km:tipitaka:sut:an:09:sut.an.09.037

អានន្ទសូត្រ ទី៦

សង្ខេប

ព្រះ​អានន្ទ ដ៏​មាន​អាយុ សម្តែង​ការ​ឈ្វេង​យល់ អំពី​ព្រះសាស្តា ធម្ម​សញ្ញា​ក្នុង​ការ​ត្រាស់​ដឹង​អរហត្តផល ដល់​ព្រះ​ឧទាយិ និង​ភិក្ខុ​ទាំង​ឡាយ។

an 09.037 បាលី cs-km: sut.an.09.037 អដ្ឋកថា: sut.an.09.037_att PTS: ?

អានន្ទសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. អានន្ទសុត្តំ)

[៣៧] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតបព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់ ម្នាលអាវុសោទាំងឡាយ ចំឡែកណាស់ ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គត្រាស់ដឹងនូវការបាននូវឱកាស ដើម្បីសេចក្ដីបរិសុទ្ធ ដើម្បីកន្លងបង់នូវសេចក្ដីសោក និងខ្សឹកខ្សួល ដើម្បីរលត់ទុក្ខ និងទោមនស្ស ដើម្បីបាននូវព្រះនិព្វាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន របស់សត្វទាំងឡាយ (ការបាននូវឱកាសនោះគឺ) ចក្ខុប្បសាទនោះ ក៏មាន រូបទាំងឡាយនោះ មកកាន់រង្វង់ចក្ខុ តែមិនទទួលដឹងចំពោះរូបាយតនៈនោះ ១ សោតប្បសាទ ក៏មាន សម្លេងទាំងឡាយនោះក៏មក តែមិនទទួលដឹងចំពោះសទ្ទាយតនៈនោះ ១ ឃានប្បសាទនោះ ក៏មាន សំឡេងទាំងឡាយនោះ ក៏មក តែមិនទទួលដឹងចំពោះគន្ធាយតនៈនោះ ១ ជិវ្ហាបសាទនោះ ក៏មាន រសទាំងឡាយនោះ ក៏មក តែមិនទទួលដឹងចំពោះរសាយតនៈនោះ ១ កាយប្បសាទនោះ ក៏មាន សម្ផស្សទាំងឡាយ ក៏មក តែមិនទទួលដឹងចំពោះផោដ្ឋព្វាយនតៈនោះ ១។ កាលដែលអានន្ទដ៏មានអាយុ មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយីដ៏មានអាយុ បានសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា អើ អាវុសោអានន្ទ ចុះដែលមិនទទួលដឹងចំពោះអាយតនៈនោះ តើមានសញ្ញាឬទេ ឬក៏មិនមានសញ្ញា។ ព្រះអានន្ទដ៏មានអាយុតបថា បុគ្គលដែលទទួលដឹងចំពោះអាយតនៈនោះ សុទ្ធតែជាអ្នកមានសញ្ញា មិនមែនជាមិនមានសញ្ញាទេ។ ព្រះឧទាយីដ៏មានអាយុ សួរទៀតថា ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញាបែបណាទៅ ទើបមិនទទួលដឹងចំពោះអាយតនៈនោះ។

ព្រះអានន្ទដ៏មានអាយុតបថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញាយ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាយតនៈនោះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា យ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាយតនៈនោះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា យ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាតនៈនោះ។

ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងអញ្ជនវន (ព្រៃអញ្ជ័ន) ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ ម្នាលអាវុសោ គ្រានោះ នាងភិក្ខុនី ជាបងប្អូននឹងជដិល បានចូលមករកខ្ញុំ លុះចូលមកដល់ហើយ ថ្វាយបង្គំខ្ញុំ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលអាវុសោ លុះភិក្ខុនី ជាបងប្អូននឹងជដិល ឋិតនៅក្នុងទីដ៏សមគួរស៊ប់ហើយ បានសួរខ្ញុំដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន សមាធិដែលលែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយព្យាយាម (ទៀតហើយ) ជាសមាធិ ឈ្មោះថា តាំងនៅហើយ ព្រោះផុតស្រឡះចាកកិលេស ជាសមាធិ ឈ្មោះថា ត្រេកអរព្រោះតាំងនៅ ជាសមាធិ ឈ្មោះថា មិនតក់ស្លុតព្រោះត្រេកអរ បពិត្រព្រះអានន្ទដ៏ចំរើន តើសមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអ្វីជាផល។ ម្នាលអាវុសោ កាលភិក្ខុនីនោះ សួរយ៉ាងនេះហើយ ខ្ញុំក៏បានឆ្លើយតបនឹងនាងភិក្ខុនី ជាបងប្អូននឹងជដិលនោះថា ម្នាលនាង សមាធិ ដែលលែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយព្យាយាម (ទៀតហើយ) ជាសមាធិឈ្មោះថាតាំងនៅ ព្រោះផុតស្រឡះចាកកិលេស ជាសមាធិឈ្មោះថាត្រេកអរ ព្រោះតាំងនៅ ជាសមាធិឈ្មោះថា មិនតក់ស្លុត ព្រោះសេចក្ដីត្រេកអរ ម្នាលនាង សមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអរហត្តជាផល។ ម្នាលអាវុសោ បុគ្គលមានសញ្ញា យ៉ាងនេះឯង តែង មិនទទួលដឹងចំពោះអាយតនៈនោះ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.037.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann