រឿងនៃព្រះមេឃិយៈ មិនទាន់បានចេត្តោវិមុត្តិ ជាឧបដ្ឋាករបស់ព្រះបរមសាស្តា កាលគង់លើភ្នំចាលិកា។ តើធ្វើដូចម្តេចដើម្បីទទួលបានចេត្តោវិមុត្តិ?
an 09.003 បាលី cs-km: sut.an.09.003 អដ្ឋកថា: sut.an.09.003_att PTS: ?
មេឃិយសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. មេឃិយសុត្តំ)
[៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំចាលិកា ទៀបក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នានឹងចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត។ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ មេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ក៏ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា។ ព្រះមេឃិយៈដ៏មានអាយុ កំពុងចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរសឹ្ទងកិមិកាឡា បានឃីញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ លោកក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្ត អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុចូល ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត រួចក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំពុងដើរចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរ ឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្រ អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងសេចក្តីព្យាយាម។ កាលបើព្រះមេឃិយៈដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏អាយុដូច្នេះថា ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគត តែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ២ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កិច្ចដែលត្រូវធើ្វតទៅទៀតបន្តិចបន្តួច របស់ព្រះដ៏មានព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ច ដែលធើ្វហើយ ប្រសិនបើ ព្រះ ដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគតតែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចតទៅទៀតបន្តិចបន្តួច របស់ព្រះមានដ៏ព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមាន បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ចដែលធើ្វហើយ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ តថាគតគប្បីនិយាយដូចម្តេចនឹងអ្នក ដែលចេះតែនិយាយថា ការតាំងព្យាយាមដូច្នេះ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាល ដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង ព្រះមេឃិយៈដ៏មានអាយុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រៃស្វាយនោះ លុះទៅដល់ហើយ ក៏ចូលទៅកាន់ព្រៃស្វាយនោះ អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើ ១ ដើម។ លំដាប់នោះ កាលព្រះមេឃិយៈដ៏មានអាយុ នៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាង គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ក៏ពុះពោរឡើងរឿយ ៗ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ហ្ន៎ បុគ្គលទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធា ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុទីឯណោះ កាលខ្ញុំព្រះអង្គនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ ប្រការ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តែងពុះពោរឡើងរឿយ ៗ បពិត្រព្រះដ៏អង្គចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ កុលបុត្តទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធាហើយ ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ ម្នាលមេឃិយៈ ធម៌ទាំងឡាយ ៥ យ៉ាង តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ធម៌ ៥ យ៉ាង តើដូចម្លេចខ្លះ។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី ២ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាដ៏ផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៤ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលកំណត់នូវការកើតឡើង និងវិនាសទៅ ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៥ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាដ៏ផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា។បេ។ វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ ហេតុនេះ រមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម។បេ។ ជាអ្នកមិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានបញ្ញា។បេ។ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើននូវធម៌ ៤ យ៉ាងតទៅ គឺចំរើនអសុភ ដើម្បីលះរាគៈ ចំរើនមេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់បង់នូវវិតក្កៈ ចំរើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានៈ។ ម្នាលមេឃិយៈ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដ ដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនទៀង ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់ព្រះនិព្វាន ជាគ្រឿងដកចោលនូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។