km:tipitaka:sut:an:09:sut.an.09.020

វេលាមសូត្រ ទី១០

សង្ខេប

បុគ្គល​ទោះ​បាន​ធ្វើ​មហាទាន​ច្រើន​សម្បើម ដូច​ព្រាហ្មវេលាមៈ តែ​មិន​ធ្វើ​ចំពោះ​ទេក្ខិណេយ្យ​បុគ្គល មិន​មាន​អនិសង្ស​ទេ។ ព្រះ​ពុទ្ធ​ត្រាស់​ថា សីល ការ​ចម្រើន​មេត្តា​ចិត្ត​និង​ចម្រើន​អនិច្ច​សញ្ញា សូម្បី​តិច​តួច តែ​មាន​អនិសង្ស​​ច្រើន​ជាង​ការ​ថ្វាយ​ទាន​ទាំង​អស់។

an 09.020 បាលី cs-km: sut.an.09.020 អដ្ឋកថា: sut.an.09.020_att PTS: ?

វេលាមសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(១០. វេលាមសុត្តំ)

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូល អ្នកនៅតែឲ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គនៅតែឲ្យដែរ តែទាននោះឯងសៅហង្ម គឺបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ។ ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ឲ្យទានថ្លៃថ្លាក្តី តែឲ្យទាននោះមិនគោរព ធ្វើសេចក្តីមិនកោតក្រែងហើយឲ្យ មិនឲ្យដោយដៃខ្លួនឯង បោះឲ្យ យល់ថាមិនមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់នូវភត្តដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់យានដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀកស្តាប់ រមែងបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថា វិបាកនៃកម្មទាំងឡាយ ដែលបុគ្គលធ្វើដោយមិនគោរព រមែងមានយ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ថ្លៃថ្លាក្តី តែឲ្យទាននោះដោយគោរព ធ្វើសេចក្តីកោតក្រែងហើយឲ្យ ឲ្យដោយដៃខ្លួនឯង មិនបោះឲ្យ យល់ថាមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏រមែងឱនទៅ ដើម្បីប្រើប្រាស់ភត្តដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់សំពត់ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់យាន ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណាដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ រមែងស្តាប់ ផ្ចង់ត្រចៀកស្តាប់ មិនបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថាវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើដោយគោរព រមែងមានយ៉ាងនេះឯង។ ម្នាលគហបតី កាលពីព្រេងនាយ មានព្រាហ្មណ៍ ឈ្មោះវេលាម លោកបានឲ្យទាន ជាមហាទាន មានសភាពយ៉ាងនេះ គឺបានឲ្យភាជន៍មាស ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យភាជន៍ប្រាក់ ៨៤.០០០ ដែលពេញដោយមាស បានឲ្យភាជន៍សំរិទ្ធិ ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យដំរី ៨៤.០០០ ដែលមានគ្រឿងអលង្ការមាស មានទង់ជ័យមាស ព្រមទាំងបាំងដោយបណ្តាញមាស បានឲ្យរថ ៨៤.០០០ ដែលពាសដោយស្បែកសីហៈ ដែលពាសដោយស្បែកខ្លាធំ ពាសដោយស្បែកខ្លាដំបង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់ជ័យមាស បិទបាំងដោយបណ្តាញមាស បានឲ្យមេគោ ៨៤.០០០ សម្រាប់រូតបង្ហូរ (ទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បានឲ្យនាងកញ្ញា ៨៤.០០០ ដែលពាក់កែវមណី និងកណ្ឌល បានឲ្យបល្ល័ង្ក ៨៤.០០០ ដែលក្រាលដោយព្រំ ក្រាលដោយកម្រាលរោម មានពណ៌ស ក្រាលដោយកម្រាលរោមមានផ្កាជាចង្កោម ក្រាលដោយកម្រាលដ៏ប្រសើរ ធ្វើពីរោមម្រឹគ ឈ្មស់ មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតាន មានពណ៌ក្រហម បានឲ្យកោដិ1) នៃសំពត់ ៨៤.០០០ គឺសំពត់ថ្មីមានសាច់ល្អិត សំពត់សូត្រមានសាច់ល្អិត សំពត់អម្បោះមានសាច់ល្អិត បាច់និយាយថ្មី ដល់បាយ ទឹក បង្អែម ភោជន គ្រឿងលាប ទីដេក ដូចជាស្ទឹង តែងហូរទៅ ម្នាលគហបតី អ្នកប្រហែលជាមានសេចក្តីសំគាល់នូវវេលាមព្រាហ្មណ៍នុ៎ះយ៉ាងនេះថា ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ជាបុគ្គលដទៃដោយពិត (ក្រៅពីតថាគត) លោកបានឲ្យទាននោះ ជាមហាទាន។ ម្នាលគហបតី ហេតុនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ក៏គឺតថាគត ទានដែលតថាគតបានឲ្យនោះ ជាមហាទាន។ ម្នាលគហបតី មិនមានទក្ខិណេយ្យបុគ្គលណាមួយ ក្នុងទាននោះទេ មិនមានបុគ្គលណាមួយ សំអាតទក្ខិណាទាននោះទេ។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានណា ដែលឈ្មោះថាមហាទាន និងបុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១ រូប (សោតាបន្នបុគ្គល) ឲ្យបរិភោគ ទាននេះ ជាទានមានផលច្រើនជាងមហាទាន បុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ។បេ។ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បើបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឲ្យបរិភោគ បុគ្គលណា ញុំាងសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ បុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ ការចំរើនមេត្តាចិត្តនេះ របស់បុគ្គលទាំងនោះ មានផលច្រើនជាងទាននោះទៅទៀត។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានជាមហាទានណា និងបុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះអរហន្ត ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះអរហន្ត ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងពួកព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ឲ្យបរិភោគ បុគ្គលណា ញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកអំពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ និងបុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវអនិច្ចសញ្ញា សូម្បីអស់កាលគ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើនជាងទាននោះទៅទៀត។

ចប់ សីហនាទវគ្គ ទី២។

ឧទ្ទានក្នុងសីហនាទវគ្គនោះគឺ

និយាយអំពីការចាំរក្សាឧបោសថ ១ សឧបាទិសេស និងអនុបាទិសេស ១ ព្រះកោដ្ឋិតៈភិក្ខុ ១ ព្រះសមិទ្ធិភិក្ខុ ១ កាយ ដូចជាបូស ១ សញ្ញា ១ ត្រកូល ១ មេត្តា ១ ទេវតា ១ វេលាមព្រាហ្មណ៍ ១។

 

លេខយោង

1)
កោដិក្នុងទីនេះ សំដៅយក សំពត់សាកដ ១០ ហៅថាមួយកោដិ។ អដ្ឋកថា។
km/tipitaka/sut/an/09/sut.an.09.020.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann