km:tipitaka:sut:an:09:sut.an.09.002

និស្សយសូត្រ ទី២

សង្ខេប

«អ្នក​បរិបូណ៌​ដោយ​និស្ស័យ អ្នក​បរិបូណ៌​ដោយ​និស្ស័យ…» តើ​ភិក្ខុ អាស្រ័យ​នឹង​ធម៌​ដូ​ម្តេច ដើម្បី​បាន​នូវ​ទីពឹង ពិត​ប្រាកដ?

an 09.002 បាលី cs-km: sut.an.09.002 អដ្ឋកថា: sut.an.09.002_att PTS: ?

និស្សយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. និស្សយសុត្តំ)

[២] គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុ អ្នកបរិបូណ៌ដោយនិស្ស័យ (ទីពឹង) អ្នកបរិបូណ៌ដោយនិស្ស័យ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ បើភិក្ខុ អាស្រ័យសទ្ធាហើយ លះបង់នូវអកុសល ចំរើននូវកុសលបាន អកុសលនោះ ឈ្មោះថា ភិក្ខុនោះបានលះបង់ហើយ។ បើភិក្ខុអាស្រ័យហិរិ បើភិក្ខុអាស្រ័យឱត្តប្បៈ បើភិក្ខុអាស្រ័យ វីរិយៈ បើភិក្ខុអាស្រ័យបញ្ញា ហើយលះបង់នូវអកុសល ចំរើននូវកុសលបាន អកុសលនោះ ឈ្មោះថាភិក្ខុនោះ បានលះបង់ហើយ ព្រោះថា អកុសលដែលភិក្ខុណាឃើញដោយបញ្ញាដ៏ប្រសើរ ហើយលះ អកុសលនោះ ឈ្មោះថាភិក្ខុនោះលះហើយ លះស្រឡះហើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះហើយ ត្រូវប្រកបដោយឧបនិស្ស័យ ៤ យ៉ាង។ ឧបនិស្ស័យ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវវត្ថុដែលគួរសេព ១ ពិចារណាហើយ ទើបអត់សង្កត់នូវវត្ថុដែលគួរអត់សង្កត់ ១ ពិចារណាហើយ ទើបវៀរនូវវត្ថុដែលគួរវៀរ ១ ពិចារណាហើយ ទើបបន្ទោបង់ចោលនូវវត្ថុដែលគួរបន្ទោបង់ចោល ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយនិស្ស័យ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.002.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann