km:tipitaka:sut:an:09:sut.an.09.034

និព្វានសុខសូត្រ ទី៣

សង្ខេប

ព្រះ​សារីបុត្ត ដ៏​មាន​អាយុ សម្តែង​ប្រាប់​សេចក្តី​សុខ​ក្នុង​ព្រះនិព្វាន​មាន​សភាព​យ៉ាង​ណា​ខ្លះ ដល់​ព្រះ​ឧទាយិ និង​ភិក្ខុ​ទាំង​ឡាយ។

an 09.034 បាលី cs-km: sut.an.09.034 អដ្ឋកថា: sut.an.09.034_att PTS: ?

និព្វានសុខសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. និព្វានសុខសុត្តំ)

[៣៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ។ កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ចុះសុខក្នុងព្រះនិព្វាននុ៎ះ តើដូចម្ដេច។ ម្នាលអាវុសោ ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ហ្នឹងហើយជាសុខក្នុងព្រះនិព្វាននុ៎ះឯង។ ម្នាលអាវុសោ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ។ ម្នាលអាវុសោ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវកាមគុណ ៥ យ៉ាងនេះ ម្នាលអាវុសោ នេះហៅថា កាមសុខ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ (ការធ្វើទុកក្នុងចិត្តនូវសញ្ញា) ប្រកបដោយកាម ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុ ឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ប្រកបដោយកាមទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់ទុតិយជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយវិតក្កៈ ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធ ជាកំណត់យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយវិតក្កៈទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិញ្វន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះនឿយណាយចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិ ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុ ឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខា ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលមានសេចក្ដីសុខ ជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខាទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ របស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយរូប ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយរូបទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វានដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់បន្តិចបន្តួចមិនមាន ដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះបានឃើញដោយបញ្ញា។ ម្នាលអាវុសោ ព្រះនិព្វានដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.034.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann