km:tipitaka:sut:an:09:sut.an.09.001

សម្ពោធិសូត្រ ទី១

សង្ខេប

ហេតុ​៥យ៉ាង និង​ចម្រើន​ដល់​ធម៌ ដើម្បី​ការ​ត្រាស់​ដឹង។

an 09.001 បាលី cs-km: sut.an.09.001 អដ្ឋកថា: sut.an.09.001_att PTS: ?

សម្ពោធិសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. សម្ពោធិសុត្តំ)

[១] ខ្ញុំបានសា្តប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយសួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ពួកភិក្ខុបានស្តាប់ចំពោះព្រះដ៏មានព្រះភាគហើយ ក៏នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរចាំស្តាប់ ចូរធើ្វទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយសួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើននូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងធម៌ទាំងឡាយជាកុសល។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបព្ចាកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៥។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងកើតប្រាកដ ដល់ភិក្ខុ អ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះ ហើយគប្បីចំរើននូវធម៌ ៤ យ៉ាងតទៅទៀត គឺ ចំរើនអសុភ ដើម្បីលះរាគៈ ចំរើនមេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្កៈ ចំរើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវព្រះនិព្វាន ជាគ្រឿងដកចោលនូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.001.txt · ពេលកែចុងក្រោយ: 2023/09/01 13:44 និពន្ឋដោយ Johann