km:tipitaka:sut:an:09:sut.an.09.008

សជ្ឈសូត្រ ទី៨

សង្ខេប

បរិព្វាជក​ឈ្មោះ សជ្ឈៈ បាន​រៀន​ចេះ​ចាំ​ធម៌​របស់​ព្រះអរហន្ត អំពី​ព្រះពុទ្ធ។ ៥ និង ៤ យ៉ាង​ទៀត ដែល​ព្រះ​អរហន្ត​មិន​ធ្វើ។

an 09.008 បាលី cs-km: sut.an.09.008 អដ្ឋកថា: sut.an.09.008_att PTS: ?

សជ្ឈសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. សជ្ឈសុត្តំ)

[៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជកឈ្មោះសជ្ឈៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសជ្ឈៈបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ (ព័ទ្ធជុំវិញ) ដូចជាក្រោលនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ចំពោះព្រះភក្រ្ត បានទទួលយកចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសជ្ឈៈ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៥ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រពមិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពនូវមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលនូវពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកានុ៎ះ របស់ព្រះដ៏មានព្រះភាគមែនឬ។ ម្នាលសជ្ឈៈ អើ ពាក្យនុ៎ះ អ្នកបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ បានចាំទុកល្អហើយ។ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព ជាអ្នកមានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១។បេ។ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះពុទ្ធ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះធម៌ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះសង្ឃ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់សិក្ខា ១ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាងនេះ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann