km:tipitaka:sut:an:09:sut.an.09.033

អនុបុព្វវិហារសមាបត្តិសូត្រ ទី២

សង្ខេប

ព្រះ​បរមសាស្តា ទ្រង់​អនុញ្ញាត ​ឲ្យ​ប្រកាស​ប្រាប់​នូវ​ឈាន​តាម​លំដាប់​ជា​ទី​នៅ​អាស្រ័យ​របស់​ព្រះ​អរហន្ត ដល់​ភិក្ខុ​ទាំង​ឡាយ។ ភិក្ខុ​ណា​ដឹង​ខ្លួន នៅ​មាន​កិលេ​សសំ​គាល់​ហើយ​នូវ​ធម៌​រលត់​ទុក្ខ ដែល​ព្រះអរហន្ត​ទាំង​ឡាយ បាន​បើក​បង្ហាញ​ប្រាប់ ភិក្ខុ​នោះ​ចូរ​អនុមោទនា ថ្វាយ​បង្គំ សំពះ ហើយ​ចូល​ទៅ​អង្គុយ​ជិត​ចុះ។

an 09.033 បាលី cs-km: sut.an.09.033 អដ្ឋកថា: sut.an.09.033_att PTS: ?

អនុបុព្វវិហារសមាបត្តិសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. អនុបុព្វវិហារសមាបត្តិសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអនុបុព្វវិហារសមាបត្តិ ៩ យ៉ាង នេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់នូវអនុបុព្វវិហារសមាបត្តិនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ ៩ យ៉ាង តើដូចម្ដេចខ្លះ។ តថាគតពោលថា កាមទាំងឡាយរលត់ទៅក្នុងទីណា មួយទៀត ជនទាំងឡាយណា បានរំលត់អស់ហើយ នូវកាមទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណាមួយ គប្បីពោលយ៉ាងនេះដូច្នេះថា កាមទាំងឡាយរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ នូវកាមទាំងឡាយ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ កាមទាំងឡាយ តែងរលត់ទៅ ក្នុងបឋមជ្ឈាននុ៎ះ បុគ្គលទាំងនោះឈ្មោះថា បានរំលត់អស់ហើយ នូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ និងអនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិតក្កៈ និងវិចារៈទាំងឡាយ រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវវិតក្កៈ និងវិចារៈទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិតក្កៈ និងវិចារៈ រលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់នូវវិតក្កៈ និងវិចារៈ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន វិតក្កៈ និងវិចារៈ តែងរលត់ទៅ ក្នុងទុតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះឈ្មោះថា រំលត់អស់ហើយ នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា បីតិរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវបីតិ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា បីតិរលត់ទៅ ក្នុងទីដូចម្ដេច មួយវិញទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវបីតិ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន បីតិ តែងរលត់ទៅ ក្នុងតតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះ ឈ្មោះថា រំលត់អស់ហើយនូវបីតិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវសេចក្ដីសុខ ក្នុងឧបេក្ខា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន សេចក្ដីសុខក្នុងឧបេក្ខា តែងរលត់ទៅក្នុងចតុត្ថជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា រូបសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវរូបសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា រូបសញ្ញារលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវរូបសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយគួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅនៃបដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ រូបសញ្ញាតែងរលត់ទៅក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវរូបសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកាសានញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្តេច ដែលរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អាកាសានញ្ចាយតនសញ្ញា តែងរលត់ទៅក្នុងវិញ្ញាណញ្ចាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិញ្ញាណញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកិញ្ចញ្ញាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះ។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនោះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅ ក្នុងនេវសញ្ញានាសញ្ញាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយហើយ បានដល់នូវត្រើយដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ មាន ៩ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.033.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann