km:tipitaka:sut:an:09:sut.an.09.004

នន្ទកសូត្រ ទី៤

សង្ខេប

ព្រះនន្ទកៈ​ដ៏​មាន​អាយុ បាន​ព្រះ​សាស្តា សរ​សើរ ដោយ​សារ​លោក​បាន ជួប​គ្នា​ស្តាប់​ធម៌ និង​សម្តែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ។ តើ​អ្នក​ប្រតិបត្តិ គួរ​ធ្វើ​ដូ​ម្តេច​ទើប​ហៅសម​គួរ នៅ​ពេល​ជួប​គ្នា? (អរិយតុណ្ហីភាព៖ ភាពស្ងៀមស្ងាត់ដ៏ថ្លៃថ្នូរ មានន័យថា ឈាន ទី៣។)

an 09.004 បាលី cs-km: sut.an.09.004 អដ្ឋកថា: sut.an.09.004_att PTS: ?

នន្ទកសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. នន្ទកសុត្តំ)

[៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះនន្ទកៈដ៏មានអាយុ បានញុំាងភិក្ខុទាំងឡាយ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា។ គ្រានោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឧបដ្ឋានសាលា លុះស្តេចចូលទៅដល់ហើយ ក៏ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅ រង់ចាំចប់កថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ចប់កថាហើយ ក៏គ្រហែម ហើយគោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារថ្វាយព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្តេចចូលទៅក្នុងឧបដ្ឋានសាលាហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់ត្រាស់នឹងព្រះនន្ទកៈដ៏មានអាយុថា នែនន្ទកៈ ធម្មបរិយាយរបស់អ្នកនេះ វែងពេកណាស់ ប្រាកដដល់ភិក្ខុទាំងឡាយហើយ ប៉ុនអម្បាលតថាគត ឈរទៀបក្លោងទ្វារខាងក្រៅ រង់ចាំទំរាំតែចប់កថា ទាល់តែរោយខ្នង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះនន្ទកៈដ៏មានអាយុ ក៏អៀនអន់ ខ្លាច បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនដឹងជាព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅទេ បពិត្រព្រះអង្គដ៏ចំរើន បើប្រសិនជាខ្ញុំព្រះអង្គដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សណ្ឋិតនៅទៀបក្លោងទ្វារខាងក្រៅដូច្នេះ ខ្ញុំព្រះអង្គ ក៏មិនគប្បីសំដែងនូវពាក្យមានប្រមាណប៉ុណ្ណេះទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវព្រះនន្ទកៈដ៏មានអាយុ ជាអ្នកមានសភាពអៀនអន់ ហើយទ្រង់ត្រាស់នឹងព្រះនន្ទកៈដ៏មានអាយុ ដូច្នេះថា ម្នាលនន្ទកៈ ប្រពៃហើយ ៗ ម្នាលនន្ទកៈ អ្នកទាំងឡាយ គប្បីអង្គុយប្រជុំគ្នា ដោយធម្មីកថាណា ការអង្គុយប្រជុំគ្នា ដោយធម្មីកថានុ៎ះ សមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធាហើយ ម្នាលនន្ទកៈ អ្នកទាំងឡាយ ដែលប្រជុំគ្នាហើយ គប្បីធើ្វកិច្ចពីរយ៉ាងគឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធា តែគ្មានសីល កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះទេ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិនដូច្នេះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាជាអ្នកពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុមានសទ្ធាផង មានសីលផង តែមិនបាននូវចេតោសមាធិខាងក្នុងសន្តាន កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះទេ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង មិនដូច្នេះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាជាអ្នកពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ។ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើង ១ របស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថា មិនពេញដោយអង្គនោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ជាអ្នកពេញដោយអង្គនោះ។ ព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ លុះ ព្រះសុគត ទ្រង់ពោលពាក្យនេះហើយ ក៏ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ។ គ្រានោះ ព្រះនន្ទកៈដ៏មានអាយុ កាលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ គ្រប់ទាំងអស់ ដោយបទទាំងឡាយ ៤ ហើយទ្រង់ស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ ត្រាស់ថា ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធា តែគ្មានសីល កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវតែបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិនដូច្នោះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនបាននូវចេតោសមាធិ ខាងក្នុងសន្តាន។បេ។ បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើងមួយរបស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថាមិនពេញដោយអង្គនោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាពេញដោយអង្គនោះ។ ម្នាលអាវុសោទាំងឡាយ អានិសង្សក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការសាកច្ឆាធម៌ តាមកាលគួរនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ ភិក្ខុនោះ ជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់គ្រូនោះ ៗ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌ តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ ជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជន ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ រមែងឃើញច្បាស់នូវអត្ថ និងបទដ៏ជ្រាលជ្រៅ ក្នុងធម៌នោះ ដែលខ្លួនចាក់ធ្លុះដោយបញ្ញា ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៣ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសរសើរនូវភិក្ខុនោះតទៅ ដោយប្រការដូច្នោះ ៗ ថា ភិក្ខុដ៏មានអាយុនេះ ដល់ហើយ ឬនឹងដល់ (នូវព្រះអរហត្តមិនខាន)។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ បណា្តភិក្ខុទាំងនោះ ពួកភិក្ខុណា ជាសេក្ខៈ មានសេចក្តីប្រាថ្នាក្នុងចិត្ត គឺអរហត្តមិនទាន់សម្រេច ប្រាថ្នានូវធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ពួកភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ ក៏រមែងប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលខ្លួនមិនទាន់ធើ្វឲ្យជាក់ច្បាស់ មួយទៀត បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ជាអរហន្តខីណាស្រព ប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ មានសោឡសកិច្ចធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនដោយលំដាប់ហើយ មានធម៌ជាគ្រឿងប្រកបសត្វ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ រមែងប្រកបរឿយ ៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុច្បន្ន។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ៥ ប្រការ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.004.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann