km:tipitaka:sut:an:09:sut.an.09.035

គាវីឧបមាសូត្រ ទី៤

សង្ខេប

ដំណើរ​រឿង​ប្រៀប​ធៀប តម្រិះ​របស់​មេគោ​ក្នុង​ការ​ចិញ្ចឹម​ជីវិត និង​ការ​ត្រិះ​របស់​ភិក្ខុ​នៅ​អាស្រ័យ​ក្នុង​ឈាន។ បើ​មិន​ស្គាល់​ទឹកដី​អាច​នឹង​វង្វេង​ភ្នំ!

an 09.035 បាលី cs-km: sut.an.09.035 អដ្ឋកថា: sut.an.09.035_att PTS: ?

គាវីឧបមាសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. គាវីឧបមាសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ដើរទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ មេគោនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើដូច្នេះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ មិនទាន់ឈរជើងមុខឲ្យស៊ប់ស្រួល ហើយលើកនូវជើងខាងក្រោយឡើង មេគោនោះ មិនគប្បីទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅបានផង មិនគប្បីទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង មិនគប្បីផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង មេគោនោះ ឈរក្នុងប្រទេសណា តែងមានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ មិនគប្បីត្រឡប់មកកាន់ប្រទេសនោះ ដោយសួស្ដីបានវិញទេ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ មិនសេព មិនចំរើន មិនធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ មិនតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនអាចដើម្បីរម្ងាប់វិតក្កៈវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ហើយ ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់។ ភិក្ខុនោះ មិនអាចស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈានហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកដឹងផង ជាអ្នកអង់អាចផង ជាអ្នកសាបសូន្យចាកកាម និងអកុសលធម៌ទាំងពីរផង ដូចជាមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ។ ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ត្រាច់ទៅលើភ្នំ ជាសត្វមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ ឈរជើងមុខឲ្យស៊ប់ល្អហើយ លើកជើងខាងក្រោយឡើង មេគោនោះ ទើបគប្បីទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅបានផង ទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង ផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង កាលបើមេគោនោះ ឈរក្នុងប្រទេសណា មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ គប្បីត្រឡប់មកកាន់ប្រទេសនោះវិញដោយសួស្ដី។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វមានបញ្ញាឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ជាអ្នកប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈ ហើយដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចទុតិយជ្ឈាន ក៏រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញនឿយណាយចាកបីតិ ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏គួរដល់នូវតតិយជ្ឈាននោះ។ ភិក្ខុនោះ មិនបានសម្រេចនូវតតិយជ្ឈាន ព្រោះនឿយណាយចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ហើយគួរដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានតែសតិដ៏បរិសុទ្ធ កើតអំពីឧបេក្ខា។ ភិក្ខុនោះ មិនបានសម្រេចចតុត្ថជ្ឈាន ព្រោះលះបង់នូវសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង អស់ទៅនៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយគួរដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចអាកាសានញ្ចាយតនជ្ឈាន ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង។បេ។ បានដល់អាកាសានញ្ចាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្ត ដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន ហើយកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្ត ដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ភិក្ខុនោះ មិនបានសម្រេចសញ្ញាវេទយិតនិរោធ ក៏កន្លងនូវនេវសញ្ញានាសញ្ញា យតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ ចូលកាន់សមាបត្ដិនោះ ៗ ក្តី ចេញចាកសមាបតិ្តនោះ ៗ ក្ដី ចិត្តរបស់ភិក្ខុនោះ ក៏ទន់ គួរដល់ភាវនាកម្ម សមាធិដែលមានប្រមាណមិនបានដោយចិត្ត ក៏ទន់គួរដល់ភាវនាកម្ម ឈ្មោះថា ភិក្ខុនោះ បានចំរើនហើយ ដោយប្រពៃ ភិក្ខុនោះ ក៏បង្អោនចិត្តទៅចំពោះធម៌ណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយសមាធិ ដែលមានប្រមាណមិនបាន ដែលខ្លួនបានចំរើន ដោយប្រពៃ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ បាន។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីសំដែងនូវការតាក់តែងឫទិ្ធបានច្រើនប្រការ គឺ អាត្មាអញតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬអាត្មាអញច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន។បេ។ អាត្មាអញ ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ ដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាដោយសោតធាតុជាទិព្យ។បេ។ កាលបើហេតុមានហើយ។ បើភិក្ខុនោះ ប្រាថ្នាថា អត្មាអញគប្បីកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី អាត្មាអញ ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្ដី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញរាក្ដី ចិត្តដែលរាយមាយក្ដី ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្ដី ចិត្តដែលមិនមែនជាមហគ្គតៈក្ដី ចិត្តដែលជាសឧត្តរ គឺចិត្តដែលមានចិត្តដទៃក្រៃលែងជាងក្ដី ចិត្តដែលជាអនុត្តរ គឺចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាងក្ដី ចិត្តដែលមិនតាំងមាំក្ដី ចិត្តដែលតាំងមាំក្ដី ចិត្តដែលផុតស្រឡះក្ដី ចិត្តដែលមិនផុតស្រឡះក្ដី ក៏ស្គាល់ថា ចិត្តមិនទាន់ផុតស្រឡះ កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីរលឹកឃើញនូវបុព្វេនិវាស មានប្រការដ៏ច្រើន គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ អាត្មាអញ គប្បីរលឹកឃើញនូវបុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ ព្រមទាំងឧទេ្ទស ដោយប្រការដូច្នេះ កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញមានចក្ខុជាទិព្យដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ អត្មាអញ ក៏ដឹងច្បាស់ នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាលបើហេតុ មានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.035.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann