km:tipitaka:sut:an:09:sut.an.09.011

សីហនាទសូត្រ ទី១

សង្ខេប

រឿង​ព្រះ​សារីបុត្ត បន្លឺ​សីហនាទ ចំពោះ​ព្រះ​សាស្តា​ដើម្បីទ​ម្លាយ ពាក្យ​មួល​បង្កាច់ របស់​ភិក្ខុ​ម្នាក់។ គុណ​ភាព​តម្រូវ​ឱ្យ​ចាក​ចេញ​តែ​ម្នាក់​ឯង។

an 09.011 បាលី cs-km: sut.an.09.011 អដ្ឋកថា: sut.an.09.011_att PTS: ?

សីហនាទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. សីហនាទសុត្តំ)

[១១] សម័យមួយ ព្រះដ៏មានព្រះគភាគ ទ្រង់គង់នៅក្នុងវត្តជេនពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការនៅចាំវស្សាក្នុងក្រុងសាវត្ថី ខ្ញុំព្រះអង្គនៅរួចហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីទៅកាន់ចារិកក្នុងជនបទ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុនោះ ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះសារីបុត្តដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ភិក្ខុ ១ រូប បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះ1) ខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមកអាយ ចូរទៅហៅសារីបុត្ត តាមពាក្យតថាគតថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា ករុណា អាវុសោ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ កាន់យកនូវកូនសោ ដើរចូលទៅកាន់វិហារ ហើយនិយាយថា លោកដ៏មានអាយុទាំងឡាយ ចូរទៅឆាប់ លោកដ៏មានអាយុ ទាំងឡាយ ចូរទៅឆាប់ ដ្បិតព្រះសារីបុត្តដ៏មានអាយុ នឹងបន្លឺនូវសីហនាទ ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ក្នុងកាលឥឡូវនេះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានសព្រហ្មចារី ១ រូប អាក់អន់ចិត្តនឹងអ្នកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណាមិនបានតាំងទុកក្នុងកាយហើយ បុគ្គលនោះប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយក្នុងកាយដោយពិត បុគ្គលនោះប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ ហើយមិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិនស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កញ្ជើ ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុក ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន គោឧសភបាក់ស្នែង ជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ រមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន បុរសរក្សាភាជនៈ សម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំ ហូរចេញចូល ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ភិក្ខុនោះ ក្រោកចាកអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគដោយក្បាល ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងហើយ នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស យ៉ាងណា ខ្ញុំព្រះអង្គណា និយាយបង្កាច់ព្រះសារីបុត្តដ៏មានអាយុ ដោយពាក្យមិនមែន ជាពាក្យទទេ ជាពាក្យកុហក មិនពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អត់ទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។ ម្នាលភិក្ខុ អើទោសកំហុស ដែលប្រព្រឹត្តកន្លងនូវអ្នក ព្រោះជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកពោលបង្កាច់សារីបុត្ត ដោយពាក្យមិនមែន ជាពាក្យទទេ កុហក មិនពិត ម្នាលភិក្ខុ កាលណាបើអ្នកឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លងហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ តថាគត ក៏អត់ទោសអ្នក បើបុគ្គលណា ឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លង ហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ ដល់នូវការសង្រួមតទៅ ម្នាលភិក្ខុ នេះជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត លោកចូរអត់ទោសដល់មោឃបុរសនេះចុះ ដ្បិតមោឃបុរសនេះ នឹងបែកក្បាលជា ៧ ភាគ ក្នុងទីនោះឯង។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ទោសដល់លោកដ៏មានអាយុនោះ បើលោកដ៏មានអាយុនោះ និយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះ សូមលោកដ៏មានអាយុនោះ អត់ទោសដល់ខ្ញុំព្រះអង្គវិញ។

 

លេខយោង

1)
មានដំណាលថា កាលព្រះសារីបុត្តថ្វាយបង្គំលាព្រះទសពលញ្ញាណ ហើយថយចេញពីទីនោះទៅ ជាយចីវរលោក ក៏បក់ទៅប៉ះសរីរៈភិក្ខុនោះបន្តិច ព្រោះហេតុនោះ បានជាភិក្ខុនោះចងគំនុំ លុះឃើញព្រះសារីបុត្ត ភិក្ខុបរិវារចោមរោមច្រើន ក៏យកសេចក្តីនេះ ក្រាបបង្គំទូលព្រះ ដើម្បីធ្វើឲ្យអាក់ខានដំណើរនោះ ដោយសេចក្តីក្រោធ។ អដ្ឋកថា។
km/tipitaka/sut/an/09/sut.an.09.011.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann