km:tipitaka:sut:an:09:sut.an.09.015

គណ្ឌសូត្រ ទី៥

សង្ខេប

តើ​អ្វី​ដែល​ហៅ​ថា​បូស នៅ​ក្នុង​កាយ ជា​និច្ច? ភិក្ខុ​ចូរ​មើល​ឃើញ ចូរ​នឿយ​ណាយ។

an 09.015 បាលី cs-km: sut.an.09.015 អដ្ឋកថា: sut.an.09.015_att PTS: ?

គណ្ឌសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. គណ្ឌសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ ដូចបូសរាប់ដោយឆ្នាំមិនតែមួយ មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់បូសនោះទេ វត្ថុនីមួយគប្បីហូរចេញ របស់មិនស្អាតក៏គប្បីហូរចេញ ក្លិនអាក្រក់ ក៏គប្បីផ្សាយចេញ របស់គួរខ្ពើមក៏គប្បីហូរចេញ វត្ថុនីមួយក៏គប្បីជ្រាបចេញ របស់មិនស្អាតក៏គប្បីជ្រាបចេញ ក្លិនអាក្រក់ក៏គប្បីផ្សាយចេញ របស់ដែលគួរខ្ពើមក៏គប្បីផ្សាយចេញអំពីមុខដំបៅនោះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូសនេះ ជាឈ្មោះរបស់កាយ ដែលប្រកបដោយមហាភូតរូប ៤ នេះ មានមាតាបិតា ជាដែនកើត ចំរើនដោយបាយ និងនំកុម្មាស មានសេចក្តីមិនទៀង មានកិរិយាប្រោះព្រំ គក់ច្របាច់ បែកធ្លាយ វិនាសខ្ចាត់ខ្ចាយជាធម្មតា មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់កាយនោះទេ វត្ថុមួយតែងហូរចេញ របស់មិនស្អាតក៏ហូរចេញ ក្លិនអាក្រក់ក៏ហូរចេញ របស់គួរខ្ពើមក៏ហូរចេញ វត្ថុនីមួយក៏ជ្រាបចេញ របស់មិនស្អាតក៏ជ្រាបចេញ ក្លិនអាក្រក់ក៏ជ្រាបចេញ របស់គួរខ្ពើម ក៏ជ្រាបចេញ អំពីមុខដំបៅនោះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរនឿយណាយក្នុងកាយនេះ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.015.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann