km:tipitaka:sut:an:09:sut.an.09.012

សឧបាទិសេសសូត្រ ទី២

សង្ខេប

ព្រះពុទ្ធ​ពន្យល់​អំពី បុគ្គល​៩​ពួក​ដែល​មិន​ទាន់​បាន​ត្រាស់​ដឹង នៅ​តែ​មិន​ធ្លាក់​ទៅ​កាន់​ទី​ទាប ដល់​ព្រះ​សារីបុត្ត។

an 09.012 បាលី cs-km: sut.an.09.012 អដ្ឋកថា: sut.an.09.012_att PTS: ?

សឧបាទិសេសសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. សឧបាទិសេសសុត្តំ)

[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរអាត្មាអញ ឈៀងចូលទៅឯអារាមពួកអន្យតិរ្ថិយបរិព្វាជកសិន។ ទើបព្រះសារីបុត្តដ៏មានអាយុ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយ បរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកពួកអន្យតិរ្ថិយបរិព្វាជក លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតដល់ពួកអន្យតិរ្ថិយបរិព្វាជក ដែលកំពុងអង្គុយប្រជុំគ្នាទាំងនោះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណានីមួយ ជាសឧបាទិសេស ធ្វើមរណកាលទៅ បុគ្គលទាំងអស់នោះ មិនដែលផុតអំពីនរក មិនផុតអំពីកំណើតតិរច្ឆាន មិនផុតអំពីបិត្តិវិស័យ មិនផុតអំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ មិនត្រេកអរ មិនជំទាស់នឹងភាសិត របស់អន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះមិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់ចាកបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ដើម្បីចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា ការចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរតែអាត្មាអញ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជកសិន។ បពិត្រព្រះអង្គដ៏ចំរើន ទើបខ្ញុំព្រះអង្គ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយទៅរកអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតឡើងដល់ពួកអន្យតិរ្ថិយបរិព្វាជក ដែលកំពុងអង្គុយប្រជុំគ្នាថា ម្នាលអាវុសោទាំងឡាយ បុគ្គលណានីមួយ ជាសឧបាទិសេស ធ្វើមរណកាលទៅ បុគ្គលទាំងអស់នោះ មិនដែលផុតអំពីនរក មិនផុតអំពីកំណើតតិរច្ឆាន មិនផុតអំពីបិត្តិវិស័យ មិនផុតអំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់នឹងភាសិត របស់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយបរិព្វាជកនីមួយ ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពួកណាខ្លះ នឹងដឹងនូវសឧបាទិសេសបុគ្គល ថាជាសឧបាទិសេសបុគ្គលក្តី នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត បុគ្គលជាសឧបាទិសេសនេះ មាន ៩ ពួក កាលធ្វើមរណកាលទៅ តែងផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាត។ បុគ្គល ៩ ពួក ដូចម្តេចខ្លះ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាអន្តរាបរិនិព្វាយី ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី១ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៥ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សំយោជនៈ ៣ ព្រោះមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់មនុស្សលោកនេះម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៦ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាឯកពីជី ព្រោះអស់សំយោជនៈ ៣ ត្រូវកើតក្នុងមនុស្សភព ម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៧ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាកោលំកោលៈ ព្រោះអស់សំយោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ត្រកូលពីរ ឬបីទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៨ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសត្តក្ខត្តុំបរមៈ ព្រោះអស់សំយោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ទេវលោក និងមនុស្សលោក ៧ ដងទៀតដោយច្រើន ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៩ កាលធ្វើមរណទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយបរិព្វាជកនីមួយ ជាមនុស្សល្ងង់ មិនឈ្លាស ពួកណាខ្លះ នឹងដឹងនូវសឧបាទិសេសបុគ្គល ថាជាសឧបាទិសេសបុគ្គលក្តី នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត សឧបាទិសេសបុគ្គល ទាំង៩ ពួកនេះឯង កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ធម្មបរិយាយនេះ មិនទាន់ភ្លឺច្បាស់ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកានៅឡើយទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ធម្មបរិយាយណា ដែលតថាគតសំដែងហើយ ដោយបញ្ហាធិប្បាយ ពួកជនបានស្តាប់ធម្មបរិយាយនោះហើយ ចូរកុំដល់នូវសេចក្តីប្រមាទ ឡើយ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.012.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann