បរិព្វាជកឈ្មោះ សតវន្តុ បានរៀនចេះចាំធម៌របស់ព្រះអរហន្ត អំពីព្រះពុទ្ធ។ ៩ ប្រការដែលព្រះអរហន្តមិនធ្វើទៀតទេ។
an 09.007 បាលី cs-km: sut.an.09.007 អដ្ឋកថា: sut.an.09.007_att PTS: ?
សុតវាសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៧. សុតវាសុត្តំ)
[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជក ឈ្មោះសុតវន្តុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុតវន្តុបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ (ព័ទ្ធជុំវិញ) ដូចជាក្រោលនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលយកចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសុតវន្តុ ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៥ យ៉ាង គឺ ភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដែលហៅថាលួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធើ្វទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគនុ៎ះ មែនឬ។ អើពាក្យនុ៎ះ អ្នកស្តាប់ល្អហើយ រៀនល្អហើយ ធើ្វទុកក្នុងចិត្តល្អហើយ ចាំល្អហើយ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថាលួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធើ្វនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងឆន្ទាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងទោសាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងមោហាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងភយាគតិ ១ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព ដែលមានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុទាំង ៩ យ៉ាងនេះ។