km:tipitaka:sut:an:09:sut.an.09.014

សមិទ្ធិសូត្រ ទី៤

សង្ខេប

ព្រះ​សមិទ្ធិ ឆ្លើយ​នូវ​ប្រស្នា អំពី​ការ​ត្រិះរិះ​ធម៌ របស់​សេក្ខ​បុគ្គល នឹង​ព្រះ​សារីបុត្ត បាន​ដោយ​ត្រឹម​ត្រូវ។

an 09.014 បាលី cs-km: sut.an.09.014 អដ្ឋកថា: sut.an.09.014_att PTS: ?

សមិទ្ធិសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. សមិទ្ធិសុត្តំ)

[១៤] គ្រានោះ ព្រះសមិទ្ធិដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ សួរដូច្នេះថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈរបស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង ព្រះសមិទ្ធិឆ្លើយតបថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាដែនកើត។ បពិត្រលោកម្ចាស់ដ៏ចំរើន មានផស្សៈ ជាដែនកើត។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាទីប្រជុំចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាប្រធាន។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសមាធិ ជាប្រធាន។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាអធិបតី។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសតិ ជាអធិបតី។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់ខ្ពង់ខ្ពស់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាខ្លឹម។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំងនៅស៊ប់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានអមតៈ ជាទីតាំងនៅស៊ប់។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈ របស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។ កាលដែលខ្ញុំសួរថា ម្នាលសមិទិ្ធ ធម៌ទាំងនោះ មានអ្វី ជាដែនកើត លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានផស្សៈ ជាដែនកើត។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីប្រជុំចុះ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាប្រធាន លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានសមាធិ ជាប្រធាន។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាអធិបតី លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានសតិ ជាអធិបតី។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់ខ្ពង់ខ្ពស់ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាខ្លឹម លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំងនៅស៊ប់ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានអមតៈ ជាទីតាំងនៅស៊ប់។ ម្នាលសមិទិ្ធ ប្រពៃណាស់ ម្នាលសមិទ្ធិ អ្នកវិសជ្ជនាប្រស្នា ដែលខ្ញុំសួរហើយ ត្រូវណាស់ មួយទៀត អ្នកកុំបានចិត្តព្រោះការវិសជ្ជនាប្រស្នានោះឡើយ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.014.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann