km:tipitaka:sut:an:09:sut.an.09.027

បឋមវេរសូត្រ ទី៧

សង្ខេប

ព្រះពុទ្ធ បាន​ពន្យល់ ការ​ព្យា​ករណ៍​សោតា​ធម៌ ដល់​អនាថបណ្ឌិក​សេដ្ឋី។ «អាត្មា​អញ មាន​នរក​អស់​ហើយ មាន​តិរច្ឆាន​កំណើត​អស់​ហើយ មាន​បិត្តិវិស័យ​អស់​ហើយ មាន​អបាយ ទុគ្គតិ វិនិបាត​អស់​ហើយ អាត្មា​អញ ជា​អ្នក​ដល់​នូវ​សោតៈ មាន​សភាព​មិន​បាន​ធ្លាក់​ចុះ ជា​បុគ្គល​ទៀង មាន​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅ​ខាង​មុខ។»

an 09.027 បាលី cs-km: sut.an.09.027 អដ្ឋកថា: sut.an.09.027_att PTS: ?

បឋមវេរសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. បឋមវេរសុត្តំ)

[២៧] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ និងប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងហើយ អរិយសាវកនោះ កាលប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ វិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ភ័យ និងពៀរ ៥ ដែលអរិយសាវកបានរម្ងាប់ហើយ តើដូចម្ដេច។ ម្នាលគហបតី បុគ្គលជាអ្នកសម្លាប់សត្វ រមែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វជាបច្ច័យ បុគ្គលជាអ្នកវៀរចាកបាណាតិបាត រមែងមិនបាននូវភ័យ និងពៀរដែលប្រពឹត្តទៅ ក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកបាណាតិបាតហើយ ទើបភ័យ និងពៀរនោះ ស្ងប់រម្ងាប់ទៅបានយ៉ាងនេះ។ ម្នាលគហបតី បុគ្គលជាអ្នកកាន់យកនូវរបស់ដែលគេមិនបានឲ្យ។បេ។ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ តែងបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទជាបច្ច័យ បុគ្គលជាអ្នកវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ រមែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ ទើបភ័យ និងពៀរនោះស្ងប់រម្ងាប់ទៅបាន យ៉ាងនេះឯង។ ភ័យ និងពៀរ ដែលអរិយសាវកបានរម្ងាប់ ហើយ មាន ៥ យ៉ាងនេះឯង។ អរិយសាវក ប្រកបដោយអង្គនៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកសេចក្ដីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយល្អ ជាធម៌ដែលបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ អរិយសាវកនោះ ប្រកបដោយសីល ជាទីត្រេកអររបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីលជានា ដែលពួកអ្នកប្រាជ្ញសរសើរហើយ ជាសីលមិនបបោសអង្អែលដោយតណ្ហា ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ។ អរិយសាវក ជាអ្នកប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងនេះឯង។ ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ នេះ ទាំងប្រកបដោយអង្គនៃសោតាបត្តិទាំង ៤ យ៉ាងនេះហើយ អរិយសាវកនោះ កាលបើប្រាថ្នា គប្បីព្យាករខ្លួន ដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ និងវិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ ជាអ្នកមានសភាព មិនបានធ្លាក់ចុះ ជាអ្នកទៀង មានសេចក្តីត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.027.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann