរ​ដល់​ពួក​ជនដទៃ​ឡើយ។

[៩២] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ​យ៉ាង គួរដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ២ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មិនទាន់ចុះចិត្ត​ក្នុងកង​កុសលធម៌ ដោយឆាប់ផង មិនចាំកង​ធម៌​ដែលខ្លួន​ស្ដាប់ហើយផង មិនបាន​រំពឹងសេចក្ដីនៃ​កង​ធម៌ ដែលខ្លួន​ចាំ​ហើយ​ផង យល់​អត្ថ យល់ធម៌ ហើយមិន​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ផង ១ ជាអ្នក​មានសំដីពីរោះ មាន​សំឡេង​ពីរោះ ប្រកប​ដោយ​វាចា​របស់​អ្នកក្រុង ជាវាចាក្បោះក្បាយ មិន​រអាក់រអួល ជាវាចា​បំភ្លឺសេចក្ដី​ឲ្យអ្នក​ដទៃ​ដឹងច្បាស់​ផង ជាអ្នក​ពន្យល់ ណែនាំ ពួកសព្រហ្មចារី ឲ្យ​ជឿជាក់ ក្នុង​កុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌​ទាំងពីរ​យ៉ាង​នេះ គួរដល់ពួក​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

បរិហានសូត្រ ទី៩

(៩. បរិហានសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដីសាប​សូន្យ ដល់​សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុង​តិរច្ឆានកថា ១ សេចក្ដីត្រេកអរ​ក្នុងការដេក ១ សេចក្ដីត្រេកអរ​ក្នុង​ពួក ១ សេចក្ដី​មិនគ្រប់​គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដី​មិនស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​ត្រេកអរ​ក្នុងការ​ជាប់ជំពាក់2) ១ សេចក្ដីត្រេកអរ​ក្នុងធម៌ជា​គ្រឿង​យឺត​យូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សាបសូន្យ ដល់សេក្ខភិក្ខុ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដី​មិនត្រេកអរ​ក្នុងការងារ ១ សេចក្ដី​មិនត្រេកអរ​ក្នុង​តិរច្ឆានកថា ១ សេចក្ដី​មិនត្រេកអរ​ក្នុងការដេក ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងពួកគណៈ ១ សេចក្ដី​គ្រប់គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដីស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងការជាប់​ជំពាក់១ សេចក្ដី​មិនត្រេកអរ​ក្នុង​ធម៌​ជា​គ្រឿង​យឺតយូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។

កុសីតារម្ភវត្ថុសូត្រ ទី១០

(១០. កុសីតារម្ភវត្ថុសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ កុសីតវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ គឺការលៃលក​វាស់កាត់​ចីវរ​ជាដើម ដែលភិក្ខុ​ក្នុង​សាសនានេះ គួរធ្វើ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែល​អាត្មាអញ គួរធ្វើ គង់នឹង​មាន តែបើ​អាត្មាអញ​ធ្វើអំពើ (នោះហើយ) កាយ​ក៏នឹង​លំបាក បើដូច្នោះ អាត្មាអញ​ដេក​សិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផល​ដែលខ្លួន​មិនទាន់​ដល់ ដើម្បីដឹង​នូវគុណ​ដែលខ្លួន​មិនទាន់បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើ (នោះ) រួចហើយ តែកាល​ដែល​អាត្មា​អញ ធ្វើអំពើ​នោះ រាងកាយ​លំបាកហើយ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ ច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​គួរដើរ​ទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ គង់នឹង​មាន តែថា​ កាល​បើ​អាត្មាអញ ដើរទៅ​កាន់ផ្លូវ (នោះហើយ) រាងកាយនឹងលំបាក​ បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹងនូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បានធ្វើឲ្យ​ច្បាស់លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​ដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ផ្លូវ (នោះ) រួចហើយ តែថា កាល​អាត្មាអញ ដើរទៅកាន់​ផ្លូវ រាងកាយ​លំបាកហើយ​ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់​លាស់នូវគុណ ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ​ច្បាស់លាស់​ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​ឡើយ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបានភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​សោះ អាត្មាអញ​នោះ មាន​រាងកាយ​លំបាក​ហើយ មិនគួរ​ដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាង​នេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ហើយបាន​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតដែរ អាត្មាអញនោះ មាន​កាយធ្ងន់ ដូច​សណ្ដែក​រាជមាស​ទទឹក មិនគួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមាន​អាពាធតិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មានអាពាធ​តិចតួច​នេះ​កើតឡើង​ហើយ គួរតែ​ដេកសិន បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មីៗ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយ​ជម្ងឺថ្មី ៗ អាត្មាអញ​នោះ មានរាងកាយ​ថមថយ​កំឡាំង មិនគួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិន​ទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ​កុសីតវត្ថុ ៨យ៉ាង។

[៩៦] ម្នាលភិក្ខុទាំងឡាយ អារព្ភវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល​ភិក្ខុក្នុង​សាសនានេះ​គួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែលអាត្មាអញ​គួរធ្វើ គង់នឹងមាន តែថា កាល​អាត្មាអញធ្វើ អំពើ (នោះហើយ) មិនងាយ​នឹង​ធ្វើ​ពុទ្ធសាសនា ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ​ ​ផ្គងព្យាយាម​មុនសិន ដើម្បី​ឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែល​អាត្មាអញ​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែល​ខ្លួនមិន​ទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើរួចហើយ តែថា កាល​អាត្មាអញ ធ្វើអំពើ (នោះ) មិនអាចនឹង​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ​ ​​ដែលអាត្មា​អញ​មិនទាន់​បានដល់ ដើម្បី​ឲ្យ​ដឹងនូវ​គុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែល​អាត្មាអញ មិនទាន់​បានធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុគួរដើរទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ​ គង់នឹងមាន តែថា អាត្មាអញ​ដើរទៅ​កាន់ផ្លូវ (នោះ) មិនងាយនឹងធ្វើ​ពុទ្ធសាសនា​ឲ្យតាំង​នៅក្នុងចិត្ត​បានឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​អារព្ភវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះយ៉ាង​នេះថា​ អាត្មាអញ បានដើរ​ទៅ​កាន់ផ្លូវ​ហើយ តែថា កាលណា​អាត្មាអញ ដើរទៅ​កាន់ផ្លូវ មិនអាច​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្តបាន​ឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតទេ​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​ឡើយ អាត្មាអញនោះ មាន​រាងកាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា កាលអាត្មាអញ ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតហើយ អាត្មាអញ​នោះ មានរាង​កាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានអាពាធ​តិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះយ៉ាងនេះថា អាត្មាអញ កើត​អាពាធតិចតួច​នេះហើយ អាពាធ​ចំរើន ដល់​អាត្មាអញ ដោយហេតុ​ណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជា​ធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុនសិន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ អាពាធ​របស់​អាត្មាអញ រើឡើងវិញ ដោយ​ហេតុណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជាធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុន ដើម្បីឲ្យដល់​នូវគុណ​ដែលអាត្មា​អញមិន​ទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់សិន ភិក្ខុនោះ ក៏ផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណដែល​ខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​អារព្ភវត្ថុ ទាំង ៨ យ៉ាង។

ចប់ យមកវគ្គ ទី៣។

ឧទ្ទានក្នុងយមកវគ្គនោះគឺ

និយាយពីភិក្ខុបរិបូរ​ដោយ​អង្គ ពីរលើក សម្បទា ១ ភិក្ខុចំរើន​មរណស្សតិ ដទៃ​ទៀត ១ សេចក្ដីប្រាថ្នាលាភ ១ គួរដល់​ខ្លួន និងអ្នកដទៃ ១ សេចក្ដី​សាបសូន្យ របស់​សេក្ខភិក្ខុ ១ កុសីតវត្ថុ ១ អារព្ភវត្ថុ ១។

 

លេខយោង

1)
អន្តរាយ មាន ៣ យ៉ាងគឺ ជីវិតន្តរាយ ១ សមណធម្មន្តរាយ ១ សគ្គមគ្គន្តរាយ ១។ អដ្ឋកថា។
2)
ធម៌​សម្រាប់ជាប់​ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឮ​សំឡេង ១ ទស្សនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឃើញ​រូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់​ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់​ដោយ​ការប្រើ​របស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់​ដោយ​កាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់​រថវនីតសូត្រ។
km/tipitaka/sut/an/08/sut.an.08.v08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann